ប៉ៃលិន៖ នៅក្នុងខេត្តប៉ៃលិនដែលល្បីល្បាញផ្លែមៀនប៉ៃលិន លោក វួច ធុច ជាសិប្បករក្នុងស្រុកដែលបានផលិតស្រាមៀនប៉ៃលិន កំពុងផ្សងព្រេងអាជីវកម្មថ្មីដោយបង្កើតស្រាស្វាយកែវរមៀត។
គំនិតផ្តួចផ្តើមនេះមិនគ្រាន់តែនិយាយអំពីការធ្វើពិពិធកម្មផលិតផលប៉ុណ្ណោះទេ ប៉ុន្តែក៏និយាយអំពីការដោះស្រាយបញ្ហាខ្ជះខ្ជាយផ្លែស្វាយដែលត្រូវបានបោះចោលផងដែរ។
ម្ចាស់សិប្បកម្មផលិតស្រាមៀនប៉ៃលិន លោក ធុច បានចាប់ផ្ដើមបង្កើតយីហោផលិតផលថ្មីរបស់លោក គឺស្រាស្វាយកែវរមៀត ជាកសិផល ដែលប្រជាជនជាច្រើនត្អូញត្អែរលក់លែងចេញ និងទុកឱ្យទុំចោលជ្រុះពេញដើម។
ការកែច្នៃផលិតផលស្រាស្វាយរបស់លោក ធុច បានចាប់ផ្ដើមកាលពីចុងខែមីនានេះ ហើយគ្រោងដាក់លក់នៅលើទីផ្សារអំឡុងខែតុលា បន្ទាប់ពីត្រូវបានអប់រយៈពេលយ៉ាងតិច ៤ ទៅ ៥ ខែ។
លោក ធុច បាននិយាយថា៖ «ពេលចាប់ផ្ដើមដំបូងនេះ ខ្ញុំផលិតស្រាស្វាយប្រមាណ ២ ពាន់ដប ដោយប្រើស្វាយកែវរមៀតប្រហែល ២ តោន។ ដោយសារការកែច្នៃផ្លែស្វាយងាយស្រួលជាងផ្លែមៀន និងមានរយៈពេលខ្លី នៅសីហានេះ យើងអាចច្រោះឱ្យបានស្អាត និងផ្អាប់ទុករយៈពេលមួយខែ ទៅមួយខែកន្លះទៀត ទើបច្រកចូលដប»។
នេះជាឱកាសមួយ បើទោះបីជាផ្លែស្វាយទុំមានទីផ្សារយ៉ាងណាក៏ដោយ ពីព្រោះការផលិតស្រាស្វាយមិនទាមទារស្វាយប្រភេទល្អៗនោះទេ ឱ្យតែជាស្វាយទុំ និងមានសាច់ល្អ។
អំឡុងពេលស្វាយមិនសូវមានទីផ្សារល្អនេះ ម្ចាស់សិប្បកម្មស្រាមៀនប៉ៃលិន និងស្រាស្វាយកែវរមៀត អាយុ ៣៩ ឆ្នាំរូបនេះ បាននិយាយថា៖ «បើមានទីផ្សារល្អ យើងទិញយកស្វាយប្រភេទអន់សម្បុរ តូចៗសម្រាប់កែច្នៃបាន។ ប៉ុន្ដែដោយសារទីផ្សារស្វាយសព្វថ្ងៃមិនល្អ យើងអាចយកស្វាយធំល្អៗ ដែលមានតម្លៃថោក»។
លោកបានលើកឡើងថា ដោយសារតែទុនតិចតួច លោក ធុច មានលទ្ធភាពទិញស្វាយត្រឹម ២ តោនសម្រាប់ផលិតស្រាស្វាយប្រមាណ ២ ពាន់ដបដំបូង។
អ្នកខេត្ដប៉ៃលិនរូបនេះ បានឱ្យដឹងថា ការផលិតស្រាស្វាយចាយដើមទុនតិចជាងស្រាមៀនប៉ៃលិន ដោយសារតែស្វាយសម្បូរសាច់ ងាយស្រួលចិតសំបក ដែលផ្ដល់ទិន្នផលច្រើនផងដែរ។
លោកបាននិយាយថា៖ «ថ្វីដ្បិតតែវាជាសិប្បកម្មគ្រួសារយ៉ាងណាក៏ដោយ ក៏យើងមានបុគ្គលិកជួយផលិតពីការលាង ចិត និងរៀបចំផ្សេងៗ ៤ ទៅ ៥ នាក់»។
ជាមួយការចុះបញ្ជីពាណិជ្ជកម្មជាសិប្បកម្ម SKH ក្នុងការផលិតស្រាមៀន លោក ធុច បានអះអាងថា សិប្បកម្មរបស់លោកអាចផលិតស្រាផ្លែឈើ និងភេសជ្ជៈចម្រាញ់ជាផ្លែឈើបានទៀត។
លោកបានបង្ហើបប្រាប់ថា ផ្លែស្វាយនាពេលបច្ចុប្បន្ននេះមានតម្លៃថោកខ្លាំងមែនទែន ដោយមួយគីឡូក្រាមតម្លៃចន្លោះពី ២០០ ទៅ ៣០០ រៀលប៉ុណ្ណោះ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «កសិករនៅប្រទេសជិតខាងកែច្នៃចេញជាផលិតផលច្រើនមុខ។ ដូច្នេះ យើងគួរតែកែច្នៃឱ្យអស់សក្ដានុពលដែរ។ ជាក់ស្ដែង ខ្ញុំមានគម្រោងកែច្នៃទៅជាភេសជ្ជៈទឹកស្វាយ និងទឹកមៀន តែដោយសារខ្ញុំមានទុនតិច ខ្ញុំធ្វើលក្ខណៈគ្រួសារ»។
សិប្បករដែលចាប់ផ្ដើមផលិតស្រាផ្លែឈើដំបូងក្នុងឆ្នាំ២០០៨ បានលើកទឹកចិត្ដកសិករទាំងអស់ចេះកែច្នៃផ្លែស្វាយរបស់ពួកគេទៅជាផលិតផលផ្សេងជាជាងការទុកចោលឱ្យទុំជ្រុះពេញដើម ឬថតបង្ហោះរិះគន់នៅលើបណ្ដាញសង្គម។
ដំណើរការផលិតស្រាផ្លែឈើនេះបានចាប់ផ្តើមនៅឆ្នាំ ២០០៨ ជាមួយនឹងផ្លែមៀនប៉ៃលិន ដែលទទួលបានការបណ្ដុះបណ្ដាលពីអ្នកជំនាញជនជាតិស្កុតឡេន អំពីបច្ចេកទេសផលិតស្រាទំពាំងបាយជូរ ហើយលោកបានកែសម្រួលមកផលិតជាស្រាផ្លែឈើក្នុងស្រុក។
កាលពីពេលខែកក្កដា ឆ្នាំមុន សិប្បករស្រាផ្លែមៀនរូបនេះ បានទទួលភ្ញៀវពិសេសម្នាក់ គឺឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy ដែលបានទៅដល់សិប្បកម្មស្រាមៀនប៉ៃលិនផ្ទាល់។
លោក ធុច បានប្រាប់ថា លោក Murphy កោតសរសើរ ការកែច្នៃផលិតផលមៀនប៉ៃលិន ដែលប៉ុន្មានឆ្នាំនេះ កម្ពុជាមានវិបត្ដិការលក់កសិផលនៅលើទីផ្សារ និងត្រូវបានកែច្នៃជាផលិតផលស្រាថ្មី។
លោក W. Patrick Murphy បានសរសេរនៅលើគណនី Twitter របស់លោកថា៖ «ខ្ញុំបានភ្លក្សរសជាតិស្រាមៀនប៉ៃលិនលើកដំបូងនៅថ្ងៃនេះ នៅឯសិប្បកម្មបែបគ្រួសារ PailinLongan Wine Handicraft ។ សូមអបអរចំពោះសហគ្រិនវ័យក្មេង វួច ធុច សម្រាប់អាជីវកម្មធុនតូច និងបន្ដដំណើរការ»។
ដោយបានត្រៀមការវេចខ្ចប់ជាប្រភេទដបស្រាក្រហម និងច្រកប្រអប់ប្រកបដោយភាពប្រណិត លោក ធុច បានឱ្យដឹងថា ស្រាស្វាយកែវរមៀត នឹងត្រូវដាក់ក្នុងតម្លៃលក់រាយ ១០ ដុល្លារ។
លោក ធុច បានបន្ដថា៖ «សុំឱ្យប្រជាជនខ្មែរយើងគ្រប់រូបគួរតែងាកមកប្រើប្រាស់ផលិតផលខ្មែរ ពីព្រោះប្រសិនបើសិប្បករយើងផលិតផលិតផលអ្វីមួយ ទទួលបានការគាំទ្រ យើងចេះតែបន្ដអភិវឌ្ឍទៅមុខ។ ការកែច្នៃនេះទាមទារទាំងការចំណាយថវិកា និងកម្លាំងចិត្ដ»។
លោកស្នើដល់ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលជួយសម្របសម្រួលជាមួយធនាគារក្នុងការបន្ទាបអត្រាការប្រាក់សម្រាប់សិប្បករផលិតផលិតផលកែច្នៃពីកសិផលក្នុងស្រុក៕