ភ្នំពេញ: លោក ទីវ តារារិទ្ធ ជា​អ្នកនិយម​ជិះកង់​ផ្លូវ​ឆ្ងាយ​បែប​ផ្សងព្រេង​ ដែល​ល្បីល្បាញ​ដោយសារ​ទង្វើ​សប្បុរស​ធម៌ កំពុង​ត្រៀម​ខ្លួន​បង្កើត​ប្រវត្ដិសាស្ដ្រ​មួយ​គឺការ​ធ្វើ​ដំណើរ​រយៈពេល​មួយ​ឆ្នាំ ជិះកង់​ចម្ងាយ ២ម៉ឺន​គីឡូម៉ែត្រ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទ្វីបអឺរ៉ុប។

បេសកកម្ម​ដ៏មាន​មហិច្ឆតា​នេះ គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ខែ​មិថុនា ក្នុង​គោល​បំណង​រៃអង្គាស​ប្រាក់​ចំនួន ២៥​ម៉ឺន​ដុល្លារ​អាមេរិក ដល់​មន្ទីរពេទ្យ​កុមារអង្គរ (AHC) ដើម្បី​អបអរសាទរ​ខួប​លើក​ទី ២៥ របស់​មន្ទីរពេទ្យ​សម្រាប់​ជួយ​ដល់​កុមារ។

ការ​ជិះ​កង់​របស់​យុវជន​រូប​នេះ​ នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ ២៥​ប្រទេស ដោយ​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​រៃ​អង្គាស​ប្រាក់​​ដល់​កុមារ​កម្ពុជា​ដែល​ប្រឈម​នឹង​ជំងឺ​ធ្ងន់ធ្ងរ។

លោក​បាន​និយាយថា​៖ «គម្រោង​ជិះ​កង់​ ២៥ ប្រទេស​ ចេញ​ពី​កម្ពុជា​ទៅ​តំបន់​អាស៊ី​ អាស៊ី​កណ្ដាល ទៅ​អឺរ៉ុប​ គឺជា​ក្ដី​ស្រមៃ​។ ឥឡូវនេះ ខ្ញុំ​បាន​ប្រកាស​ជាផ្លូវ​ការ​នៅ​ថ្ងៃទី៦ ខែ​ក្រោយ​នេះ ខ្ញុំ​នឹង​ជិះ​កង់​ពី​ប្រទេស​កម្ពុជា​ទៅ​អឺរ៉ុប​ សំចត​នៅ​ទីក្រុង​ប៉ារីស មុន​ពេល​បន្ដ​បេសកកម្ម​រៃ​អង្គាស​ប្រាក់​នៅ​តំបន់​អឺរ៉ុប»។ 

ការ​ត្រៀម​ខ្លួន និង​បញ្ហា​ប្រឈម​

លោក​ តារា​រិទ្ធ បាន​រៀប​រាប់​អំពី​ដំណើរ​ជិះ​កង់​ទៅកាន់​អឺរ៉ុប​នេះ ដោយ​ចាប់ផ្ដើម​ពី​ខេត្ដ​សៀមរាប​ ឡាវ ថៃ តែ​ត្រូវ​ហោះ​ឆ្លង​កាត់​ប្រទេស​មីយ៉ាន់ម៉ា ដោយសារ​ប្រទេស​នេះ​មិន​អនុញ្ញាត​ ទៅ​បង់ក្លាដែស ឥណ្ឌា ប៉ាឡីស្ថាន និង​ត្រូវ​បោះ​រំលង​អាហ្កាហ្វនីស្ថាន ដោយ​សារមិន​អនុញ្ញាត​ដូចគ្នា​ ទៅដល់​តួកគី ជា​ព្រំ​ប្រទល់​រវាង​អាស៊ី និង​អឺរ៉ុប​។​ ​

ផែនទីដែលលោក ទីវ តារារិទ្ធ ត្រៀមធ្វើ​ដំណើរ​ឆ្លង​កាត់​ ២៥​ប្រទេស។ សហការី

តំបន់​ប្រឈម​ខ្លាំង​ជាង​គេ ដែលលោក តារារិទ្ធ មាន​ការ​ព្រួយ​បារម្ភ គឺនៅ​ភូមិភាគ​ខាង​លិច​ប្រទេស​ឥណ្ឌា នៃ​តំបន់​ហេមពាន្ដ​ កាស្មៀរ​ទៅ​ប៉ាគីស្ថាន​ ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំងភ្លៀង ខ្យល់ ជាមួយ​ការត្រៀម​សម្ភារ​ចាំបាច់​សម្រាប់​ទប់ទល់​នឹង​អាកាស​ធាតុ ៣ រដូវ​។ 

លោក​បាន​និយាយថា​៖ «​ខ្ញុំ​ជ្រើស​រើស​កង់​ដែល​មាន​សមត្ថភាព​ផ្ទុក​សម្ភារ​បាន​ច្រើន ដូចជា ខាង​មុខ​មាន​ ៣ កាតាប និង​ខាងក្រោយ​មាន ៣​ កាតាប ជិត ១០០គីឡូក្រាម​​ ដែល​បែងចែកជា ៤ ប្រភេទ គឺ​សម្ភារ​បោះតង់​ ចង្ក្រាន​ជើងឆ្នាំង គ្រឿង​អេឡេចត្រូនិក ដូចជា កុំព្យូទ័រ កាមេរ៉ា ជា​អាវុធ​ដ៏សំខាន់​ក្នុង​ដំណើរ​ដ៏​វែង​ឆ្ងាយ​នេះ ឧបករណ៍​ជុសជុល​កង់​ ថ្នាំពេទ្យ​ រួមទាំង​អាហារ​បម្រុង និង​សម្លៀកបំពាក់​​»។ 

លោក​ តារា​រិទ្ធ​ បាន​ប៉ាន់​ប្រមាណ​ថា ការ​ជិះ​កង់​ឆ្លង​កាត់​ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​លំ ផ្លូវ​ភ្នំ ពុះពារ​ឧបសគ្គ​ទាំង​ស្ថានភាព​ផ្លូវ អាកាសធាតុ​ និង​សម្ពាធ​លើ​កង់ អាច​ចំណាយ​ពេល​រហូត​ដល់ ១០ ខែ និង​ត្រូវ​ចំណាយ​បន្ថែម​ទៀត​ក្នុង​ការ​ផ្សព្វផ្សាយ​យុទ្ធនាការ​រៃអង្គាស​ប្រាក់​រហូត​ដល់​មួយ​ឆ្នាំពេញ​ មុន​ពេល​លោក​ធ្វើ​ដំណើរ​តាម​យន្ដហោះ​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​។ 

លោក​បាន​បញ្ជាក់ថា ទាំង​ដំណើរ​ជិះកង់​ឆ្លង​កាត់​តំបន់​អាស៊ី​អាគ្នេយ៍ និង​ដំណើរ​ទៅកាន់​អឺរ៉ុប​នា​ពេល​ខាង​មុខនេះ គ្មាន​ក្រុម​ការងារ​ហ៊ាន​រួម​ដំណើរ​ជាមួយ​លោក​នោះទេ ដោយសារ​វា​មិន​សម្រាប់​អ្នក​ជិះ​កង់​ធម្មតា​ៗ​នោះទេ។ 

លោកប្រាប់ថា​៖ «វាជាការ​ជិះ​កង់​ដ៏​លំបាក​ខ្លាំង ដោយ​ខ្ញុំ​ត្រូវ​ចេញដំណើរ​ពីព្រឹក​ព្រលឹម​រហូត​ដល់​ព្រលប់ រៀបចំ​ទី​កន្លែង​បោះ​តង់​ និង​គ្រឿង​សម្ភារ​កាត់​ត​វីដេអូ​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​រូបភាព និង​វីដេអូ​ក្នុង​មួយ​ថ្ងៃ​ៗ»។ 

លោក ទីវ តារារិទ្ធ។

កំណត់ត្រា​នៃ​ការ​ធ្វើ​ដំណើរ និង​ការ​រៃអង្គាសប្រាក់​

ដោយ​មាន​​គោលការណ៍​ធ្វើដំណើរ រៃ​អង្គាសប្រាក់ និង​អេកូ​ទេសចរណ៍ លោក តារារិទ្ធ ផ្ដោតសំខាន់​លើ​ការ​រស់នៅ​បែប​ធម្មជាតិ និង​ផលិត​វីដេអូ​ពី​តំបន់​ធម្មជាតិ​។ ដូច្នេះ លោក​ជ្រើសរើស​ការ​រស់នៅ​បែប​ធម្មជាតិ​ បោះតង់ និង​សហគម។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​អំឡុង​ពេល​ធ្វើ​ដំណើរ​ជា​ច្រើន​ខែ​នោះ ខ្ញុំ​ក៏​នឹង​ថត​វីដេអូ​បង្កើត​មាតិកា​ទេសចរណ៍​នៅតាម​តំបន់​ប្លែកៗ​ជាមួយ​ធម្មជាតិ​នៃ​បណ្ដា​ប្រទេស​នីមួយៗ​។ ខ្ញុំ​តែងតែ​ផលិតមាតិកា​ល្អៗ​នៅ​តាម​ផ្លូវ រៀន​អំពី​វប្បធម៌​ប្រពៃណី របៀប​របប​នៃការ​រស់​នៅ​តាម​តំបន់​ជាមួយ​វីដេអូ​​ខ្លីៗ​ និង​រូបភាព​ស្រស់​ស្អាត​ ទាក់​ទាញ​ចំណាប់​អារម្មណ៍​សាធារណៈជន​ទាំង​ជាតិ និង​អន្ដរជាតិ​ក្នុងការ​បរិច្ចាគ​ថវិកា​ជួយ​កុមារ​»។ 

យ៉ាងណាមិញ ម្ដងកាល លោក​ត្រូវការ​កន្លែង​សម្រាក​ស្រួល​ដោយ​ចាំបាច់​លោក​ត្រូវការ​ទីកន្លែង​សាក​ថាមពល​គ្រឿង​អេឡេចត្រូនិក បោកគក់​​សម្លៀកបំពាក់ និង​កត្ដា​អាកាសធាតុ​ជាដើម​។ 

ដោយសារតែ​ការ​ធ្វើដំណើរ​នេះមាន​រយៈ​ពេល​យូរ និង​ត្រូវការ​សម្ភារៈ​ច្រើន លោក តារារិទ្ធ ដ៏​បាន​អំពាវនាវ​សុំ​ជំនួយ​សម្រាប់​ចំណាយ​ផ្ទាល់​ខ្លួន​របស់​លោក​ មុន​ពេល​បិទ​ការ​ទទួល​ជំនួយ​ផ្ទាល់​ខ្លួន និង​បើក​ជំនួយ​ជាមួយ​គណនី​ផ្ទាល់​របស់​មន្ទីរពេទ្យ​នៅពេល​លោក​ចេញ​ដំណើរ​នៅថ្ងៃទី ៦ ខែ​មិថុនា​។ 
ការគាំទ្រ និង​ការ​ទទួល​ស្គាល់

អ្នកស្រី ស៊ិនកេត អរុណ ជាមន្ដ្រី​ជាន់​ខ្ពស់​ផ្នែក​រៃអង្គាស​ប្រាក់​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ឱ្យដឹង​អំពី​អារម្មណ៍​រីករាយ​ដែល​មើល​ឃើញ​យុវជន​កម្ពុជា​ហ៊ាន​បង្កើត​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន​ក្នុងការ​ជិះ​កង់​ឆ្លង​កាត់​ទ្វីប និង​រៃ​អង្គាស​ប្រាក់​ជួយ​កុមារ​កម្ពុជា។ 

អ្នកស្រី បាន​និយាយ​ថា​៖ «ក្នុង​នាម​ខ្ញុំ​ជា​អ្នក​តំណាង​ឱ្យ​មន្ទីរពេទ្យ​កុមារអង្គរ ទាំង​ថ្នាក់់​ដឹកនាំ ក៏ដូចជា​បុគ្គលិក រួមទាំង​អាណាព្យាបាល និង​កុមារ​ដែល​សម្រាក​ព្យាបាល​នៅទីនេះ​ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ចិត្ដ​ខ្លាំង​មែន​ទែន​ពេល​ទទួល​បាន​ដំណឹង​ប្អូន​ត្រៀម​ដំណើរ​ដ៏វែង​ឆ្ងាយ​នេះ​ដើម្បី​កុមារ​។ យើង​ខ្ញុំ​ពិត​ជាមាន​ការ​កោត​សរសើរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ និង​លះ​បង់​ខ្ពស់​បំផុត​ដែលមិន​នឹក​ស្មាន​ដល់​»។ 

អ្នកស្រី បាន​បន្ដថា លោក តារារិទ្ធ បាន​ធ្វើ​កិច្ចការ​យ៉ាង​ច្រើន​ចំពោះ​បុព្វហេតុ​កុមារ​ រួមទាំង​ការ​ប្រថុយ​ប្រថាន​ជីវិត​ និង​ចំណាយ​ពេល​វេលា ក៏ដូចជា​ថវិកា​ផ្ទាល់​ខ្លួន​។

យ៉ាងណាមិញ អ្នកស្រី អរុណ លើក​ឡើង​ថា មន្ទីរពេទ្យ​ក៏​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​សុខ​សុវត្ថិភាព សុខភាព​អំឡុង​ពេល​ធ្វើ​ដំណើរ​របស់​លោក តារា​រិទ្ធ​ ដោយសារវាជា​លក្ខណៈ​ផ្សងព្រេង ម្នាក់​ឯង និង​វែង​ឆ្ងាយ​ណាស់​រហូត​ដល់​រយៈ​ពេល​មួយ​ឆ្នាំ​។ 

មន្ទីរពេទ្យ​នឹង​រក្សា​ទំនាក់ទំនង​ ផ្ដល់​ការ​គាំទ្រ​ ជំនួយ​ផ្សេងៗ​អំឡុងពេល​ធ្វើដំណើរ ដូចជា បញ្ហា​សុខភាព​ឈឺ​ស្កាត់ ជួប​គ្រោះថ្នាក់​ដោយ​ប្រការ​ណា​មួយ ដែល​មន្ទីរពេទ្យ​នឹង​ធ្វើការ​ទាក់ទង​ទៅកាន់​ប្រទេស​សាម៉ី​ក្នុង​ការ​ជួយ​ឱ្យ​អស់​ពី​លទ្ធភាព​។ 

អ្នកស្រី អរុណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «មន្ទីរពេទ្យ​ក៏​បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​ចំណែក​គាំទ្រ​លើ​សកម្មភាព​មួយ​នេះ​ដែរ ពីព្រោះ​ប្រជាជន​យើង​ដែល​ហ៊ាន​លះបង់​បែប​នេះ ក៏ជា​កិត្ដិយស​មួយ​សម្រាប់​ជាតិ​យើង​ដែរ»។ 

រាជរដ្ឋាភិបាល​បាន​ផ្ដល់​ឯកសារ​ផ្សេងៗដល់​លោក តារារិទ្ធ សម្រាប់​សដាក់​ស្នើ​ទៅកាន់​ក្រសួង​មហាផ្ទៃ ក្រសួង​ការ​បរទេស និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ ហើយ​លោក​ក៏​អាច​យក​ឯកសារ​តាម​ខ្លួន​។ 

អ្នកស្រី​បញ្ជាក់​ថា បេសកកម្ម​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​រយៈ​ពេល ២៥ ឆ្នាំ​មកនេះ​ បាន​ព្យាបាល​ជំងឺ​កុមារ​ជិត ៣ លាន​ករណី ហើយ​ក្នុង​នោះ​កុមារ​កើត​ជំងឺ​មហារីក​បាន​ទទួល​ការព្យាបាល​ប្រមាណ ៨០០ នាក់​ចាប់​ផ្ដើម​ពី​មន្ទីរពេទ្យ​ទទួល​ព្យាបាល​មហារីក​កាលពី​ ១០ ឆ្នាំ​មុន​។

គម្រោង​ចុង​ក្រោយ​បំផុត​

កាលពីឆ្នាំ​២០២៣​ លោក​ តារា​រិទ្ធ ​បាន​ជិះ​កង់​ជា​លក្ខណៈ​ផ្សង​ព្រេង ក្នុង​រយៈចម្ងាយ​ជាង​ ៩ពាន់​គីឡូម៉ែត្រ ឆ្លង​កាត់​​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ដូច​ជា ​វៀតណាម​ ឡាវ​ ​ថៃ ​ម៉ាឡេស៊ី​ និងសិង្ហបុរី ដើម្បី​រៃអង្គាសប្រាក់​រួមចំណែក​ជួយ​កុមារ​នៅ​មន្ទីរពេទ្យ​កុមារអង្គរ​ដូចគ្នា។

គោលដៅ​របស់គាត់​គឺ​ដើម្បី​រៃអង្គាសប្រាក់​ចំនួន ៥ម៉ឺន​ដុល្លារ​សម្រាប់​មន្ទីរពេទ្យ​ដែល​ផ្តល់​សេវា​ថែទាំ​សុខភាព​សំខាន់ៗ​ដល់​កុមារ​​រង​ពី​ជំងឺ​មហារីក និង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

ពេញ​មួយ​ដំណើរ​របស់លោក តារា​រិ​ទ្ធ បាន​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន រួមទាំង​ការខូចខាត​កង់ និង​ជំងឺ​។​

ទោះបី​ជាមាន​ឧបសគ្គ​ទាំងនេះ​ក៏ដោយ ក៏​លោក​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​បុព្វហេតុជួយ​ដលើ​កុមារ​ ដោយ​ទីបំផុត​លោក​អាច​រៃ​អង្គាស​ប្រាក់​​បាន​ជិត ៦ម៉ឺន​ដុល្លារ​ ដោយ​​រយៈពេល ៣ ខែរហូត​ដល់​​ថ្ងៃទី ២៦ ខែសីហា​៕