សៀមារាបៈ បើ​មិន​ចាប់​អារម្ម​ណ៍​គេ​នឹង​យល់​ថា​ ដើម​ឈូក​ជា​រុក្ខជាតិ​សាមញ្ញ​ដោយ​គេ​គ្រាន់តែ​គិតថា ​ត្រឹម​តែ​យក​ស្លឹក​វា​មក​ខ្ចប់​ម្ហូប ​ឬ​យក​មើម​របស់​វា ​(​ក្រអៅ​ឈូក​)​ មក​ស្ល​ និង​ផ្កា​របស់​វា​យក​ទៅ​ប្រើ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​ដើម​ឈូក​ត្រូវ​បាន​កែច្នៃ​យក​សរ​សៃ​របស់​វា​មក​ត្បាញ​ជា​ក្រណាត់​ជា​ក្រមា ​និង​លក់​ក្នុង​ ១ ​ម៉ែត្រកា​រ៉េ​​ មាន​តម្លៃ​រហូត​ដល់​ ៣០០​ ដុល្លារ​ឯណោះ​ ហើយ​ក្នុង​រយៈ​ពេល​ជាង ​១០ ​ឆ្នាំ​មក​នេះ សិប្ប​កម្ម​មួយ​នេះ​នៅតែ​មាន​ទីផ្សារ​ដដែល​។​

​មាន​ពណ៌​ផ្កា​ឈូក​លាយ​ឡឹ​នឹង​ពណ៌​ផ្សេងៗ​ទៀត​ដែល​ទ្រ​ដោយ​ស្លឹក​ពណ៌​ខៀវ​ប៉ប្រះ​នឹង​ផ្ទៃ​ទឹក​ដែល​យូរៗ​ម្តង​គេ​ឃើញ​ពត់​ពេន​ទៅ​តាម​កម្លាំង​ខ្យល់​បក់​នោះ​ហើយ ​គឺជា​ចម្ការ​ឈូក​របស់​លោក​តូ ​វណ្ណា​រស់​នៅ​ភូមិ​ភ្នំ​ក្រោម ​សង្កាត់​ភ្នំ​ក្រោម​ ក្រុង​ខេត្ត​សៀម​រាប​។

​លោក ​តូ វណ្ណា ​អាយុ ៤៤​ ឆ្នាំ ​ដែល​មាន​កូន ​៦​ នាក់​ ក្នុង​បន្ទុក​បាន​និយាយ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​ជួល​ដី​បឹង​គេ​ចំនួន​ ៤​ ហិកតា ​ដើម្បី​ដាំ​ឈូក​លក់​ដោយ​ក្នុង​ដី ​១ ​ហិកតា ​ថ្លៃឈ្នួល​ ១​ លាន​រៀល ​ក្នុង ​១ ​ឆ្នាំ​។​ ចំពោះ​ឈូក​ដែលលោកដាំមាន​ ៤ ​ប្រភេទ​ គឺ​ទី​១ ​ប្រភេទ​ឈូក​ធ្ងន់ ​ដែល​គេ​សម្គាល់​ទៅលើ​វា​មាន​ផ្កា​ធំ​,​ ទី​២ ​ឈូក​ស្រាល​ មាន​ផ្កា​តូច​,​ ទី​៣​ ឈូក​ផ្កា​ក្រហម​ ១០០​ ស្រ​ទាប់ ​និង​ទី​៤- ​ឈូក​ផ្កាស ១០០ ​ស្រទាប់​។​

​លោក​បាន​រៀប​រាប់​បន្តថា​ លោក​ដាំ​ឈូក​នេះ​​មិនមែន​សម្រាប់​លក់​ដើម​តែ ១ មុខទេ ​គឺ​មុននឹង​លក់​ដើម​របស់​វា​លោក​ត្រូវ​ប្រមូល​ផល​ដោយបេះ​ផ្កា​ បេះ​ផ្លែ និង​ស្លឹក​ឈូក​លក់​សិន​។​ លុះក្រោយ​ពេល​លោក​ប្រមូល​ផល​បាន​ម្តង​ទៅ​ ២​ ដង​ហើយ​នោះ​ ទើប​លោក​លក់​ដើម​ដោយ​​ម៉ៅ​ឱ្យអ្នកទិញក្នុង ​១​ ហិកតា ​បាន​ ៥០​ ម៉ឺន​រៀល​។​ ចំពោះ​ដើម​ឈូក​ដែល​មាន​សរសៃ​អាច​ហូត​យកមកធ្វើជាក្រណាត់បាន គឺជា​ប្រភេទ​ឈូក​ធ្ងន់​មាន​ផ្កា​ធំ​,​ ទី​២- ​ប្រភេទ​ឈូក​ស្រាល​ ព្រោះ​ប្រភេទ​ឈូក​ទាំង​ ២​ នេះ​ វា​មាន​សរសៃ​ល្អ​ហើយ​វា​មាន​អាយុ ​៣ ​ខែ ​ឬ​ជា​ង ៣​ ខែ​។​

​លោក​ថា​៖ «​ដើម​ឈូក​ខ្ញុំ​ក៏​ផ្គត់​ផ្គង់​ទៅឱ្យ​សិប្បកម្ម​កែច្នៃ​សរសៃ​ឈូក​នោះដែរ​តែ​ច្រើន​ម៉ៅ ​១​ ហិកតាៗ​តែម្តង​។ តែបើ​គេ​ម៉ៅ​ពី​ខ្ញុំ ហើយ​យក​ទៅ​លក់​បន្តទៀត​គឺ​ក្នុង​ដើម​ឈូក​ ១ ​គីឡូ​ក្រាម ​តម្លៃ ​៤០០ ​រៀល​»​។

​ពាក់​ព័ន្ធ​នឹង​ដំណាំ​ឈូក​នេះ​ អ្នកស្រី ​ជី​ម សា​វិ​ន ​អ្នកគ្រប់គ្រង​សិប្ប​កម្ម​ដែលមាន​យីហោ​ថា ​[​កសិដ្ឋាន​ឈូក​] បាន​ប្រាប់​ថា ​បច្ចុប្បន្ន​សិប្បកម្ម​របស់​អ្នក​ស្រី​មាន​ទីតាំង​នៅ​ភូមិ​ភ្នំ​ក្រោម​ សង្កាត់​សៀម​រាប​ ក្រុង​-​ខេត្ត​សៀម​រាប​ ហើយ​សិប្បកម្ម​កំពុង​ដំណើរ​ការ​លើ​ការងារ​តម្បាញ​សរសៃ​ឈូក​កែច្នៃ​ទៅជា​ក្រណាត់​ជា​ក្រមា​ហើយ​ក្រណាត់​ដែល​បាន​ត្បាញ​រួច​ក៏​យក​មក​កែច្នៃ​ជា​ម៉ាស់​ផង​ដែរ​។ ​ដើម​ឈូក​ដែលជា​វត្ថុធា​តុដើម​សម្រាប់​ហូត​យក​សរសៃ ​គឺ​ខាង​សិប្ប​កម្ម​របស់​អ្នក​ស្រី​ប្រមូល​ទិញ​ពី​កសិករ​ដាំ​ឈូក​នៅ​តំបន់​ភ្នំ​ក្រោម និង​មួយ​ផ្នែក​ទៀត​ជួយ​ទិញ​ពី​កសិករ​ដាំ​ឈូក​នៅ​ខេត្ត​បាត់​ដំបង​។​ ចំពោះ​កសិករ​នៅ​ខាង​ខេត្ត​បាត់​ដំបង​វិញ ​គឺ​ពួក​គាត់​ហូត​យក​សរសៃ​ឈូក​រួច​ជាស្រេច​ទើប​ផ្ញើ​មកឱ្យ​សិប្ប​កម្ម​របស់​អ្នក​ស្រី​។

​អ្នកស្រី​ សា​វិ​ន​ បានឱ្យ​ដឹង​ថា ​កាលពី​ប្រទេស​មិនទាន់​ជួប​វិបត្តិ​ជំងឺ​កូ​វីដ ​គឺ​សិប្បកម្ម​អ្នកស្រី​បាន​ជួយ​ទិញ​ដើម​ឈូក​ពី​កសិករ​បាន​ប្រមាណ​ជាង​ ១០០​ នាក់​ ទាំង​នៅ​ខេត្ត​បាត់​ដំបង​ ទាំង​នៅ​ខេត្ត​សៀម​រាប​។ ​រីឯ​បុគ្គលិក​នៅ​ក្នុង​សិប្បកម្ម​ផ្ទាល់​វិញ​ក៏មាន​ចំនួន​ច្រើន​នាក់​ដែរ​ តែ​បច្ចុប្បន្ននៅ​សល់​តែប្រមាណ ​១០​ នាក់​ប៉ុណ្ណោះ​ ឯ​កសិករ​នៅ​ខេត្ត​បា​ត់​ដំបង​ក៏​នៅសល់តិចតួច​ដូចគ្នា​។​

ចំពោះ​សរសៃ​ឈូក​ទិញ​ពី​កសិករ​នៅ​ខេត្ត​បាត់​ដំបង​ គឺ​ខាង​សិប្បកម្ម​ទិញ​សរសៃ​ឈូក​ក្នុង ​១០០​ ម៉ែត្រ​ តម្លៃ ​៣ ​ដុល្លារ​កន្លះ​។​ ប៉ុន្តែ​កាលពី​ជំងឺ​កូ​វីដ​រាត​ត្បាត​ខ្លាំង ​គឺ​សិប្ប​កម្ម​កែច្នៃ​ក្រណាត់​ឈូកបានប្ដូរមក​ផលិត​ជា​ម៉ា​ស់លក់​វិញ ​ខណៈ​ដំណើរ​ការ​លក់​ក្រណាត់​ និង​ក្រមា​ លុះត្រាតែមាន​អ្នក​ទិញ​ទើប​ត្បាញ​ជូន​។​

​ពាក់​ព័ន្ធ​នឹង​វិធី​យក​សរសៃ​ពី​ដើម​ឈូក​មកច្នៃជាក្រណាត់វិញ​ ​អ្នកស្រី ​ជី​ម សា​វិ​ន បានពន្យល់​ថា​ដំបូង​គេ​យក​ដើម​ឈូក​ដែល​កាត់​តម្រឹម​ចុង​ និង​គល់​​ទៅ​លាង​ទឹក​ជម្រះ​ឱ្យអស់​ដី​ទើប​យក​វា​មក​តម្រៀប​ជា​បាច់ៗ​ហើយ​គេ​ក្តាប់​ដើម​ឈូក​ទៅតាម​ទំ​ហំដែល​អាច​ក្តាប់​បាន​មាន​ ៤​ ទៅ​ ៥ ​ដើម​។​

​អ្នកស្រីបន្ដថា ​ក្រោយ​មក​គេ​កាត់​វា​ត្រឹម​ពាក់​កណ្តាល​ដើម​និង​យក​ដៃ​ទាំង​សង​ខាង​ទាញ​ដើម​ឈូក​ចេញ​បានជា​សរសៃ​ដាក់​នៅ​លើ​បន្ទះក្តា​រ​ហើយ​យកដៃ​សង្កត់​ថ្នមៗ​លើ​សរសៃ​ឈូក​ដើម្បី​ហូត​ចេញ​ពី​ដើម​។​ លុះពេល​ហូត​បាន​សរសៃឈូក​រួច​មក​ទើប​គេ​ប្រើ​ដៃ​ទាំង​ ២​ លញ់​វេញ​ត្រកួញ​បញ្ចូល​គ្នា​ហើយ​ដាក់​ក្នុង​កញ្ច្រែង​។ ​ដើម​ឈូក​ដែល​អាច​ហូត​យក​សរសៃ​បាន​កំណត់​ចាប់ពី​ ១ ​ម៉ែត្រ​កន្លះ​ទៅ ​២ ​ម៉ែត្រ​ហើយ​ក្នុង​ដើម​ឈូក ​១ ​គីឡូក្រាម​អាច​ហូត​យក​សរសៃឈូក​បាន​តែ​ ៥ ​ម៉ែត្រ​ទេ​។​

​បើតាម​អ្នកស្រី​ សា​វិ​ន បច្ចុប្បន្ន​ដំណើរ​ការ​លក់​ក្រមា​និង​ក្រណាត់​កែច្នៃ​ពី​សរសៃ​ឈូក​នេះ​ បើ​មាន​ភ្ញៀវ​បញ្ជា​ទិញ​ទើប​ត្បាញ​ជូន​គាត់​តែ​អតិថិ​ជន​ក៏ត្រូវ​រង់ចាំ​យូរថ្ងៃ​ដែរ​ទើប​ទទួលបាន​ទំនិញ​ទាំងនោះ។​ ចំពោះ​ក្រមា ​​[សម្រាប់បង់ក] ១ ដែល​មាន​ទទឹង ​០,៣០ ​ម៉ែត្រគុណ​ ១,៥០​ ម៉ែតត្រូវ​ប្រើ​ពេល​ត្បាញ​ ៣ ​សប្តាហ៍​ទើប​រួច​រាល់​ ហើយ​បើគិត​តម្លៃក្នុង ១ ​ម៉ែត្រ​ការ៉េ ​គឺថ្លៃ​ ៣០០ ​ដុ​លា្ល​រ​ តែបើ​មាន​ជន​ជាតិ​ខ្មែរ​ទិញ​ គឺ​ចុះថ្លៃ ​១០ ​ភាគ​រយ​ជូន​។ ផលិត​ផល​ក្រណាត់ ​និង​ក្រមា​កែច្នៃ​ពី​សរសៃ​ឈូក​នេះ​ ភាគ​ច្រើន​សិប្ប​កម្ម​លក់​ចេញ​ទៅ​សហ​រដ្ឋ​អាមេ​រិក ​និង​ប្រទេស​បារាំង ​ដែល​មាន​ទាំង​ជន​បរទេស​ប្រើ ​និង​ជន​ជាតិ​ខ្មែរ​នៅ​ទីនោះ ​ឬ​ពេល​ខ្លះ​ភ្ញៀវ​ជា​ជន​ជាតិ​ខ្មែរ​មក​ទិញ​ដល់​កន្លែង​តែ​ម្តង​។​

​អ្នកស្រីបាន​​បញ្ជាក់​ថា​៖ «​នៅ​ក្នុង​ស្រុក​មាន​ភ្ញៀវ​ខ្មែរ​គាត់​ជួយ​គាំទ្រ​ខ្លះ​ដែរ​តែ​មិន​មាន​ច្រើន​ទេ​។ ​ភ្ញៀវ​នៅក្រៅ​ប្រទេស​ប្រហែល​ ៥​ ភាគ​រយ​តែ​នៅក្នុង​ស្រុក​បានតែ​ ១ ​ភាគ​រយ​អីហ្នឹង​។ ​ទំនិញ​នាំទៅ​ក្រៅ​ស្រុក​មាន​ដូចជា​កូន​កន្សែង​ជូត​ដៃ​តូចៗ ​និង​ក្រណាត់​ជូត​វ៉ែន​តា​ និង​ក្រមា​ [បង់ក] អ៊ីចឹង​ទៅ​។​ សរសៃ​ឈូក​នេះ​មិនមាន​ជ្រលក់​ពណ៌ ​ឬ​ប្រើ​ថ្នាំ​គីមី​ជ្រលក់​ ដើម្បីឱ្យ​វា​មាន​ភាព​ជាប់​ស្វិត​ទេ ​គឺ​រក្សា​ភាព​ដើមពី​ធម្ម​ជាតិ​ពិតៗ​តែម្តង​។ បើ​ប្រៀប​ធៀប​ក្រណាត់​សូត្រ ​និង​ក្រណាត់​កែច្នៃ​ពី​សរសៃ​ឈូក​មាន​ភាព​ជាប់​មាំ​ដូចគ្នា​»​។​

​ពាក់​ព័ន្ធ​នឹងការ​ទាញ​យក​សរសៃ​ពី​ដើម​ឈូក​នេះ​ដែរ ​​លោក ទា គឹម​សុទ្ធ​ ប្រធាន​មន្ទីរ​កសិកម្ម​រុ​ក្ខាប្រមាញ់ ​និង​នេសាទ ​ខេត្ត​សៀម​រាប​ឱ្យ​ដឹង​ថា​ ករណីនេះ​លោក​បាន​ដឹង​ហើយថា ​ការចេះ​កែច្នៃ​សរ​សៃ​ឈូក​ធ្វើជា​ក្រណាត់​នេះ​ជា​រៀង​មួយ​ល្អ​ណាស់​។ ​ប៉ុន្តែ​ភាគ​ច្រើន​កាល​ណា​ដើម​ឈូក​ចាស់​មិន​សូវ​មាន​សរសៃ​ទេ​តែ​បើ​ដើម​នៅ​ខ្ចី​មាន​សរ​សៃ​ច្រើន​ជាង​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​បើ​យើង​ប្រមូល​ដើមពី​នៅ​ខ្ចី​ខ្លាំងពេក​ទៅ​ក៏​វា​បាត់​បង់​ស្លឹក​បាត់បង់​ផ្កា​វា​បាត់​បង់​ផ្លែ​។ ​វា​ជា​រឿង​មួយ​គួរ​គិត​ដែរ​តែ​យើង​ធ្វើ​ម៉េច​ឱ្យ​វា​មាន​តុល្យភាព​គ្នា​អាច​ថា​ យើង​យក​ដើម​ក្រោយពី​ការប្រ​មូល​ផល​ផ្កា​ផ្លែ​អី​ហើយ​យើង​អាច​ប្រ​មូល​ដើម​អាហ្នឹង​អត់​សូវ​ចោទ​ប៉ុន្មាន​ទេ​»៕