ភ្នំពេញៈ ​ខ្សែភាពយន្ត​ភាគ​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេ​ញ​បូណ៌មី​» ដែលជា​ខ្សែ​ភាព​​យន្ត​ភាគ​និយាយ​ពី​ជីវិត​តស៊ូ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន​ សែន ដែល​ត្រូវបាន​ផលិត និង​ថត​ចេញ​ជា​ភាពយន្ត​ភាគរយៈ​ពេល​ជាង​ ១ ​ឆ្នាំ ត្រូវបាន​ប្រកាស​បិទ​បញ្ចប់​កញ្ចប់​កាមេរ៉ា​ថត​កាល​ពីថ្ងៃ​ទី ​៩​ តុលា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព​លោក​ហ៊ុន សែន​។​

​លោក ហ៊ុយ វាសនា ប្រធាន​គណៈកម្មការ​ផលិត​ខ្សែ​ភាព​យន្ត​ភាគ​នេះ​ថ្លែង​នា​ពិធី​នោះ​ថា ខ្សែភាពយន្ត​នេះ​បានចាប់ផ្តើម​ថត​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ ២០២២ ​រហូតមកដល់​ពាក់កណ្តាល​ខែសីហា​ឆ្នាំ​ ២០២៣ ថត​បាន​ចំនួន ​១ ២៩៦ ឈុត​ឆាក ដែល​ស្មើនឹង ​១០០%​ នៃ​សាច់រឿង​សរុប​ដោយ​ប្រើពេល​ ១៩ ​ខែ​។

​លោក​ថា​៖ «​រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី គឺជា​ជីវប្រវត្តិ​ពិត​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ដែល​រឿងនេះ​បាន​ចំណាយ​ដើមទុន​ច្រើនជាងគេ​បំផុត​នៅក្នុង​ប្រវត្តិ​សាស្ត្រ​ខ្សែភាពយន្ត​ភាគ​របស់​ប្រទេស​កម្ពុជា ក្នុងនោះ​ចំណាយ​ថវិកា​ផលិត​អស់​ចំនួន ៥​ លាន​ ២៧ ​ម៉ឺន ​៦ ៤០០ ​ដុល្លារ​អាមេរិក ក្រោម​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​»​។​

​ក្នុង​ពិធី​បិទ​បញ្ចប់​កញ្ចក់​កា​ម៉េ​រា​ថត​ខ្សែភាពយន្ត​ភាគ​នេះ លោក ហ៊ុន សែន ​ថ្លែងថា​៖ «​រឿង​ភាគ​ប្រវត្តិសាស្ត្រ រឿង​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​នេះ បើ​ថត​គ្រប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទាំងអស់ អាចឈាន​ដល់​ជាង ៣០០ ​ភាគ ហើយ​មាន​តួអង្គ​ច្រើន​ជាងនេះទៀត​ដែល​យើង​មិនអាច​រៀបរាប់​អស់ តែ​យើង​មិនមាន​លទ្ធភាព​ធ្វើបែបនេះ​ទេ​»​។​

​ទោះយ៉ាងណា​លោក​ថា​៖ «​បើទោះបីជា​រឿងនេះ​វា​ឆ្លុះបញ្ចាំង​មិន​គ្រប់គ្រាន់​អស់​នូវ​អ្វីដែល​វា​បានកើត​មាន ប៉ុន្តែ​ខ្ញុំ​ក៏មាន​សំណូមពរ​ដែរ​ថា សុំ​កុំឱ្យ​មានរឿង​ប្រវត្តិ​ហ៊ុន សែន​ដល់​ទៅ​ ២​។ ... ព្រោះ​អ្វីដែល​ខ្ញុំ​ខ្លាច​បំផុត​គឺ​រឿង​ប្រវត្តិសាស្ត្រ​បាន​បញ្ចូល​គំនិត​របស់​អ្នកនិពន្ធ ហើយ​ធ្វើឱ្យ​រឿង​ក្លាយជា​រឿង​ខុសពី​ការពិត​»៕