
រូបថតអ៊ូក ណៃហៀង និងបងស្រីឈ្មោះ អ៊ូក ណៃហួយ ២០ឆ្នាំមុននិងបច្ចុប្បន្ន។ រូបថត សហការី
ភ្នំពេញ: ការអប់រំអាចផ្លាស់ប្តូរជោគវាសនាជីវិតដែលហាក់ដូចជាវេទមន្ត បំបែកវដ្តនៃភាពក្រីក្រ និងបើកទ្វារទៅរកឱកាសដែលមិនអាចនឹកស្មានដល់។
នេះជាជីវិតរបស់បងប្អូនស្រី ណៃហួយ និង ណៃហៀង ដែលបានវិវត្ដន៍ខ្លួនពីទីលានចាក់សំរាមស្ទឹងមានជ័យ ទៅកាន់និស្សិតបញ្ចប់ការសិក្សា និងប្រកបការងារវិជ្ជាជីវៈ គឺជាសក្ខីភាពនៃការផ្លាស់ប្តូរអំណាចនៃការអប់រំ និងការប្តេជ្ញាចិត្ត។
លោក ស្កុត នីសុន ស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិកុមារកម្ពុជា (CCF) បានថ្លែងថា៖ «ខ្ញុំបានជួបបងប្អូនស្រីជាលើកដំបូងក្នុងឆ្នាំ ២០០៤ ក្នុងបរិយាកាសដ៏អាក្រក់បំផុត។ ប៉ុន្ដែពួកគេមិនដែលចាត់ទុកខ្លួនឯងជាជនរងគ្រោះទេ។ ពួកគេមើលឃើញតែឱកាស។ យើងមានសំណាងណាស់ដែលមានពួកគេនៅក្នុង CCF។ ពួកគេគឺជាគំរូដ៏អស្ចារ្យនៃអំណាចនៃការអប់រំ។ វដ្តនៃភាពក្រីក្រត្រូវបានបញ្ចប់»។
ឪពុកម្តាយរបស់ ណៃហៀង និងណៃហួយ ផ្ដល់តម្លៃខ្ពស់លើការអប់រំ ដោយពួកគេបានបាត់បង់ឱកាសសម្រាប់ការសិក្សាខ្លួនឯង។ ពួកគេចង់បានអនាគតល្អសម្រាប់កូនស្រីរបស់ពួកគេ។
រស់នៅក្នុងភូមិតូចមួយក្នុងខេត្តកណ្តាល ឪពុកម្ដាយអ្នកទាំងពីរបានឲ្យដឹងថា ឱកាសមានកម្រិត ដូច្នេះហើយទើបពួកគេសម្រេចចិត្តបញ្ជូនកូនស្រីទៅរៀននៅភ្នំពេញ ដែលសាលារដ្ឋមានស្ថានភាពប្រសើរជាង។
ដើម្បីស្វែងរកការអប់រំល្អ អ៊ូក ណៃហៀង និងបងស្រីឈ្មោះ អ៊ូក ណៃហួយ បានចាកចេញពីភូមិកំណើតជាលើកដំបូង ហើយផ្លាស់មកទីក្រុងភ្នំពេញជាមួយឪពុក ដើម្បីរស់នៅជាមួយមីងដែលពួកគេមិនធ្លាប់ជួប។

គំនរសំរាមស្ទឹងមានជ័យ។
ទោះជាយ៉ាងនេះក្តី ម្តាយមីងដែលមានបន្ទុកគ្រួសារស្រាប់ រំពឹងថា ក្មេងស្រីទាំងនោះនឹងធ្វើការជាថ្នូរការស្នាក់នៅ និងអាហារ។
ដោយមិនបានទៅសាលារៀន បងប្អូនស្រីទាំងពីរត្រូវបានបង្គាប់ឱ្យរើសអេតចាយនៅទីលានចាក់សំរាមស្ទឹងមានជ័យ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារថ្មី។
អ៊ូក ណៃហៀង ដែលមានអាយុទើបតែ៩ឆ្នាំ និងបងស្រី អាយុ ១០ ឆ្នាំ បានរើសសំរាមអេតចាយ កាកសំណល់ពីក្នុងមន្ទីរពេទ្យ លោហធាតុឧស្សាហកម្ម និងអាហារដែលរលួយនៅលើភ្នំសំរាម ជាកន្លែងចាក់សំរាមដ៏ធំបំផុតមួយរបស់អាស៊ីអាគ្នេយ៍។
ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏ពួកគេសម្របខ្លួនដោយខំប្រឹងប្រែងសងម្ដាយមីង។
ជីវិតរបស់ពួកគេហាក់ដូចជាមានវាសនានៅជាប់នឹងកន្លែងចាក់សំរាម រហូតដល់ថ្ងៃមួយក្នុងឆ្នាំ ២០០៤ ពួកគេបានជួបលោក ស្កុត នីសុន ដែលទើបបង្កើត CCF ដើម្បីជួយកុមារចេញពីកន្លែងចាក់សំរាម និងចូលសាលារៀន។
លោក នីសុន បានឃើញ ណៃហៀង ដើររើសអេតចាយក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូកដ៏ប្រឡូកប្រឡាក់ ហើយលោកបានសួរថា តើនាងចង់ទៅសាលារៀនដែរឬទេ។ ច្បាស់ណាស់ ចម្លើយរបស់កុមារីរូបនេះ គឺ «ចា»។

កញ្ញាណៃហៀងថតរូបជាមួយលោក ស្កុត នីសុន ស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិកុមារកម្ពុជា (CCF)។ រូបថត សហការី
ណៃហៀង បានចុះឈ្មោះចូលរៀនពេញម៉ោងនៅថ្នាក់ទី ១ ជាមួយអង្គការ CCF ដោយផ្លាស់ប្តូរជាមួយបងស្រីទៅស្នាក់នៅក្នុងអង្គការ CCF។
ម្ដាយមីងរបស់ពួកគេបានចាកចេញភ្លាមៗ និងបាត់ដំណឹងរហូតមក។ ទោះជាយ៉ាងណា ពួកគេបានរក្សាទំនាក់ទំនងជាប្រចាំជាមួយឪពុកម្តាយជានិច្ច។
ណៃហៀង គឺជាសិស្សពូកែប្រចាំសាលា។ តាមរយៈការសិក្សានៅក្នុងវិទ្យាល័យ ណៃហៀង បានរកឃើញមុខវិជ្ជាដែលខ្លួនចូលចិត្តបំផុតគឺភាសាអង់គ្លេស។
ណៃហៀង បាននិយាយទាំងទឹកមុខញញឹមថា៖ «អង្គការ CCF បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ ខ្ញុំមិននឹកស្មានថាបានទៅសាលារៀនទេ ដោយផ្ដល់ខ្ញុំនូវការអប់រំពេញលេញ អាហារ សម្លៀកបំពាក់ និងទីជម្រក»។
កញ្ញាបានបន្ដថា៖ «CCF គឺជាផ្ទះថ្មីរបស់ខ្ញុំ និងគ្រួសារថ្មីរបស់ខ្ញុំ វាដូចជាគ្រួសារទីពីរសម្រាប់ខ្ញុំ។ ពួកគេតែងតែយកចិត្តទុកដាក់ ហើយតែងតែណែនាំ ប្រសិនបើខ្ញុំធ្វើខុស។ ពួកគេតែងតែលើកទឹកចិត្តខ្ញុំ មិនមែនតែខ្ញុំទេ ប៉ុន្តែសិស្សផ្សេងទៀតផងដែរ»។
ការខិតខំប្រឹងប្រែងរបស់ ណៃហៀង បានទទួលផលនៅពេលកញ្ញាចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីសិក្សាផ្នែកគ្រប់គ្រងទេសចរណ៍ក្រោមអាហារូបករណ៍របស់អង្គការ CCF ផ្ទាល់។
ថ្វីត្បិតតែមានសម្ពាធ និងបញ្ហាប្រឈមក៏ដោយ កញ្ញាបានតស៊ូ ជំរុញទឹកចិត្តដោយក្តីសុបិន និងការចងចាំពីក្មេងដើររើសសំរាមដោយខ្លួនឯង។
ណៃហៀង បានរំឭកថា៖ «មានពេលខ្លះខ្ញុំចង់ឈប់ ប៉ុន្តែខ្ញុំបានប្រឹងប្រែងខ្លួនឯង ហើយរៀនចប់»។ កញ្ញាបានបញ្ចប់ការសិក្សានៅឆ្នាំ ២០១៨ ជាមួយនឹងបងស្រី ណៃហួយ ដែលធ្វើឱ្យឪពុកម្តាយរបស់ពួកគេមានមោទនភាព។
ណៃហៀង មិនមែនជាមនុស្សចម្លែកចំពោះការនិយាយជាសាធារណៈនោះទេ។ នារីវ័យក្មេងដែលមានទំនុកចិត្តរូបនេះចូលចិត្ដបង្ហាញស្នាមញញឺមប្រកបដោយភាពជឿជាក់។
កញ្ញានិយាយថា៖ «ចាប់តាំងពីខ្ញុំបានសិក្សាជាមួយ និងធ្វើការឱ្យ CCF ខ្ញុំមានឱកាសធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលី និងហុងកុង [សម្រាប់ព្រឹត្តិការណ៍រៃអង្គាសប្រាក់របស់ CCF]។ ខ្ញុំស្រលាញ់អូស្ត្រាលី ខ្ញុំបានទៅលេងស៊ីដនីក្នុងឱកាស Australian Gala។ ខ្ញុំមិនខ្លាចការនិយាយជាសាធារណៈទេ ព្រោះខ្ញុំបានធ្វើវានៅលើឆាកបួនដង ហើយខ្ញុំមានប៉ា ស្កុត ឈរក្បែរខ្ញុំ»។

អ៊ូក ណៃហៀង និងបងស្រីឈ្មោះ អ៊ូក ណៃហួយជាមួយឪពុកម្តាយទាំងពីរ។ រូបថត សហការី
នៅពេលកញ្ញាធ្វើការជាបុគ្គលិកទំនាក់ទំនងជាមួយអ្នកឧបត្ថម្ភនៅ CCF ណៃហៀង បានការសម្របសម្រួលទំនាក់ទំនងរវាងកុមារ និងអ្នកឧបត្ថម្ភ បកប្រែអ៊ីមែល និងរៀបចំការប្រារព្ធពិធីពិសេសសម្រាប់កុមារ។ កញ្ញាស្រឡាញ់ការងាររបស់ខ្លួន និងឱកាសក្នុងការប្រគល់ជូន CCF វិញ។
កញ្ញា ណៃហៀង បាននិយាយថា៖ «ខ្ញុំស្រឡាញ់កុមារ ហើយចង់បង្ហាញពួកគេពីអ្វីដែលពួកគេអាចរៀនពីខ្ញុំ»។
កញ្ញា ណៃហៀង សព្វថ្ងៃអាយុ២៨ឆ្នាំ រស់នៅជាមួយមិត្តភក្តិក្នុងផ្ទះរួម។ កញ្ញាស្រមៃចង់បង្កើតអង្គការក្រៅរដ្ឋាភិបាលផ្ទាល់ខ្លួនសម្រាប់កុមារនៅថ្ងៃណាមួយ ដោយយកលំនាំតាមលោក ស្កុត នីសុន។
ការណែនាំរបស់កញ្ញាចំពោះអ្នកដែលតស៊ូនឹងការសិក្សារបស់ពួកគេគឺសាមញ្ញ៖ «កុំបោះបង់ ហើយតែងតែមានសង្ឃឹម»។
ឥឡូវនេះ ណៃហៀង កំពុងធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ខណៈដែល ណៃហួយ អាយុ២៩ឆ្នាំ បន្តធ្វើការជាមួយ CCF នៅក្នុងផ្នែកឧបត្ថម្ភ។ បងប្អូនស្រីទាំងពីរទទួលបានអំណាចផ្លាស់ប្តូរនៃការអប់រំ។
កញ្ញា ណៃហៀង និងកញ្ញា ណៃហួយ ជាបងប្អូនស្រីពីរនាក់បានចូលរួមក្នុង CCF តាំងពីឆ្នាំ ២០០៤។ នៅពេលដែលពួកគេប្រារព្ធខួប២០ឆ្នាំជាមួយ CCF ដំណើរជីវិតរបស់ពួកគេពិតជាអស្ចារ្យណាស់។
រឿងរ៉ាវរបស់ពួកគេបានចាប់ផ្តើមនៅអតីតទីលានចាក់សំរាមស្ទឹងមានជ័យ ជាបទពិសោធន៍ដ៏លំបាកមួយ របស់ពួកគេ។
តាមរយៈការតាំងចិត្ត និងភាពធន់ដែលមិនផ្លាស់ប្តូរ ពួកគេបានយកឈ្នះលើឧបសគ្គជាច្រើនរាប់មិនអស់ ដោយឈានដល់តួនាទីបច្ចុប្បន្នជាបុគ្គលិកការិយាល័យនៅអង្គការក្រៅរដ្ឋាភិបាល។
យោងតាម CCF បានឱ្យដឹងថា៖ «គ្មានអ្វីមានមោទនភាពលើសពីការប្ដេជ្ញាចិត្ដរបស់ ណៃហៀង និងណៃហួយក្នុងការស្វែងរកក្តីសុបិន្តរបស់ពួកគេនោះទេ។ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ពួកគេជាការបំផុសគំនិតពិតសម្រាប់យើងទាំងអស់គ្នា»៕