នៅពេលគេឃើញអ្នកស្រី ពេជ្រ អូន បើកម៉ូតូធំ សណ្ដោងរ៉ឺម៉ក ពាក់វែនតាខ្មៅ ដឹកភ្ញៀវទេសចរបរទេសនៅក្នុងខេត្តសៀមរាបដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ខ្មែរ គេប្រហែលជាគិតក្នុងចិត្តថាអ្នកស្រីជាស្ត្រីដ៏ខ្លាំងម្នាក់ ហើយចេះអង់គ្លេសយ៉ាងស្ទាត់ជំនាញទៀតផង។
ប៉ុន្តែបើបានដឹងពីខ្សែជីវិតរបស់អ្នកស្រីទើបដឹងថា អ្នកស្រីជាមនុស្សម្នាក់ដែលបាន និងកំពុង តស៊ូឆ្លងកាត់ជីវិតដ៏លំបាក ពីអ្នកលក់អុស កម្មករសំណង់ អ្នករើសអេតចាយ លើកម្ហូបនៅតាមហាង និងរៀបចំបន្ទប់នៅផ្ទះសំណាក់។ អ្នកស្រីក៏មិនចេះអានអក្សរខ្មែរដែរ ប៉ុន្តែ ចេះនិយាយភាសាអង់គ្លេសបន្តិចបន្តួចសម្រាប់ទំនាក់ទំនងជាមួយភ្ញៀវ។
អ្នកស្រីមានស្រុកកំណើតនៅភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប៉ុន្តែបានផ្លាស់ទីលំនៅមករស់នៅក្នុងស្រុកសៀមរាប (បច្ចុប្បន្នក្រុងសៀមរាប) តាំងពីឆ្នាំ១៩៩១។
បច្ចុប្បន្ន អ្នកស្រីមានអាយុ៤៧ឆ្នាំ មានកូនក្នុងបន្ទុក ៤នាក់ ដោយកូនច្បងអាយុ១៧ ឆ្នាំ ហើយកូនពៅអាយុ ៧ ឆ្នាំ ដែលសុទ្ធតែស្ថិតក្នុងវ័យរៀនសូត្រនៅសាលា។
បន្ទាប់ពីបានចាប់ដៃរួមរស់ជាមួយប្ដី និងតស៊ូជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ភាពកក់ក្ដៅក្នុងគ្រួសារនេះបានឈានដល់ភាពប្រេះស្រាំរហូតដល់លែងលះគ្នានៅឆ្នាំ ២០១៨។
បន្ទាប់ពីបែកបាក់គ្រួសារ ស្ត្រីមេម៉ាយរូបនេះជួបការលំបាកកាន់តែខ្លាំងក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់កូនទាំង ៤នាក់ និងម្ដាយចាស់ជរា បច្ចុប្បន្នអាយុជាង ៨០ឆ្នាំ ដែលតម្រូវឲ្យអ្នកស្រីធ្វើការសំណង់។
នៅចុងឆ្នាំ២០១៨ អ្នកស្រីបានងាកមកចាប់របបជាអ្នករត់រ៉ឺមកតុកតុក ដោយដំបូងត្រូវជួលគេ តម្លៃ ៣៥ដុល្លារក្នុងមួយខែ។ ក្រោយពេលសន្សំប្រាក់បានខ្លះ ហើយខ្ចីប្រាក់គេខ្លះ អ្នកស្រីក៏បានទិញយករ៉ឺម៉កទុកទុកនេះ សម្រាប់ដឹកភ្ញៀវទាំងខ្មែរនិងបរទេសដែលទៅទស្សនាប្រាសាទ និងទីកន្លែងនានានៅក្នុងខេត្តនេះ។
មិនយូរប៉ុន្មាន ជីវិតដែលលំបាកនេះក៏ជួបបញ្ហាបន្ថែម នៅពេលជំងឺកូវីដ១៩ បានចូលមកដល់កម្ពុជានៅដើមឆ្នាំ ២០២០។ នៅពេលការរាលដាលមានទំហំធំធេង តំបន់មួយចំនួននៅទីក្រុងភ្នំពេញត្រូវបានកំណត់ជា «តំបន់ក្រហម» ដែលហាមឃាត់ការចេញចូលដាច់ខាត។ មិនខុសពីភ្នំពេញទេ តំបន់មួយចំនួននៃខេត្តសៀមរាប រួមទាំងតំបន់របស់អ្នកស្រី ពេជ្រ អូន ក៏ត្រូវបានកំណត់ជាតំបន់ក្រហមដូចគ្នាដែរ។
អ្នកស្រីនិយាយថា គឺពេលនោះហើយដែលជាពេលដ៏លំបាកសម្រាប់អ្នកស្រី៖ «ពេលកូវីដ១៩ចូលមកដល់ យើងអត់មានភ្ញៀវដឹក។ តំបន់ខ្លះជាតំបន់ក្រហម គឺពិបាកមែនទែន ខ្ញុំត្រូវក្រោកទៅរើសអេតចាយ សូម្បីតែតំបន់ក្រហមក៏ត្រូវសុំគេចូលទៅរើសអេតចាយដែរ។ ខ្ញុំសុំប៉ូលិសចូលទៅរើសនៅតាមប្រាសាទ និងតាមដងផ្លូវនានា។ ពេលយើងប្រមូលអេតចាយបាន២ថ្ងៃទើបយកទៅលក់ម្ដង។ ពេលបានប្រាក់ខ្ញុំទិញពងទា ៥០គ្រាប់ទុកឲ្យហូប និងឲ្យកូនយកទៅហូបនៅសាលា»។
អ្នកស្រីបន្តថា៖ «ថ្ងៃមួយ ខ្ញុំដាច់បាយដោយសារមិនបានទិញអង្គរត្រៀមទុក ខ្ញុំក៏សុំប៉ូលិសចូលទៅតំបន់ក្រហមដើម្បីទៅទិញនំបុ័ងយកមកឲ្យម៉ែ និងកូន»។
ក្នុងអំឡុងពេលកូវីដ១៩ អ្នកស្រីទទួលបានការឧបត្ថម្ភខ្លះពីអង្គការមួយក្នុងខេត្តសៀមរាប រួមមានអង្ករ៤០គីឡូក្រាម ប្រាក់ ៤០ដុល្លារ និងត្រីងៀតមួយគីឡូ និងបន្លែបង្កាមួយចំនួន។ ប៉ុន្តែការផ្ដល់ជំនួយនេះតែ ២ឬ ៣ខែប៉ុណ្ណោះ។ ក្រៅពីនេះ អ្នកស្រីក៏ទទួលបានការឧបត្ថម្ភពីរដ្ឋផងដែរ ដោយសារគ្រួសារអ្នកស្រីមានប័ណ្ណក្រីក្រ២។
ទោះបីជាអ្នកស្រីបានជួបការលំបាកយ៉ាងណាក៏ដោយ ក៏អ្នកស្រីមិនបោះបង់ចោលកូននោះទេ ដោយបដិសេធការស្នើសុំកូនពីសំណាក់អ្នកជីវភាពធូរធាដែលបានសុំកូនយកទៅចិញ្ចឹម។
នៅពេលវិបត្តិជំងឺកូវីតបានកន្លងផុតទៅ អ្វីដែលជំងឺរាតត្បាតសាកលនេះបន្សល់ទុកគឺផលប៉ះពាល់ទៅលើសេដ្ឋកិច្ច ជាពិសេសមុខរបរដែលពាក់ព័ន្ធនឹងភ្ញៀវទេសចរដូចមុខរបស់អ្នកស្រី ពេជ្រ អូន ជាដើម។ អ្នកស្រីថា បច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ ប៉ុន្តែចំណូលរបស់អ្នកស្រីពីរបបនេះមិនទាន់អាចជួយឲ្យអ្នកស្រីរំដោះពីបំណុលបាននៅឡើយ។
អ្នកស្រីនិយាយថា៖ «ពីរថ្ងៃនេះ គ្មានភ្ញៀវទេ ស្ងាត់ឈឹង។ រាល់ថ្ងៃនេះ ខ្ញុំនៅជំពាក់អង្គការ ៣ ០០០ដុល្លារ និងធនាគារ ១ ៥០០ដុល្លារ»។
ក្រៅពីឈរជើងនៅតាមសណ្ឋាគារ ឬ រង់ចាំការហៅកក់តាមប្រព័ន្ធធ្វើដំណើរ [Apps] បច្ចុប្បន្ននេះ អ្នកស្រីក៏ជាសមាជិកនៃសមាគមដឹកភ្ញៀវទេសចរដែលមានស្ត្រីចំនួន ១០នាក់។
ទោះបីជាអ្នកស្រីនៅតែទទួលបានការឧបត្ថម្ភពីរដ្ឋតាមរយៈប័ណ្ណក្រីក្រក៏ដោយ ក៏ចំនួនថវិកាឧបត្ថម្ភត្រូវបានកែប្រែ។
អ្នកស្រីនិយាយថា៖ «កាលពីមុន ធ្លាប់បើកបានជាង ៣០ម៉ឺនក្នុងមួយខែ ប៉ុន្តែព្រឹកមិញ ឌុបម៉ែទៅបើកបានតែ៦២ ០០០ រៀល»។
នៅដើមខែឧសភានេះ អ្នកស្រីបានដឹកភ្ញៀវបរទេសដែលមានឋានៈខ្ពស់ម្នាក់គឺលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។
អ្នកស្រីនិយាយថា៖ «លោកដែលបង្ហោះរូបខ្ញុំនោះ គាត់តែងតែជិះរ៉ឺម៉កខ្ញុំ ពេលពួកម៉ាកគាត់មកក៏គាត់ហៅឲ្យខ្ញុំដឹកពួកម៉ាកគាត់ដែរ ហើយពេលភរិយាគាត់មកក៏គាត់ឲ្យខ្ញុំដឹកគាត់ទៀត។ ចុងក្រោយគាត់មកជាគ្រួសារ គឺពីរគ្រួសារបូកទាំងប្អូនគាត់»។
នៅពេលសួរពីក្ដីស្រមៃទៅអនាគត អ្នកស្រី ពេជ្រ អូន និយាយថា អ្នកស្រីមិនប្រាថ្នាអ្វីក្រៅពីការសងបំណុលគេឲ្យរួច និងឲ្យកូនបានរៀនចប់ និងមានការងារធ្វើនោះទេ។ អ្នកស្រីក៏អំពាវនាវដល់អ្នកដែលត្រូវការសេវាធ្វើដំណើរនៅខេត្តសៀមរាបប្រើប្រាស់រ៉ឺម៉កតុកតុក របស់អ្នកស្រី។
លោក Dominic Williams បានសរសេរថា នៅពេលលោកទៅខេត្តសៀមរាប លោកតែងហៅអ្នស្រី ពេជ្រ អូន ព្រោះអ្នកស្រីស្គាល់ផ្លូវច្បាស់ និងក៏ដើម្បីជួយដល់ជីវភាពរបស់អ្នកស្រីផងដែរ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីខែមីនា ឆ្នាំ២០២២ មុនពេលចូលកាន់តំណែងជាឯកអគ្គរាជទូតចក្រភពអង់គ្លេស លោកបានទៅរៀនភាសាខ្មែរអស់រយៈពេល ៤សប្ដាហ៍នៅមជ្ឈមណ្ឌលខេរមសិក្សាក្នុងខេត្តសៀមរាប ហើយលោកតែងធ្វើដំណើរតាមរ៉ឺម៉កតុកតុកទៅទស្សនារមនីយដ្ឋានអង្គរ។
លោកថា ថ្ងៃមួយលោកបានហៅរ៉ឺម៉កតុកតុកដើម្បីជិះ ហើយក៏បានជួបនឹងអ្នកស្រី ពេជ្រ អូន។ នោះជាលើកទី១ដែលលោកបានជួបអ្នកបើករ៉ឺម៉កតុកតុកជាស្ត្រី ដែលធ្វើឲ្យលោកចាប់អារម្មណ៍យ៉ាងខ្លាំង។ ការធ្វើដំណើរជាមួយអ្នកស្រី ក៏ជាឱកាសដែលលោកអាចអនុវត្តការនិយាយភាសាខ្មែរផងដែរ។
លោកនិយាយថា៖ «ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលគាត់ប្រាប់ខ្ញុំរឿងរ៉ាវជីវិតរបស់គាត់ និងការងារដែលគាត់ធ្វើដើម្បីផ្គត់ផ្គង់គ្រួសារ។ ខ្ញុំក៏ភ្ញាក់ផ្អើលនឹងការបើកបរ ការយល់ដឹងអំពីតំបន់ និងសេវាធ្វើដំណើរដ៏ល្អដែលគាត់ផ្ដល់ដល់អ្នកធ្វើដំណើរ។ ឧទាហរណ៍ គាត់តែងតែមានទឹកក្លាសេនៅក្នុងធុងសម្រាប់ចែកដល់ភ្ញៀវ»។
លោកបន្តថា ទាំងរូបលោកផ្ទាល់ និងភរិយារបស់លោក ចូលចិត្តសេវាធ្វើដំណើររបស់ស្ត្រី ពេជ្រ អូន ពីព្រោះលោកចូលចិត្តជួយគាំទ្រដល់ស្ត្រីដែលប្រឹងប្រែងធ្វើការងារបែបនេះ។
លោក Dominic Williams បន្តថា ការដែលលោកជ្រើសរើសយកអ្នកស្រី ពេជ្រ អូន សម្រាប់ការធ្វើដំណើរ ក៏ដើម្បីបង្ហាញការគាំទ្រសម្រាប់ស្ត្រីឲ្យមានភាពស្មើគ្នានឹងបុរស។ ប៉ុន្តែ លោកថា ភាពស្មើគ្នានេះមិនអាចកើតមានភ្លាមៗដោយគ្មានការទាមទារសិទ្ធិពីស្ត្រីខ្លួនឯងនោះទេ។
លោកនិយាយថា៖ «សហគ្រិនស្ត្រីតែងតែជាអ្នកនាំមុខគេ។ ស្ត្រីជាសហគ្រិនបានបង្ហាញថា ពួកគេអាចធ្វើអ្វីបានដូចបុរសដែរ ហើយប្រសើរជាងបុរសទៀតផង។ ពួកគេមានគំនិតនិងវិធីសាស្ត្រថ្មីៗនៅក្នុងធុរកិច្ចរបស់ពួកគេ ហើយប្រាក់ចំណូលរបស់ពួកគេតែងតែចំណាយទៅលើការផ្គត់ផ្គង់គ្រួសារនិងសហគមន៍»។
លោកបន្តថា ស្ថានទូតចក្រភពអង់គ្លេសចង់ឃើញស្ត្រីកាន់តែច្រើននៅក្នុងតួនាទីដឹកនាំ ទាំងក្នុងធុរកិច្ច និងវិស័យផ្សេងៗទៀតនៅទូទាំងប្រទេស៕