សៀមរាបៈ ស្លឹកគ្រៃ​ជា​ដំណាំ​ប្រពៃ​ណី​ ១ ប្រភេទ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ហើយ​ក្រៅពី​ផ្សំ​ជា​គ្រឿង​សម្ល​ ​ដើម​ស្លឹក​គ្រៃ​ក៏ត្រូវ​បាន​គេ​ប្រើ​ជា​ឱសថ​ផងដែរ​។​ ប៉ុន្តែ​បច្ចុប្បន្ន​កសិករ​ខ្មែរ​មួយ​ចំនួន​ក៏បាន​កែច្នៃ​ដើម​ស្លឹកគ្រៃ​ឱ្យ​ទៅ​ជា​ប្រេង​ក្រ​អូប​ប្រើ​សម្រាប់​ម៉ាស្សា​បាន​ផងដែរ​ ជាពិ​សេស​ គឺអាច​យក​ទៅធ្វើ​ជា​ឱសថ​ ១ ប្រភេទ​ដ៏​សំខាន់​ក្នុងការ​ព្យាបា​ល​អាការ​គ្រេច​ ថ្លោះ​ ចុក​ស្រពន់ ដៃ​ជើងបាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ទៀត​ផង ​។

​បើ​ក្រឡេក​មើល​ពី​ចម្ងាយ​នៅ​ទីតាំង​ ១ ​កន្លែង​ក្នុង​ភូមិ​ទួ​ស​ក្រួស ​ឃុំឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាបគេនឹង​ឃើញ​ស្លឹក​ពណ៌​ខៀវខ្ចី​ ហើយ​នៅ​ពេល​ដែល​ត្រូវ​ខ្យល់់​បក់​មក​ម្តងៗ​ កម្រាល​ពណ៌​ខៀវខ្ចី​នោះ​មាន​សភាព​ពត់​ពេន​ប្រៀប​ដូច​ទឹក​រលក​តាម​ជំនោ​រខ្យល់​បក់​លាត​សន្ធឹង​នៅលើ​ដីស្រែ​ដាច់​កន្ទុយភ្នែ​ក​ដែល​ទិដ្ឋភាព​នោះ​ហើយ ​គឺជា​ចម្ការ​ស្លឹកគ្រៃ​ដែល​ពលរដ្ឋ​បាន​ដាំ​សម្រាប់​ប​ម្រើទៅ​តាម​តម្រូវ​ទីផ្សារ​នាពេ​លបច្ចុ​ប្បុន្ន​​ ​។​

​នៅ​ក្នុង​សភាព​ផ្ទៃមុខ​បែបជ្រី​វជ្រួញ​បន្ដិច​ និង​ហ៊ុមព័ទ្ធ​ដោយ​ពុកចង្កា​ពណ៌​ស​ នោះ​ហើយ​គឺជា​លោក ​ខឹម ​សំរេច អាយុ ​៦៥ ​ឆ្នាំ ​រស់នៅ​ភូមិ​ក្រួស ​ឃុំ​ឃុន​រាម ស្រុកប​ន្ទាយស្រី ខេ​ត្តសៀម​រាប​ ជា​កសិករ​ម្នាក់​ដែលបា​ននិងកំពុង​ដាំ​ដើម​ស្លឹ​កគ្រៃ​ក្នុង​ចំណោម ​១៩​ នាក់​ហើយ​លោកក៏​ជា​អនុប្រធាន​សមា​គម​[​បន្ទាយ​ក្រ​អូប​ឃុន​រាម​]ផង​ដែរ។

លោកបាន​ថ្លែង​​​ប្រាប់ ​ភ្នំពេ​ញ​ ប៉ុស្តិ៍​ថា សមា​គម​បន្ទាយ​ក្រអូប​ឃុន​រាម មា​នស​មា​ជិ​ក​ចំនួន​ ១៩ ​គ្រួសារ ដែល​ជា​អ្នក​ដាំ​ដំណាំ​ស្លឹកគ្រៃ​ហើយក៏​ជា​អ្នក​ចម្រាញ់​ប្រេង​ចេញពី​ដើម​ស្លឹកគ្រៃ​ផងដែរ​ ដោយ​បច្ចុប្បន្នក្នុង​ចំនួន​១៩​គ្រួសារ​នេះ​មាន​ផ្ទៃដី​សរុប​ចន្លោះ​ពី​ ៤ ​ទៅ​ ៥​ហិក​តា​។​

​លោ​ក​បាន​រៀប​រាប់ប​នុ្ត​ថា​ ដំណាំ​ស្លឹកគ្រៃ​មិន​ពិបាក​ដាំ​ដូច​ដំណាំ​ផ្សេងៗ​ឡើយ​ ដោយ​គ្រាន់​ប្រើ​ជី​ធ្វើពី​អង្កាម​និងផេះ​ប៉ុណ្ណោះ​ ហើយ​ម្យ៉ាង​ទៀត​ដំណាំ​ស្លឹក​គ្រៃងា​យស្រួ​ល​ដាំ​ដោយ​មិន​សូវជា​រើសដីទេ​គឺកន្លែង​ណា​ក៏​វា​អាច​ដំាដុះ​ដែរ​។​

ទាក់​ទង​នឹង​ការដាំ​ដំណាំនេះ​ លោក​ ខឹម សំរេច បាន​ឱ្យដឹង​ថា កាលពី​មិន​ទាន់​មាន​អ្នក​ផ្តល់យោប​ល់​ និងណែនាំ​ពី​អង្គការ​ក៏ដូច​ជាពី​ស្ថាប័ន​ពាក់​ព័ន្ធ​គឺ​លោក​ដាំ​ស្លឹកគ្រៃ​គ្រាន់​តែ​សម្រាប់​លក់​លើ​ទីផ្សារ​ដូច​បន្លែ​ធម្មតា​ប៉ុណ្ណោះ​។​ ប៉ុន្តែ​កសិផល​ដែល​ទទួ​លបា​ន លោក​លក់​មិនសូវ​ដាច់​ទេ។ លុះដល់​ដើម​ឆ្នាំ​ ២០១៩​ មាន​អង្គការ​មួយ​ឈ្មោះ ​(AGRISUD INT​ERNA​TIONAL)​ បាន​ផ្តល់​ឆ្នាំង​សម្រាប់​ចម្រាញ់​ប្រេង​ស្លឹក​គ្រៃ​ចំនួន ​២​ ​ដល់​សមា​គម​រប​ស់លោក​និងបាន​ជួយ​បណ្តុះ​បណ្តា​លពី​បច្ចេក​ទេស​ក្នុង​ការ​ចម្រាញ់​យក​ប្រេង​ពី​ដើម​ស្លឹក​គ្រៃ​។

​លោក​បន្ត​ទៀត​ថា ​ក្រៅពី​ផ្តល់​ជា​ឆ្នាំង​ចម្រាញ់​ប្រេង​ស្លឹក​គ្រៃ​​ អង្គការ AGRISUD INTERNATIONAL​ក៏បាន​ជួយ​សាង​សង់​ទីតាំង​សម្រាប់​លក់​ប្រេង​ស្លឹក​គ្រៃ​ដោយ​ចំណាយអ​ស់​ទឹកប្រាក់​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​ទៀត​ផង​។​លោក​បាន​ប្រាប់​ថា ឆ្នាំ​ង​សម្រាប់​ចម្រាញ់​ស្លឹកគ្រៃ​មាន​មាត់​លើ​ ៨ ​តឹក ​និង​មាន​ជម្រៅ ​១ ​ម៉ែត្រ​ ៨ ​តឹក​ ដោយ​ក្នុង​ឆ្នាំ​ង១​អាច​​ផ្ទុក​ស្លឹកគ្រៃ​បាន ​២០០ ​គីឡូក្រា​ម​ និងអាច​ចម្រាញ់​ប្រេង​បាន​ ៣ ​ខាំ​​ ហើយក្នុង​ ១​ ថ្ងៃ​សមា​គម​អាច​ចម្រាញ់​ប្រេង​ស្លឹក​គ្រៃ​បាន ​៤ ​ឆ្នាំង​ ដោយ​ទទួល​បាន​ប្រេង​ទម្ងន់ ​១,២​គីឡូក្រាម ហើយ​វិធី​នៃ​ការ​ចម្រាញ់​យកប្រេង​នេះ ​គឺ​គេ​យក​ទាំង​ស្លឹក​ទាំង​គល់​តែម្តង​។​

​លោក​ប្រាប់ថា​៖ «​វិធី​ចម្រាញ់​ដើម​ស្លឹកគ្រៃ​ ប្រៀប​ដូច​ចំហុយ​នំអា​កោ​អ៊ីចឹង​។​ មុនដំបូង​គេ​ដាក់​ទឹក​ក្នុង​ឆ្នាំង​ប្រហែល​ ១០០ ​លីត្រ ​និង​ដាក់​ឡាំង​ស៊ឹង​។​ បន្ទាប់​មក​គេ​ដាក់​ស្លឹកគ្រៃ​នៅ​ពីលើ​ឡាំង​ស៊ឹង​ហើយ​គ្របឱ្យ​ជិត​ និង​មាន​បំពង់ ​១ ​សម្រាប់​ឱ្យ​ប្រេង​ចេញ​ពីចំហាយ​ស្លឹកគ្រៃស្រ​ក់​ធ្វើ​ដូច​វិធី​បិតស្រា​ដែរ​។ បន្ទាប់​ពីចម្រាញ់បាន​​ យើង​លក់​ប្រេង​ស្លឹកគ្រៃ​ឱ្យ​អង្គការ​ AGRISUD INTERNATIONAL​ ក្នុង ១​ គីឡូក្រាម​តម្លៃ​ ១៥០ ​ដុល្លារ​។​បើ​គិតលើថ្លៃ​ចំណាយ​ផ្សេងៗ​មិន​សូវ​ចំណេញ​​ប៉ុន្មាន​ទេ​ តែ​យើង​ចេះតែ​ជួយ​សមា​ជិក​យើង​ទៅ​»​។​

​លោក​បាន​បន្ថែ​មថា ចំពោះ​វត្ថុធាតុ​ដើម​ស្លឹកគ្រៃ​វិញ​គឺ​សមា​គម​បាន​ប្រមូល​ទិញ​ពី​សមាជិក​ក្នុង​សមា​គម​ដោយ​១​គីឡូក្រាម​ក្នុង​តម្លៃ​ ៣០០​ រៀល ​រីឯ​អ្នក​ក្រៅពី​សមាជិក​សមា​គម​ក៏​ទិញ​ក្នុងតម្លៃ​ដូចគ្នានេះ​ដែរ​។ សម្រាប់​ប្រេង​ស្លឹកគ្រៃ​ដែល​លក់បា​ន ​គឺ​សមា​គម​សន្សំទុក​សម្រាប់​ឱ្យ​សមាជិក​ក្នុង​សមាគម​ខ្ចី​ដោយ​មិន​យក​ការ​ប្រាក់​នៅ​ពេល​គ្រួសារ​ណា​មាន​ធុរៈ​ចាំបាច់​ តែ​មិន​ឱ្យ​លើស​ពី​ ១ ​ខែ​ឡើយ​។

ចំពោះដើ​ម​ស្លឹកគ្រៃ​​ដែល​ចម្រាញ់យ​កប្រេង​នេះ ​លោក ​ខឹម សំរេច បាន​ប្រាប់​ថា ជា​ពូជ​ស្លឹក​គ្រៃ​ខ្មែរ​ដាំ​នៅ​តាម​ភូមិ​ធម្មតា ​ហើ​យ​ដំណាំ​ស្លឹកគ្រៃ​ក៏​មិន​ពិបាក​ដាំ​ដូច​ដំណាំ​ផ្សេង​ដែរ​។​ ដើម​ស្លឹកគ្រៃ​ បើ​គិតពី​ថ្ងៃ​ដាំ​ដំបូង​ដល់​ចន្លោះ​ ៦ ​ទៅ​ ៨ ​ខែ​ កសិករ​អាច​ប្រមូល​ផល​បាន​ហើយ​ ​ពីព្រោះ​នៅ​ក្នុង​ចន្លោះ​ពេល​នេះ​ដើម​ស្លឹកគ្រៃ​អាច​ផ្ទុក​ប្រេង​នៅ​ក្នុង​ដើម​របស់​វា​ ហើយ​បើ​គេ​ទុក​ឱ្យ​វា​ចា​ស់​ដើម​ទៅ​ទៀត​ក៏​កាន់​តែ​ល្អ​ដែរ​។

​បើតាម​លោក ខឹម​ សំរេច កា​លពី​ប្រទេស​នៅ​មិន​ទាន់​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​រាត​ត្បាត ​គឺមាន​អតិថិ​ជន​ជា​ជនជាតិ​ខ្មែរ​និង​បរ​ទេស​នៅ​ប្រទេស​បារាំង​បាន​ទិញ​ប្រេង​ស្លឹក​គ្រៃ​ពីស​មាគម​យក​ទៅ​ប្រើប្រាស់ ​ដែល​អា​ចចូល​រួម​ចំណែក​ជួយ​ដល់​ជីវភាព​របស់​សមា​ជិក​ក្នុង​សមា​គម​បាន​ខ្លះៗ​ដែរ​។​ ប៉ុន្តែ​ក្នុងអំ​ឡុង​ប្រទេស​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​ និង​ក្រោយពី​​ជំងឺ​កូ​វីដ​រហូត​មក​ទល់​បច្ចុប្បន្ន​ ស្ថាន​ភាព​ទីផ្សារ​លក់​ប្រេង​ស្លឹកគ្រៃ​គឺ​លក់​បានតែ​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​។​ ទោះ​ជា​យ៉ាង​ណា​ប្រេង​ស្លឹកគ្រៃ​មាន​គុណ​ប្រយោ​ជន៍​ច្រើនយ៉ាង​ណាស់​សម្រាប់​លាប​ការឈឺ​ចុក​រួយ​រាងកាយ​ សម្រាប់​លាប​ថ្លោះ​គ្រេច​ គឺមាន​ប្រសិទ្ធ​ភាព​ខ្ពស់​ឬក៏​ដុត​បំបាត់​ក្លិន​ និង​ដេញ​មូស​នៅ​ក្នុង​បន្ទប់​គេង​មាន​ប្រសិទ្ធ​ភាព​បាន​ទៀត​ផង។​

​មន្ត្រីអាជ្ញា​ធរ​មូល​ដ្ឋាន​លោក​ កាយ កុ​ច ជា​មេឃុំ​ឃុនរា​ម បាន​ឱ្យដឹ​ងថា ​ការធ្វើ​កសិកម្ម​ដាំ​ដំណាំ​ស្លឹកគ្រៃ​យក​ប្រេង​នេះ​ជា​កត្តា​ល្អ​ ដោយ​សារ​នៅ​ភូមិសាស្ត្រ​ឃុំ​ឃុន​រាម​មាន​ដី​ច្រើន​សម្រាប់​ដាំ​ស្លឹកគ្រៃ​ ហើយ​បើ​មាន​កន្លែង​ចម្រាញ់​ប្រេង​បាន​ទៀត​នោះ​ កាន់តែ​ជំរុញ​ឱ្យ​កសិករ​ដាំ​ស្លឹកគ្រៃ​បាន​កាន់តែ​ច្រើន​។ ​សម្រាប់​ដំណាំ​ស្លឹកគ្រៃ​នេះ ​សមា​គមនេះ​ក៏ទទួល​​ទិញ​ពី​សមា​ជិក​ក្នុង​សមា​គម​ឬ​ពី​កសិករ​ក្រៅ​សមា​គម​ផង​ដែរ។​

ពាក់ព័ន្ធ​នឹង​ការ​ទទួល​ចំណេះ​ដឹង​ផ្នែក​កសិកម្ម​វិញ​ លោក​បានថ្លែ​ងថា​ ប្រជា​កសិករ​នៅក្នុ​ង​ឃុំ​ទទួល​ការប​ណ្តុះ​បណ្តាល​គ្រាន់បើ​ជាង​មុន​។ ​លោក​ថា​៖«​ការងារ​កសិកម្ម​នេះ​កសិករ​មាន​កម្រិត​យល់​ដឹង​ច្រើនជាង​មុន ​ហើយ​បើ​គាត់​មាន​ចំណេះ​ជំនាញ​បច្ចេក​ទេស​ដាំ​ ក៏​គាត់​ទទួល​ផល​បាន​ប្រសើរ​ជាង​មុន​ដែរ​»​។​

​ករណី​ទាញ​ផលពី​ដើមស្លឹក​គ្រៃនេះ ​​លោក​ ទា ​គឹម​សុទ្ធ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​សៀមរា​ប​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​ ការដាំ​ដំណាំ​ស្លឹក​គ្រៃ​ នៅ​ខេត្ត​សៀមរា​ប ​គឺមាន​តិច​តួច​ទេ​ តែ​ចំពោះ​ស្រុក​បន្ទាយ​ស្រី​មាន​តំបន់​ខ្លះ​​នៅ​ក្បែរ​ប្រភពទឹក​អាច​ដាំ​បាន​ច្រើន​។ រីឯត​ម្រូវការ​ទីផ្សារ​វិញ​មិន​ខ្ពស់​ពេក​ទេ​។​«​ចំពោះ​ការដាំ​កែច្នៃ​ជា​ប្រេង​សម្រាប់​តែ​ស៉្បាអី​​នោះ​ វា​ជា​រឿង​មួយ​មិន​ប៉ះ​ពាល់​ជាមួយ​សេដ្ឋកិ​ច្ច​ប៉ុន្មាន​ទេ​។​ គ្រាន់​តែ​នៅ​ខេត្ត​សៀម​រាប​ភ្ញៀវ​ទេស​ចរ​រាង​ថយ​ចុះ​បន្តិច​ ហើយ​ចំពោះ​ការ​ប្រើ​ប្រាស់​ប្រេង​ស្លឹក​គ្រៃ​ក៏​ថម​ថយ​ដែរ​»៕