
សកម្មភាពប្រមូលដបប្លាស្ទិកមកកិនបំបែកជាវត្ថុធាតុដើមដើម្បីលក់ចេញកាលពីថ្ងៃទី២០ សីហា ។ រូបថត សហការី
ព្រះសីហនុៈ ដបជ័រប្លាស្ទិក ឬថង់ប្លាស្ទិក គឺជាកាកសំណល់មិនរលាយ បើទោះជាវាត្រូវកប់ក្នុងដី ឬនៅលើដីនិងអណ្តែតនៅលើទឹកក្តី ហើយវាក៏បំពុលដល់បរិស្ថានយ៉ាងខ្លាំងណាស់ដែរ ប៉ុន្តែមានបុរសម្នាក់បានប្រមូលកាកសំណល់ដបជ័រប្លាស្ទិកក្នុង ១ ខែ ចន្លោះពី ១០០ ទៅ ១៥០ តោន មកកិនបំបែកជាវត្ថុធាតុដើមសម្រាប់លក់ឱ្យម៉ូយយកទៅកែច្នៃជារបស់ប្រើប្រាស់ឡើងវិញបានទៀតផង។
មិនមែនជារោងចក្រដែលប្រើម៉ាស៊ីនទំនើបៗទេ គឺគ្រាន់តែប្រើត្រឹមម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិប៉ុណ្ណោះ តែដោយសារទឹកចិត្តស្រឡាញ់បរិស្ថានផងនោះលោក ង៉ែត ង៉ន បានអះអាងថា នឹងមិនបោះបង់ការដើរប្រមូលកាកសំណល់ដបទឹកសុទ្ធជ័រប្លាស្ទិកចម្រុះដែលអាចយកមកកែច្នៃជារបស់របរប្រើឡើងវិញឡើយ។
លោក ង៉ែត ង៉ន បានឱ្យដឹងថា លោកអាយុ ៤៨ ឆ្នាំ និងមានកូនស្រីចំនួន ៤ នាក់ ដោយកូនស្រីច្បងអាយុ ២២ ឆ្នាំ ហើយក្រុមគ្រួសាររបស់លោករស់នៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកបានរៀបរាប់បន្តថា កាលពីមិនទាន់ចាប់របរកែច្នៃកាកសំណល់សំរាមប្លាស្ទិក គឺលោកមានរបរដឹកទំនិញស្រូវអង្ករពីខេត្តព្រះសីហនុទៅខេត្តកោះកុង និងម្តងម្កាលក៏ឆ្លងចូលទឹកដីថៃដែរ។ ពេលលោកបើករថយន្តទៅមកៗរាល់ថ្ងៃចេះតែឃើញសំរាមដបទឹកសុទ្ធត្រូវបានគេបោះចោលនៅតាមផ្លូវ និងអណ្តែតតាមទឹកព្រែកក្នុងស្រុកព្រៃនប់ដែលអាចហូរចូលទៅក្នុងសមុទ្រ។ ម្យ៉ាងលោកមានគំនិតថា បើមានម៉ាស៊ីនកែច្នៃកាកសំណល់ដបប្លាស្ទិក គឺជាការល្អហើយណាមួយអាចជួយដល់បរិស្ថានផង ហេតុដូច្នោះទើបលោកបង្កើតរបរនេះកាលពីអំឡុងឆ្នាំ ២០២២។
លោកបានបញ្ជាក់ថា៖ «ខ្ញុំឃើញនៅក្នុងភូមិខ្ញុំនិងនៅក្នុងព្រែកវាហូរតាមទឹកអណ្តែតត្រាពេញហើយខ្ញុំឮគេថា អាហ្នឹងវាហូរចូលសមុទ្រវាមិនរលួយ។ ខ្ញុំគិតថា បើខ្ញុំមានម៉ាស៊ីនកែច្នៃកាកសំណល់នេះទៅធ្វើអ្វីឡើងវិញបានអាហ្នឹងល្អហើយណាមួយជួយដល់បរិស្ថានបានផង»។
លោក ង៉ែត ង៉ន បានប្រាប់ទៀតថា ការបង្កើតសិប្បកម្មកែច្នៃដបប្លាស្ទិកនេះ គឺលោកអាចជួយដល់អ្នកភូមិក្នុងសហគមន៍បានចំនួន ១០ នាក់ និងជួយដល់បរិស្ថានបានទៀតផង។ ចំពោះកាកសំណល់ដបទឹកសុទ្ធ គឺមានអ្នកភូមិដើររើស និងមួយផ្នែកទៀតលោកបានយកការុងទៅដាក់នៅតាមសាលារៀននៅតាមមន្ទីរឃុំ និងពេលខ្លះគ្រូៗយកមកឱ្យដល់ទីតាំងតែម្តង។ ចាប់តាំងពីលោកបើកសិប្បកម្មនេះមកឃើញ ថានៅតាមសាលារៀនតាមផ្លូវឃើញថា គ្មានកំប៉ុងជ័រ ឬដបទឹកសុទ្ធនៅរាយប៉ាយដូចមុនៗទៀតទេ។
បើតាមលោក ង៉ែត ង៉នសម្រាប់ដបទឹកសុទ្ធមិនថា ដបនោះថ្មីឬចាស់ឬប្រឡាក់ភក់កប់ក្នុងដីប៉ុន្មានខែប៉ុន្មានឆ្នាំក៏ដោយឱ្យតែមានគេយកមកលក់ គឺលោកប្រមូលទិញទាំងអស់។ មុននឹងកិនបំបែកដបទឹកសុទ្ធទៅជាបំណែកល្អិតៗដំបូងឡើយ លោកចាក់កាកសំណលដបទៅក្នុងម៉ាស៊ីនលាងសម្អាតដីជាមុនសិន។ លុះពេលលាងសម្អាតរួចហើយវាហូរចូលទៅក្នុងអាងទឹក ១ ទៀត ដែលនៅក្នុងអាងនោះមានម៉ាស៊ីនបែងចែកគម្របដបទៅផ្សេង និងដបផ្សេងហើយចញ្ច្រាំជាបំណែកតូចៗតែម្តង។ បន្ទាប់មកបំណែកតូចៗទាំងនោះបានហូរចូលទៅក្នុងឡសម្ងួត ១ ទៀត ដើម្បីឱ្យបំណែកជ័រល្អិតៗនោះស្ងួតល្អដែលជាផលិតផលចុងក្រោយ។
លោក ង៉ែត ង៉ន បានបញ្ជាក់ថា ចំពោះបំណែកជ័រល្អិតៗទាំងនោះតាមពិតទៅត្រូវមានម៉ាស៊ីនមួយទៀតសម្រាប់កិនបំបែកឱ្យទៅជាគ្រាប់តូចៗបន្ដទៀតមុនពេលកែច្នៃឱ្យទៅជាផលិតផលច្រើនប្រភេទផ្សេងៗទៀត ប៉ុន្តែដោយសារលោកគ្មានម៉ាស៊ីនធ្វើគ្រាប់ទើបលោកបានត្រឹមតែលក់បំណែកជ័រចញ្ច្រាំទាំងនោះទៅឱ្យម៉ូយនៅរាជធានីភ្នំពេញប៉ុណ្ណោះ តែលោកមិនបានបញ្ជាក់ពីតម្លៃលក់ចេញនោះទេ ដោយគ្រាន់តែប្រាប់ថា ម៉ូយដែលទិញពីលោកបានដឹកតាមកុងតឺន័រចេញទៅក្រៅប្រទេសតែមិនដឹងថា នាំទៅប្រទេសណាមួយទេ។
លោក ង៉ែត ង៉ន ត្អួញត្អែរដែរថា ដោយសារតែលោកគ្មានម៉ាស៊ីនសូនគ្រាប់នេះហើយទើបបច្ចុប្បន្នធ្វើឱ្យលោកជួបបញ្ហាទីផ្សារសម្រាប់នាំចេញទៅលក់នៅប្រទេសវៀតណាម។ ទន្ទឹមនឹងនេះបើមានដៃគូសហការជាមួយគឺលោកព្រមសហការដើម្បីបន្តជួយប្រមូលកាកសំណល់ប្លាស្ទិកជួយដល់បរិស្ថាននៅតាមតំបន់ខ្លះក្នុងខេត្តព្រះសីហនុ។
ចំពោះកាកសំណល់ដបទឹកសុទ្ធវិញគឺប្រមូលបានតែក្នុងតំបន់ក្នុងស្រុកព្រៃនប់ និងក្នុងក្រុងព្រះសីហនុប៉ុណ្ណោះ។
ជុំវិញការចូលរួមធ្វើឱ្យបរិស្ថានស្អាតតាមរយៈការប្រមូលកាកសំណល់ជ័រប្លាស្ទិកនេះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទទួលព័ត៌មានបន្ថែមពីលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានបានទេដោយសារទូរស័ព្ទរបស់លោកមិនមានអ្នកទទួល ។
ក៏ប៉ុន្តែលោក កៅ ឡេង មេឃុំអូរឧកញ៉ាហេងឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា សិប្បកម្មបំបែកកាកសំណល់ដបទឹកសុទ្ ធនិងជ័រប្លាស្ទិកចម្រុះនេះលោកយល់ថាជាការងារមួយល្អដែលអាចជួយសង្គមបានមួយផ្នែកដែរ។ លោកថា កាកសំណល់ទាំងនោះជាប្រភេទជ័របើទោះជាកប់ដី ឬនៅលាយឡំជាមួយសំរាមយ៉ាងណាក៏ដោយក៏វាមិនរលាយដែរ ហើយបើគេដុតវានឹងបញ្ចេញផ្សែងពុលប៉ះពាល់ដល់សុខភាពមនុស្សទៀតផង។
លោកបានបន្ថែមថា៖ «បើគាត់កែច្នៃ គឺមានការទិញហើយបើមានការទិញត្រូវតែមានអ្នកដើររើសសម្រាប់លក់ឱ្យគាត់។ គាត់មានទឹកចិត្តចូលរួមកាត់បន្ថយកាកសំណល់ជួយដល់បរិស្ថាននៅក្នុងភូមិ-ឃុំមួយផ្នែកដែរ»៕