
លោក វណ្ណដា កំពុងច្រៀងជាមួយ Suboi តារាចម្រៀងវៀតណាមនៅប្រទេសវៀតណាម។ រូបថត សហការី
ភ្នំពេញ: មានដើមកំណើតពីខេត្ដទេសចរណ៍ជាប់មាត់សមុទ្រភាគនិរតីដែលឪពុកម្ដាយជាអ្នកលក់ដូងកោសក្នុងផ្សារ យុវជន វណ្ណដាបានខិតខំពុះពារសម្រេចបំណងក្លាយជាតារាចម្រៀងចង្វាក់ទាន់សម័យនៅកម្ពុជា។
សព្វថ្ងៃនេះ តន្ដ្រីរបស់ វណ្ណដា ត្រូវបានចាក់ផ្សាយលើសដែនដីសុវណ្ណភូមិ តែនៅលើប្លាតហ្វ៉មល្បីៗ ដូចជា Spotify ដែលបំពេអារម្មណ៍អ្នកស្តាប់ជុំវិញពិភពលោក។ លោក ម៉ាន់ វណ្ណដា ស្គាល់ជា វណ្ណដា ដែលបានប្រឡូកក្នុងវិស័យសិល្បៈឆ្នាំ ២០១៦ ជាអ្នកចម្រៀងឯករាជ្យ និងបានចូលផលិតកម្មបារមី ក្នុងឆ្នាំ ២០១៩ បានឱ្យដឹងថា៖ «បាទ! ចំពោះខ្ញុំផ្ទាល់ ខ្ញុំជឿជាក់យ៉ាងមុតមាំថា វិស័យហ៊ីបហប់កម្ពុជានឹងទៅមុខកាន់តែឆ្ងាយ»។
លោកនិយាយប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ពេលដែលខ្ញុំសម្តែងជាមួយ Suboi នៅប្រទេសវៀតណាមក្នុងវគ្គចុងក្រោយនៃ Rap Viet Season 3 ខ្ញុំមិននឹកស្មានថា ការសហការគ្នារបស់យើងនឹងមានអ្នកទស្សនាច្រើនខ្លាំងនៅលើ TikTok និង Spotify នៅក្នុងប្រទេសទាំង ២ សោះ»។
លោកបានឱ្យដឹងថា វាពិតជាកើតឡើងមែន វីដេអូចម្រៀងរបស់លោក និងតារាចម្រៀងរ៉េបវៀតណាម មានអ្នកទស្សនា ជាង ១,៣ លាននាក់បន្ថែមទៀតនៅលើកម្មវិធី YouTube និង VieOn។
លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន ទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជាឱ្យដឹងថា ទម្រង់សិល្បៈបែបសម័យនេះពិតជាបានរួមចំណែកធ្វើឱ្យគេស្គាល់ពីអ្វីដែលកម្ពុជាមាន ដូចជា វប្បធម៌ ព័ត៌មានទេសចរណ៍ សិល្បៈជាដើមទៅកាន់បរទេស។
ក្រៅពីបរទេស ដែលចូលរួមតន្ដ្រីហ៊ីបហប់បែបទំនើប លោកសង្កេតឃើញថា ប្រជាជនកម្ពុជាក៏ពេញនិយមទម្រង់សិល្បៈសម័យទំនើបនេះដែរ។ លោក ប៊ុនថង បានលើកឡើងថា ទម្រង់សិល្បៈមិនខុសពីមុខម្ហូបប៊ូហ្វេទេ បើនរណាចូលចិត្ដអ្វី ពួកគេទទួលទានមុខម្ហូបនោះទៅតាមចំណង់ចំណូលចិត្ដរៀងៗខ្លួន។ ដូចគ្នាដែរ ចំពោះសិល្បៈ បើអ្នកស្ដាប់ចូលចិត្ដមួយណា មិនថា សម័យទំនើប ឬបែបបុរាណនោះទេ ពួកគេអាចជ្រើសរើសបាន។
លោកទទួលស្គាល់ថា៖ «ទម្រង់សិល្បៈបុរាណដែលនៅសេសសល់សព្វថ្ងៃនេះ ក៏មានការកម្លាយខ្លះដោយសារតែការឆ្លងកាត់សម័យកាល និងការបាត់បង់។ ឥឡូវនេះ វាអាចមានអ្វីថ្មីទៀត និងអាចបាត់អ្វីខ្លះទៀត ដែលជាការវិវឌ្ឍធម្មតារបស់សង្គម»។
ស៊ូ បូយ អាយុ ៣៣ ឆ្នាំ ជាតារារ៉េប តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិវៀតណាម បានបង្ហោះរូបថតជាមួយ វណ្ណដា និងបានសរសេរសំណេរខ្លីថា៖ «វាជាការបញ្ចូលនូវវប្បធម៌ចម្រុះដ៏ស្រស់បំព្រង។ យើងអាចធ្វើបានហើយ!»។
វណ្ណដា យល់ឃើញថា វាពិតជាគួរឱ្យកត់សម្គាល់ ដែលការច្រៀងរួមគ្នានេះកំពុងផ្លាស់ប្តូរបរិបទតន្ត្រី។ វិថីសិល្បៈរបស់ វណ្ណដា បានបន្ដបោះជំហានទៅមុខគួរឱ្យកត់សម្គាល់។ គ្រាដ៏សំខាន់មួយក្នុងអាជីព គឺការចេញបទចម្រៀង «Time to Rise» ជាបទដ៏ល្បីមួយដែលលោកច្រៀងរួមគ្នាជាមួយសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញលោកគង់ ណៃ។
បទចម្រៀងនេះបានលាយបញ្ចូលគ្នារវាងតន្ដ្រីប្រពៃណីខ្មែរជាមួយនឹងបទហ៊ីបហប់ ដែលទទួលបានការចាប់អារម្មណ៍មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្នុងឆាកអន្តរជាតិ។ «Time to Rise» បានជាប់ចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមបទចម្រៀងពេញនិយមចំនួន ៥០ នៅក្នុងប្រទេសវៀតណាម ហើយ «SOLO» ថែមទាំងបានឈានដល់ចំណាត់ថ្នាក់ទី៨៧ ក្នុងចំណោមបទចម្រៀងពេញនិយមទាំងអស់នៅក្នុងប្រទេសវៀតណាមនៅលើ Spotify។
វណ្ណដា បានឱ្យដឹងថា៖ «ជាដំបូងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលតែងតែស្រលាញ់ គាំទ្រ និងជឿជាក់លើតន្ត្រីរបស់ខ្ញុំរហូតមក។ បើគ្មានការគាំទ្រពីអ្នកទាំងអស់គ្នាទេ តន្ត្រីរបស់ខ្ញុំនឹងមិនអាចទៅដល់ឆ្ងាយ និងធ្វើដំណើរបានទូលំទូលាយបែបនេះទេ។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ដែលតែងតែធ្វើជាមនុស្សល្អ ស្មោះត្រង់ និងគាំទ្ររូបខ្ញុំដោយចេញពីចិត្ត»។
តន្ដ្រីលើឆាកអន្ដរជាតិនេះមិនមែនជាលើកទី១ ទេដែលវណ្ណដា សហការជាមួយសិល្បករអន្តរជាតិ។ ក្រៅពីសិល្បករក្នុងស្រុក រួមទាំងមិត្តរួមផលិតកម្ម R''n''B តារាចម្រៀង កែវ សុភា ព្រមទាំង La Cima Cartel និងក្មេងខ្មែរ លោកបានពង្រីកដល់ឆាកតន្ត្រីថៃ ដោយសហការជាមួយតារារ៉េបថៃ ដូចជា F. HERO, 1MILL និង OG Bobby។ វណ្ណដាត្រូវបានទទួលស្គាល់ជាតារាចម្រៀងល្អបំផុតប្រចាំឆ្នាំ ២០២១ ដោយ LiFT-ED Asia និងទទួលបានចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមសិល្បករកំពូលទាំង ៥០ របស់ LiFTED Asia ប្រចាំឆ្នាំ ២០២២។
វណ្ណដា ដែលជាតារាចម្រៀងរ៉េប តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងរបស់កម្ពុជា បានសម្តែងក្នុងកម្មវិធី ASEAN Music Showcase 2021។ លោកបានបង្ហាញពីទេពកោសល្យ និងតន្ត្រីជាមួយនឹងភ្ញៀវពិសេស Vanthan, Omens Radio និង YCN Rakhie។
លោកចូលរួមសម្ដែងនៅលើឆាកអន្តរជាតិដូចជា ASEAN Music Showcase នៅប្រទេសសិង្ហបុរី, Big Mountain Festival និង Rolling Loud នៅប្រទេសថៃ ព្រមទាំងបានធ្វើភ្ញៀវកិត្តិយសពិសេសរបស់ Rap Viet នៅវៀតណាម និង Takao Rock នៅតៃវ៉ាន់ជាពិសេស ការសម្ដែងរួមឆាកជាមួយនឹងតារាដូចជា Cardi B, Chris Brown និង Travis Scott។
លើសពីនេះទៀត តារារ៉េបរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងនៅប្រទេសជប៉ុន នៅក្លិប RAISE ទីក្រុងតូក្យូនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ សម្តែងជាមួយ Awich។
ភាពជោគជ័យលើវិថីសិល្បៈលោកនិយាយថា៖ «ទម្រាំមកដល់កន្លែងនេះគឺ Ive come a long way. (ខ្ញុំបានពុះពារលើផ្លូវដ៏វែងឆ្ងាយ)។ ខ្ញុំបានឆ្លងកាត់ឧបសគ្គជាច្រើន ហើយក៏ធ្លាប់ជួបរឿងលំបាកច្រើនដែរ។ ប៉ុន្តែសមិទ្ធផលដែលខ្ញុំទទួលបាន គឺវាជាក្ដីស្រមៃដែលក្លាយជាការពិត។ សមិទ្ធផលដែលខ្ញុំមានមោទនភាពខ្លាំងមែនទែន»។
លោករៀបរាប់ថា បទ «Time to Rise» ជាប់ឈ្មោះជា «The Video of The Year» ពី LiFTED Asia នៅឆ្នាំ ២០២១។ ចំពោះលោកផ្ទាល់ បានជាប់ចំណាត់ថ្នាក់លេខ ៦ ជា «សិល្បករហ៊ីបហប់កំពូលទាំង ៥០ នៅអាស៊ី» ក្នុងឆ្នាំ ២០២២។
បន្ទាប់ពីការចេញផ្សាយបទចម្រៀង Skull 2 វាជាប់ក្នុងចំណោមអាល់ប៊ុមដ៏ល្អបំផុតប្រចាំឆ្នាំ ២០២២ ប្រចាំតំបន់អាស៊ី ពី NME។
វណ្ណដា បន្ដថា៖ «សម្រាប់ឆ្នាំនេះ ខ្ញុំត្រូវបាន Forbes ប្រកាសជា Forbes 30 Under 30 Asia List-Class of 2023។ ការចូលរួមសម្ដែងនៅលើឆាកអន្តរជាតិដូចជា ASEAN Music Showcase នៅប្រទេសសិង្ហបុរី Big Mountain Festival និង Rolling Loud នៅប្រទេសថៃ ព្រមទាំងបានធ្វើភ្ញៀវកិត្តិយសពិសេសរបស់ Rap Viet នៅវៀតណាម និង Takao Rock នៅតៃវ៉ាន់ផងដែរ»។ ក្នុងអាជីពសិល្បៈរបស់វណ្ណដា គឺទទួលបានការទស្សនា ១០០ លានដងនៅលើគេហទំព័រ Youtube។
ផលិតករកម្មវិធី The Rapper Cambodia និយាយអំពីកម្មវិធី «The Rapper Cambodia» ដែលឧបត្ថម្ភដោយហនុមាន វណ្ណដា បានបង្ហាញជំនឿថា កម្មវិធីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះធនធាន និងអប់រំដល់អ្នកមានទេពកោសល្យតន្ដ្រីរ៉េបដែលកំពុងកើនឡើងរបស់ប្រទេស។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃហ៊ីបហប់ជាភាសានៃក្តីសង្ឃឹម និងជាវេទិកាមួយដើម្បីប្រកួតប្រជែង ដើម្បីក្លាយជាកំពូលតារាចម្រៀងរ៉េបដ៏ល្បី។
វណ្ណដា ថា៖ «ខ្ញុំអាចនិយាយថា ពួកយើងនឹងធ្វើការចែករំលែកបទពិសោធន៍ដែលពួកយើងមាននៅក្នុងវិស័យតន្ត្រីមួយនេះ ដើម្បីជួយពួកគេត្រៀមខ្លួនក្នុងការវិវឌ្ឍខ្លួនឯងឱ្យក្លាយជាតារារ៉េបល្បីឈ្មោះ ១ រូប»។
លោកថា កម្មវិធីនេះមានគោលបំណងចង់ឱ្យប្រជាជនកម្ពុជារួមគ្នាគាំទ្រ និងជំរុញឧស្សាហកម្មតន្ត្រីរបស់កម្ពុជាឱ្យរីកចម្រើន និងរីករាលដាលបន្ថែមទៀតក្នុងសកលលោក។
លោកបានឱ្យដឹងថា ប្រជាជនកម្ពុជាចាប់ផ្តើមស្តាប់ និងរៀនអំពីតន្ត្រីហ៊ីបហប់ហើយបានផ្តល់ការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ដែលការផ្សាយដំបូងនៃវគ្គទី១ នៃកម្មវិធី The Rapper Cambodia មានការចូលមើលជាង ១,៦ លានដង។
ជាងនេះទៅទៀតកម្ពុជាមានសំឡេងដែលប្លែក ហើយវប្បធម៌នៅក្នុងខ្លួនមានធាតុផ្សំជាច្រើនដូចជា សំឡេងវប្បធម៌ដ៏សម្បូរបែបរបស់យើងមានអាយ៉ៃ ស្មូត្រ និងឧបករណ៍ប្រពៃណីដែលរកមិនឃើញពីកន្លែងណាទៀតគ្រាន់តែដាក់ឈ្មោះមួយចំនួនដែលអាចឱ្យអ្នករ៉េបខ្មែរបង្កើតពណ៌ និងរសជាតិ ដែលមិនធ្លាប់ធ្វើពីមុនមក។
វណ្ណដា និយាយថា៖ «ជាមួយនឹងទេពកោសល្យវ័យក្មេងជាច្រើនដែលមានភាពក្លាហាន ពោរពេញដោយកម្លាំងសិល្បៈ ដ៏មានសក្ដានុពលឈានទៅរកឆាកអន្តរជាតិយើងនឹងសម្រិតសម្រាំងអ្នកចម្រៀងរ៉េបដ៏មានស្ដង់ដា ដែលមានភាពទាក់ទាញ លេចធ្លោ និងមានការទទួលស្គាល់ពីអន្តរជាតិយ៉ាងពិតប្រាកដ»។
ជូនចំពោះអ្នកសិល្បៈដែលប្រាថ្នាចង់សាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈបែបហ៊ីបហប់នៅកម្ពុជា វណ្ណដា មានសារលើកទឹកចិត្តថា៖ «ដេញតាមក្តីសុបិនរបស់អ្នកដោយទំនុកចិត្តលើខ្លួនឯង អត់ធ្មត់ និងតស៊ូ ហើយខ្ញុំជឿថា អ្នកអាចធ្វើបាន»៕