ភ្នំពេញ៖ ក្រៅពីការដាក់បញ្ចាំងភាពយន្ដខ្មែរ ៤៨រឿង និងបរទេសសរុប ១៥៣រឿង មកពីជាង ៤០ ប្រទេស ដែលកំពុងតែផ្ដល់ការកម្សាន្ដដល់រោងភាពយន្ដគោលដៅមួយចំនួន មហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា (CIFF) ក៏ជាវេទិកាមួយក្នុងការចូលរួមអភិរក្សធនធានធម្មជាតិកម្ពុជាផងដែរ។
លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាអធិបតីក្នុងកម្មវិធីទិវាយល់ដឹងពីទន្លេមេគង្គ ជាផ្នែកមួយនៃកម្មវិធីមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា CIFF កាលពីថ្ងៃទី២៧ ខែមិថុនា។
លោកបានឱ្យដឹងថា មហោស្រពភាពយន្ដគឺជាពេលវេលាដែលផ្សព្វផ្សាយអំពីវប្បធម៌ ហើយជាមួយគ្នានេះ មហោស្រពភាពយន្ដក៏បានផ្សព្វផ្សាយនូវចំណេះដឹងមួយចំនួនធំ ដោយបានដាក់បញ្ចូលនូវប្រធានបទ «ជុំវិញទន្លេមេគង្គ» ឬ (Mekong Discovery Days)។
លោក ទីណា បានថ្លែងអំពីការផលិតភាពយន្ដឯកសារដែលលោកបានចូលរួមផងដែរថា៖ «វាជាឱកាសសម្រាប់ការគិតគូរអំពីធនធានធម្មជាតិ មានលទ្ធភាពក្នុងការបង្ហាញដល់ក្មួយៗ និងប្រជាពលរដ្ឋយើងទាំងអស់ឱ្យបានដឹងថា យើងមានអ្វីខ្លះ យើងកំពុងធ្វើអ្វី ហើយយើងត្រៀមធ្វើអ្វីបន្ដទៀត»។
លោករដ្ឋមន្ដ្រី ក៏បានសារភាពថា លោកក៏មិនធ្លាប់ស្គាល់ទិដ្ឋភាពបាតសមុទ្រដែរ។ ប៉ុន្ដែនៅពេលលោកបានឃើញនូវស្ថានភាពនៅបាតសមុទ្រ លោកនិយាយថា សកម្មភាពនៅលើគោកមួយចំនួនត្រូវចៀសវាងដើម្បីអភិរក្សធនធានធម្មជាតិ។
លោកបានឱ្យដឹងថា៖ «យើងមិនអាចបោះចោលកាកសំណល់ទៅផ្ទះរបស់អ្នកដទៃនោះទេ។ ដូច្នេះ ដូចគ្នាដែរ សមុទ្រ ឬទន្លេគឺជាផ្ទះរបស់មច្ឆជាតិយើង យើងមិនអាចបោះ [កាកសំណល់] ទៅបានទៅទេ»។
លោក Cedric Eloy នាយកមហោស្រពភាពយន្ដ CIFF បានថ្លែងថា លោកអរគុណដល់ CJCC និងក្រសួងកសិកម្មផងដែរ ដែលមានវត្តមាន និងជាអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម។
លោក Eloy បាននិយាយថា៖ «ខ្ញុំបានបង្ហាញពីការចូលរួមរបស់ដៃគូរបស់យើងទាំងអស់ និងជាលើកដំបូងដែលអង្គការសហប្រជាជាតិ និងអង្គការសហប្រជាជាតិនៅកម្ពុជា កម្មវិធីស្បៀងអាហារពិភពលោក និង UNDP បានចូលរួម»។
លោកបន្ដថា៖ «បាទ អ៊ីចឹងខ្ញុំក៏អរគុណដល់យុវជនទាំងអស់ដែលបានចូលរួមដែរ ព្រោះខ្ញុំបាននិយាយថា វាត្រូវបានបង្កើតឡើងសម្រាប់យុវជនដើម្បីស្វែងយល់បន្ថែមអំពីបរិស្ថាន ជីវចម្រុះ និងសហគមន៍»។
លោក Eloy បានអញ្ជើញដៃគូឱ្យរៀបចំផែនការព្រឹត្តិការណ៍នេះជាប្រចាំឆ្នាំដើម្បីឱ្យកម្មវិធីនេះបន្ដរីកចម្រើន លើសពីទីក្រុងភ្នំពេញ និងមិនត្រឹមតែក្នុងអំឡុងពេលកម្មវិធីមហោស្រពភាពយន្ដ CIFF ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាកម្មវិធីនៅតាមបណ្ដាខេត្តផ្សេងទៀត។
លោកបានលើកឡើងថា៖ «ខ្ញុំគិតថា ឆ្នាំនេះ យើងអាចនិយាយបានថា យើងបានបន្ថែមកម្មវិធីជីវចម្រុះ និងទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន»។
គម្រោងអច្ឆរិយៈនៃទន្លេមេគង្គ សហការជាមួយមជ្ឈមណ្ឌលបុប្ផាណា បានប្រកាសកម្មវិធី ជុំវិញទន្លេមេគង្គ ជាព្រឹត្តិការណ៍មួយរំលេចនូវការស្រាវជ្រាវដំបូងរបស់អ្នកវិទ្យាសាស្ត្រវ័យក្មេងកម្ពុជា។
ព្រឹត្តិការណ៍នៅថ្ងៃទី២៨ ខែមិថុនា បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន និងរឿងរ៉ាវបំផុសគំនិតរបស់អ្នកស្រាវជ្រាវអាជីពដំបូង ដែលបានលះបង់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការសិក្សាត្រី ទឹក និងជីវចម្រុះនៅកម្ពុជា។
បុគ្គលដែលមានចំណង់ចំណូលចិត្តទាំងនេះមិនត្រឹមតែប្តេជ្ញាចិត្តក្នុងការអភិរក្សជីវវិទ្យា និងការសិក្សាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការអប់រំដល់កុមារតូចៗ និងសាធារណជនអំពីភាពអស្ចារ្យនៃវិទ្យាសាស្ត្រ ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចជា លំហូរទន្លេ ការអភិរក្សជម្រកត្រី ភាពសម្បូរបែបនៃត្រី គុណភាពទឹក និងការបំពុល។
នេះបើយោងតាមកម្មវិធីដែលបានបង្ហោះនៅលើ Facebook បានបង្ហាញថា៖ «គម្រោងនេះមានគោលបំណងថែរក្សាធនធានធម្មជាតិ និងបូរណភាពនៃទន្លេមេគង្គ។ ការដោះស្រាយបញ្ហាប្រឈម ដូចជា ការរិចរឹលទីជម្រក ការនេសាទខុសច្បាប់ ការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ អ្នកវិទ្យាសាស្ត្រទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិរន្តរភាព និងសុខភាពរបស់ទន្លេ»។
ព្រឹត្តិការណ៍នេះមានគោលបំណងបំផុសគំនិតមនុស្សជំនាន់ក្រោយ ដោយបង្ហាញកុមារតូចៗថា ពួកគេក៏អាចក្លាយជាអ្នកស្រាវជ្រាវ ជួយសហគមន៍ និងពិភពលោករបស់ពួកគេ ជំរុញឱ្យមានការស្រឡាញ់វិទ្យាសាស្ត្រ និងការលើកកម្ពស់អនាគតប្រកបដោយនិរន្តរភាព៕