ភ្នំពេញ៖ នៅខែវិច្ឆិកាខាងមុខនេះ អ្នកនិពន្ធ ម៉ីសន សុធារី នឹងចេញផ្សាយរឿងថ្មីដ៏ពិសេសប្រភេទ podcast ចំណងជើងថា «The 00:07» ដែលលាយបញ្ចូលបច្ចេកវិទ្យា AI ជាមួយនឹងវិធីសាស្ត្រនិទានរឿងបែបវិទ្យាសាស្ដ្រ។
ត្រូវបានស្គាល់ដោយសារស្នាដៃប្រឌិត និងរឿងពិតរបស់អ្នកស្រីពីបញ្ហាសង្គម ឥឡូវនេះអ្នកស្រី សុធារី ផ្ដោតលើបច្ចេកវិទ្យា ដោយផ្លាស់ប្តូរចក្ខុវិស័យទៅជាការនិទានរឿងអនាគត ដែលនាំទស្សនិកជនទៅកាន់ឆ្នាំ២០២៨។
អ្នកស្រី សុធារី បានសរសេរពីសេចក្ដីផ្ដើមនៃសាច់រឿងថា៖ «នៅម៉ោង ០០:០៧ ការផ្លាស់ប្តូរដ៏ធំមួយបានកើតឡើងដែលស្មុគស្មាញ និងអាថ៌កំបាំងនៅក្នុងមជ្ឈមណ្ឌលជាន់ខ្ពស់នៃមន្ទីរពេទ្យ អមតៈ ក្នុងឆ្នាំ២០២៨ បានបង្ហាញពីព្រឹត្តិការណ៍ដ៏រន្ធត់មួយដែលគ្មាននរណាម្នាក់រំពឹងទុក»។
សាច់រឿងដែលនឹងចេញផ្សាយជា podcast មានការរួមបញ្ចូលភាពប្រឌិតបែបវិទ្យាសាស្ត្រ និងភ័យរន្ធត់ ដែលត្រូវបានរចនាឡើងតាមរយៈការប្រើប្រាស់សោតទស្សន៍បច្ចេកវិទ្យា AI។
វិធីសាស្ត្រថ្មីក្នុងការនិទានរឿង
ដោយមានបំណងសរសេររឿងបែបប្រលោមលោក តាំងពីឆ្នាំ២០២១ តែខកខានដោយបញ្ហារវល់ការងារច្រើន រឿង «The 00:07» ត្រូវបានចងក្រងជាប្រភេទរឿងនិទាន ឬ podcast ជាមួយការកែសម្រួលសាច់រឿងខ្មោចហ្ស៊ូមប៊ី កាន់តែស៊ីជម្រៅ។
អ្នកស្រី ម៉ីសន សុធារី បានឱ្យដឹងថា៖ «គំនិតដំបូង ខ្ញុំសរសេររឿងហ្ស៊ូមប៊ីបែបរាក់ៗដោយមិនទាក់ទងនឹងបច្ចេកវិទ្យានោះទេ តែឥឡូវ ខ្ញុំប្រែក្លាយជារឿងនិទានទាក់ទងបច្ចេកវិទ្យា និងអ្វីៗដែលទំនើប។ ដូច្នេះ ខ្ញុំផលិតរឿងនេះបែបអនាគត គឺឆ្នាំ២០២៨»។
វិធីសាស្ត្រនេះបង្ហាញពីរបៀប AI កំពុងធ្វើបដិវត្តន៍ការបង្កើតមាតិកា ដែលអនុញ្ញាតឱ្យអ្នកបង្កើតមាតិកា ដូចជា អ្នកស្រី សុធារី អភិវឌ្ឍខ្លួនពីទម្រង់បែបប្រពៃណី និងពិសោធន៍ជាមួយវិធីថ្មីនៃការទាក់ទាញទស្សនិកជន។
អ្នកស្រីបានពន្យល់ថា បច្ចេកវិទ្យា AI ជាពិសេសនៅក្នុងវិស័យសោតទស្សន៍ ផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីបង្កើនបទពិសោធន៍នៃការនិទានរឿង ដោយនាំយកឈុតឆាកនាពេលអនាគត ដូចជាមនុស្សយន្ដ និងមន្ទីរពេទ្យបែបទំនើបក្នុងឆ្នាំ២០២៨ ដែលមានលក្ខណៈខុសប្លែកអ្វីខ្លះពីមន្ទីរពេទ្យបច្ចុប្បន្ន។
អ្នកស្រីបានរៀបរាប់ឈុតឆាករន្ធត់បំផុតក្នុងសាច់រឿងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការរត់ប្រដេញដើម្បីរិះរកវិធីចាកចេញពីតំបន់គ្រោះថ្នាក់ ដែលកើតឡើងពីបញ្ហា error របស់បច្ចេកវិទ្យាគិលានុបដ្ឋាក និងគិលានុបដ្ឋយិការ៉ូបូត។ ពួកគេមិនត្រឹមតែមិនអាចបំពេញការងារជាគ្រូពេទ្យបាននោះទេ ប៉ុន្ដែថែមទាំងចម្លងវីរុសទៅកាន់អ្នកជំងឺដែលសម្រាកក្នុងមន្ទីរពេទ្យថែមទៀត»។
ហេតុការណ៍កាន់តែអាក្រក់វីរុសហ្ស៊ូមប៊ីបានឆ្លងតៗគ្នានៅក្នុងមន្ទីរពេទ្យ ដែលបង្កើតជាចលាចលវឹកវររត់គេចពីគ្រោះអាសន្ននេះ។
មិនខុសពីភាពយន្ដបែបរន្ធត់ទូទៅនោះទេ តួអង្គសំខាន់ៗក្នុងសាច់រឿងត្រូវធ្វើ គឺរិះរកវិធីគេចខ្លួនពីការចម្លងវីរុសក្នុងមន្ទីរពេទ្យទាំងនោះ។
តួអង្គឯក គឺកុមារាម្នាក់អាយុ ១២ឆ្នាំ ឈ្មោះ វុទ្ធិ ជាអ្នកមានជំនាញខាងរ៉ូបូត ដោយកុមារារូបនេះមានមនុស្ស ៣គ្រឿងជាអ្នកការពារក្រុមរបស់ខ្លួនក្នុងការរត់គេចពីហានិភ័យ។
វីរុសរីករាលដាលពេញមន្ទីរពេទ្យ ឆ្លងអ្នកជំងឺ និងប្រែក្លាយពួកគេទៅជាហ្ស៊ូមប៊ី ដែលកុមារា វុទ្ធិ មានតួនាទីការពារ ជាមួយជំនួយពីរ៉ូបូត ដែលបង្កើតចេញពីឧបករណ៍ប្រចាំថ្ងៃ ដូចជា ថេប្លេត ទូរស័ព្ទ និងប៊ិក។
AI និងការនិទានរឿងសោតទស្សន៍
ការរួមបញ្ចូល AI ទៅក្នុងនិទានរឿងគឺជាការឆ្លុះបញ្ចាំងពីនិន្នាការទំនើបក្នុងការបង្កើតមាតិកាប្រភេទ podcast។
ការដាក់រូបបច្ចេកវិទ្យា AI ដោយសារ AI អាចផលិតនូវទិដ្ឋភាពមួយចំនួន ទោះបីជាវាមិនបានច្រើនភាគច្រើនដូចការរំពឹងទុក វាអាចជួយបង្កើតទិដ្ឋភាពសម្រាប់មើលឃើញស្រួលដោយភ្នែក ដែលធ្វើឱ្យស្ដាប់អាចស្រមើលស្រមៃកាន់តែស៊ីជម្រៅបាន។
ចំពោះរ៉ូបូតទាំង ៣គ្រឿងរបស់កុមារា វុទ្ធិ ជាអ្នកការពារក្រុមរបស់ខ្លួនក្នុងការរត់គេចពីហានិភ័យ អ្នកនិពន្ធរឿង និងអ្នកនិទានរឿងសំឡេងពិរោះ អ្នកស្រី សុធារី បានឱ្យដឹងថា ឆ្មាដែលបានប្រែកាយពីថេប្លេត ចាបដែជាប្រែកាយពីទូរស័ព្ទដៃ ហើយចុងក្រោយ គឺប៊ិកមួយ។
ផលិតកររឿងនិទានបែបភាពយន្ដបច្ចេកវិទ្យា បានបង្ហើបប្រាប់សាច់រឿងបន្ថែមទៀតថា៖ «រ៉ូបូតទាំងពីរខាងលើត្រូវបានបំផ្លាញនៅពាក់កណ្ដាលនៃរឿង ដែលធ្វើឱ្យអ្នកស្ដាប់ និងទស្សនាអាចមានការសង្ឃឹម ដោយសាររ៉ូបូតទាំងអស់នោះអាចជួយបំបាត់ក្លិន និងសំឡេងអ្នកនៅក្បែរៗ ដែលខ្មោចហ្ស៊ូមប៊ី មិនអាចហិតក្លិនពួកគេដឹងនោះទេ»។
ខ្មោចហ្ស៊ូមប៊ីទាំងនោះ ដែលបានឆ្លងរោគពីគ្រូពេទ្យរ៉ូបូតងងឹតភ្នែក មិនអាចមើលឃើញនោះទេ តែមានសមត្ថភាពហិតក្លិន និងស្ដាប់ឮ ១ពាន់ដងលើសពីសក្ដានុពលនៃឃានវិញ្ញាណ និងសោតវិញ្ញាណរបស់មនុស្សធម្មតា។
គំរូនិទានរឿងថ្មី
អ្នកស្រី សុធារី បាននិយាយថា ដោយសារអ្នកគាំទ្រមួយចំនួនចង់ឱ្យអ្នកនិពន្ធរូបនេះនិយាយអំពីទស្សនវិទ្យា និងសៀវភៅ។ ប៉ុន្ដែដោយការងារនៅអង្គភាពសារព័ត៌មានមានការមមាញឹក ហើយមានសំណួរជាច្រើនចង់ឱ្យអ្នកស្រីធ្វើជា podcast។
នៅពេលផ្ដោតលើ podcast អ្នកស្រីចង់និយាយជាប្រភេទសាច់រឿងបែបសិល្បៈកម្សាន្ដច្រើនជាងការបរិយាយអំពីបុគ្គលជោគជ័យ ឬទស្សនវិទ្យា។
អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ក្នុងនាមជាអ្នកនិពន្ធ បើខ្ញុំនិយាយរឿងផ្ទាល់ភ្លាមៗ គឺជាម៉ូដែលរបស់ខ្ញុំដែលហ៊ាន challenge ខ្លួនឯង ពីព្រោះបើខ្ញុំអាចនិយាយរឿងមួយដោយគ្មានគ្រោងឆ្អឹង ហើយមានគេស្ដាប់ វាក៏ជារឿងមួយដែលសប្បាយចិត្ដដែរ»។
អ្នកស្រី សុធារី ត្រូវបានស្គាល់ជាអ្នកនិពន្ធល្បីម្នាក់ ដោយបានសរសេរទាំងរឿងប្រឌិត និងរឿងពិត ដែលផ្តោតលើបញ្ហាសង្គម និងសេដ្ឋកិច្ចដែលស្ត្រីកម្ពុជា យុវជន និងពលករចំណាកស្រុកជួបប្រទះ។
ជាឧទាហរណ៍ រឿងខ្លី «ប្អូនស្រីរបស់ខ្ញុំ» រៀបរាប់ពីដំណើររឿងរបស់នារីវ័យក្មេងម្នាក់ដែលក្លាយជាស្រីបារនៅក្នុងទីក្រុង ដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាង ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់យ៉ាងខ្លាំងនៃបញ្ហាចំណាកស្រុក និងការលំបាកផ្នែកសេដ្ឋកិច្ច។
បន្ថែមពីលើរឿងប្រឌិត អ្នកស្រី សុធារី បាននិពន្ធរឿងទុំ «មុនពេលក្លាយជាអ្នកនិពន្ធ» ជាមគ្គុទេសក៍សម្រាប់ក្តីប្រាថ្នារបស់អ្នកនិពន្ធខ្មែរ។
តាមរយៈសៀវភៅនេះ អ្នកស្រីលើកទឹកចិត្តអ្នកនិពន្ធវ័យក្មេងឱ្យបន្តក្តីសុបិនរបស់ពួកគេ ដោយសង្កត់ធ្ងន់ថា ការនិទានរឿងមិនមែនសម្រាប់តែទេពកោសល្យក្នុងការសរសេរនោះទេ។
ម្ចាស់ស្នាដៃ «ទម្រាំក្លាយជាអ្នកនិពន្ធ» បានបន្ដថា អ្នកស្រីចង់លើកទឹកចិត្ដដល់អ្នកនិពន្ធខ្លះថា ពាក្យថា អ្នកនិពន្ធ មិនមែនទាល់តែពូកែសរសេរនោះទេ អ្នកខ្លះមានគំនិតច្នៃប្រឌិត ការរៀបចំសាច់រឿង តែមិនអាចសរសេរបាន (សមត្ថភាពសរសេរនៅមានកម្រិត) ក៏ចាត់ទុកអ្នកនិពន្ធដែរ។
អនាគតការនិទានរឿងក្នុងបច្ចេកវិទ្យា AI
ថ្វីដ្បិតតែបច្ចេកវិទ្យាទំនើប អ្នកនិពន្ធរូបនេះយល់ថា AI គ្រាន់តែជាធាតុផ្សំមួយប៉ុណ្ណោះក្នុងការបំពេញន័យចំពោះការផ្សព្វផ្សាយជាប្រភេទសោតទស្សន៍ជាសាធារណៈ ដែលចាំបាច់ត្រូវមានសំឡេង និងរូបភាព។ ដោយមិនមានលទ្ធភាពបង្កើតរូបភាពផ្ទាល់ខ្លួន វាជាការលំបាកផលិតជាសោតទស្សន៍។
ស្ថិតក្នុងឧស្សាហកម្ម ៤.០ នៃសម័យបច្ចេកវិទ្យា AI អ្នកនិពន្ធដែលដើរទាន់សម័យកាលរូបនេះ បានអះអាងថា ចង់ មិនចង់ បើបុគ្គលម្នាក់ៗដើរមិនទាន់ AI នោះពួកគេនឹងត្រូវ AI ប្រើប្រាស់វិញ។ ដូច្នេះ ពួកគេត្រូវប្រឹងឱ្យអស់សក្ដានុពលក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រភេទនេះជាប្រយោជន៍។
ទាក់ទងនឹង podcast នេះ អ្នកស្រីនៅតែសាច់រឿងមួយចំនួនទៀត ដែលរៀបរាប់អំពីសម័យបុរាណ ក៏ដូចជាមនោសញ្ចេតនា ដែលអ្នកស្រីបានអះអាងថា វាកាន់តែអស្ចារ្យ រួមទាំង ប្រភេទរឿងមេទ័ពសម័យហ្វូណន ក្នុងការផលិតជាប្រភេទ AI។
អ្នកស្រី សុធារី បានឱ្យដឹងថា នៅក្នុងរឿង «The 00:07» នេះ អ្នកស្រីបានបញ្ចូលទស្សនវិទ្យាមួយចំនួនទាក់ទងមធ្យោបាយក្នុងការជ្រើសរើសតួអង្គកុមារាអាយុ ១២ឆ្នាំ ដែលមនុស្សវ័យក្មេងកាន់តែដើរតួនាទីសំខាន់ឡើងៗទៅអនាគត ជាពិសេសទាក់ទងបច្ចេកវិទ្យា។
អ្នកស្រីបានបន្ដថា៖ «ទស្សនវិទ្យាមិនរើសអើងវ័យណាមួយទេ ហើយនៅក្នុងសម័យឌីជីថល យើងត្រូវការក្មេងៗកាន់តែច្រើន ពីព្រោះពួកគាត់ជំនាញនៅលើរឿងនេះ»៕