
សិល្បការិនីខ្មែរស៊ូ សុភី និងស្នាដៃសិល្បៈរបស់នាង។ រូបថត Choun Sopheap
ភ្នំពេញ: ការបើកសម្ពោធនៅថ្ងៃទី ៦ ខែមិថុនា នៅវិចិត្រសាល Meta House «អន្ទាក់ជីវិត» ជាការតាំងពិព័រណ៍ទោលលើកដំបូងរបស់សិល្បការិនីខ្មែរ ស៊ូ សុភី។
ជាមួយនឹងការផ្តោតយ៉ាងខ្លាំងលើការប្រើប្រាស់កាកសំណល់ក្រដាសកែច្នៃជាស្នាដៃសិល្បៈសុភី មានគោលបំណងបង្ហាញឱ្យឃើញពីសារៈសំខាន់នៃការគ្រប់គ្រងសំណល់ និងការទទួលខុសត្រូវលើបញ្ហាបរិស្ថាន។
តាមរយៈការរចនាដ៏ស្មុគស្មាញនិងពណ៌ផ្សេងៗគ្នា ការបង្កើតស្នាដៃទាំងនេះបានលើកឡើងពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃសត្វមានជីវិតទាំងអស់ និងបញ្ហាប្រឈមនានារបស់ពួកវា។
សុភីបានឱ្យដឹងថា៖«តាមរយៈការប្រើប្រាស់កាកសំណល់ក្រដាសដែលបានកែច្នៃឡើងវិញនិងកាត់បន្ថយបរិមាណសម្ភារបោះចោលដោយគ្មានការទទួលខុសត្រូវ ស្នាដៃសិល្បៈរបស់ខ្ញុំផ្តល់នូវសក្ខីភាពដែលមើលឃើញអំពីសារៈសំខាន់នៃការគ្រប់គ្រងកាកសំណល់»។
តាមរយៈដំណើរការសិល្បៈដែលពាក់ព័ន្ធនឹងការហែកក្រដាសជាបំណែកតូចៗ ត្រាំវាក្នុងទឹកកិនជាម្សៅនិងកែច្នៃឱ្យទៅជារូបរាងដែលចង់បាននោះសុភីលើកឡើងពីថាមពលផ្លាស់ប្តូរនៃការកែច្នៃឡើងវិញ។
ការប្រមូលផ្ទាំងគំនូរដ៏មានអានុភាពរបស់វិចិត្រករពិចារណាលើបញ្ហាប្រឈមដែលសត្វនិងមនុស្សជួបប្រទះនៅក្នុងពិភពកេងប្រវ័ញ្ចនិងមានកម្រិត។
«មូរខ្វេខុបខ្វង់» ពិពណ៌នាអំពីសត្វពង្រូលជិតផុតពូជដែលកំពុងស្វែងរកទីជម្រកយ៉ាងអស់សង្ឃឹម ចំពេលមានការបរបាញ់ ការទន្ទ្រានយកដីនិងភ្លើងឆេះព្រៃដោយជំរុញឱ្យអ្នកទស្សនាការពារសត្វដែលងាយរងគ្រោះទាំងនេះ។
«ព្រះក្រពះ»បង្ហាញពីផលវិបាកធ្ងន់ធ្ងរនៃការថយចុះនៃប្រភពអាហារការបំផ្លិចបំផ្លាញទីជម្រកនិងគ្រោះមហន្តរាយធម្មជាតិដែលនាំឱ្យមានទុរភិក្សនិងការអស់សង្ឃឹម។
«សំណាញ់ឃាំងសិទ្ធិ» តំណាងឱ្យឧបសគ្គនៃសង្គមតាមរយៈលម្ហលាក់ខ្លួនដែលជាប់គាំងនៅក្នុងបណ្តាញដែលមិនអាចគេចផុតបាន ដែលជំរុញឱ្យមានការគិតគូររបស់មនុស្ស។ ស្នាដៃសិល្បៈដែលបំផុសគំនិតទាំងនេះសង្កត់ធ្ងន់លើតម្រូវការដើម្បីដោះស្រាយការបំផ្លិចបំផ្លាញ និងតស៊ូមតិសម្រាប់ក្ដីមេត្តា។
សុភីអាយុ ៣៤ឆ្នាំបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«នាងខ្ញុំបានបង្កើតស្នាដៃទាំងអស់ចំនួន ២៥ផ្ទាំងរួមទាំងចម្លាក់រូបភូគោល ចំនួនមួយទៀត។ ស្នាដៃសិល្បៈទាំងនេះគឺចង់ឆ្លុះបញ្ចាំងអំពីជីវិតសត្វមានជីវិតជាទូទៅ រួមទាំងមនុស្សជាតិ ក៏ចាត់ទុកជាសត្វលោកមានជីវិតរស់នៅលើផែនដីដូចគ្នា និងទទួលបានផលប្រយោជន៍ពីផែនដីដូចគ្នា»។
សុភីបានបន្ដថា៖ «ក្នុងឋានៈជាសត្វមានជីវិតអាចនិយាយបានថាយើងមានសេចក្ដីត្រូវការ ឬមានឧបសគ្គជីវិតប្រហាក់ប្រហែលគ្នា មានសុខមានទុក្ខ ដូចជាត្រូវការអាហារ និងទីជម្រកដើម្បីរស់ ទំនាក់ទំនងគ្រួសារ និងសង្គម ភាពរស់រាន និងសេចក្ដីស្លាប់ ការចាប់កំណើត និងមរណភាព ស្នេហានិងការព្រាត់ប្រាសសេរីភាពនិងការឃុំឃាំងជាដើម»។
ខណៈពេលសត្វព្រៃជាច្រើនដែលបង្ហាញនៅក្នុងគំនូររបស់សុភីគឺជាសត្វដែលសិល្បការិនីរូបនេះមិនបានជួបប្រទះដោយផ្ទាល់ទេតែបានដឹងពីភាពងាយរងគ្រោះនិងគ្រោះថ្នាក់របស់ពួកវា។
សុភីសង្កត់ធ្ងន់លើភាពគ្មានទោសពៃរ៍ និងភាពបរិសុទ្ធរបស់ពួកវាដោយសង្កត់ធ្ងន់លើជំនឿថាសត្វមានជីវិតទាំងអស់សមនឹងរស់នៅដោយសន្តិភាពនិងគ្មានគ្រោះថ្នាក់។
សុភីបានឱ្យដឹងថា៖ «ខ្ញុំមិនដឹងព័ត៌មានលម្អិតថាតើសត្វទាំងនេះរស់នៅនិងប្រភេទអាហារអ្វីដែលពួកវាស៊ីនោះទេ។ ខ្ញុំគ្រាន់តែចូលចិត្តអានអំពីពួកវាហើយចង់ដឹងពីជីវិតរបស់ពួកវា។ ទោះជាយ៉ាងនេះក្តីខ្ញុំយល់ថាសត្វព្រៃទាំងអស់ចង់មានសេរីភាពនិងរស់នៅប្រកបដោយសន្តិភាពដូចមនុស្សដែរ»។
ស្នាដៃសិល្បៈរបស់សុភីក៏ជាការឆ្លុះបញ្ចាំងពីសកម្មភាពរបស់មនុស្សផងដែរចំពោះបញ្ហាមួយចំនួនដូចជាការសម្លាប់ ការបៀតបៀនការកាប់ព្រៃឈើនិងការបំផ្លាញទីជម្រកនិងប្រព័ន្ធអេកូឡូស៊ី។
ស្នាដៃសិល្បៈនីមួយៗនៅក្នុងការតាំងពិព័រណ៌មាននិទានរឿងរៀងៗខ្លួន ដោយបើកចំហចំពោះការបកស្រាយដោយទស្សនិកជន។
សុភីមានគោលបំណងជំរុញឱ្យមានការសន្ទនា និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃសកម្មភាពរបស់មនុស្សលើបរិស្ថាន ដោយជំរុញឱ្យអ្នកទស្សនាពិចារណាអំពីតួនាទីរបស់ពួកគេក្នុងការអភិរក្ស និងនិរន្តរភាព។
កើតនៅខេត្តបាត់ដំបងក្នុងឆ្នាំ១៩៨៨ សុភីបានរកឃើញពីចំណូលចិត្តក្នុងការគូររូប ពេលចូលរៀនថ្នាក់គំនូរនៅអង្គការហ្វាពន្លឺសិល្បៈក្នុងឆ្នាំ២០០៤។
តាំងពីក្មេងមកសុភីមានបំណងប្រាថ្នាចង់ក្លាយជាអ្នកសិល្បៈ។ ជាមួយការបំផុសគំនិតដោយស្នាដៃរបស់សិល្បករជាច្រើនសុភីប្រាថ្នាចង់ដើរតាមគន្លងសិល្បៈនេះ និងបង្កើតស្នាដៃសិល្បៈប្រកបដោយភាពច្នៃប្រឌិតដែលនឹងទាក់ទាញទស្សនិកជន។
មិនថាតាមរយៈការគូរគំនូរព្រាងខ្មៅដៃចម្លាក់ ការថតរូប ឬគំនូរបុរាណនោះទេសុភីមានបំណងប្រាប់រឿងគួរឱ្យទាក់ទាញអារម្មណ៍ទៅមហាជន។
សុភី បានក្លាយជាគ្រូបង្ហាត់បង្រៀនក្មេងៗដែលបានចែករំលែកក្ដីស្រឡាញ់ចំពោះសិល្បៈ។ចាប់តាំងពីពេលនោះមកអ្នកនាងបានតាំងបង្ហាញស្នាដៃសិល្បៈនៅតាមទីក្រុងនានាក្នុងប្រទេសកម្ពុជាហើយថែមទាំងបានចូលរួមក្នុងការតាំងពិព័រណ៍អន្តរជាតិនៅឈៀងម៉ៃប្រទេសថៃនិងប្រទេសបារាំងផងដែរ។
ក្រៅពីការងារសិល្បៈសុភីក៏ជាអ្នកនិពន្ធអ្នករចនាក្រាហ្វិកនិងជាអ្នកគូររូបសៀវភៅកុមារផងដែរ។ក្តីស្រមៃរបស់អ្នកនាងគឺចង់បង្កើតសាលាគំនូរដែលបណ្តុះគំនិតច្នៃប្រឌិតនិងផ្តល់ឱកាសដល់សិល្បករដែលប្រាថ្នាចង់រីកចម្រើន។
លោកNicolausMesterharmស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ Meta House រំលេចសារៈសំខាន់នៃស្នាដៃសិល្បៈរបស់សុភី។
លោកបាននិយាយថា៖«ស្នាដៃដែលបង្ហាញក្នុង ''អន្ទាក់ជីវិត'' សង្កត់ធ្ងន់លើមធ្យោបាយដែលសកម្មភាពរបស់មនុស្សប៉ះពាល់ដល់បរិស្ថានដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុសំណឹកដីគុណភាពខ្យល់មិនល្អនិងទឹកកខ្វក់។គោលបំណងរបស់សុភីគឺដើម្បីលើកកម្ពស់ការយល់ដឹងនិងចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាលធ្វើការក្នុងវិស័យអភិរក្សបរិស្ថាន»។
ការតាំងពិព័រណ៍«អន្ទាក់ជីវិត»នៅ Meta House សន្យាថានឹងក្លាយជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍និងគួរឱ្យភ្ញាក់ផ្អើល។
តាមរយៈការបញ្ចេញមតិសិល្បៈដ៏ពិសេសរបស់សុភីអ្នកសិល្បៈរូបនេះនឹងបរិយាយពីផលប៉ះពាល់បរិស្ថាននិងលើកទឹកចិត្ដឱ្យមហាជនពិចារណាពីសារៈសំខាន់នៃការគ្រប់គ្រងសំណល់និងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រកបដោយការទទួលខុសត្រូវ។
ការតាំងពិព័រណ៍នេះនឹងបើកនៅថ្ងៃទី៦ខែមិថុនានិងដំណើរការរហូតដល់ថ្ងៃទី២៥ខែមិថុនាដែលផ្តល់ឱកាសសម្រាប់អ្នកទស្សនាដើម្បីចូលរួមនិងដឹងគុណចំពោះទំនាក់ទំនងគ្នាទៅវិញទៅមកនៃជីវិតនិងបរិស្ថាន៕