សៀមរាបៈ បើទោះជា​ដឹងថា ការ​ជិះ​ក្បូន​ស្នោ​មិនមាន​សុវត្ថិភាព​ក្តី តែ​ដោយ​គ្មាន​ជម្រើស​កុមារី​ម្នាក់នេះ​នៅតែ​មានះ​យក​ក្បូន​ស្នោ​ធ្វើជា​មធ្យោបាយ​ក្នុងការ​ជិះ​ទៅ​សាលារៀន ខណៈ​គ្រូៗ​បាន​អះអាងថា សិស្ស​ដែល​រៀន​នៅលើ​សាលា​បណ្តែត​ទឹក​មាន​ភាគរយ​មក​រៀន​ទាប​ជាង​សិស្ស​ដែល​រៀន​នៅលើ​ដីគោក ។​

​កំពុង​បណ្តែត​ខ្លួន​នៅលើ​ផ្ទៃ​​ទឹក​ខណៈ​ត្រូវ​ទឹករលក​ម្តង​រុញ​ទៅ​ឆ្វេង ម្តង​រុញ​ទៅ​ស្តាំ អ្នក​ដែល​អង្គុយ​លើ​សំណាញ់​ផ្តុំ​ដោយ​ស្នោ​ចាស់ៗ​ធ្វើជា​ក្បូន​នោះ ​គឺជា​កុមារី​ម្នាក់​ឈ្មោះ ​ឆុង គ​ន្ធា អាយុ​ ៦ ​ឆ្នាំ ដែល​កំពុង​អុំ​ក្បូន​នាំខ្លួន​នាង​សំ​​ដៅ​ទៅកាន់​សាលារៀន​បណ្ដែត​ទឹក ជា​ទី​ដែល​នាង​ត្រូវ​ទៅ​ក្រេប​យកចំណេះ​ដឹង​ពី​លោកគ្រូ​អ្នកគ្រូ​នៅ​ទីនោះ​។​

​កុមារី ​ឆុង គ​ន្ធា បាន​រៀបរាប់ថា នាង​មាន​បងប្អូន ​៦​ នាក់​ (​ប្រុស​ ៣ ​នាក់​)​ ហើយ​នាង​ជា​កូន​ទី៤​ ដែលមាន​ឪពុក​ឈ្មោះ អើយ គីម អាយុ​ ៤០​ ឆ្នាំ និង​ម្តាយ​ឈ្មោះ ភាត ចន្ថា​។ បច្ចុប្បន្ន​នាង​រៀន​ថ្នាក់​ទី​១​ នៃ​សាលាបឋមសិក្សា​មេ​ជ្រៃ (​សាលា​បណ្ដែត​ទឹក​) នៅក្នុង​ភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។​

​គ​ន្ធា បាន​បន្តថា ផ្ទះ​នាង ​គឺជា​ផ្ទះ​បណ្តែត​ទឹក ហើយ​សាលា​ក៏​បណ្តែត​ទឹក​ដូចគ្នា​។ ចំពោះ​មូលហេតុ​ដែល​នាង​ជិះ​ក្បូន​ស្នោ គឺ​ដោយសារ​ឪពុកម្តាយ​នាង​ក្រ​គ្មាន​លទ្ធភាព​ក៏បាន​ធ្វើ​ក្បូន​ជំនួស​ទូក​ឱ្យ​នាង​ជិះ​វិញ​។ ពេល​ជិះ​ក្បូន​ស្នោ​ទៅ​រៀន​ម្តងៗ​នាង​មាន​អារម្មណ៍​ភ័យព្រួយ ព្រោះ​ប្រសិនបើ​ជួប​រលក​បោកបក់​មក​ខ្លាំង នាង​ប្រាកដជា​ធ្លាក់​ក្នុង​ទឹក​លង់​ស្លាប់​ជាមិនខាន ព្រោះ​ខ្លួន​នាង​នៅ​តូច​មិនសូវ​ចេះ​ហែល​ទឹក តែ​ធ្វើ​ម៉េច​បើ​ខ្លួន​ចង់​រៀន​ទៅហើយ​។​

​យ៉ាងណាក្ដី គ​ន្ធា បាន​និយាយ​ដោយ​ក្តី​ត្រេកអរ​ក្រោយ​ទទួល​បាន​អំណោយ​ពី​សប្បុរសជន​ថា នៅ​ថ្ងៃមួយ ក្នុង​សីហា ឆ្នាំ​ ២០២៣ នាង​បាន​ជិះ​ក្បូន​ស្នោ​ទៅ​សាលារៀន​ធម្មតា​។ ចៃដន្យ​មាន​លោកពូ​ម្នា​ក់ថត​ពី​សកម្មភាព​ជិះ​ក្បូន​របស់​នាង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​តាំងពី​នោះមក​ក៏មាន​សប្បុរសជន​ចុះមក​ដល់ផ្ទះ​នាង​ជា​បន្តបន្ទាប់​។​«​ពេលនេះ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​ពេល​បានទទួល​បាន​ទូក​ ២​ គ្រឿង​ពី​សប្បុរសជន​ដើម្បី​ជិះ​ទៅ​រៀន​។ ខ្ញុំ​លែង​ជិះ​ក្បូន​ស្នោ​ទៀតហើយ​»​។​

​លោក​ អើយ គីម ត្រូវជា​ឪពុក​កុមារី​ ឆុង គ​ន្ធា បាន​រំឭក​ប្រាប់​តាម​ទូរស័ព្ទ​ថា តាមពិត​លោក​និង​ប្រពន្ធ​មិនទាន់​ចង់ឱ្យ​កូន​[​គ​ន្ធា​]​ចូលរៀន​ទេ ព្រោះ​លោក​មាន​ទូក​ស្មាច់​តែ​ ១ ​គ្រឿង ហើយ​លោក​ត្រូវ​ជិះ​ចេញទៅ​រើស​ខ្យង​បាត់ៗ​ពី​ផ្ទះ​។

​ដូច្នេះហើយ​លោក​គ្មាន​ទូក​ឱ្យ​កូន​ជិះ​ទៅ​រៀន​ទេ តែដោយសារ​កូន​យំរំអុក​ចង់ទៅ​រៀន​ខ្លាំងពេក​ទើប​លោក​សម្រេចចិត្ត​រើស​ស្នោ​យកមក​ផ្តុំគ្នា​ចង​ធ្វើ​ក្បូន​ដែលមាន​រង្វង់​ប្រហែល ១​ ម៉ែត្រ​កន្លះ​ឱ្យ​កូន​ទៅ​។​

​លោក​ថា ការ​ជិះ​ក្បូន​ស្នោ​នេះ​លោក​ក៏​បារម្ភ​ពី​សុវត្ថិភាព​កូន​ដែរ តែ​លោក​មិនដឹង​ធ្វើ​យ៉ាងម៉េច​។​មានពេលខ្លះ​ក្បូន​ស្នោ​ដាច់​សំណាញ់​ត្រូវ​ចង​ឡើងវិញ ដូចនេះ​ត្រូវសុំ​ទូក​គេ​ជិះ ដោយសារតែ​ត្រូវគេ​បដិសេធ ជាហេតុ​ធ្វើឱ្យ​គ​ន្ធា​យំ​ព្រោះ​មិនបាន​ទៅ​សាលា​។​

​លោក​ថា ពី​ផ្ទះ​របស់លោក​ទៅ​សាលា​មាន​ចម្ងាយ​ត្រឹមតែ​ប្រ​ហែល ​៣០០​ ម៉ែត្រ​ប៉ុណ្ណោះ តែ​យ៉ាងណា លោក​នៅតែ​បារម្ភ​ពី​សុវត្ថិភាព​កូនស្រី​ជានិច្ច​។​លោក​បាន​ប្រាប់ថា​៖ «​ឥឡូវ​កូន​គ​ន្ធា​សប្បាយចិត្ត និង​ថ្លែង​អំណរ​​គុណ​ដល់​សប្បុរសជន​ទាំងអស់​ដែលមាន​ក្តីមេត្តា​អាណិត​ដល់​កូន​គ​ន្ធា​ខ្ញុំ​។ នាង​ប្រាប់​ខ្ញុំ​ថា នឹង​តស៊ូ​រៀន​ឱ្យបាន​ចេះដឹង​នឹង​គេ ទោះជា​យើង​ផ្ញើ​ជីវិត​តែ​លើទឹក​ក៏ដោយ​»​។​

​លោកស្រី ឈួន សុ​វណ្ណា ជា​នាយិកា​នៃ​សាលាបឋមសិក្សា​​មេ​ជ្រៃ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា សាលាបឋមសិក្សា​មេ​ជ្រៃ​ជា​សា​លា​បណ្តែត​ទឹក​ក្នុងស្រុក​ពួក ខេត្ត​សៀមរាប​។ សាលា​នេះ​មាន​សិស្ស​ ២៤៨ ​នាក់ ​(​ស្រី​ ១១៤​ នាក់​)​ និង​មាន ​៨ ​ថ្នាក់ ក្នុងនោះ​ថ្នាក់​មត្ដេយ្យ​ចំនួន ​២​ ថ្នាក់ ហើយ​ក្រៅពីនោះ​គឺ​ពី​ថ្នាក់​ទី​ ១ ​ដល់ទី​ ៦ រីឯ​សិស្ស​ទាំងអស់​សុទ្ធតែ​ជិះទូក​មក​រៀន​។​ចំពោះ​កុមារី ឆុង គ​ន្ធា អាយុ​ ៦​ ឆ្នាំ រៀន​ថ្នាក់​ទី​១ (​ក​)​ ដែល​ឪពុកម្តាយ​នាង​ជា​គ្រួសារ​ក្រីក្រ​។​

​បើតាម​លោកស្រី​នាយិកា ទោះ​ជា​សាលា​បណ្តែត​ទឹក ហើយ​សិស្សៗ​ត្រូវ​ជិះទូក​មក​រៀន​ក្តី តែ​មិន​ធ្លាប់មាន​សិស្ស​ម្នា​ក់ណា​ជួប​គ្រោះថ្នាក់​ដោយសារ​លង់ទឹក​ស្លាប់​ទេ​។ បញ្ហា​នេះ​ដោយ​សារ​តែ​សាលា ពិសេស​លោក​គ្រូ​-​អ្នកគ្រូ​ទាំង ​១២​ នាក់ តែងតែ​ពន្យល់​ណែនាំ​ដល់​សិស្ស និង​អ្នកអាណាព្យាបាល​ឱ្យមាន​ការ​ប្រុងប្រយ័ត្ន​ជានិច្ច​។ ដោយសារតែ​ជា​សាលា​បណ្តែត​ទឹក ដូច្នេះ​នៅពេល​រដូវ​ទឹក​ឡើង​ក៏​អណ្តែត​ឡើងមក​ផ្នែក​ខាងលើ​ហើយ​ផ្ទះ​របស់​សិស្ស​ក៏​ឡើង​មកលើ​ដែរ​។​

​តែ​ពេល​ទឹក​ស្រក គឺ​សាលា​ក៏​អណ្តែត​ចុះទៅ​តាម​ទឹក​ចូលទៅ​បឹង​ទន្លេសាប តែ​មិន​នៅ​ចំ​កណ្តាល​បឹង​វាល​ល្វឹងល្វើយ​ទេ​។​លោកស្រី​នាយិកា​បាន​បន្តថា តាមរយៈ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​មន្ទីរអប់រំ​ខេត្តសៀមរាប​បាន​សហកា​រ​ជាមួយ​អង្គ​ការ​ 0nechild​ ជា​ដៃគូ​។ កន្លងទៅ​សាលា​បានជ្រើសរើស​សិស្ស​ចំនួន​ ៤១ ​នាក់​ដែលមាន​ជីវភាព​ទីទ័លក្រ​ខ្លាំង ដើម្បី​ផ្តល់​ជា​អង្ករ​តែ​មិនជា​ប្រចាំ​ទេ​។ ទន្ទឹមនឹងនោះ​ក្រសួង​អប់រំ​តាមរយៈ​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ ១​ ឆ្នាំៗ​បានជ្រើសរើស​សិស្ស​ក្រីក្រ​ពីសា​លា​នេះ​ចំនួន ​២០​ នាក់ ហើយ​បាន​ជូន​ថវិកា​ដល់​ពួកគេ​ម្នាក់ៗ​ក្នុង​ ១ ​លើកៗ​ចំនួន​ ៨​ម៉ឺន​រៀល តែ​ក្នុង ​១​ ឆ្នាំ​ពួកគាត់​អាច​ទទួលបាន​រហូត​ ៣​ លើក​។

​ជាមួយគ្នានេះ​សិស្ស​ក៏មាន​អាហារ ​១ ​ពេល និង​មាន​ទឹកស្អាត​ហូប​ជាប្រចាំ​នៅក្នុង​សាលា​ផងដែរ​។​ លោកស្រី​បាន​បញ្ជាក់ថា​៖ «​បើ​ប្រៀបធៀប​ការសិក្សា​របស់​សិស្ស​នៅលើ​ទឹកជា​មួយ​ការ​សិក្សា​របស់​សិស្ស​នៅលើ​គោក​គឺ​លទ្ធផល​សិក្សា​របស់​យើង​គឺ​ទាប​ជាងគេ​បន្តិច​។ សិស្ស​[​នៅ​សាលា​លើទឹក] ​អវត្តមាន​ច្រើន តែ​ខ្ញុំ​មិនដឹង​ពី​មូលហេតុ​ឱ្យ​ប្រាកដ​ទេ​»​។​

​លោក ​សុខ លឿ ប្រធានភូមិ​ពាម​តា​អួរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភូមិ​ពាម​តា​អួរ​ជា​ភូមិ​ជាប់​មាត់បឹង​ទន្លេសាប​ដែលមាន​ចំនួន​ ២៨៦​ ខ្នង​ផ្ទះ សុទ្ធតែជា​ផ្ទះ​បណ្តែត​ទឹក ហើយ​បើ​គិត​ជា​គ្រួ​សារ​ស្មើនឹង ​៤០០​ គ្រួសារ និង​សុទ្ធតែ​ប្រកប​របរ​នេសាទ​ត្រី រក​ខ្យង ដាក់មង​ចាប់​ត្រី ជាដើម តែ​មុខរបរ​ពួកគាត់​គ្រាន់តែ​អាច​ចិញ្ចឹមជីវិត​បាន​មួយ​រស់​ប៉ុណ្ណោះ រីឯ​អ្នក​ខ្លះទៀត​ឡើង​ទៅរក​ការងារ​ធ្វើ​នៅ​តំបន់​ផ្សេង​។

​លោក​ប្រធានភូមិ​បានឱ្យដឹង​ដែរ​ថា ចំពោះ​គ្រួសារ​បស់​កុមារី​ឆុង គ​ន្ធា ពេលនេះ​ទទួលបាន​ទូក​ស្មាច់​អុំ​ ១ ​គ្រឿង ពី​សាលាខេត្ត​​សៀមរាប និង​ទូក​ស្មាច់​បំពាក់​ម៉ាស៊ីន ​១​ គ្រឿង​ទៀត​ ពី​សប្បុរស​​ជនតា​មរយៈ​អ្នកសារព័ត៌មាន​។​

​លោក​បាន​បន្តថា ចំពោះ​ជីវភាព​របស់​អ្នករស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​វិញ​ដូចជា​គ្មាន​គ្រួសារ​ណា​មាន​ទ្រព្យធន​ច្រើន​ទេ បើទោះជា​អ្នកខ្លះ​មានផ្ទះ​ធំជាងគេ តែ​ក៏​ជំពាក់​គេ​ច្រើន​ដែរ​។​«​ថ្វីដ្បិតតែ​ផ្ទះ​បណ្តែត​នៅលើ​ទឹក​យ៉ាងនេះ​ក្តី​ក៏​អ្នកភូមិ​មិនដែល​ជួប​គ្រោះថ្នាក់​អី​ដែរ​»​។​

​ពាក់ព័ន្ធ​នឹង​ការអប់រំ​តាម​សាលា​បណ្តែត​ទឹក​វិញ លោក​ លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប​បានឱ្យ ​ភ្នំពេញ​ ប៉ុស្តិ៍​ ដឹងថា ក្នុង​ខេត្ត​នេះ មាន​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ចំនួន​ ៥ នៅជាប់​បឹង​ទន្លេសាប ដូចជា ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម ស្រុក​​ពួក ស្រុក​ក្រឡាញ់ និង​នៅ​ក្រុង​សៀមរាប ។​

​លោក​បាន​បន្ថែមថា ជាទូទៅ អាណាព្យាបាល​ឬ​ឪពុកម្តាយ​ដែល​រស់នៅ​លើទឹក​តែងតែ​បង្ហាត់​កូន​គាត់​ឱ្យ​ចេះ​ហែល​ទឹក តែបើ​កូន​មិនចេះ​ហែល​ទឹក​គឺ​គាត់​មិន​បញ្ជូន​កូន​ទៅ​សាលារៀន​ទេ​។​ដើម្បី​ការពារ​សុវត្ថិភាព​សិស្ស​ដែល​រៀន​នៅ​សាលា​បណ្តែត​ទឹក​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏ដូចជា មន្ទីរអប់រំ​ខេត្តសៀមរាប​បាន​សហកា​រ​ជាមួយ​អង្គការ​ខេ​ប​ [KAPE] និង​ Onechild​ ក្នុង​ការជួយ​ដល់​សាលា​នៅ​តំបន់​ទាំងនោះ​។ ចំពោះ​កុមារី​ ឆុង គ​ន្ធា ដែល​ជិះ​ក្បូន​ស្នោ​មក​សាលារៀន​វិញ លោក​ លី ប៊ុន​ណា បាន​ប្រាប់ថា នាង​ក៏​ចេះ​ហែល​ទឹក​ដែរ ព្រោះ​បើ​គាត់​មិនចេះ​ហែល​ទឹក​ប្រហែលជា​ឪពុកម្តាយ​មិន​ហ៊ាន​បណ្តោយ​ទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អ្នករស់នៅ​ក្នុង​តំបន់​ទឹក​បានន័យថា គាត់​ស៊ាំ​ទៅនឹង​ទឹក​ហើយ​។ ​អ្នករស់នៅ​លើទឹក​នេះ​ដូចជា​មិនមាន​អាវ​ពោង​អី​ទេ ដោយ​សារ​តែ​ពួកគាត់​ចេះ​ហែល​ទឹក​ចេះ​អី​ហើយ តែ​យ៉ាងណា​ក៏​មន្ទីរ​តែងតែ​ប្រាប់​គ្រូៗ​ដើម្បី​ផ្សព្វ​ផ្សាយ​ណែនាំ​ដល់​សិស្ស​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​»​។​

​បើតាម​លោក ប៊ុន​ណា អង្គការ​បាន​អនុវត្ត​គម្រោង​ក្នុងការ​បំប៉ន​ដល់​សិស្ស​ណា​ដែល​រៀន​ខ្សោយ​ជាងគេ​ដោយមាន​ឧបត្ថម្ភ​ជា​ទូក​សម្រាប់​សាលា​នីមួយៗ​ ដើម្បី​ចល័ត​ដឹកជញ្ជូន​សិស្ស​ទៅមក​សាលារៀន​។ ក្រៅពីនេះ​ខាង​អង្គការ​ក៏​ជួយ​ជា​ទឹកស្អាត​រួមទាំង​បញ្ហា​សុខភាព​អ​នា​ម័​យ​ដល់​សិស្ស​ផងដែរ​៕