ភ្នំពេញ៖ វិទ្យាស្ថានបារាំងនៅកម្ពុជាត្រៀមប្រារព្ធពិធីសិល្បៈរបាំជាមួយរដូវកាលវប្បធម៌របស់ខ្លួន «រាំជាមួយខ្ញុំ» ដែលនឹងចាប់ផ្តើមពីថ្ងៃទី ៩ ខែឧសភា ដល់ថ្ងៃទី ២៦ ខែមិថុនា។
នៅមុនពេលនៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិកនៅទីក្រុងប៉ារីស ការរាំបែបកីឡានឹងត្រូវអញ្ជើញជាកិត្តិយសជាលើកដំបូង៖ ការរាំ Break Dance នឹងក្លាយជាវិញ្ញាសាអូឡាំពិកមួយក្នុងចំណោមវិញ្ញាសាអូឡាំពិកនានាក្នុងឆ្នាំ២០២៤។
វិទ្យាស្ថានបារាំងនៅកម្ពុជា នឹងប្រារព្ធការប្រកួតកីឡាអូឡាំពិក ជាមួយនឹងការប្រកួតការរាំ Break Dance នៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ជាមួយនឹងវង្វាន់ជាការធ្វើដំណើររយៈពេល ១០ ថ្ងៃទៅកាន់ទីក្រុងប៉ារីស សម្រាប់ការជួបជុំបែបរបាំវប្បធម៌ តាមរយៈកម្មវិធីបោះជំរុំនៅមជ្ឈមណ្ឌលជាតិដើម្បីរបាំ។
បើតាមវិទ្យាស្ថានបារាំងនៅកម្ពុជា បានឲ្យដឹងថា៖ «ការប្រកួតនេះបើកឱ្យចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ លើការចុះឈ្មោះសម្រាប់ B-Boys និង ក្រុម B-Girls ជាជនជាតិខ្មែរ មានអាយុលើសពី ១៨ ឆ្នាំ ឬ អ្នកដែលស្នាក់នៅក្នុងប្រទេសកម្ពុជាចាប់ពី ៥ ឆ្នាំឡើងទៅ»។
ក្រុមរាំដែលចូលរួមប្រកួតប្រជែងនឹងត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ដោយម្ចាស់ជ័យលាភីកំពូលទាំងបីនឹងទទួលបានរង្វាន់។ អ្នកឈ្នះរង្វាន់ធំនឹងទទួលបានការធ្វើដំណើររយៈពេល ១០ ថ្ងៃទៅកាន់ទីក្រុងប៉ារីសឆ្នាំ ២០២៤។ នេះរួមបញ្ចូលទាំងការហោះហើរទៅមក ការស្នាក់នៅសណ្ឋាគាររយៈពេលប្រាំបួនយប់ និងការចូលរួមក្នុងសិក្ខាសាលារាំនៅមជ្ឈមណ្ឌលជាតិដើម្បីរបាំ។
លើសពីនេះ អ្នកឈ្នះនឹងទៅទស្សនាកន្លែងវប្បធម៌នានា នៃទីក្រុងប៉ារីសដែលផ្សារភ្ជាប់នឹងរបាំ (Opéra de Paris, Cent Quatre et CND។
លោក Valentin Rodriguez នាយក IFC និង Cultural Attaché បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «Breakdancing នឹងក្លាយជាកីឡារាំដំបូងគេដែលមិនធ្លាប់មានក្នុងការប្រកួតកីឡាអូឡាំពិក។ យើងបានគិតថា គ្មានវិធីល្អក្នុងការអបអរសិល្បៈក្បាច់រាំត្រូវបានដាក់បញ្ចូលជាលើកដំបូងនេះជាងការរៀបចំការប្រកួតដែលអ្នករាំល្អបំផុតនឹងមានឱកាសទៅលេងទីក្រុងប៉ារីសនោះទេ»។
លោក Rodriguez បាននិយាយថា៖ «ពួកគេក៏នឹងទៅទស្សនាកន្លែងវប្បធម៌នានាដ៏ល្បីល្បាញជាច្រើនសតវត្សរ៍»។
ក្រុមទទួលបានរង្វាន់ទី ២ និងទី ៣ នឹងមិនទៅផ្ទះដោយដៃទទេទេ ដោយទទួលបានកាដូជាច្រើនដែលទាក់ទងនឹងការរាំ និងប័ណ្ណទិញទំនិញ។
វិទ្យាស្ថានបារាំង បានឱ្យដឹងថា៖ «រដូវកាលនេះមិនមែនគ្រាន់តែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្រារព្ធពិធីអបអរ និងការអប់រំផងដែរ។ វាចាប់ផ្តើមជាមួយនឹងការតាំងពិព័រណ៍ដែលឧទ្ទិសដល់ប្រវត្តិនៃរបាំនៅក្នុងប្រទេសកម្ពុជា ការរួបផ្សំគ្នារវាងគំនូរ រូបថត និងបំណែកបុរាណវិទ្យានៃកាយវិការរបាំ»។
ដោយសារកំណាយបុរាណវិទ្យា និងបណ្ណសាររបស់សាលាបារាំងចុងបូព៌ា ការតាំងពិព័រណ៍នេះនឹងបង្ហាញបណ្ណសាររូបថតនៃរបាំបុរាណ និងប្រជាប្រិយខ្មែរ។
ស្នាដៃរបស់លោក រ៉ូម៉ាំង ប៊ែនីនី បង្កប់នូវអត្ថន័យព្រលឹងក្បាច់រាំ ជាមួយនឹងកាយវិការដ៏ប្រណិតរបស់អ្នករបាំ។ របាំជាបេតិកភណ្ឌអរូបី លេចឡើង និងបាត់ទៅវិញក្នុងពេលដ៏ខ្លីនៃពេលនេះ នៅចន្លោះពេលទៀងទាត់ ឬមិនទៀងទាត់។ គ្រាដ៏កម្រនឹងបង្ហាញដោយមិនអាចពិពណ៌នាបាន។
រដូវកាលនេះនឹងមានភាពចម្រុះ ដោយមានការសម្តែងរបាំបុរាណរបស់សាលាសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី របាំប្រជាប្រិយខ្មែរ ដូចជា របាំគោះត្រឡោក របាំចាក់គ្រើល របាំត្រុដិ និងរបាំទន្សោងគោព្រៃ។
លោក Rodriguez បានឱ្យដឹងថា៖ «មិនថាកីឡា ពិធីសាសនា ប្រពៃណី ឬទម្រង់ថ្មីនៃការបញ្ចេញមតិ ការរាំគឺជាបេះដូងនៃការអនុវត្តវប្បធម៌ខ្មែរជាច្រើន»។
ក្រុមរាំដែលមានបំណងចូលរួមប្រកួតត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះមុនថ្ងៃទី ១៥ ខែឧសភា ដើម្បីទទួលបានកន្លែងរបស់ពួកគេនៅក្នុងការប្រកួតប្រជែងដែលរៀបចំឡើងដោយវិទ្យាស្ថានបារាំងនៅកម្ពុជានេះ។
គួរបញ្ជាក់ថាពិព័រណ៍បណ្ណសាររូបថតនៃរបាំបុរាណនិងប្រជាប្រិយខ្មែរចាប់ផ្ដើមបើកនាល្ងាចនេះ រួមជាមួយ ការសម្ដែងល្ខោនអូប៉េរ៉ាងផងដែរ។