ភ្នំពេញ​: នៅក្នុង​វិស័យ​ខ្សែ​ភាព​យន្ដ​ដែល​បង្កប់​ដោយ​សិល្បៈ វប្បធម៌​របស់​កម្ពុជា រោងកុន​គឺជា​ទីកន្លែង​អនុស្សាវរីយ៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៃ​ការផ្លាស់ប្តូរ និង​ការវិវត្ដន៍​។ ពី​រោងកុន​ដំបូង​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ដើម​សត​វត្សរ៍​ទី​២០ បន្ដ​មក​វេលា​ដ៏​រុងរឿង​នៃ​សម័យ​សង្គម​រាស្ត្រ​និយម រហូតដល់​សម័យ​បច្ចេក​វិទ្យា​បច្ចុប្បន្ន សាល​នៃ​រោងភាពយន្ដ​វិ​វត្ត​ពី​វេលា​មួយ​ទៅ​វេលា​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​វិស័យ​កម្សាន្ដ​បែប​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។

​ដោយសារ​សម័យ​ទំនើប​សម្បូរ​ជម្រើស​សកម្មភាព​កម្សាន្ត វា​ជា​រឿង​សំខាន់​ក្នុងការ​ស្វែងយល់​ពី​ដំណើរ​ដ៏​ទាក់ទាញ​នៃ​រោងកុន នៅពេល​បច្ចេកវិទ្យា ការផ្លាស់​​ប្តូរ​រស​និយម​ទស្សនិកជន និង​ការផ្លាស់ប្តូរ​សង្គម​បាន​ដើរ​​តួនាទី​នាំមុខគេ​។​

​អ្នកស្រី ឌី សា​វ៉េ​ត ជា​តារា​ល្បី​ ១ ​រូប​ក្នុង «​យុគមាស​នៃ​ភាពយន្ត​ខ្មែរ​» បាន​សង្កេតឃើញថា រោងកុន​ចាស់ៗ​ជាច្រើន​នៅតែ​ឈរ​នៅ​ទីតាំង​ដើម តែ​ត្រូវបាន​គេ​យកទៅ​ប្រើ​​ប្រាស់​ក្នុង​អគារ​ការិយាល័យ​ផ្សេងៗ​។

​អ្នកស្រី សា​វេត បានឱ្យដឹងថា​៖ «​ប្រជាជន​ហាក់​មាន​អារម្មណ៍​រំភើប ពេល​បាន​ចូល​រោងកុន ទស្សនា​ភាពយន្ដ​ម្ដងៗ ដោយសារតែ​វា​ជា​កម្មវិធី​សប្បាយ​ដ៏​កម្រ​ ១»​។

​ក្នុងនាម​ជា​អ្នក​ចូលចិត្ត​មើល​កុន លោក ព្រុំ ភ័ក្ត្រ ដែល​សព្វ​ថ្ងៃ​កំពុងធ្វើការ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយបាន​រំឭកថា លោក​ចូលចិត្ត​មើល​កុន​ជាមួយ​មិត្ត​រួម​ថ្នាក់​នៅតាម​រោងកុន​នានា​ក្នុង​ទីក្រុង និង​សូម្បីតែ​នៅ​ក្រុង​តាខ្មៅ​។ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ប្រជាជន​តែងតែ​តម្រង់​ជួរ​ជា​ជួរ​វែង​នៅ​ពីមុខ​រោងកុន​។​

​លោក ភ័ក្ត្រ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ពេល​ខ្ញុំ​កំពុង​តម្រង់​ជួរ​នៅមុខ​រោងកុន វិមាន​ទេព សន្តិសុខ​បាន​ប្រើ​ខ្សែក្រវាត់​វាយ​អ្នក​ដែល​មិន​ចូល​ជួរ ព្រោះ​ពួកគេ​អាច​បង្ក​ភាពចលាចល និង​បង្កបញ្ហា​នៅពេលដែល​មនុស្ស​ជាច្រើន​ប្រញាប់​ទៅយក​សំបុត្រ​»​។​

​ក្នុង​វ័យ​ខ្ទង់ ៥០​ ឆ្នាំ ពេលនេះ លោក ភ័ក្ត្រ ដែល​ទទួលស្គាល់ថា មិន​ធ្លាប់មាន​បទពិសោធន៍​ចូល​រោងកុន​សម័យ​ទំនើប​សព្វ​ថ្ងៃ បាន​និយាយថា ដោយសារ​រោងកុន​សម័យ​នោះ​ប្រើតែ​កង្ហា ទើប​អ្នកមើល​កុន​ចេញពី​សាល​បែកញើស​ជោគៗ​ខ្លួន និង​មាន​អារម្មណ៍​មិន​ផាសុក​ភាព​។ ប៉ុន្តែ​វា​មិនមែនជា​ឧ​ប​សគ្គ​សម្រាប់​អ្នក​ចូលចិត្ត​ការកម្សាន្ត​ដូច​លោក ភ័ក្ត្រ ទេ ហើយ​លោក​បានធ្វើ​ដំណើរ​ទៅ​រោងកុន​ក្រុង​តាខ្មៅ ដើម្បី​មើល​ភាពយន្ត​ឥណ្ឌា​ផងដែរ​។​

​លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ដ និង​សិល្បៈ​នៃ​ក្រសួង​វប្បធម៌ បានឱ្យដឹងថា ថ្វីដ្បិតតែ​មានការ​បិទ​ទ្វារ និង​អភិវឌ្ឍ​យ៉ាងណាក៏ដោយ ក៏​រោងកុន​នៅតែ​ដើរតួ​ជា​វេទិកា​សំខាន់​សម្រាប់​ការផ្សព្វផ្សាយ​ភាពយន្ត​ដែល​រួមបញ្ចូល​ការអប់រំ និង​វប្បធម៌​។​

​លោក​បាន​ប្រាប់​កាសែត ​ភ្នំ​ពេញ ​ប៉ុស្តិ៍​ថា ទោះបីជា​ការវិវត្ដ​សង្គម ដែល​រោងភាពយន្ដ​នៅ​ដាច់​តែឯង ដូចជា រោង​ភាព​យន្ដ​លុ​ច្ស រោងភាពយន្ដ​ព្រហ្ម​បាយ័ន បាន​បិទទ្វារ​ក៏ពិតមែន ប៉ុន្ដែ​រោងភាពយន្ដ​បាន​ប្ដូរ​ទៅកាន់​ទីផ្សារ​ទំនើប ដែល​ប្រមូលផ្ដុំ​នូវ​ទី​កម្សាន្ដ​ជាច្រើន​។ រោង​កុន​ទំនើប​នាពេល​បច្ចុប្បន្ននេះ ផ្តល់នូវ​ផាសុកភាព និង​ប្រណីត​ភាពមិន​ធ្លាប់មាន​ពីមុនមក​។ ជាមួយនឹង​កៅអីអង្គុយ​ដ៏​ធំ​ទូលាយ ប្រព័ន្ធ​សោតទស្សន៍​ដ៏​អស្ចារ្យ និង​រូបភាព​ច្បាស់​ល្អ បទពិសោធន៍​នៃ​ការ​ទស្សនា​ភាពយន្ត​ហាក់​បាន​នាំ​អារម្មណ៍​ទស្សនិកជន​ស្ថិតក្នុង​សាច់រឿង​នៃ​ភាពយន្ដ​នោះ​។​ភាព​ងាយ​ស្រួល​នៃ​ការទទួល​ទាន​អាហារ​ឆ្ងាញ់ និង​ជម្រើស​សំបុត្រ​កម្រិត​ខ្ពស់ បង្កើន​ភាព​សុខ​ស្រួល និង​រីករាយ​ជារួម​សម្រាប់​ទស្សនិកជន​គ្រប់​វ័យ​។​

​ការបើក​ទំព័រ​សករាជ​ឫសគល់​នៃ​រោងភាពយន្ត​នៅ​កម្ពុជា​បានចាប់ផ្ដើម​នៅ​សម័យ​អាណានិគម​បារាំង ពេល​ភាពយន្ត​ត្រូវបាន​នាំចូល​មក​។ រោងកុន​ដែល​បើកសម្ពោធ​នៅ​ភ្នំពេញ​ដំបូង មាន​ឈ្មោះថា Brignon នៅ​ឆ្នាំ​ ១៩០៩ ហើយ​វា​មាន​ទីតាំង​នៅតាម​មាត់ទន្លេ​ដ៏​ស្រស់បំព្រង​។ នេះ​បើ​យោងតាម​ឯកសារ​ស្រាវ​ជ្រាវ​របស់​គម្រោង​រោងកុន ជា​ក្រុម​វិស្វករ​វ័យក្មេង​កម្ពុជា ដែល​មានបំណង​ផ្សព្វផ្សាយ​អំពី​រោងកុន​ចាស់ៗ​នៅ​កម្ពុជា​។​

​ប្រភព​បានឱ្យដឹងថា​៖ «​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​ខ្មែរ​នេះ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​អង្គជា​អ្នក​ថត​ភាពយន្ត​ខ្មែរ​មុនដំបូង​គេ គឺ​ព្រះអង្គ​ចាប់ផ្តើម​ថត​ភាពយន្ត​ខ្លីៗ ដោយ​ប្រើ​ហ្វីល ១៦​ មិ​ល្លី​ម៉ែត្រ តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៤០»​។

​ទសវត្សរ៍ ១៩៥០-១៩៦០: យុគសម័យ​មាស​

​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៥០ ផលិតករ​ភាពយន្ត​ខ្មែរ​ដែល​បាន​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស ដូចជា រឿ​ម ផុន លោក អៀវ ប៉ុណ្ណា​ការ​ ​និង សោម សំ​អាល់ បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​ភាពយន្ត​ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា​ជា​លើកដំបូង​។​

​អ្នកស្រី ឌី សា​វេត ដែល​បាន​បោះជំហាន​ដំបូង​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៥០ ពេល​បាន​គ្រង​មកុដ​បវរកញ្ញា​កម្ពុជា​នៅ​អាយុ ​១៥​ ឆ្នាំ បាន​ចូលរួម​អភិវឌ្ឍ​ភាពយន្ដ និង​បង្កើន​កំណើន​រោងកុន​នៅ​កម្ពុជា​។​

​អ្នកស្រី​ថ្លែងថា​៖ «​កាលពី​សម័យ​ខ្ញុំ រោងកុន​មាន​មិន​ដល់ ១០​ ផង ដោយសារ​ពេលនោះ ខ្ញុំ​នៅ​ក្មេង​ពេក រហូតដល់​ខ្ញុំ​ចូលក្នុង​វិស័យ​ភាពយន្ដ ទើប​ខ្ញុំ​បានដឹង​»​។

​លោក បូរ​ក្ស ថ្លែងថា ក្នុងសម័យ​សង្គមរាស្ដ្រនិយម ឬ​ដើម​សម័យ​សាធារណៈ មានការ​រីកដុះដាល​ច្រើន​នូវ​រោងភាពយន្ដ​ក្នុង​ក្រុង ហើយ​មានការ​គាំទ្រ​ពី​មហាជន​ច្រើន​។​ក្រៅពី​ទូរទស្សន៍​ស​ខ្មៅ និង​មាន​ប៉ុស្ដិ៍​តែមួយ តម្រូវការ​នៃ​ការកម្សាន្ដ​របស់​ប្រជាពលរដ្ឋ រោងកុន​គឺជា​កន្លែង​ពេញនិយម​បំផុត​។ កាលពី​ទសវត្សរ៍ ​៦០ និង​ ៧០ ការផលិត​ភាពយន្ដ​ច្រើនតែ​ជា​រឿងព្រេង ដូចជា រឿង​ពុទ្ធ​សែន​នា​ងក​ង្រី ឬ​រឿង ចៅ​ស្រទបចេក ជាដើម​។

​ប​ច្ចុ​ប្បន្ន​នេះ ប្រជាជន​ចូល​ចិ​ត្ដ​មើល​គឺមាន ៣ ប្រភេទ គឺ​រឿង​បែប​កំប្លែង រឿង​បែប​រន្ធត់ និង​រឿង​បែប​ត្រា​ម៉ា​។ ទសវត្សរ៍​ឆ្នាំ ១៩៧០-១៩៨០: រីកចម្រើន និង​ការធ្លាក់ចុះ​រោងកុន​បានប្រែក្លាយ​ទៅជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ក្នុង​ឆ្នាំ ​១៩៧៣-៧៤ ពេល​ខ្មែរក្រហម​ចូលលុក​លុយ​ទីក្រុង​ភ្នំពេញ ដែល​នាំទៅដល់​ការបិទ​រោងកុន​។ នេះ​បើ​យោងតាម​គម្រោង​រោងកុន​។​នៅក្រោម​របប​ខ្មែរក្រហម ទម្រង់​នៃ​ការកម្សាន្ត​បែប​ប្រពៃណី ដូចជា ភាពយន្ត តន្ត្រី របាំ និង​សូម្បីតែ​អក្សរសិល្ប៍ ត្រូវបាន​រឹតបន្តឹង ឬ​ហាមឃាត់​យ៉ាងខ្លាំង​។

​ក្រោយ​ដួលរលំ​របប​ខ្មែរក្រហម ឧស្សាហកម្ម​ភាពយន្ត​បានចាប់ផ្តើម​ឡើងវិញ​បន្តិច​ម្តងៗ​។ ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា​បាន​ជួបនឹង​ភាព​រីក​ចម្រើន​ជាថ្មី​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ពេល​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​អំពី​តារា​ប្រុស​ស្រី​ល្បីៗ​ដូចជា លោក ទេព រិ​ន​ដា​រ៉ូ អ្នកស្រី អម្ពរ ទេវី អ្នកស្រី សុខ ស្រីមុំ និង​លោក ខៃ ប្រសិទ្ធ​។​

​ទសវត្សរ៍​ឆ្នាំ​ ១៩៩០- ២០០០​ ការដួលរលំ​នៃ​ឧស្សាហកម្ម​ដោយសារ​ទំនើបកម្ម​ពេលនោះ​ក្រុមហ៊ុន​ផលិត​កម្ម​កាន់តែច្រើន​បានចាប់ផ្តើម​ផលិត​ខ្សែភាពយន្ត​កាន់តែច្រើន គុណវិបត្តិ​នៃ​រឿង​កាន់តែ​ថមថយ​បន្ដិច​ម្ដងៗ​។ ដូច្នេះ​លោក បូរ​ក្ស និយាយថា រយៈ​​ពេលនេះ​ក៏​ជាការ​ចាប់ផ្ដើម​នៃ​ការធ្លាក់ចុះ​បន្តិច​ម្ដងៗ​នៃ​ការចូលរួម​ក្នុង​វិស័យ​ភាពយន្ត​។​

​ក្រោយ​ឆ្នាំ​ ១៩៩០ រោងកុន​ត្រូវបាន​បិទទ្វារ​ជា​បណ្ដើរៗ រហូតដល់​សឹងតែ​អស់រលីង​អំឡុង​ឆ្នាំ ​១៩៩៤ ព្រោះ អ្នកមាន ឬ​មិនមាន​ជំនាញ​ក៏​នាំគ្នា​ផលិតភាព​យន្ដ ដែល​ធ្វើឱ្យ​ភាពយន្ដ​ជោរជន់​ខ្លាំង​។ រោងកុន​ចំនួន ៣៣ នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​បាត់បង់​បន្តិច​ម្តងៗ និង​បាន​បាត់​ទៅវិញ​ទាំងស្រុង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ២០០០ ដែល​ផ្តល់​ផ្លូវ​ដល់​រោងកុន​ទំនើប​នៅក្នុង​ផ្សារ​ទំនើប​។ ស្របពេល​នៃ​ការវិវត្ដ និង​ការហូរចូល​ថ្មី ក្រោយ​ការផ្លាស់ប្ដូរ​របប​សង្គម រួមទាំង​ការវិនិយោគ​ថ្មីៗ និង​ការកម្សាន្ដ​ប្លែកៗ​។

​ទោះបីជា​នៅ​ឆ្នាំ ២០០១ រឿង «​កូន​ពស់​កេងកង​» ដឹកនាំ​ដោយ​លោក ហ្វៃ សំអាង បានកត់សម្គាល់​ពី​ការ​រស់​ឡើងវិញ​នៃ​វិស័យ​ភាព​​យន្ត​របស់​កម្ពុជា ហើយ​រោង​កុន លុ​ច្ស ត្រូវបាន​ជួសជុល​ឡើងវិញ ដើម្បី​ផ្តល់​សេវាកម្ម​ដែល​ប្រឈម​នឹង​ការមកដល់​នៃ​រោងភាពយន្ត​ទំនើបៗ​យ៉ាងណាក៏ដោយ ក៏​វា​មិនអាច​ធ្វើឱ្យ​រោងកុន​នេះ​បាន​រស់រានមានជីវិត​យូរ​ឡើយ​។​

ទសវត្សរ៍​ឆ្នាំ​ ២០១០-២០២០ បច្ចេកវិទ្យា​ទំនើប​

​បទពិសោធន៍​ភាពយន្ត​នាពេល​បច្ចុប្បន្ននេះ​ត្រូវបាន​ផ្លាស់​ប្តូរ​ដោយ​បច្ចេកវិទ្យា​ទំនើប ដែល​ផ្តល់ឱ្យ​អ្នកទស្សនា​នូវ​ភាព​សុខ​ស្រួល និង​ប្រណីត​​ភាព​។ ប្រព័ន្ធ​សំឡេង​ដ៏​ទំនើប​ផ្តល់​ភាព​ទាក់ទាញ​ដល់​ទស្ស​និក​​ជន ខណៈ​ច្ចេក​វិទ្យា​បញ្ចាំង​រូប​ភាពច្បាស់​ល្អ​។ លើសពីនេះ រោងកុន​ជាច្រើន​ផ្ដល់ជូន​នូវ​បរិក្ខារ ដូចជា ស្ដង់​អាហារ និង​ជម្រើស​សំបុត្រ​កម្រិត​ខ្ពស់ ដែល​ផ្ដល់​ភាពងាយស្រួល​សម្រាប់​ទស្ស​និក​ជន​គ្រប់​វ័យ​។​

​លោក បូរ​ក្ស ថ្លែងថា ការចូលរួម និង​ការគាំទ្រ​ពី​វិស័យ​ភាពយន្ត​នៅក្នុង​រោងកុន​ក្នុង​អំ​ឡុង​ទសវត្សរ៍​មុនៗ​មាន​ច្រើន បើ​ធៀប​នឹង​ប្រជាប្រិយភាព​នាពេល​បច្ចុប្បន្ន ដែលមាន​កម្មវិធី​កម្សាន្ត​ទំនើប​ផ្តល់នូវ​ជម្រើស​ជាច្រើន ទូរទស្សន៍ បណ្តាញ​ទំនាក់ទំនង​សង្គម និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ជាច្រើន​ទៀត​។​បើ​គិត​អំពី​ចំនួន​ទស្សនិកជន​សម័យនេះ​មាន​ច្រើនជាង ដោយ​ក្នុង​ ១​ ឆ្នាំ មានការ​ទស្សនា​ភាពយន្ដ​ប្រមាណ ៣ លាន​ដង​។​

​បច្ចុប្បន្ននេះ មាន​រោងកុន​ធំៗ​ចំនួន ៣ គឺ Legend, Major និង Prime Cineplex ក៏ដូចជា​រោងភាពយន្ដ​ទំនើបៗ​មួយចំនួនទៀត នៅតាម​បណ្ដា​ខេត្ដ ដូចជា​នៅ​ស្រុក​ឯក​ភ្នំ ខេត្ដ​បាត់​ដំបង ខេត្ដ​បន្ទាយមានជ័យ និង​បារាយ​អណ្ដែត ខេត្ដ​សៀម​រាប​។ រហូតមកដល់​ពេលនេះ មាន​រោងកុន​សរុប​ជាង ២៥ ទីតាំង​។ ៨ ទីតាំងនៅ​ខេត្ដ ហើយ​មាន​បន្ទប់​បញ្ចាំង​កុន ១១០ បន្ទប់ និង​កៅអី​សរុប​ជិត​ ១៧ ០០០៕