
កុមារា រឿន កក្កដា សម្តែងរបាំស្វាប្រពៃណីខ្មែរ។ រូបថត សហការី
សៀមរាប: ទេពកោសល្យរបស់កុមារាម្នាក់នៅខេត្ដសៀមរាប ដែលមកតាំងលំនៅថ្មីនៅតំបន់រុនតាឯក បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលក្នុងពិភពបណ្តាញសង្គមចំពោះការសម្តែងរបាំស្វាប្រពៃណីខ្មែរ។
រឿន កក្កដា អាយុ ៥ ឆ្នាំ ដែលបានទាក់ទាញបេះដូងមនុស្សគ្រប់មជ្ឈដ្ឋាន ដោយសារវីដេអូ និងរូបថតបញ្ចេញក្បាច់រាំដ៏ក្រមិចក្រមើមល្បីពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម។ ពីចលនាដ៏ប៉ិនប្រសប់ទៅនឹងការសាទរដ៏ខ្លាំងក្លារបស់កុមារារូបនេះ ធ្វើឱ្យទស្សនិកជនកោតស្ញប់ស្ញែងចំពោះទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់កុមាររូបនេះចំពោះសិល្បៈបុរាណខ្មែរ។
កុមារា កក្កដា ដែលបានចូលរៀនរបាំបុរាណខ្មែរ តាំងពីពាក់កណ្ដាលឆ្នាំ ២០២២ បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ មុនពេលឡើងឆាកសម្ដែងរបាំហនុមានថា៖ «ខ្ញុំសប្បាយ! ខ្ញុំរៀនជាមួយលោកគ្រូតុង លោកគ្រូណាំ គ្រូបរមី។ ខ្ញុំចូលចិត្ដរាំស្វាជាងគេ ដោយសារមានលោត។ ខ្ញុំចូលចិត្ដឈ្មោះអាស្វា»។
កញ្ញា ឆន ស្រីណេត ជាបវរកញ្ញាលេខ ២ នៃកម្ពុជា Miss Universe Cambodia ឆ្នាំ ២០២១ ដែលទើបបានរៀបចំកម្មវិធីសប្បុរសធម៌មួយ ទៅកាន់តំបន់រុនតាឯក ជាទីដែលកញ្ញាបានឃើញការសម្ដែងផ្ទាល់របស់កុមារា កក្កដាហើយថែមទាំងបានថតរូប និងវីដេអូឃ្លីបបង្ហោះចែកចាយពេញបណ្ដាញសង្គម។
កញ្ញាបានសរសេរលើហ្វេសប៊ុកថា៖ «ថ្ងៃនេះបានមកចែកអំណោយជូនពុកម៉ែ យាយតា បងប្អូនដែលគាត់កំពុងខ្វះខាតនៅរុនតាឯកសៀមរាប។ បងប្អូនស្គាល់កូនស្វាតូចនេះទេ? ខ្ញុំបានជួបគាត់ផ្ទាល់ហើយ គួរឱ្យស្រឡាញ់ណាស់»។
កើតនិងធំធាត់នៅក្នុងតំបន់អាជ្ញាធរជាតិអប្សរា ហើយបច្ចុប្បន្ននេះផ្លាស់លំនៅទៅកាន់រុនតាឯក ដំណើរនៃសិល្បៈបុរាណរបស់កុមារា កក្កដា បានចាប់ផ្ដើមតាំងពីអាយុ ៤ ឆ្នាំ នៅពេលរូបគេចូលរៀនសិល្បៈបុរាណ។
អ្នកស្រី យុគ សុភ័ក្រ អាយុ ៣៧ ឆ្នាំ ជាម្ដាយកុមារា កក្កដា បានបន្ដជួលផ្ទះនៅក្បែរក្លិបបណ្ដុះបណ្ដាលសម្រាប់ឱ្យកូនៗងាយស្រួលក្នុងការរៀនសិល្បៈបុរាណ។
អ្នកស្រីនិយាយថា៖ «ខ្ញុំសុខចិត្ដឱ្យឆ្ងាយពីសាលារៀនតែមិនឱ្យឆ្ងាយពីសាលាសិល្បៈទេ ដោយសារថ្ងៃខ្លះពួកគាត់ហាត់ដល់យប់ វាមានការលំបាកធ្វើដំណើរ។ កូនខ្ញុំ ៣ នាក់ចូលខាងសិល្បៈទាំង ៣ ដោយកូនប្រុស ២ នាក់រៀនរបាំ និងកូនស្រីទី២ រៀនភ្លេង»។
អ្នកស្រីសប្បាយចិត្ដខ្លាំងដែលកូនស្រឡាញ់សិល្បៈបុរាណ និងពូកែចងចាំទម្រង់ក្បាច់របាំដ៏ច្រើន ហើយមួយវិញទៀតពួកគេមិនចំណាយពេលខ្ជះខ្ជាយលើការដើរលេង និងលេងទូរស័ព្ទច្រើន។
អ្នកស្រីថ្លែងអំពីអារម្មណ៍ទាំងសំណើចថា៖ «ខ្ញុំសប្បាយចិត្ដ រកពាក្យនិយាយអ្វីគ្មានទេ។ថ្ងៃក្រោយបើគាត់បន្ដលើអាជីពនេះខ្ញុំពិតជាគាំទ្រដល់ពួកគាត់ខ្លាំងណាស់។ ប៉ុន្ដែអ្វីដែលខ្ញុំសុំផ្ដែផ្ដាំកូនៗថា ទោះល្បីទៅដល់ណាក៏កុំភ្លេចប្រភពដើម ដែលផ្ដល់ចំណេះដឹងមូលដ្ឋានគ្រឹះឱ្យពួកគាត់។
កុមារា កក្កដា ឬហៅថា អាស្វា ទៅតាមភាពប៉ិនប្រសប់នៃការរាំក្បាច់ហនុមាន បានចំណាយពេលរៀនរបាំពីម៉ោង ៥ ល្ងាចរហូតដល់ ៨ កន្លះយប់ និងពីពេញ ១ ថ្ងៃនៅថ្ងៃអាទិត្យ ដោយនៅទទួលទានអាហារនៅផ្ទះលោកទួនសុខគាជាស្ថាបនិកក្លិបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរ។

ក្លិបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ដោយលោក ណាំ ទួនសុខគា ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលលោកបានចំណាយមូលនិធិផ្ទាល់ខ្លួន និងការបរិច្ចាគពីសប្បុរសជន ដើម្បីផ្គត់ផ្គង់ដល់ក្លិបក៏ដូចជា សោហ៊ុយខ្លះៗដល់គ្រូបង្រៀនស្ម័គ្រចិត្ដ។
លោក ទួនសុខគា បានពន្យល់ថា៖ «គោលបំណងបង្កើតក្លិបនេះឡើង គឺចង់ឱ្យកុមារចេះចូលរួមថែរក្សានិងយល់ដឹងអំពីវប្បធម៌ខ្មែរ»។
ជាមួយដំណើរកវែកកឆ្នាំងក្លិបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរបានធ្លាក់វត្ដមានគ្រូបង្រៀនពីជាង ២០ នាក់មកត្រឹម ៦ នាក់ ហើយចំនួនសិស្សពី ១១១ នាក់ មកត្រឹម ៥៥ នាក់។
លោកបាននិយាយថា៖ «ដោយសារតែមានមតិយោបល់គាំទ្រពីសំណាក់លោកគ្រូអ្នកគ្រូជាច្រើននាក់ ខ្ញុំក៏ផ្ដួចផ្ដើមបង្កើតក្លិបនេះឡើង។ ប៉ុន្ដែនៅពេលក្លិបចាប់ផ្ដើមដំណើរ ពួកគាត់ភាគច្រើនប្រែជានិយាយថា មានភារកិច្ចរវល់ មិនអាចចូលរួមដំណើរជាមួយក្លិបបាន។ មានគ្រូតែ ៦ នាក់នៅក្រាញននៀលដោយក្ដីស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ។ ចំពោះការធ្លាក់ចំនួនសិស្សដោយសារតែក្លិបត្រូវផ្លាស់ប្ដូរខណៈឪពុកម្ដាយសិស្សត្រូវរើផ្ទះសំបែងទៅកាន់ទីតាំងថ្មីនៅរុនតាឯក»។
ពេលនេះស្ថាបនិកក្លិបអស់ហិរញ្ញវត្ថុ ដោយសារលោកបាត់បង់ការងារតាំងពីការផ្ទុះឡើងនៃវិបត្ដិកូវីដ ១៩ រហូតដល់លោកតែងតែចេញសេចក្ដីអំពាវនាវដល់សប្បុរសជនជិតឆ្ងាយជួយទ្រទ្រង់ក្លិបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ដើម្បីបន្ដបណ្ដុះបណ្ដាលដល់កុមារជាច្រើនទៀត។
លោក ទួនសុខគា អាយុ ៤២ ឆ្នាំបាននិយាយថា៖ «ក្រៅពីថវិកាសប្បុរសជន ការជួយពីសំណាក់ឪពុកម្ដាយនិងអាណាព្យាបាលរបស់កុមារក៏ជាចំណែកមួយដ៏សំខាន់ផងដែរ។ពួកគាត់ចូលរួមជួយបង់ថ្លៃជួលដី និងបង់ភ្លើងទៅតាមលទ្ធភាពរបស់ពួកគាត់រៀងៗខ្លួន»។
ដោយមានការចូលរួម និងស្រឡាញ់សិល្បៈបុរាណខ្មែរច្រើនស្ថាបនិកក្លិបជាកុមារកំព្រាចេញរកប្រាក់ចិញ្ចឹមបីបាច់ប្អូនៗតាំងពីអាយុ ១៣ ឆ្នាំរូបនេះបានឱ្យដឹងថា ដោយសារស្ថានភាពក្លិបនៅមិនទាន់រឹងមាំក្លិបមិនទាន់អាចទទួលសិស្សដែលបានដាក់ពាក្យមកជាច្រើនទៀតបានទេរហូតដល់ការសង់រោងថ្មីរួចរាល់។
លោក ទួនសុខគា បានឱ្យដឹងអំពីមូលហេតុដែលមានកុមារចង់ចូលរួមហាត់រៀនសិល្បៈបុរាណច្រើនថា ជាមួយការឧបត្ថម្ភពីសប្បុរសជនដល់ក្លិប ១ ផ្នែកនៃថវិកាត្រូវបានបែងចែកដល់សិស្សសម្រាប់ជាការលើកទឹកចិត្ដពួកគេ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «តាំងពីក្រុមរបស់ខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមសម្ដែងអង្គរសង្ក្រាន្ដឆ្នាំមុនយើងបានទទួលឱ្យចូលរួមសម្ដែងក្នុងកម្មវិធីជាច្រើន។ ប៉ុន្ដែចំពោះឆ្នាំ ២០២៣ នេះយើងក៏មិនដឹងច្បាស់ពីមូលហេតុអ្វីដែលក្រុមរបស់យើងមិនទទួលបានការអញ្ជើញទាល់តែសោះ»។
លោកបាននិយាយថា កុមារដែលអាចមកចុះឈ្មោះចូលរៀនសិល្បៈនៅក្លិបបានលុះត្រាតែជាសិស្សកំពុងសិក្សានៅចំណេះដឹងទូទៅឬសាលាអង់គ្លេសផ្សេងៗ ដោយមិនទទួលកុមារដែលបោះបង់ការសិក្សាដើម្បីមកចូលរៀនសិល្បៈនេះឡើយ។
លោកបានបញ្ជាក់ថា៖ «បើពួកគាត់ឈប់រៀនហើយយើងទទួលបាន តែបើបោះបង់ការសិក្សាដើម្បីតែមករៀននៅទីនេះយើងមិនទទួលដាច់ខាត។ យើងប្រកាន់នូវការស្រឡាញ់ចំណេះដឹង។ ទោះបីជាពួកគាត់ចេះខាងសិល្បៈតែខ្វះចំណេះដឹងទូទៅក៏មានការលំបាកផងដែរ។
លោក ទួនសុខគា ជាអ្នកខេត្ដសៀមរាបមកពីស្រុកសូទ្រនិគម បានក្លាយជាក្មេងកំព្រាតាំងពីកុមារភាព និងចាប់ផ្ដើមធ្វើការរកប្រាក់ជួយទាំងប្អូនៗ និងកុមារក្រីក្រដទៃទៀត។
លោក ទួនសុខគា បានឱ្យដឹងថា កុមារា រឿន កក្កដា ជាសិស្សដ៏តូចបំផុតម្នាក់នៅក្នុងក្លិប ដែលរូបគេមានដុងខាងផ្នែកសិល្បៈបុរាណខ្មែរគ្រប់ទម្រង់។
លោកនិយាយថា៖ «ក្នុងចំណោមបងប្អូនគាត់ ៣ នាក់ មកហាត់នៅក្លិប កក្កដា ជាក្មេងឆ្លាត។ ខ្ញុំបានប្រាប់ម្ដាយគាត់តាំងពីដំបូងថា ក្ដីសង្ឃឹមរបស់បងមានតែ កក្កដា ទេ ដែលអាចជួយបងបានច្រើននាពេលអនាគត»។
ស្ថាបនិកក្លិបបានឱ្យដឹងថា កក្កដា អាចធ្វើបានគ្រប់ជំនាញ និងមិនពិបាកក្នុងការបង្ហាត់បង្រៀននោះទេ។ លោក ទួនសុខគា បានអះអាងថា មិនមែនតែ កក្កដា នោះទេ កុមារដែលហាត់រៀនសិល្បៈបុរាណនៅក្លិបសុទ្ធតែជាទំពាំងអាចស្នងឫស្សី។
អ្នកស្រី យុគ សុភ័ក្រ និយាយថា អ្នកស្រីមើលឃើញថា ស្ថាបនិកលោក ទួនសុខគា ពិតជាបានលះបង់កម្លាំងកាយចិត្ដ និងធនធានក្នុងការបណ្ដុះបណ្ដាលកុមារនៅសៀមរាប។
អ្នកស្រីអះអាងថា៖ «ដំបូងឡើយជីវភាពគាត់គ្រាន់បើ តែឥឡូវនេះគ្មានសល់អ្វីទេសូម្បីតែម៉ូតូ ក៏គាត់លក់មកផ្គត់ផ្តង់ក្លិប ជាពិសេសការហូបចុករបស់កុមារអំឡុងពេលពួកគេហាត់ពេញ ១ ថ្ងៃ។ ពួកយើងបានជួយគាត់ខ្លះជាពិសេសអ្នកមានជីវភាពគ្រាន់បើ។
អ្នកស្រីបន្ដថា៖ «ពេលមានការសម្ដែងរបស់កូនៗគាត់មិនដែលទុកថវិកាទទួលបានសម្រាប់ខ្លួនឯងគាត់ចែករំលែកឱ្យគេអស់ៗ រួមទាំងការដួលដីថ្លៃទឹកថ្លៃភ្លើងថ្លៃសាំងគ្រូៗ និងម្ហូបអាហារក្មេងៗ»៕
