
ទិដ្ឋភាពភ្ញៀវទេសចរទៅកម្សាន្តនៅឆ្នេររបស់កោះ Jeju នៅប្រទេសកូរ៉េខាងត្បូង។ AFP
បុរសម្នាក់ជាជនជាតិចិនត្រូវបានចោទប្រកាន់ពីការបោះបង់កូនចោលនៅលើកោះទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងជាទីដែលពួកគេធ្វើដំណើរទៅកម្សាន្តរួមគ្នា ហើយ ពួកគេទាំងពីរត្រូវបានសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ជួបការលំបាកដោយសារអស់លុយដើម្បីចំណាយ។
ជនជាតិចិនអាយុប្រាំបួនឆ្នាំម្នាក់ ដែលសន្មតថាបានទៅវិស្សមកាលជាមួយឪពុកនៅលើកោះ Jeju ត្រូវបានឪពុកបោះបង់ចោលដោយមិនបានរំពឹងទុកនៅក្នុងខែសីហា។ សេចក្តីរាយការណ៍របស់ The Korea Times កាលពីថ្ងៃសុក្រដោយដកស្រង់ពីការិយាល័យព្រះរាជអាជ្ញាស្រុក Jeju បានផ្សាយថា ឪពុកដែលមានជុំវិញអាយុ៣០ឆ្នាំត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់សុខុមាលភាពកុមារ ។
កាលពីថ្ងៃទី១៤ ខែសីហា ឪពុកនិងកូនមួយគូនេះបានមកដល់កោះដោយមានទិដ្ឋាការទេសចរណ៍ ទោះជាយ៉ាងណា ទាំងឪពុកនិងកូនមិនត្រូវបានគេដាក់ឈ្មោះក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទេ។
សារព័ត៌មាន Korea Joong Ang Daily បានរាយការណ៍ថា ពួកគេបានស្នាក់នៅសណ្ឋាគារមួយនៅលើកោះអស់រយៈពេលបីថ្ងៃ ហើយ ក្រោយមកពួកគេបានដើរដេកតាមសួនច្បារដោយសារពួកគេអស់លុយ។
សារព័ត៌មាន The Korea Times បានផ្សាយថា កាលពីថ្ងៃទី២៥ខែសីហា ឪពុកត្រូវបានគេនិយាយថាបានចាកចេញពីក្មេងប្រុសដែលជាកូនកំពុងដេកនៅក្នុងឧទ្យានមួយក្នុងទីក្រុង Seogwipo ដែលជាទីក្រុងធំទីពីរនៅលើកោះ Jeju ។ ក្រោយមកក្មេងប្រុសបានភ្ញាក់ពីដំណេក ហើយព្យាយាមស្វែងរកឪពុករបស់ខ្លួន។ មន្ត្រីទីក្រុង Seogwipo បានរកឃើញក្មេងប្រុសនៅក្នុងឧទ្យាន ហើយបានជូនដំណឹងដល់ប៉ូលិស។
ឪពុករបស់ក្មេងប្រុសបានបន្សល់ទុកកំណត់ត្រាមួយលើក្មេងប្រុសជាភាសាអង់គ្លេសថា «ខ្ញុំសង្ឃឹមថាកូនរបស់ខ្ញុំនឹងរស់នៅកន្លែងដ៏ល្អមួយក្នុងប្រទេសកូរ៉េ»។
បុរសនោះត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់ បន្ទាប់ពីអាជ្ញាធរបានប្រើវីដេអូតាមកាមេរ៉សុវត្ថិភាពCCTV ដើម្បីកំណត់ទីតាំងគាត់។
Korea JoongAng Daily កាលពីថ្ងៃសៅរ៍ បានរាយការណ៍បានបន្ថែមថា ក្មេងប្រុសនេះ ក្រោយមកត្រូវបានគេដាក់នៅក្នុងកន្លែងការពារកុមារមួយកន្លែងនៅក្នុងកោះ គាត់បានត្រឡប់ទៅប្រទេសចិនវិញ ហើយបានជួបជុំគ្នាវិញជាមួយសាច់ញាតិរបស់គាត់៕