ភ្នំពេញ៖ ភាពយន្ដ​រឿង «Elvis of Cambodia» ស្ដីពី​ឆាក​ជីវិត​អធិរាជ​សំឡេង​មាស​ ស៊ីន ស៊ីសាមុត ​ជា​អ្នក​ចម្រៀង​ដ៏​ពេញនិយម និង​មាន​ឥទ្ធិពល​បំផុត​របស់​កម្ពុជា​ក្នុង​យុគសម័យ​មាស។

ដោយ​ប្រៀប​ប្រដូច​ទៅនឹង​កំពូល​តារា​ចម្រៀង Elvis Presley តាម​រយៈ​​ប្រជាប្រិយភាព និង​ឥទ្ធិពល​វប្បធម៌​ដ៏​ធំធេង​របស់លោក​ តន្ត្រី​របស់លោក ​ស៊ីន ស៊ី​សាមុត​ បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​វិស័យ​សិល្បៈ​​​ដ៏​រស់​រវើក​របស់​ប្រទេស​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ និង ១៩៦០។​

អាជីព​របស់លោក​បាន​ធ្លាក់​ដល់​កម្រិត​សូន្យ​ក្នុង​របប​​​សោកនាដកម្ម​​ខ្មែរក្រហម​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៧០។ ប៉ុន្តែ​កេរដំណែល​របស់អធិរាជ​សំឡេង​មាស​​នៅតែ​បន្ត​បំផុសគំនិត និង​ភ្ជាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ពិភពលោក​។​

ភាពយន្ត​ដែល​ផលិត​ដោយ​លោក​ Chris G Parkhurst និង​ត្រូវ​បាន​​ចាក់​បញ្ចាំង​លើក​ដំបូង​​នៅ​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំមុន នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី គឺជា​ភាពយន្ត​មួយ​ក្នុងចំណោម​ភាពយន្ត​ខ្មែរ​ចំនួន ៤៨រឿង​ ដែល​នឹង​ចាក់​បញ្ចាំង​ក្នុង​អំឡុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) ថ្ងៃទី ២៥-៣០ ខែមិថុនា​។​

ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​ឱ្យដឹង​ក្រោយ​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​រៀបចំ​​ឡើង​នៅ​សណ្ឋាគារ Rosewood កាល​ពី​ថ្ងៃទី ១៩ ថា​៖ «​មហោស្រព​ភាពយន្ដ​លើកទី ១៣ នេះ​ដាក់​បញ្ចាំង​​ខ្សែភាពយន្ត​ជម្រើស​ពី​ជុំវិញ​ពិភព​លោក។ មហោស្រព​ឆ្នាំនេះ​នឹង​មាន​ភាពយន្ត​ចំនួន ១៥៣ មកពី​ប្រទេស​ចំនួន ៤១ ក្នុង​នោះ​មាន​ផលិតកម្ម​កម្ពុជា​ចំនួន ៤៨»​។​

ពួកគេ​និយាយថា៖ «អ្នក​ចូលរួម​អាច​ទស្សនា​​ការ​បញ្ចាំង​ភាពយន្ត និង​ព្រឹត្តិការណ៍​ជាង ១២០​ ដោយ​មិន​គិត​ថ្លៃ នៅតាម​កន្លែង​ផ្សេងៗ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ»។​

នៅ​ឆ្នាំ​នេះ លោកស្រី​ ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ឡើងកាន់​តួនាទី​ជា «ប្រធាន​កិត្តិយស» របស់​មហោស្រព (CIFF)។

មុខ​តំណែង​នេះ​ស្រដៀង​ទៅ​នឹង «ទូត​សុច្ឆន្ទៈ» បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​របស់​លោកស្រី​​ចំពោះ​ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃប្រឌិត​នៅ​កម្ពុជា​។​

លោកស្រី​ ជា សិរី មាន​គោល​បំណង​លើក​កម្ពស់​វិស័យ​ភាពយន្ត​ដ៏​រឹងមាំ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ហើយ​នឹង​គាំទ្រ​មហោស្រព CIFF ជា​វេទិកា​សម្រាប់​វិស័យ​ភាពយន្ត និង​ទេពកោសល្យ​កម្ពុជា។

កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា​ ចៅស្រីលោក​ស៊ីន ស៊ីសាមុត ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ស្តីពី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) លើក​ទី ១៣។ រូបថត Bophana Centre

មហោស្រព CIFF ដាក់​បញ្ចាំង​​ភាពយន្ត​ខ្មែរ​នៅ​តាម​រោង​ភាពយន្ដ​ជាច្រើន។ មហោស្រព​នេះ​នឹង​បើក​ឆាក​ដំបូង​ជាមួយ​ភាពយន្ដ​ «Elvis of Cambodia»។ ​

ទោះបី​ជា​មាន​ការ​ប្រឈម​ក្នុងការ​ថែរក្សា​ស្នាដៃ​​របស់​លោក​ដោយសារ​តែ​ការ​បំផ្លាញ​កំណត់ត្រា​ជាច្រើន​ក្នុង​សម័យ​ខ្មែរ​ក្រហម​ក៏ដោយ ក៏​បទ​ចម្រៀង​របស់​លោក​នៅតែ​ជា​ការ​រំឭក​ដល់​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា។

ភាពយន្ត​ឯកសារ​មួយ​មាន​ចំណងជើង​ថា «Elvis of Cambodia: The Legacy of Sinn Sisamouth» ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​អបអរសាទរ​ជីវិត និង​កេរ​ដំណែល​របស់​លោក ស៊ីន ស៊ីសាមុត។

ភាពយន្ត​នេះ​ស្វែងយល់​ពី​ការ​រួមចំណែក​យ៉ាង​សំខាន់​របស់​លោក ស៊ីន ស៊ីសាមុត​ចំពោះ​តន្ត្រី និង​វប្បធម៌​ខ្មែរ ដោយ​មាន​​បទសម្ភាស​ជាមួយ​ក្រុម​គ្រួសារ តន្ត្រីករ​សហសម័យ និង​អ្នក​គាំទ្រ​របស់​លោក​​។​

វា​មាន​គោលបំណង​លើកឡើង​ពី​ឥទ្ធិពល​នៃ​តន្ត្រី​របស់លោក​មកលើ​ជនភៀសខ្លួន​កម្ពុជា និង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។​
កម្មវិធី​ពិសេស​ទាំងពីរ​នៅ​ឆ្នាំនេះ នឹង​ផ្តោតលើ​ការ​បំផុសគំនិត​យុវជន​ឱ្យ​បន្ត​ក្តី​សុបិន និង​អាជីព​របស់​ពួកគេ ឱ្យ​សិក្សា និង​ខិតខំ​ប្រឹងប្រែង ដើម្បី​ឈាន​ទៅ​រក​ជីវិត​កាន់តែ​ប្រសើរ និង​ការ​ទទួល​ស្គាល់។

កម្មវិធី​ពិសេសៗ​នៃ​មហោស្រព CIFF លើកទី១៣ គឺ​«ការ​សិក្សា​ពេញ​មួយ​ជីវិត» (LIFELONG LEARNING) និង «វិថី​ឆ្ពោះ​ទៅ​អូឡាំពិក» (ROAD TO OLYMPIA)។

កម្មវិធី «ការសិក្សា​ពេញ​មួយជីវិត​» ក្រោម​ភាពជា​ដៃគូ​ជាមួយ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​សាទរ​នូវ​ថាមពល​នៃ​ការអប់រំ និង​ការងារ​ដែល​បំផុស​គំនិត ហើយ​កម្មវិធី​ពិសេស​នេះ​ក៏​បង្ហាញ​នូវ​មា​តិកា ពី​ភាពជា​យុវវ័យ​លើកដំបូង មាតិកា​កំប្លែង​បែប​កម្សាន្ត រហូតដល់​ការ​បំពេញ​​ក្តី​ស្រមៃ​នៃ​អាជីព​ការងារ​។ ​

សន្និសីទសារព័ត៌មាន​ស្តីពី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) លើក​ទី ១៣ កាលពីថ្ងៃទី ១៩ ឧសភា។ រូបថត Bophana Centre

​កម្មវិធី «​វិថី​ឆ្ពោះទៅ​អូឡាំពិក​» នឹង​បង្ហាញ​នូវ​ខ្សែភាពយន្ត​បំផុសគំនិត​ជាច្រើន​ទាក់ទង​នឹង​សមិទ្ធផល​រឿងរ៉ាវ​នៅ​កម្ពុជា (STORIES IN CAMBODIA) ​ដោយ​ផ្ដោតលើ​ភាពយន្ត​ដែល​ផលិត​នៅក្នុង និង​អំពី​ប្រទេស​កម្ពុជា​។​

ដៃគូ​ផ្លូវការ​នៃ​មហោស្រព CIFF លើក​ទី ១៣ រួមមាន​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា សហការ​ជាមួយ UNDP និង WFP ស្ថានទូត​ឥណ្ឌា និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​។ 

លោក Pablo Kang ភារធារី​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​ឱ្យដឹង​ថា​៖ «​យើង​មាន​សោមនស្ស​រីករាយ​ក្នុងការ​ឧបត្ថម្ភ​ដល់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ក្នុង​ឆ្នាំនេះ ដើម្បី​អបអរសាទរ​ខួប​គម្រប់ ៣០ ឆ្នាំ នៃ​ពានរង្វាន់​អូស្ត្រាលី​នៅ​កម្ពុជា (Australia Awards in Cambodia)​»។ 

លោក​បាន​បន្ដថា​៖ «ការឧបត្ថម្ភ​នេះ​បញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​យើង​ក្នុងការ​ផ្លាស់​​ប្តូរ​​វប្បធម៌ និង​ការគាំទ្រ​វិស័យ​សិល្បៈ ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​ស្នូល​របស់​យើង​ក្នុង​ការជំរុញ​ទំនាក់​ទំនង​រវាង​​ប្រទេស​អូស្ត្រាលី និង​កម្ពុជា ក៏ដូចជា​​ការទទួលស្គាល់​នូវ​ឧត្តមភាព​»។​

រំឭក​ដល់ ប៊ី​វ ឆៃ​លាង (TRIBUTE TO BIV CHHAY LEANG) នាំមក​នូវ​ការគោរព​ដ៏​ពិសេស​ចំពោះ​លោក ប៊ី​វ ឆៃ​លាង តាមរយៈ​ការ​រំលេច​នូវ​ខ្សែភាពយន្ត​មួយចំនួន​របស់គាត់​ដែល​នៅ​រស់រានមានជីវិត​ពី «​យុគមាស» នៃ​ភាពយន្ត​ខ្មែរ រួមមាន រឿង «​ចន្ទ​គ្រឹះ​ហ្វា​» និង «​រតនា​វង្ស​»​៕