
លោក ផន ផល្លា និងក្មេងតូចៗដែលលោករ៉ាប់រងចិញ្ចឹមនៅមណ្ឌលមែកឈើ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ លោក ផន ផល្លា បានចំណាយពេលរត់ ៨ ថ្ងៃ ក្នុងចម្ងាយផ្លូវ ៣៥០ គីឡូម៉ែត្រពីខេត្តសៀមរាប មកដល់មណ្ឌលមែកឈើក្នុងរាជធានីភ្នំពេញ ដោយរៃអង្គាសប្រាក់បានជាង ៤ ម៉ឺនដុល្លារ ដើម្បីផ្គត់ផ្គង់ដល់ការហូបចុក និងការសិក្សារៀនសូត្ររបស់ក្មេងកំព្រាចំនួន ១៥៧ នាក់។
លោក ផន ផល្លា បានចាប់ផ្តើមរត់ពីខេត្តសៀមរាប កាលពីថ្ងៃទី ៣០ កក្កដា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៦ សីហា ឆ្នាំ ២០២៣ ។
លោកនិយាយថា៖ «មែនទែនទៅ ការរត់របស់ខ្ញុំ អត់មានតម្លៃអីទេ។ ប៉ុន្តែអ្វីដែលខ្ញុំគិតគូរដល់ ហើយអ្វីដែលមានតម្លៃបំផុតនោះ គឺជីវិតកូនៗដែលជាកុមារកំព្រាទាំង ១៥៧ នាក់ ដែលកំពុងត្រូវការស្បៀងអាហារជាប្រចាំថ្ងៃនិងការសិក្សារបស់ពួកគេទៅវិញទេ»។
លោក ផន ផល្លា ជាប្រធានមណ្ឌលមែកឈើដែលមានទីតាំងនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ផល្លា បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា ការរត់របស់លោកជាគោលដៅគឺដើម្បីកៀរគរមូលនិធិសម្រាប់ក្មេងៗដែលជាកុមារកំព្រា ដែលកំពុងស្ថិតនៅក្រោមការមើលថែចិញ្ចឹមបីបាច់ពីលោកនៅក្នុងមណ្ឌលមែកឈើ។ ចំពោះប្រាក់ដែលទទួលបានពីការរៃអង្គាសនៃការរត់នេះបានចំនួនជាង៤ម៉ឺនដុល្លារ។ នេះគឺជាចំនួនទឹកប្រាក់របស់សប្បុរសជនដែលកើតចេញពីក្តីស្រឡាញ់ និងអាណិតអាសូរដល់ក្មេងៗកំព្រាទាំងនោះ ហើយលោកនៅតែត្រូវការជំនួយបន្ថែមទៀត។
លោក ផល្លា រំឭកពីការរត់របស់លោកថា នៅតាមផ្លូវនៃការរត់របស់លោកពីខេត្តសៀមរាប មករាជធានីភ្នំពេញឆ្លងកាត់ពីតំបន់១ ទៅតំបន់១ ឃើញថា មានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយឈរចាំលោកនៅតាមផ្លូវជាហូរហែ។
នៅពេលនោះលោកមានសេចក្តីរំភើប នូវការយកចិត្តទុកដាក់របស់ពួកគាត់ខ្លាំងណាស់ ដែលនឹកស្មានមិនដល់អំពីការចូលរួមផ្នែកមនុស្សធម៌នេះ ដែលបានជំរុញទឹកចិត្តរបស់លោកឱ្យខំរត់បន្តរហូតដល់គោលដៅតាមការរំពឹងទុក។
ចំពោះការសម្រាកនៅពេលយប់វិញគឺលោកបានដាក់គោលដៅថា យប់នៅកន្លែងណាត្រូវបោះតង់ស្នាក់នៅកន្លែងនោះ តាមចិញ្ចើមផ្លូវ ជាមួយក្រុមការងាររបស់លោក។ រីឯការលាងជម្រះខ្លួនវិញគឺក្រុមការងាររបស់លោក សុំទឹកអ្នកភូមិសម្រាប់លុបលាងខ្លួន។

លោក នេត្រ ភក្ត្រា ពិនិត្យពូជកេសរកូលក្នុងសួន។ហ៊ាន រង្សី
លោកឱ្យដឹងបន្តថា ចំពោះប្រាក់សប្បុរសធម៌នេះបើគិតជាមធ្យមភាគ គឺបានប្រហែលជា៧០ភាគរយ នៃការចំណាយសម្រាប់អាហារក្មេងៗរយៈពេល១ឆ្នាំ។
ថ្វីដ្បិតតែជាប្រាក់ដែលអាចផ្គត់ផ្គង់សម្រាប់ក្មេងៗបានខ្លះហើយក្តីតែនៅមិនទាន់គ្រប់គ្រាន់ហើយលោកនឹងធ្វើការរៃអង្គាសទៅតាមមធ្យោបាយមនុស្សធម៌ផ្សេងៗ ដែលលោកត្រូវតែបន្តស្វែងរកជំនួយសប្បុរសធម៌តទៅទៀត ខណៈដែលក្នុង១ថ្ងៃ សម្រាប់អាហារ៣ពេល លោកត្រូវចំណាយអង្ករ៤៧គីឡូក្រាម រីឯការចំណាយលើម្ហូបបន្លែ ត្រីសាច់ផងនោះ ត្រូវចំណាយជិត១លានរៀលក្នុង១ថ្ងៃ។
បើតាមលោកផល្លា ការរត់របស់លោក គឺគ្មានតម្លៃអ្វីសម្រាប់លោកទេ តែអ្វីដែលមានតម្លៃបំផុតនោះ គឺជីវិតកូនៗដែលជាក្មេងកំព្រាទាំង១៥៧នាក់។ ពួកគេកំពុងតែត្រូវការស្បៀងអាហារ ដែលមិនមែនតែលោកម្នាក់ទេជាអ្នកផ្តល់ចំណីអាហារ តែពីលោកអ្នកទាំងអស់គ្នាទៅតែម្តង។ ហេតុដូច្នេះហើយ លោកគ្រាន់តែជម្រាបដល់សប្បុរសជនថា គោលដៅនៃការរត់របស់លោកនេះ គឺសម្រាប់រៃអង្គាសប្រាក់មកចិញ្ចឹមក្មេងៗកំព្រាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា បច្ចុប្បន្នមានក្មេងៗជាកូនកំព្រាចំនួន១៥៧នាក់ ក្នុងនោះក្មេងនៅបៅទឹកដោះគោមានចំនួន២៤ នាក់ដែលភាគច្រើនជាក្មេងប្រុស និងមានអាយុពី៤ខែដល់អាយុ២ឆ្នាំ។ ចំពោះម៉ែដោះ សម្រាប់មើលថែក្មេងទាំង២៤នាក់នោះ មានចំនួន១៥នាក់ ពោលសរុបបុគ្គលិកគ្រប់ផ្នែកមានចំនួន៣២នាក់។ បច្ចុប្បន្នមានយុវជនប្រុសស្រីដែលឡើងទៅបន្តការសិក្សានៅសាកលវិទ្យាល័យ មានចំនួន៣២នាក់។ ក្នុងនោះនិស្សិតម្នាក់មានសប្បុរសជនម្នាក់សម្រាប់ជួយឧបត្ថម្ភការសិក្សារយៈពេល៤ឆ្នាំ ដែលសប្បុរសជនទាំង៣២នាក់ គឺលោកជាអ្នកស្វែងរកឱ្យ។

ពងទារបស់ពលរដ្ឋខ្មែរដែលកំពុងចុះថោក។ រូបថត សហការី
លោកថ្លែងថា៖«ទិសដៅរបស់យើង គឺយើងមិនចង់ជួយត្រឹមតែអនុវិទ្យាល័យ ឬក៏ត្រឹមតែវិទ្យាល័យ ហើយលែងពួកគេចោលទេ ព្រោះខ្ញុំខ្លាចគាត់ទៅកសាងគ្រួសារ ហើយមានកូនមានអី គ្មានលទ្ធភាពចិញ្ចឹមកូន អ៊ីចឹងហើយខ្ញុំជួយគាត់ឱ្យចប់ចុងចប់ដើមទៅ»។
បើតាមលោក ផល្លា ជាទូទៅមានសប្បុរសជនដែលមានសាច់ញាតិរស់នៅក្រៅប្រទេស ដូចជាខ្មែររស់នៅអាមេរិក អូស្រ្តាលី កាណាដា បានជួយឧបត្ថម្ភដល់មណ្ឌលខ្លះៗដែរ តែពួកគាត់ជួយតែម្តងក៏ចប់ទៅ។ តែសម្រាប់សប្បុរសជនរស់នៅក្នុងស្រុកវិញ តែងតែជួយឧបត្ថម្ភជាបន្តបន្ទាប់ ដែលគាត់ច្រើនតែមកមណ្ឌលនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយមណ្ឌលក៏បើកតែ២ថ្ងៃនេះដែរ ព្រោះក្មេងៗអត់រៀន។
ពាក់ព័ន្ធនឹងការជួយផ្តល់ឱកាសសិក្សាដល់ក្មេងៗ ក៏ដូចជាយុវជននេះត្រូវបានលោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា លោកយល់ថា ការតាំងចិត្តខ្ពស់ស្ម័គ្រចិត្តចូលរួមការងារសង្គមរបស់បុរសរូបនេះ បង្ហាញពីភាពជាអ្នកដឹកនាំ និងភាពជាពលរដ្ឋសកម្ម។ លោកថ្លែងថា៖«ក្រសួងអប់រំ យុវជន និងកីឡាស្វាគមន៍និងលើកទឹកចិត្តយុវជនទាំងអស់ ឱ្យមានស្មារតីស្ម័គ្រចិត្តចូលរួមការងារសង្គមតាមលទ្ធភាពជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាពជីវិត និងគុណភាពអប់រំ»។
លោកបន្តថា ក្រសួងអប់រំ សូមថ្លែងអំណរគុណចំពោះកិច្ចសហការណ៍ពីក្រសួង-ស្ថាប័ន ដៃគូរអភិវឌ្ឍន៍រួមមានអង្គការសង្គមស៊ីវិល វិស័យឯកជន សម្រាប់ការចូលរួមលើកកម្ពស់គុណភាពអប់រំតាមរយ:គ្រប់រូបភាព៕