
អ្នកទស្សនា កំពុងមើលស្នាដៃសិល្បៈដែលត្រូវដាក់តាំងពិព័រណ៍។ ហុង រស្មី
ភ្នំពេញ: ពិព័រណ៍សម្ពោធលើកដំបូង «NomadicCulture» នៅផ្សារទំនើបថ្មី The Peak ជាអគារដ៏ខ្ពស់ស្កឹមស្កៃមួយក្នុងរាជធានីភ្នំពេញ គឺបង្ហាញពីការស្នាដៃសិល្បៈចម្រុះដែលតំណាងឱ្យថាមពលច្នៃប្រឌិតថ្មីរបស់កម្ពុជា។
វិចិត្រករសេរ៉ាមិចដ៏ល្បីល្បាញលោកស៊ុនស៊ីហាក់ និងលោកCamillo Bernal វិចិត្រករដ៏ល្បីល្បាញលោកStanislasLoubièresនិងបុគ្គលដែលមានទេពកោសល្យផ្សេងៗទៀតនឹងបង្ហាញស្នាដៃរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នេះ។
ភ្ញៀវក៏នឹងមានឱកាសជួបជាមួយឥស្សរជនមានឥទ្ធិពលដូចជារ៉េតសូរីតាបវរកញ្ញាចក្កវាឡកម្ពុជានិងព្រះនាងជេនណានរោត្តមជាដើម។
លោក Pierre Balsanនាយកប្រតិបត្តិនៃក្រុមហ៊ុន Blue Bell Cambodia ដែលរៀបចំការតាំងពិព័រណ៍«Nomadic Culture» បានថ្លែងក្នុងពេលបើកសម្ពោធពិព័រណ៍ថា៖«យប់នេះយើងមានពិព័រណ៍ Nomadic Culture នៅ The Peak ហើយគោលបំណងរបស់យើងគឺដើម្បីបង្ហាញពីការខិតខំប្រឹងប្រែងច្នៃប្រឌិតស្នាដៃថ្មីនៅក្នុងប្រទេសកម្ពុជា»។
លោកបន្ដថា៖ «យើងដាក់ខ្សែភាពយន្តទេពហត្ថារបស់ផលិតករបារាំង Xavier de Lauzanneរួមជាមួយនឹងស្នាដៃសិល្បៈសហសម័យដោយលោកStanislasLoubieresជាអ្នកដឹកនាំសិល្បៈនៃ The Gallerist។ លោកស៊ុនស៊ីហាក់និងលោកCamillo Bernal សិល្បករបារាំង-កូឡុំប៊ីនឹងតំណាងឱ្យវិស័យសិល្បៈសេរ៉ាមិច»។
លោកBalsanបាននិយាយថាការតាំងពិព័រណ៍នេះគឺជាសកម្មភាពដំបូងបង្អស់ក្នុងចំណោមសកម្មភាពមុនការបើកជាច្រើនសម្រាប់ឆ្នាំ២០២៤ដែលមានគោលបំណងណែនាំបទពិសោធន៍ថ្មីៗគួរឱ្យរំភើបនៅ The Peak។
លោក Bernal ដែលមានទេពកោសល្យនិងបានត្រឡប់មកភ្នំពេញវិញបានសហការជាមួយលោកស៊ីហាក់មកពីសិប្បកម្មមរកត សេរ៉ាមិចនៅខេត្តសៀមរាបកាលពីឆ្នាំមុន។វិចិត្រករទាំង២នឹងបង្ហាញការច្នៃប្រឌិតពីយុគសម័យថ្មីនៃសេរ៉ាមិចខ្មែរ។
លោកBalsanបាននិយាយថា៖«ពួកគេបង្កើតវត្ថុដ៏គួរឱ្យកត់សម្គាល់ដែលមានលក្ខណៈសហសម័យនិងទំនើបខណៈរក្សាឫសគល់នៃវប្បធម៌ប្រពៃណី។
លោកBernalបានលើកឡើងថា៖«ទោះបីជាមានឧបសគ្គផ្នែកភាសាក៏ដោយវាជាគម្រោងដ៏លំបាកមួយ។សិល្បៈរបស់យើងកើតចេញពីការចែករំលែករបស់យើងចំពោះសេរ៉ាមិច។យើងមិនត្រូវការនិយាយច្រើនទេយើងទំនាក់ទំនងតាមរយៈដៃរបស់យើងបង្កើតវត្ថុសេរ៉ាមិច»។
លោកស៊ីហាក់ ស្ថាបនិកមរកតសេរ៉ាមិច បានសង្កេតឃើញមានការកើនឡើងនៃការគាំទ្រសិល្បៈសេរ៉ាមិចក្នុងចំណោមប្រជាជនកម្ពុជាជាពិសេស តាមរយៈការផ្សព្វផ្សាយលើបណ្ដាញសង្គមក្នុងអំឡុងពេលជំងឺកូវីដ១៩។
លោកបានកែប្រែវត្ថុបែបបស្ចិមប្រទេសទៅជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃសម្រាប់សហគមន៍មូលដ្ឋាន។ លោកក៏បានទទួលជំនួយបណ្ដុះបណ្ដាលពី IDE ជាអង្គការមិនរកប្រាក់ចំណេញនៅអឺរ៉ុប មានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែលដែលជួយជំរុញគំនិតច្នៃប្រឌិតនូវផលិតផលសេរ៉ាមិច។
លោក Xavier អ្នកដឹកនាំរឿងជនជាតិបារាំងដ៏ល្បីនៅកម្ពុជាបានជ្រើសរើសដាក់បញ្ចាំងខ្សែភាពយន្តរឿង «ទេពហត្ថា» រួមជាមួយនឹងស្នាដៃរបស់សិល្បករដទៃទៀតនៅពិព័រណ៍ «Nomadic Culture»។
លោកLauzanneបាននិយាយថា៖ «នៅឆ្នាំ២០១៧ការជួបរបស់ខ្ញុំជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ ជាព្រះរាជស្នាព្រះហស្តរបស់សម្ដេចព្រះរៀមបុប្ផាទេវី បានជំរុញឱ្យមានការស្រមើស្រមៃបង្កើតខ្សែភាពយន្តមួយដែលផ្តោតលើរបាំព្រះរាជទ្រព្យ»។
លោកបានសម្តែងការដឹងគុណចំពោះទំនាក់ទំនងដ៏យូរអង្វែងរវាងរបាំព្រះរាជទ្រព្យនិងប្រទេសបារាំងដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់រានមានជីវិតរបស់អ្នករបាំបាឡេក្នុងអំឡុងពេលដ៏លំបាកនៃរបបខ្មែរក្រហម។
ក្នុងឱកាសនោះ TheGalleristនឹងបង្ហាញស្នាដៃសិល្បករខ្មែរដូចជាលោកនូសារីនិងលោកឈឹមសុធីក៏ដូចជាអ្នកមានទេពកោសល្យដែលកំពុងលេចធ្លោដទៃទៀត។
លោកBalsanបាននិយាយថា The Galleristជាកន្លែងសិល្បៈសហសម័យដែលផ្តោតលើទីផ្សារសិល្បៈលំដាប់ខ្ពស់ជាទីជម្រកនៃសិល្បករចម្រុះចាប់ពីវិចិត្រករដែលកំពុងលេចធ្លោរហូតដល់គ្រូសិល្បៈ។
ពេញមួយរយៈពេលនៃការតាំងពិព័រណ៍នេះអ្នកទស្សនាអាចចូលរួមក្នុងសិក្ខាសាលាសេរ៉ាមិចចូលរួមក្នុងកិច្ចពិភាក្សា «ជាមួយសិល្បករ» ដែលមានលោកនូសារីធ្វើជាសាក្សីក្នុងវគ្គគំនូរផ្ទាល់ដោយឌីនអាតជាមួយអ្នករបាំសាលាសម្ដេចព្រះរៀមបុប្ផាទេវីនិងទស្សនាភាពយន្តឯកសារ «ទេពហត្ថា»។
លើសពីនេះអ្នកចូលរួមនឹងមានឱកាសបានជួបព្រះនាងជេនណាកញ្ញារ៉េតសូរីតានិងថែមទាំងមានការថតរូបសែលហ្វ៊ីជាមួយពួកគេផងដែរ។
ព្រះនាងជេនណានរោត្តមបានបង្ហោះសារលើហ្វេសប៊ុកបង្ហាញពីការទន្ទឹងរង់ចាំរបស់ព្រះនាងដោយមានបន្ទូលថា៖«សម្រាប់អ្នកដែលស្រឡាញ់សិល្បៈវប្បធម៌និងភាពយន្តសហសម័យលោកអ្នកនឹងរីករាយ។ជួបគ្នាឆាប់ៗនេះ»។
ការតាំងពិព័រណ៍វប្បធម៌«Nomadic Culture»លើកទី១នឹងប្រព្រឹត្តទៅនៅ The Peak ជាន់ទី១ នៅវិថីមហាឧបាសកសចិត រាជធានីភ្នំពេញចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ខែមិថុនា៕