ភ្នំពេញ: អ្នក​ថតរូប​និង​សិល្បករ​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់ លោក​ Miguel Jeronimo​ ដែល​ធ្វើ​ការ​នៅ​រាជធានី​​ភ្នំពេញ បាន​ឆក់​​យក​បេះដូង​​អ្នក​ស្រឡាញ់​​សិល្បៈ​ និងខ្វល់​ខ្វាយ​ពី​បរិស្ថាន​ ជាមួយនឹងការយក​ស្នាដៃ​រូបថត​របស់លោក​ក្រោម​ចំណង​ជើង​ថា​ «​ព្រៃ​ក្នុង​ដួង​ចិត្ដ​ខ្ញុំ​» ឬ​ «Jungle on my Mind» ទៅ​បង្ហាញ​នៅលើ​ទីក​ដីសហរដ្ឋ​អាមេរិក​។​

មជ្ឈ​មណ្ឌល​ពិព័រណ៍​សិល្បៈ​ឆត្រ «Umbrella Arts Center»រៀបចំ​ការតាំង​ពិព័រណ៍​ខ្នាត​ធំ «ចំណុច​វិល​ត្រឡប់​» ឬ «Points of Return» ដែល​រៀបចំ​ដោយ A La Luz ​ជា​វេទិកា​សិល្បៈ និង​បង្ហាញ​ស្នាដៃ​សិល្បៈ​ ដោយ​វិចិត្រករ​ចំនួន ២៧ នាក់ ​នៅ​ទីក្រុង Concord រដ្ឋ Massachusetts សហរដ្ឋអា​មេរិក​ ចាប់ពី​ថ្ងៃទី ១ ខែ​ឧសភា ដល់​ថ្ងៃទី ២៥​ ខែមិថុនា ឆ្នាំ​ ២០២៣​។

​ក្នុងចំណោមស្នាដៃ​​​លេចធ្លោ​ជាងគេ «​ព្រៃ​ក្នុង​ដួង​ចិត្ដ​ខ្ញុំ​» របស់លោក ​Jeronimo ទាក់ទាញ​អ្នកទស្សនា​ជាមួយនឹង​ទស្សន​វិស័យ​​ពិសេស​របស់ខ្លួន​លើ​ទំនាក់​ទំនង​ស៊ីចង្វាក់​គ្នា​រវាង​មនុស្ស​ជាតិ ​និង​ធម្មជាតិ​។​

លោក Jeronimo បាន​និយាយថា​៖ «​​ពិព័រណ៍​នេះ​អាច​ជំរុញឱ្យមាន​ការពិភាក្សា​អំពី​របៀបនៃ​​ដំណោះស្រាយ​សហគមន៍​ ដោយ​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ​​អំពី​​ផលប៉ះពាល់​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុនិង​ការបាត់បង់​ជីវចម្រុះ​។ វា​ក៏​ជាស្នាដៃ​​​ចូលរួមចំណែក​ពី​សំណាក់​​មន្ត្រី​អនុរក្ស​ព្រៃឈើ ​មកពី​ខេត្តកោះកុង ដែល​ឥឡូវនេះ ​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅលើម្ខាង​ទៀត​នៃ​ពិភពលោក​នៅ​សហរដ្ឋ​អាមេរិក»។​

​បង្កើត​និង​រៀបចំ​ដោយ​សិល្បករ​ David Cass មាន​ដើមកំណើត​មកពី​ប្រទេស​ស្កុ​តឡែ​ន ហើយ​បច្ចុប្បន្ន​ រស់នៅក្នុង​ទីក្រុងអាថែន ​និងលោក​ Gonzaga Gómez-Cortázar​​មកពី​ប្រទេស​អេ​ស្ប៉ា​ញហើយ​បច្ចុប្បន្ន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉កការ​តាំងពិព័រណ៍​នេះ​​ផ្ដោតលើ​​ទិដ្ឋភាព​ផ្សេងៗ​នៃ​ភាពនៃអាសន្ន​អាកាសធាតុនិង​ទំនាក់​ទំនង​របស់​មនុស្ស​ជាតិ​ជាមួយ​បរិស្ថាន​។​

​ដោយ​ចាប់ផ្ដើម​ពី​ពិព័រណ៍​អនឡាញ​អំឡុងពេល​រាតត្បាត​«​ចំណុចវិលត្រឡប់​» ឥឡូវនេះ​ត្រូវបាន​រៀបចំ​ឱ្យ​មាន​ការ​ចូល​​ទស្សនា​ផ្ទាល់​​​ជា​លើក​ដំបូង​​នៅ​មជ្ឈមណ្ឌល​សិល្បៈ​ឆ​ត្រដោយ​បង្ហាញ​ពី​ស្នាដៃ​ដំឡើងចម្លាក់សំឡេងការថតរូបនិង​សិល្បៈ​វីដេអូ​។​

​ការតាំង​ពិ​ព័រ​ណ៌របស់​សិល្បករ​ព័រ​ទុយ​ហ្គា​ល់ ​​បង្ហាញ​រូបភាព​នៃ​អតីត​អ្នក​ប្រ​មាញ់​មកពី​ភូមិ​ជី​ផាតក្នុង​ខេត្តកោះ​កុងដែល​ឥឡូវនេះ​បានប្រែក្លាយ​ទៅជា​អ្នកកា​រពារ​ព្រៃឈើ​។​

​បុគ្គល​ទាំងនេះដែល​ធ្លាប់​ពឹងផ្អែក​លើ​ការ​បរបាញ់​ខុសច្បាប់​សម្រាប់​ការចិញ្ចឹម​ជីវិត​របស់​ពួកគេបាន​ទទួលយក​ការផ្លាស់ប្តូរ​គួរឱ្យកត់​សម្គាល់​ឆ្ពោះទៅរក​ការអភិរក្សនិង​ការអនុវត្ត​ប្រកប​ដោយ​និរន្តរភាព​។​

​មន្ដ្រី​អនុរក្សជី​ផាត់ ត្រូវ​បាន​ដកស្រង់​សម្តី​នៅលើ​គេហទំព័រ​ការតាំង​ពិ​ព័រណ៍ Points of Return ដោយ​និយាយថា៖«ខ្ញុំ​ចូលចិត្ត​ធ្វើជា​អនុរក្សហើយ​ចូលចិត្ត​ការពារ​សត្វ និង​ធម្មជាតិ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ ជួនកាល​យើង​មាន​បញ្ហា​ជាមួយ​អ្នក​ភូមិ​ដែរ​ ពេល​យើង​ចាប់​អ្នកណាម្នាក់​ពី​ភូមិ​យើង គ្រួសារពួកគេ​ មាន​ការ​ខឹង​សម្បា​។ខ្ញុំ​ពន្យល់​គេ​ថា​ខ្ញុំ​ធ្វើតាម​ច្បាប់នេះ​ ជា​ច្បាប់​កម្ពុជា​»​។​

កាល​ពីមុនលោក​ក៏​ជា​ព្រាន​ព្រៃ ដែល​​​ចូល​ព្រៃ​ជាមួយ​ឆ្កែ​​ស្វែងរក​សត្វព្រៃ​នានា ​ដូចជាពង្រូល ខ្លាឃ្មុំ ក្តាន់ ឬ​ជ្រូកព្រៃ​។ ទោះជា​យ៉ាង​ណាក៏ដោយ ការ​ផ្លាស់ប្តូរ​ទៅកាន់​ទេសចរណ៍ធម្មជាតិ​ បានផ្តល់​ឱកាស​ការងារ​ដល់​គាត់និង​អតីត​អ្នកប្រមាញ់​ផ្សេងទៀត​នៅក្នុង​ព្រៃ​។​

​រូបថត​ទាំងនេះ ​បង្ហាញ​ពី​មន្ដ្រី​អនុរក្ស​ដែល​កាន់​បំណែក​កញ្ចក់​​​ឆ្លុះបញ្ចាំង​​ទិដ្ឋភាព​​ព្រៃឈើ​ដ៏​រស់​រវើក​ជុំវិញ​។​​រូបភាព​នេះ​ ដើរតួ​ជា​និមិត្តរូប​នៃ​ការប្តេជ្ញាចិត្ត​ដែល​បាន​រកឃើញ​ថ្មី​របស់​ពួកគេ​ចំពោះ​ធម្មជាតិនិង​តំណាងឱ្យ​ការ​បំបែក​ទម្លាប់​ចាស់ដើម្បី​គាំទ្រ​ដល់​ជម្រើស​ប្រកប​ដោយ​ការ​ទទួលខុស​ត្រូវនិង​ត្រឹមត្រូវ​តាម​ប្រព័ន្ធ​អេកូឡូស៊ី​។​

លោកJeronimo បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​៖ «​​សម្រាប់​ខ្ញុំវា​មាន​សារៈសំខាន់​ ដោយ​វា​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ហាញ​ពី​ការងារ​​ដែល​បាន​ផ្លាស់ប្តូរ​វិធី​ពី​អ្នកប្រមាញ់​ទៅជា​មន្ដ្រី​​អនុរក្សនិង​ការងារ​របស់​អង្គការក្រៅរដ្ឋាភិបាល [​សម្ព័ន្ធ​សត្វព្រៃ​] ក្នុងការ​សហការ​ជាមួយ​អ្នកស្រុក​សម្រាប់​ដំណោះស្រាយ​រយៈពេល​វែងដែល​រួមបញ្ចូល​ទាំង​ការផ្តល់​ប្រភព​ជំនួស​នៃប្រាក់​ចំណូល​មួយ​ផ្នែក​»​។​

លោក​បាន​បន្ដថា​៖ «​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធ្វើការ​រួមគ្នា​ក្នុង​វិធីសាស្ត្រ​ពីក្រោម​ឡើងលើហើយ​ខ្ញុំ​សង្ឃឹម​ថា​​ ការ​តាំង​ពិព័រណ៍​នេះ​បំភ្លឺ​ដល់​មនុស្សគ្រប់​រូប​ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុងការ​​ដើរ​ដោះ​​អន្ទាក់​សត្វ​»​។​

​ការកាប់​ឈើ​ខុសច្បាប់​នៅ​ខេត្តកោះកុង គំរាមកំហែង ​ដល់​​សត្វព្រៃ​គ្រប់​ប្រភេទ​​។អង្គការ​សម្ព័ន្ធ​សត្វព្រៃ ​Wildlife Alliance បានប្រែក្លាយ​ស្ថានការណ៍​តាមរយៈ​យុទ្ធនា​ការ​​បណ្តុះបណ្តាល ​​ដល់​​អ្នកភូមិ​ជី​ផាត។ នេះ​បាន​នាំឱ្យមាន​ការផ្លាស់ប្តូរ​ទៅ​ទេសចរណ៍​ធម្មជាតិនិង​ការលេចឡើង​នៃ​មន្ត្រី​អនុរក្ស​ព្រៃឈើ​ដែល​ការពារ​ព្រៃឈើដោះ​​អន្ទាក់ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុសច្បាប់និង​ចាប់​អ្នក​បរ​បាញ់ធានា​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​។​

លោក Gómez-Cortázar បាន​និយាយថា​៖ «​​​ការ​ប្រើ​កញ្ចក់​ឆ្លុះបញ្ចាំងមនុស្ស​ដែល​បាន​សម្ដែង​​នៅក្នុងគម្រោង​ Jungle on my Mind រលាយ​ចូលទៅក្នុង​បរិយាកាស​និង​​បាត់បង់​អត្តសញ្ញាណ​រប​ស់​ពួកគេ​។ការងារ​នេះ​រំឭក​យើង​ថា​យើង​ទាំង​អស់​គ្នា​​គឺជា​ធម្មជាតិ​។វា​បង្ហាញ​ពីថា​យើង​អាច​ស្តារ​តុល្យភាព​បរិស្ថាន​បាន​លុះត្រាតែ​យើង​ផ្លាស់ប្តូរ​អាកប្បកិរិយារ​បស់​យើង»​។​

​ខណៈពេល​​ការតាំង​ពិព័រណ៍​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សិល្បៈ​ឆត្រក្នុង​ទីក្រុង Concord ​​រដ្ឋ Massachusetts មហាជន​អាច​មើល​វា​តាម​អ៊ីន​ធឺណិត​នៅ www.pointsofreturn.org​ ៕