
ខេត្តសៀមរាប នឹងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយឆ្នាំ ២០២៣ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២៣ និង ទិវាពិភពលោកស្អាតលើកទី៦។
តាមរយៈសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប ដែលបានចេញផ្សាយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប សហការជាមួយគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ រដ្ឋបាលក្រុងសៀមរាប មន្ទីរទេសចរណ៍ខេត្ត សហភាពសហព័ន្ធយុវជន កម្ពុជាខេត្តសៀមរាប មន្ទីរ-អង្គភាព ប្រតិបត្តិករវិស័យទេសចរណ៍ខេត្តសៀមរាប និង វិស័យឯកជន នឹងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយ និង ផលិតផលផ្សេងៗទៀត ដើម្បីអបអរសាទរ “ទិវាពិភពលោកស្អាតលើកទី៦” (The 6th World Cleanup Day) និងរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តី និងជាម្ចាស់សហគ្រាសផលិតនំស្រួយលីលី បានថ្លែងថា ពិព័រណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយឆ្នាំ ២០២៣ តែងប្រារព្ធឡើងជាញឹកញាប់ នៅតាមបណ្តាខេត្តនានា ជាពិសេស ខេត្តជាតំបន់គោលដៅទេសចរណ៍ ដែលមិនត្រឹមតែភ្ញៀវជាតិនោះទេ ដែលបានទិញផលិតផលខ្មែរ ភ្ញៀវបរទេសក៏មានការគាំទ្រច្រើនដែរ។
លោកស្រីបានបញ្ជាក់ថា៖ «រាល់ពេលព្រឹត្តិការណ៍ពិព័រណ៍ភូមិមួយផលិតផលមួយ អាជីវករតែងតែរីករាយជានិច្ច ព្រោះជាពេលវេលា ដែលយើងអាចដាក់តាំងបង្ហាញផលិតផលរបស់យើងជូនដល់អតិថិជន។ ខ្ញុំគិតថា ម្ចាស់សហគ្រាស ឬ ម្ចាស់អាជីវកម្ម ដែលផលិតនូវផលិតផលបរិភោគ ឬផលិតផលប្រើប្រាស់ដទៃទៀតនៅក្នុងស្រុក មិនគួរមើលរំលងពិព័រណ៍នេះនោះទេ គួរតែចូលរួមឱ្យបានច្រើនកុះករ»។
បើតាមសេចក្តីជូនដំណឹងដដែល ចំពោះការរៀបចំពិធី “ទិវាពិភពលោកស្អាតលើកទី៦ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅសួនព្រះរាជដំណាក់ និងនៅតាមបណ្ដាសង្កាត់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ខណៈដែលទិវាទេសចរណ៍ពិភពលោក ឆ្នាំ ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” នឹងមានការរៀបចំក្បួនដង្ហែចេញពីចំណុចសួនព្រះរាជដំណាក់បត់ចូលតាមផ្លូវមុខមហាសណ្ឋាគារអង្គរ ឆ្ពោះទៅផ្លូវស៊ីវុត្ថា តាមបណ្ដោយផ្លូវអាចារ្យស្វា និងបត់ចូលសួនព្រះរាជដំណាត់វិញ៕