
អ្នកស្រី ញឹម សូរីដា និងសាប៊ូ ដែលអ្នកស្រីបានកែច្នៃផលិត។ រូបថត សហការី
បន្ទាយមានជ័យៈ ផ្លែក្រូចសើច វល្លិបណ្តូលពេជ្រ ប្រទាលកន្ទុយក្រពើ ស្លឹកវល្លិយាវទាំងនេះជារុក្ខជាតិដែលអ្នកស្រី ញឹម សូរីដា យកមកកែច្នៃធ្វើជាសាប៊ូបានជាច្រើនប្រភេទ រួមបញ្ចូលជាមួយវត្ថុធាតុដើមផ្សេងទៀត។
អ្នកស្រី ញឹម សូរីដា ដែលបច្ចុប្បន្ន រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ផលិតផលសាប៊ូកែច្នៃពីរុក្ខជាតិរបស់អ្នកស្រីនេះមានឈ្មោះថា [BORANCARE-បុរាណឃែរ]។ ដំបូងឡើយអ្នកស្រីទៅរៀនធ្វើសាប៊ូនៅប្រទេសថៃក្នុងឆ្នាំ ២០១៩ ហើយពេលមួយអ្នកស្រីបានទៅលេងនៅផ្ទះមិត្តភក្តិ ឃើញគេធ្វើកែច្នៃសាប៊ូពីរុក្ខជាតិហើយអ្នកស្រីក៏ចាប់អារម្មណ៍។ ពេលនោះអ្នកស្រីបានគិតឃើញដែរថា បែបសាប៊ូដែលគេកែច្នៃនេះ នៅប្រទេសកម្ពុជាក៏មានធនធានវត្ថុធាតុដើមដូចតែគេដែរដូច្នេះហើយគួរតែយកវត្ថុធាតុដើមនោះមកកែច្នៃ។
ដំបូងឡើយអ្នកស្រីគិតថា គ្រាន់តែកែច្នៃសម្រាប់ប្រើប្រាស់ខ្លួនឯងក្នុងគ្រួសារទេ។ ប៉ុន្តែក្នុងចន្លោះពេលហ្នឹងអ្នកស្រីក៏គិតឃើញថា ដោយសារការធ្វើសាប៊ូវាពាក់ព័ន្ធនឹងការប្រើប្រាស់ដុសសម្អាតរាងកាយដូចជាគ្រឿងសម្អាងផ្សេងៗជាដើម ហើយអ្នកស្រីក៏ឃើញមានទាក់ទងជាមួយនឹងព័ត៌មានមួយចំនួន ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងសម្អាង ដែលគ្មានប្រភពច្បាស់លាស់ដែលនាំចូល ឬជាគ្រឿងសម្អាងមិនមានគុណភាពប៉ះពាល់ដល់សុខភាពស្បែក។
អ្នកស្រី សូរីដា ពោលថា៖ «អាហ្នឹងបានជំរុញទឹកចិត្តខ្ញុំមួយទៀត ដែលធ្វើឱ្យខ្ញុំត្រូវផ្តោតនៅលើការសិក្សាស្រាវជ្រាវនៅលើវិស័យហ្នឹង។ ធ្វើយ៉ាងម៉េចបើសិនជាយើងអាចកែច្នៃបានប្រើប្រាស់បានហើយ តើធ្វើយ៉ាងម៉េចដើម្បីឱ្យវាមានស្តង់ដា វាមានគុណភាពវាមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ហើយនៅក្នុងកម្រិតមួយដែលយើងអាចទៅប្រកួតប្រជែងនៅក្នុងទីផ្សារបាន»។
បើតាមអ្នកស្រី សូរីដា បញ្ហានេះ ក៏បានជំរុញទឹកចិត្តរបស់អ្នកស្រី ឱ្យផ្តោតតែទៅលើវិស័យហ្នឹងតែម្តងហើយអ្នកស្រីក៏មិនត្រឡប់មកធ្វើការនៅរាជធានីភ្នំពេញ ដូចមុនទៀតឡើយ។ បន្ទាប់ពីអ្នកស្រីកែច្នៃបានជាសាប៊ូហើយមានអតិថិជនទិញយកទៅប្រើប្រាស់ ក៏ចេះតែមានការគាំទ្រ ការលើកទឹកចិត្ត ពីមិត្តភកិ្តច្រើនមក ក៏អ្នកស្រីបន្តអភិវឌ្ឍលើការកែច្នៃនេះបន្តរហូតមក។ ចំពោះសាប៊ូបានពីការកែច្នៃនេះ មានសាប៊ូដុំ សាប៊ូកក់សក់ សាប៊ូដុសខ្លួនច្រើនប្រភេទ ដូចជាសាប៊ូធ្វើពីអង្ករសម្រូប សាប៊ូធ្វើពីល្មៀតអ៊ីចឹងទៅ ហើយនិងមានក្រេមបន្ទន់សក់ផងដែរ។
អ្នកស្រី សូរីដា បញ្ជាក់ថា ចំពោះរុក្ខជាតិដែលជាវត្ថុធាតុដើមមានដូចជា ផ្លែក្រូចសើច វល្លិបណ្តូលពេជ្រ ប្រទាលកន្ទុយក្រពើ ស្លឹកវល្លិយាវជាដើម។ ដោយសារតែការកែច្នៃសាប៊ូរបស់អ្នកស្រី នៅជាខ្នាតតូចនៅឡើយនៅមិនទាន់មានបុគ្គលិកច្រើ ហើយវត្ថុធាតុដើមក៏អ្នកស្រីដើរទិញក្នុងសហគមន៍នៅជុំវិញភូមិស្រុកប៉ុណ្ណោះ រួមនឹងការដាំខ្លួនឯងខ្លះផង។
ប៉ុន្តែនៅពេលខាងមុខ គឺអ្នកស្រីគ្រោងនឹងចេញផលិតផលថ្មីៗបន្តទៀត ដើម្បីបម្រើដល់អតិថិជនដែលបានគាំទ្រផលិតផលសាប៊ូរបស់អ្នកស្រី។ ពាក់ព័ន្ធនឹងផលិតផលសាប៊ូ គឺអ្នកស្រីបានចុះបញ្ជីនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយក៏បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មផងដែរ។
អ្នកស្រីប្រាប់ថា៖ «កាលពីឆ្នាំមុនពីខាងគណៈកម្មការភូមិ១ ផលិតផល១ ខាងក្រសួង ជាមួយនឹងខាងមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត និងក្រុមការងារភូមិ១ផលិតផល ១ បានចុះដល់កន្លែងខ្ញុំ។ គាត់បានចាត់ទុកផលិតផលរបស់យើងចូលទៅក្នុងប្រភេទភូមិ ១ ផលិតផល ១ ដែរ»។
អ្នកស្រីរំឭកថា តាំងពីឆ្នាំ ២០១៩ មក អ្នកស្រីបានចូលរួមប្រកួតប្រជែងពានរង្វាន់សហគ្រិនឆ្នើមដែលបានរៀបចំដោយសហគ្រិនវ័យក្មេងកម្ពុជា ជាមួយនឹងជេភីអាយ។ ក្នុងនោះអ្នកស្រីក៏បានចូលទៅក្នុង ១០ នាក់ដែលជាប់ជយលាភីចុងក្រោយដែរហើយក្នុងឆ្នាំ ២០២១ អ្នកស្រីក៏បានចូលរួមប្រកួតក្នុងសហគ្រិនថ្នាក់ជាតិក្នុងតំបន់ [ទី១] មានខេត្តបាត់ដំបង សៀមរាប ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ហើយពេលនោះអ្នកស្រីជាប់លេខ ២។
ពាក់ព័ន្ធការកែច្នៃសាប៊ូនេះដែរត្រូវបានលោក ញ៉ិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ខេត្តបន្ទាយមានជ័យឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា បើតាមលោកដឹង ហើយតាមមន្ត្រីជំនាញ របស់លោកចុះទៅពិនិត្យបានដឹងថា សាប៊ូរបស់អ្នកស្រី ញឹម សូរីដា បានកែច្នៃពីធម្មជាតិសុទ្ធសាធ ហើយខាងថ្នាក់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ក៏ធ្លាប់ចុះមកពិនិត្យដែរ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា គាត់ជាស្ត្រីខ្មែរគំរូម្នាក់ ដែលមានគំនិតច្នៃប្រឌិត សម្រាប់ក្នុងវិស័យឧស្សាហកម្ម។ ដោយហេតុនេះហើយគាត់ក៏ជាអ្នកចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសយើងដែរ ព្រោះគាត់ជាអ្នកជំនាញច្បាស់លាស់»៕