ភ្នំពេញៈ ប្រតិភូ​សិល្ប​:​នៃ​ប្រទេស​កម្ពុជា​បាន​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ទី ៦៥ នៃការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​សណ្ឋាគារ Legendale នៃ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដែលមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ប្រមាណ ៣០០ នាក់​។ នេះបើ​យោងតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃទី ២១ ខែកក្កដា​នេះ។

ឆ្នាំ ២០២៣ នេះ​គឺជា​ឆ្នាំ​គម្រប់​ខួប ៦៥ ឆ្នាំ​នៃ​ចំណង​ការទូត​រវាង​កម្ពុជា​និង​ចិន ហើយក៏​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា-ចិន។ ចាប់តាំង​ពីថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​មក ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង ២ បាន​បង្កើន​មិត្តភាព​យ៉ាង​ពិសេស និង​យ៉ាង​ជិតស្និទ្ធ​ជា​បន្តបន្ទាប់​រហូតមក​ដល់ពេល​បច្ចុប្បន្ន។​

ជា​កិត្តិយស​សម្រាប់​ប្រតិភូ​សិល្ប​:​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​នាំយក​ផ្ទាំង​ទស្សនីយភាព​របាំ​អប្សរា របាំ​សុវណ្ណ​មច្ឆា របាំ​មណី​មេខាលា និង​របាំផ្លិត សម្តែង​ជូន​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ក៏ដូចជា​ភ្ញៀវកិត្តិយស​នៅ​រដ្ឋធានី​ប៉េកាំង នាឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី ៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង ២។

ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការសហការ​រ​វាង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន និង​សមាគម​ប្រជាជន​ចិន​ដើម្បី​មិត្តភាព​ជាមួយ​បរទេស៕