សៀមរាប៖ ក្នុងពិធីសម្ពោធ «ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ» ថ្ងៃទី២៤ ខែមេសា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានថ្លែងថា ព្រឹត្ដិការណ៍នេះមិនត្រឹមតែត្រូវបានប្រារព្វឡើងឱ្យមានភាពអធិកអធមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រកបដោយចក្ខុវិស័យអំពីយុទ្ធសាស្ត្រទេសចរណ៍ និងការទូតរបស់កម្ពុជា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយប្រទេសចិន។
នៅផ្នែកខាងជើងនៃប្រាសាទបាយ័នក្នុងខេត្តសៀមរាប ព្រឹត្តិការណ៍ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជា អភិបាលរងខេត្ត ហ៊ឺណាន់ និងអភិបាលរងខេត្តសៀមរាប ជាឱកាសលើសពីការបង្ហាញនូវបេតិកភណ្ឌវប្បធម៌។ វាជាសកម្មភាពយុទ្ធសាស្ត្រមួយដែលពង្រឹងដល់យុទ្ធនាការឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤។
នៅក្នុងសុន្ទរកថា លោករដ្ឋមន្ត្រី សុខ សូកេន បានសង្កត់ធ្ងន់លើទំនាក់ទំនងវប្បធម៌ ប្រពៃណី និងការទូតដ៏ជ្រាលជ្រៅ ដែលបានចែករំលែករវាងកម្ពុជា និងចិន។
លោកថ្លែងថា៖ «ព្រឹត្ដិការណ៍នេះ ជួយគាំទ្រដល់យុទ្ធនាការឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ និងជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្ដយុទ្ធសាស្ដ្រខ្សែក្រវ៉ាត់ និងផ្លូវផងដែរ»។
លោក សូកេន ក៏បានលើកឡើងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន ៥ អភិវឌ្ឍ ៣» និងដាក់ចេញនូវយុទ្ធនាការផ្សេងៗដើម្បីទាក់ទាញភ្ញៀវទេសចរ។
ថ្លែងទៅកាន់អ្នកចូលរួមរាប់រយនាក់នៅប្រាសាទបាយ័ន លោករដ្ឋមន្ដ្រី បានឱ្យដឹងថា៖ «ឆ្នាំ២០២៣ កម្ពុជាទទួលភ្ញៀវទេសចរអន្ដរជាតិ ៥,៤លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរ មានចំនួនប្រមាណ ៥៤ ម៉ឺននាក់ ក៏ដូចជាទេសចរជាតិប្រមាណ ១៨,៥ លាននាក់»។
លោករដ្ឋមន្ដ្រី បានបន្ដថា៖ «ដោយឡែកសម្រាប់ត្រីមាសទីមួយនៃឆ្នាំ២០២៤ កម្ពុជាទទួលភ្ញៀវទេសរបរទេស ១,៥ លាននាក់ កើនឡើង ២២ ភាគរយ ដែលក្នុងនោះទេសចរចិនមានប្រមាណ ១៩ ម៉ឺននាក់ កើន ៤៣ ភាគរយ។ ក្នុងន័យនេះ អនាគតវិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការស្រូបទាញលំហូទេសចរ និងវិនិយោគិនចិនបានឡើយ។
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាបានត្រៀមលក្ខណៈសម្បត្ដិគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរ និងវិនិយោគិនចិនតាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចទេសចរ និងវិនិយោគិននៅកម្ពុជា។
ចំពោះឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ បាននិងកំពុងរៀបចំព្រឹត្ដិការណ៍កីឡា កម្មវិធីពិពរណ៍ ក៏ដូចជាកម្មវិធីជាច្រើនទៀត ស្របជាមួយការដាក់ចេញឆ្នាំទស្សនាខេត្ដសៀមរាបឆ្នាំ២០២៤ ដើម្បីរៀបចំប្រតិទិនមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាពិសេស ភ្ញៀវទេសចរចិនផងដែរ។
លោក សូកេន បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ដហ៊ឺណាន់ និងខេត្ដសៀមរាបក្នុងការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ» ប្រកបដោយភាពឱឡារឹក និងអធិកអធម។
លោកបានស្នើរដ្ឋបាលខេត្ដហ៊ឺណាន់បន្ដផ្សព្វផ្សាយ និងជំរុញការហោះហើរត្រង់ពីខេត្ដ ហ៊ឺណាន់ ទៅកាន់កម្ពុជា ជាពិសេសខេត្ដសៀមរាប ក៏ដូចជាបន្ដគាំទ្រយុទ្ធនាការ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា- ចិន ២០២៤។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានទទួលស្គាល់អំពីកំណើនទេសចរបរទេសតាំងពីដើមឆ្នាំ២០២៤ ដោយទេសចរជាតិថៃឈរលំដាប់នាំមុខគេ បន្ទាប់មកវៀតណាម និងចិន។
លោកស្រី បាននិយាយថា៖ «ចំណោមជនជាតិចិន ១៩ ម៉ឺននាក់នោះ មិនបានទៅធ្វើដំណើរការកម្សាន្ដតាមគោលដៅទេសចរណ៍ទាំងអស់នោះទេ»។
ប្រធាន CATA បានឱ្យដឹងថា សម្រាប់ត្រីមាសបន្ទាប់នៃឆ្នាំ២០២៤ នេះ លោកស្រីរំពឹងថា នឹងមានភ្ញៀវទេសចរកើនឡើងបន្ថែមទៀត ដោយសារកម្ពុជាបង្កើនជើងហោះហើរ ដូចជា ការហោះហើរត្រង់ពីឌូបៃមកកម្ពុជានៅថ្ងៃទី ១ ខែឧសភា ក៏ដូចជា Cambodia Angkor Air ធ្វើការហោះហើរត្រង់ទៅកាន់ទីក្រុងញូវដែលី របស់ឥណ្ឌា ដែលជាទីផ្សារដ៏ធំជាដើម។
យ៉ាងណាមិញ លោកស្រីមិនទាន់ហ៊ានរំពឹងខ្ពស់អំពីទីផ្សារទេសចរជនជាតិចិននោះទេ ដោយសារនៅប្រទេសចិននៅបន្ដការរឹតត្បិតរបស់ប្រជាជនចិន។
លោកស្រី ស៊ីវលីន រំពឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងធ្វើការសម្របសម្រួលដើម្បីបើកទូលាយសម្រាប់ប្រជាជនចិនចេញធ្វើដំណើរកម្សាន្ដ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិព័រណ៍ទេសចរណ៍វប្បធម៌កម្ពុជា-ចិន ២០២៤» នេះ ក៏ជាព្រឹត្ដិការណ៍ទាក់ទាញភ្ញៀវទេសចរចិនបន្ថែមទៀត និងជាការផ្សព្វផ្សាយសក្ដានុពលវប្បធម៌ទេសចរណ៍កម្ពុជា ជាមួយការតាំងពិព័រណ៍ផលិតផលវប្បធម៌ និងទេសចរណ៍ នៃភាគីចិន និងកម្ពុជា។
លោក បានបញ្ជាក់ថា កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរចិនប្រមាណ ១លាននាក់។
បន្ទាប់ពីការថ្លែងសន្ទរកថារបស់លោករដ្ឋមន្ដ្រី សុខ សូកេន ភ្ញៀវទេសចរជាតិ និងអន្ដរជាតិបានរីករាយជាមួយទស្សនីយភាពនៃការបង្ហាញក្បាច់គុនល្បុក្កតោ និងក្បាច់គុនសាវលីញ ដែលរំលេចប្រាង្គប្រាសាទបាយ័នរស់រវើកជាផ្ទៃខាងក្រោយដ៏អស្ចារ្យ៕