ភ្នំពេញ៖ សិស្សានុសិស្សមកពីមូលនិធិកុមារកម្ពុជា (CCF) ជាអង្គការជួយដល់កុមារក្រីក្រនៅតំបន់អតីតទីលានចាក់សំរាមស្ទឹងមានជ័យ កំពុងតាំងបង្ហាញស្នាដៃថតរូបរបស់ពួកគេក្នុងពិព័រណ៍ «STEM In My Life'»។
ការតាំងពិព័រណ៍ដែលរៀបចំឡើងនៅភោជនីយដ្ឋាន Wild បង្ហាញពីភាពច្នៃប្រឌិត និងទេពកោសល្យរបស់សិស្សមកពីសាលា Neeson Cripps Academy (NCA) របស់អង្គការ CCF តាមរយៈប្រធានបទវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។
ការតាំងពិព័រណ៍នេះមានរូបថតចំនួន ១០ សន្លឹកដែលបានជ្រើសរើសពីការប្រកួតប្រជែងដែលបង្កើតឡើងដើម្បីបំផុសគំនិតសិស្សានុសិស្សឱ្យស្វែងយល់ពី STEM នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេតាមរយៈការថតរូប។
ពួកគេតំណាងឱ្យយុវជនប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតរបស់ CCF ដែលផ្ដោតលើការអប់រំ ដោយលើកទឹកចិត្តពួកគេឱ្យរួមបញ្ចូលការបញ្ចេញមតិសិល្បៈជាមួយនឹងការយល់ដឹងតាមបែបវិទ្យាសាស្ត្រ។
អ្នកស្រី ផន ឡា មន្ត្រីគម្រោងអប់រំនៅ CCF បានពន្យល់ថា៖«យើងចង់បង្កើតឱកាសមួយសម្រាប់សិស្សានុសិស្សក្នុងការមើលឃើញ STEM នៅក្នុងជ្រុងផ្សេង ហើយជំរុញពួកគេឱ្យគិតអំពីរបៀបដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានឥទ្ធិពលលើបរិស្ថានជុំវិញរបស់ពួកគេ»។
អ្នកស្រីបន្ដថា៖ «ការប្រកួតប្រជែងថតរូបនេះបានអនុញ្ញាតឱ្យសិស្សចូលរួមគំនិតច្នៃប្រឌិតរបស់ពួកគេ និងអភិវឌ្ឍចំណេះដឹងចំពោះមុខវិទ្យា STEM»។
ឥឡូវនេះនៅក្នុងឆ្នាំទី ៣ របស់ខ្លួន ការប្រកួតប្រជែង «STEM In My Life» ស្នើឱ្យអ្នកចូលរួមដាក់រូបថតមួយសន្លឹក រួមជាមួយនឹងសំណេរបរិយាយអំពីរូបភាពរបស់ពួកគេតំណាងឱ្យទិដ្ឋភាពនៃ STEM។
ក្នុងចំណោមបេក្ខភាពចុងក្រោយ រូបថតរបស់កុមារា សំណាង អាយុ ១៥ ឆ្នាំដែលមានចំណងជើងថា ធម្មជាតិ (អ្នកសង្គ្រោះជីវិត) បង្ហាញពីផ្កាពណ៌ផ្កាឈូករស់រវើកដែលដុះចេញពីថ្ម តំណាងឱ្យភាពធន់ និងការផ្សារភ្ជាប់ពិភពធម្មជាតិទៅនឹងវិទ្យាសាស្ត្រ។
កុមារ ពេជ្រ សុខា អាយុ ១៤ ឆ្នាំ ដែលរូបថតដ៏ទាក់ទាញរបស់កុមារីបានផ្ដោតលើផ្កាភ្លើងពីការផ្សារដែកដែលចាំងឆ្លុះក្នុងភ្នែកបង្កើតជារាងខ្ញែសមុទ្រ។
កុមារី សុខា ថ្នាក់ទី ៨ នៅសាលា Neeson Cripps Academy បាននិយាយថា៖ «ខ្ញុំចូលចិត្តសមុទ្រ ប៉ុន្តែខ្ញុំមិនដែលទៅទីនោះទេ។ ពេលខ្ញុំមើលរឿងភាគ ខ្ញុំឃើញមនុស្សមុជចូលសមុទ្រមើលផ្កាថ្ម។ ខ្ញុំក៏ចង់ទទួលបានបទពិសោធន៍ដែរ។ ប្រសិនបើអ្នកក្រឡេកមើលរូបភាពរបស់ខ្ញុំ គោលបំណងរបស់ខ្ញុំគឺចង់បង្ហាញអ្នកនូវការស្រមើស្រមៃ។ ខ្ញុំមិនជឿថា វាប្រែក្លាយទៅជាខ្ញែសមុទ្រទេ»។
យុវជន សុខជា សិស្សថ្នាក់ទី ១២ បានចូលរួមចំណែកបង្កើតគំនិតមួយដែលមានចំណងជើងថា «ការធ្លាក់ចុះនៃនិម្មិត» ដែលស្វែងយល់ពីផលប៉ះពាល់នៃអនឡាញលើជីវិតបុគ្គលនីមួយៗ។
លោក សុខជា ដែលប្រាថ្នាចង់បន្តអាជីពផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា៖ «បច្ចេកវិទ្យាតែងតែធ្វើឱ្យខ្ញុំចាប់អារម្មណ៍ ហើយខ្ញុំចង់បង្ហាញពីរបៀបដែលពេលខ្លះវាអាចគ្របដណ្ដប់លើជីវិតពិតរបស់យើង»។
ពិព័រណ៍ដែលអបអរខួប២០ឆ្នាំនៃអង្គការ CCF ផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពនៃដំណើរផ្លាស់ប្តូររបស់អង្គការ តាំងពីការចាប់ផ្តើមជួយកុមារពីអតីតទីលានចាក់សំរាមស្ទឹងមានជ័យ រាជធានីភ្នំពេញ រហូតដល់តួនាទីបច្ចុប្បន្នក្នុងការផ្តល់ការអប់រំដល់សិស្សជិត ១៧០០ នាក់ ដែលទទួលបានពន្លឺជីវិតថ្មី។
រូបថតទាំងនេះជាការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិត និងការឆ្លុះបញ្ចាំងពីបទពិសោធន៍ និងសេចក្តីប្រាថ្នារបស់សិស្ស ដែលបង្ហាញដោយការចូលរួមរបស់ពួកគេក្នុងការអប់រំ STEM។
អ្នកទស្សនាការតាំងពិព័រណ៍អាចបោះឆ្នោតសម្រាប់រូបថតដែលចូលចិត្ត ដោយឥទ្ធិពលនៃសន្លឹកឆ្នោតអាចប្រែក្លាយជារង្វាន់ដល់បេក្ខជនទាំង ១០ រួមជាមួយការវាយតម្លៃពីក្រុមចៅក្រម រួមមាន លោក ស្កុត នីសុន ស្ថាបនិក និងនាយកប្រតិបត្តិរបស់ CCF និងលោក Renaud Dion សហស្ថាបនិកភោជនីយដ្ឋាន Wild។
លោក Dion បានចែករំលែកថា៖ «ការតាំងពិព័រណ៍នេះមិនត្រឹមតែបង្ហាញពីទេពកោសល្យរបស់អ្នកថតរូបវ័យក្មេងទាំងនេះទេ ប៉ុន្តែថែមទាំងពង្រឹងអំណាចនៃការអប់រំដើម្បីបើកទ្វារសម្រាប់កុមារដែលជួបការលំបាក។ យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយ CCF និងផ្តល់ទីកន្លែងសម្រាប់សិស្សទាំងនេះដើម្បីបង្ហាញស្នាដៃរបស់ពួកគេ»។
ការតាំងពិពិព័រណ៍រូបថត «STEM In My Life» បើកជាសាធារណៈនៅភោជនីយដ្ឋាន Wild ក្នុងរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ដោយមានការចូលទស្សនាដោយឥតគិតថ្លៃ។
មូលនិធិកុមារកម្ពុជា បង្កើតឡើងក្នុងឆ្នាំ ២០០៤ មានគោលបំណងលើកកុមារចេញពីភាពក្រីក្រ តាមរយៈការអប់រំ និងការគាំទ្រសហគមន៍ ផ្តល់អំណាចឱ្យពួកគេក្លាយជាអ្នកដឹកនាំជំនាន់ក្រោយនៅកម្ពុជា៕