
លោកណុប ដារ៉ែន (ឆ្វេង)និងតារាសម្តែងហូលីវូដ។ រូបថត សហការី
ភ្នំពេញ: នៅក្នុងអាណាចក្រហូលីវូដលោកណុប ដារ៉ែន បានដើរតួនាទីជាអ្នករៀបចំឈុតឆាកប្រយុទ្ធ និងសម្ដែងភាពយន្ត ផ្ដោតលើការហក់លោត បាញ់ប្រហារ និងវាយតប់។
មានកំណើត ចំណាយកុមារភាពជាជនភៀសខ្លួននៅកម្ពុជា និងធំធាត់ក្នុងប្រទេសបារាំង ដំណើរជីវិតលើវិថីសិល្បៈភាពយន្ដដ៏វិសេសវិសាលរបស់ ដារ៉ែន ឆ្ពោះទៅរកភាពជោគជ័យកើតឡើងពីចំណង់ចំណូលចិត្តដែលមិនផ្លាស់ប្តូររបស់លោកចំពោះការសម្ដែងបែបប្រយុទ្ធដ៏គួរឱ្យរំជើបរំជួល។
លោកដារ៉ែន បាននិយាយថា៖ «ក្នុងនាមជាអ្នកគាំទ្ររថយន្តទាន់សម័យ និងសកម្មភាពវាយតប់ ខ្ញុំតែងតែប្រាថ្នាចង់ចូលរួមចំណែកក្នុងរឿង ''Fast and Furious''។ ឥឡូវនេះខ្ញុំត្រូវបានផ្តល់ឱកាសឱ្យក្លាយជា Fight Arranger (អ្នករចនាក្បាច់គុនប្រយុទ្ធ) ជាមួយនឹងក្រុមសម្ដែងបារាំង»។
លោកដារ៉ែន អាយុ ៣៧ឆ្នាំ បាននិយាយថា តួនាទីរបស់លោកជាអ្នករៀបចំការប្រយុទ្ធកើតចេញពីគំនិតច្នៃប្រឌិតប្រកបដោយភាពអស្ចារ្យទៅក្នុងខ្សែភាពយន្ត។
ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់របស់លោកចំពោះភាពយន្ដ ធានាថា អ្នកដឹកនាំ ផលិតករ និងតួសម្តែងមានការពេញចិត្ដចំពោះការរៀបចំរបស់លោកនូវគ្រប់ឈុតឆាកនីមួយៗ។
លោក ដារ៉ែន បានឱ្យដឹងថា៖ «ខ្ញុំត្រូវធ្វើការជាមួយតារាសម្ដែងទាំងអស់ ដោយបង្វឹកពួកគេបង្ហាញក្បាច់គុន និងរៀបចំប្លង់ថតឱ្យត្រូវនូវសកម្មភាពរបស់តួអង្គទាំងនោះ»។
ពេលកំពុងធ្វើការលើភាពយន្ដ "Fast X" លោកដារ៉ែន បានជួបប្រទះនឹងបញ្ហាប្រឈមមួយ គឺការរួមបញ្ចូលឈុតឆាកប្រយុទ្ធឱ្យមានភាពរលូនទៅតាមភាពប៉ិនប្រសប់របស់តួអង្គនីមួយៗ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការស្វែងរករចនាប័ទ្មប្រយុទ្ធដ៏សមរម្យមួយ ដែលបំពេញចិត្តអ្នកពាក់ព័ន្ធទាំងអស់គឺជាកិច្ចការដ៏លំបាក ដោយពិចារណាលើចំណូលចិត្ត និងតម្រូវការគ្រប់ៗគ្នា។ វាបានទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាខ្លាំងដោយសារតួអង្គនីមួយៗមានលក្ខណៈខុសប្លែកគ្នា។ ទោះជាយ៉ាងណាក៏ដោយ គោលដៅចុងក្រោយគឺដើម្បីធានាថា អ្នកគ្រប់គ្នាមានការពេញចិត្តជាមួយនឹងការរៀបចំឈុតឆាកប្រយុទ្ធទាំងនេះ»។
និយាយអំពីបទពិសោធន៍ផ្ទាល់ លោក ដារ៉ែន បាននិយាយដោយសាទរថា រឿង "Fast X" គឺជាភាពយន្តដែលសម្បូរទៅដោយឈុតឆាកប្រយុទ្ធ ទាំងការវាយតប់ ការបាញ់ប្រហារ បំផ្ទុះគ្រាប់បែក និងបំបុករថយន្ដដ៏គួរឱ្យរន្ធត់។
ភាពយន្តនេះទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ជាពិសេសនៅអាស៊ី និងសហរដ្ឋអាមេរិក។ ផលិតករភាពយន្តផ្សេងទៀត ចង់ធ្វើការជាមួយលោកសម្រាប់ការផលិតភាពយន្ដនៅកម្ពុជាផងដែរ។
លោកបានបង្ហាញពីបំណងប្រាថ្នាដ៏មុតមាំ ក្នុងការបង្កើតនូវអ្វីដែលអស្ចារ្យនៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញនូវស្ទីលថ្មីចក្ខុវិស័យថ្មី និងមិនរើសអើសវប្បធម៌ទីទៃ។
លោក បាននិយាយថា៖ «ខ្ញុំចង់បង្កើតអ្វីដែលអស្ចារ្យនៅក្នុងប្រទេសកម្ពុជាជាមួយនឹងរចនាប័ទ្មថ្មីចក្ខុវិស័យថ្មីដោយគ្មានការប្រកែប្រកាន់វប្បធម៌ជាតិសាសន៍ដទៃ»។
ដោយសម្លឹងឆ្ពោះទៅមុខលោកដារ៉ែន នឹងចូលរួមក្នុងភាពយន្ដរឿង «Expendables 4» ដែលលោកនឹងក្លាយជាតួអង្គសម្ដែងម្នាក់ក្នុងចំណោមតួអង្គឯកជាច្រើនទៀត។
លោកបាននិយាយថា លោកសង្ឃឹមថា សមិទ្ធផលរបស់លោកនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានមោទនភាព ខណៈដែលលោកនៅតែបន្តរិះរកស្ទីលសម្ដែងប្លែកៗដើម្បីផ្ដល់ការកម្សាន្តដល់មហាជន។
អតីតជនភៀសខ្លួនរូបនេះ បានលើកឡើងថា លោកនឹងត្រេកអរប្រសិនបើផលិតករភាពយន្តនៅកម្ពុជាបង្ហាញការចាប់អារម្មណ៍ក្នុងការសហការជាមួយលោក។ ជាមួយនឹងភាពប៉ិនប្រសប់ និងជំនាញពិសេសលោកដារ៉ែន បានសម្តែងនូវភាពរីករាយចំពោះអនាគតនៃកិច្ចសហការជាមួយផលិតករភាពយន្តកម្ពុជា។
ជាមួយភាពសាទរ និងឆន្ទៈ ក្នុងការចូលរួមចំណែកក្នុងវិស័យភាពយន្តកម្ពុជាលោកនិយាយថា៖ «ប្រសិនបើពួកគេផ្តល់ឱកាសឱ្យខ្ញុំហើយប្រសិនបើកិច្ចព្រមព្រៀងល្អ គឺធ្វើដោយក្តីរីករាយ»។
មកពីគ្រួសារជនភៀសខ្លួន លោកបន្ដស្ពាយបន្ទុកនៃរឿងរ៉ាវរបស់ឪពុកម្តាយអំពីព្រឹត្តិការណ៍សោកនាដកម្មនៅកម្ពុជា និងសមាជិកគ្រួសារដែលបាត់បង់ក្នុងសង្គ្រាម។
ខណៈពេលដែលឪពុកម្តាយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងការងារដែលមានស្ថិរភាពចំណង់ចំណូលចិត្តចំពោះភាពយន្ដវាយតប់របស់លោកដារ៉ែន នៅតែមិនផ្លាស់ប្ដូរ។
ទោះបីជាលោកទទួលស្គាល់ថា លោកមិនមែនជាសិស្សពូកែក៏ដោយ ប៉ុន្តែលោកបានព្យាយាម និងបន្តក្តីសុបិនរបស់លោក។ ទីបំផុតលោកអាចស្វែងរកទីតាំងមួយនៅក្នុងពិភពក្បាច់គុននៃភាពយន្ត។
លោកដារ៉ែន បានចាប់ផ្តើមអាជីពសម្តែងក្នុងឆ្នាំ២០០៩ ជាមួយក្រុម ParcAsterix Stunt Troupe ។ ជំនាញរបស់លោកបានទាក់ទាញចំណាប់អារម្មណ៍លោក Bradley James Allan ជាសមាជិកក្រុមសម្ដែងរបស់ ឈិន ឡុង។
ចាប់តាំងពីឆ្នាំ២០១៧ មកលោកបានចូលប្រឡូកក្នុងផលិតកម្មភាពយន្តយ៉ាងសកម្មក្នុងនាមជាអ្នកប្រយុទ្ធ និងជាអ្នកលេងក្បាច់គុន។
នៅក្នុងរឿងភាគទូរទស្សន៍ Moon Knight លោកដារ៉ែន ជាប់ជាបេក្ខភាពដណ្ដើមពានរង្វាន់ Emmy សម្រាប់ការសម្ដែងឈុតឆាកវាយតប់ល្អបំផុត។
លោក ដារ៉ែន គោរពយ៉ាងជ្រាលជ្រៅចំពោះមរតក និងប្រពៃណីវប្បធម៌ខ្មែររបស់ខ្មែរ។ លោកតែងតែសំពះទៅកាន់មនុស្សជុំវិញលោក រួមទាំងតារាសម្តែងអ្នកដឹកនាំរឿង និងផលិតករដោយប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីខ្មែរ។
លោកនិយាយថា កាយវិការនេះមានអត្ថន័យសំខាន់ ជានិមិត្តរូបនៃការគោរព និងដឹងគុណដ៏ជ្រាលជ្រៅ។ លោកចាត់ទុក វប្បធម៌ខ្មែរ ជាគុណតម្លៃដ៏រឹងមាំរបស់ខ្មែរ។
លោកបានថ្លែងថា៖ «វប្បធម៌របស់ខ្ញុំមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំនៅពេលដែលខ្ញុំសំពះ វាបង្ហាញពីការគោរព និងការដឹងគុណដ៏ធំធេង។ ខ្ញុំដឹងគុណចំពោះឪពុកម្តាយខ្មែររបស់ខ្ញុំ ដែលបានបង្រៀនខ្ញុំនូវមូលដ្ឋានគ្រឹះវប្បធម៌ស្ដីពីប្រពៃណីរបស់ខ្មែរ»។
ភាពយន្ដដែលលោក ដារ៉ែន បានចូលរួមទាំងការបង្ហាត់បង្ហាញក្បាច់គុនវាយតប់ និងការសម្ដែងផ្ទាល់ គឺជាសក្ខីភាពបញ្ជាក់ពីអំណាចនៃការតាំងចិត្ត និងដើរតាមចំណង់ចំណូលចិត្ត ដោយមិនគិតពីឧបសគ្គនៅខាងមុខ៕