ភ្នំពេញ៖ ​ក្នុងការ​បង្ហាញ​ពីសេច​ក្តី​ស្រឡាញ់ ក៏ដូចជា​​ការប្តេជ្ញាចិត្តខ្ពស់​ ឪពុកម្តាយ​របស់​កុមារ​​​អូ​ទី​ស្សឹម​បានរួម​គ្នាទិញ​ស្នាដៃ​​សិល្បៈ​របស់​កូន​ពួកគេ ដោយ​ប្រាក់ចំណូល​ទាំងអស់​នឹង​ឆ្ពោះទៅ​ការសាងសង់​សាលា​ថ្មី​កម្ពស់ ១០ ជាន់ ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​កុមារ​​​អូ​ទី​ស្សឹម​។

គំនិត​ផ្តួចផ្តើម​ដ៏​ស្មោះស្ម័គ្រ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ទូលំទូលាយ​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង និង​មូលនិធិ​សម្រាប់​គម្រោង​សាងសង់​សាលា​អប់រំ​ពិសេស​នៃការ​លូតលាស់​ (GSES) ដែល​​​នឹង​ផ្តល់នូវ​បរិយាកាសបរិយាប័ន្នភាព​ និង​គាំទ្រ​ដល់​កុមារ​ទាំងនេះ​។​

​គ្រា​ដ៏​មោទនភាព​បំផុត​មួយ​នៃ​យុទ្ធនាការ​នេះ គឺ​បានមកពី អ្នកស្រីភិន​ លី​ណា ជា​ម្តាយ​របស់កុមារី ពៃ​ អាយុ ១២​ឆ្នាំ ដែល​កំពុង​រស់នៅ​ជាមួយ​អូ​ទី​ស្សឹម​។​

ស្នាដៃ​សិល្បៈ​របស់ ពៃ​ ​ជា​ការពណ៌នា​ដ៏​ស្រស់ស្អាត​នៃរូបភាព​បេះដូង​ចំនួន​​ពណ៌​បី​បាន​ឆក់យក​ចិត្ត​មនុស្ស​ជាច្រើន​។​

និយាយ​ពី​ការងារ​សិល្បៈ​របស់​កូនស្រី លី​ណា បាន​ចែករំលែក​ថា៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​គាត់​​ដែល​បាន​បង្កើត​ស្នាដៃ​ដ៏​ស្រស់ស្អាត​បែបនេះ​។ វា​ជាការ​រំឭក​ពី​សក្តានុពល​របស់​កូនៗ​របស់​យើង​។ ពេល​ខ្ញុំ​ឃើញ​ស្នាដៃរបស់គាត់​ ខ្ញុំ​គិតថា ‹​នេះ​ជា​សុបិន​របស់​គាត់​​ដែល​ភ្លឺ​ឡើង​›»​។​

​អ្នកស្រី លី​ណា ​ក៏បាន​ចូលរួមចំណែក​ក្នុង​បុព្វហេតុ​ផ្ទាល់ខ្លួន​ដោយ​ការ​ទិញ​គំនូរ​នោះ​តម្លៃ​ ២៥​ ដុល្លារ​សម្រាប់​ការសាងសង់​សាលារៀន​។​

អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​ជឿជាក់​លើ​គម្រោង​នេះ ហើយ​ខ្ញុំ​ចង់បង្ហាញ​ការគាំទ្រ​របស់ខ្ញុំ​។ មិនមែន​គ្រាន់តែ​ទិញ​ស្នាដៃ​សិល្បៈ​របស់​កូន​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​ជួយ​បង្កើត​អនាគត​សម្រាប់​កូនៗ​ទាំងអស់​ដូចគាត់ដែរ​»​។​

លោកឪពុក Fr. Francois Hemelsdael និងអ្នកគ្រូនៅសាលាអប់រំពិសេសនៃការលូតលាស់លើកបង្ហាញស្នាដៃគំនូររបស់កុមារអូទីស្សឹម។ រូបថត សហការី

ការបង្កើត​សិល្បៈ​មិនមែនជា​កិច្ចការ​ងាយស្រួល​សម្រាប់​កុមារ​​​អូ​ទី​ស្សឹម​ទេ ហើយ​វា​ទាមទារ​ការអត់ធ្មត់ និង​ការណែនាំ​ដ៏​ធំធេង​។​

អ្នកគ្រូ​ យិន រស្មី គ្រូបង្រៀន​ថ្នាក់រៀន​សេក​នៅ (GSES) បាន​ចែករំលែក​ការយល់ដឹង​អំពី​បញ្ហា​ប្រឈម​នៃ​ការបណ្តុះបណ្តាល​កុមារ​ទាំងនេះ​ឱ្យ​ផលិត​ស្នាដៃ​សិល្បៈ​។​

​អ្នក​គ្រូ​​បាន​បន្តថា​៖ «​រាល់​ស្នាដៃ​ត្រូវ​ចំណាយពេល​សម្រាប់​កូន​ម្នាក់​ដើម្បី​បញ្ចប់​ស្នាដៃ​សិល្បៈ​មួយ​នេះ​ត្រូវ​ចំណាយពេល​ប្រហែល​មួយ​សប្តាហ៍​​។​ ​ជារឿយៗ​សិស្ស​របស់​យើង​ត្រូវការ​ជំនួយ​បន្ថែម​ពី​គ្រូ​របស់​ពួកគេ ដើម្បី​បង្ហាញ​ពី​ខ្លួនឯង​តាមរយៈ​ការងារ​របស់​ពួកគេ​។ វា​ជា​កម្លាំង​នៃ​សេចក្តីស្រឡាញ់ ប៉ុន្តែ​លទ្ធផល​ពិតជា​លើកទឹកចិត្ត»។​

ក្នុងចំណោម​សិស្ស ៣១៣​ នាក់​ដែលមាន​ពិការភាព​​អូ​ទី​ស្សឹម​នៅ​សាលា​នោះ មានតែ​ប្រហែល ៥០ នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​គម្រោង​សិល្បៈ ដោយសារ​ពួកគេ​មាន​ភាពស្ងប់ស្ងាត់​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​ច្នៃប្រឌិត​។​

​ខណៈពេលដែល​ស្នាដៃ​សិល្បៈ​ជាច្រើន​ត្រូវបាន​លក់​អស់​កំឡុងពេល​យុទ្ធនាការ​នេះ វា​គឺជា​ឪពុកម្តាយ​ដែល​នៅតែ​ជា​អ្នកគាំទ្រ​​ការងារ​សិល្បៈ​របស់​កូន​ពួកគេ​។​

ក្រុមចម្រៀងអូប៉េរ៉ា Cambodia Opera Project និង MusiCA សម្ដែងក្នុងកម្មវិធីរៃអង្គាសប្រាក់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ រូបថត សហការី

អ្នកស្រី​ ភោគ ម៉ា​នី ស្ថាបនិក និង​ជា​អ្នកសម្របសម្រួល​នៃ (GSES) បាន​និយាយ​ថា៖ «​ឪពុកម្តាយ​គឺជា​កម្លាំងចលករ​នៅ​ពីក្រោយ​គម្រោង​នេះ​។ ពួកគេ​មិន​ត្រឹមតែ​ទិញ​សិល្បៈ​របស់​កូនៗ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើកទឹកចិត្ត​អ្នកដទៃឱ្យ​​ចូលរួមចំណែក​ផងដែរ​។ វា​ពិតជា​រីករាយ​ណាស់​ដែល​ឃើញ​សេចក្តីស្រឡាញ់ និង​ការលះបង់​ដែល​ពួកគេ​មាន​ចំពោះ​កូនៗ ហើយ​ថវិកា​ដែល​បាន​រៃអង្គាស​បាន​នឹង​ចូល​ដោយផ្ទាល់​ទៅក្នុង​ការសាងសង់​សាលា​ថ្មី​ដែល​ទំនើប​ទាន់សម័យ»​។​

អ្នកស្រីបាន​ឱ្យដឹងថា ក្នុង​កម្មវិធី​តន្ដ្រី​សប្បុរសធម៌នោះ លោក លីម តារា​រិទ្ធ អគ្គនាយក និងនាយកប្រតិបត្ដិ Alliance X បាន​ផ្ដល់​ថវិកា​ ៥​ពាន់​ដុល្លារ​សម្រាប់​មូលនិធិ​កសាង​សាលារៀន​អូទីស្សឹម។ 

អ្នកស្រី​បាន​បន្ដថា​៖ «​​លោក​បណ្ឌិត គួច ម៉េងលី​ ក៏បាន​សន្យា​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ៣ លាន​រៀល​ក្នុង​គម្រោង​នេះ​។ សាលា​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ Yeo's Cambodia សម្រាប់​គម្រោង​សប្បុរសធម៌​ដើម្បី​សាងសង់​កន្លែង​អប់រំ​ទំនើប​សម្រាប់​កុមារ​​​អូ​ទី​ស្សឹម​ដែរ»។​

គួរបញ្ជាក់ថា អគារសិក្សា​ក្នុង​គម្រោង​នោះ មាន​​កម្ពស់ ១០​ ជាន់ គឺជា​គម្រោង​ផ្លាស់ប្តូរ​ដែល​នឹងមាន​បន្ទប់​ចំនួន ៥០​ រួមទាំង​ថ្នាក់រៀន បន្ទប់​ព្យាបាល​ផ្នែក​ចលនា បន្ទប់​ព្យាបាល​ផ្នែក​ញាណ បន្ទប់​ថែទាំ​ និង​សូម្បីតែ​អាង​ហែល​ទឹក៕