មន្ទីរ​ពេទ្យ​កុមារ​អង្គរ​អំពាវនាវ​ដល់​សប្បុរសជន​ចូលរួម​បុណ្យ​ផ្កាប្រាក់​សាមគ្គី​ដើម្បី​ប្រមូល​ថវិកា​គាំទ្រ​ដល់​ដំណើរ​ការ​មន្ទីរ​ពេទ្យ​ដែល​ព្យាបាល​កុមារ​ដោយ​ឥត​គិត​ថ្លៃ​ជា​ច្រើន​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី​​នេះ​ នឹង​ធ្វើ​ឡើងនៅ​រសៀល​ថ្ងៃអាទិត្យ ទី៩ ខែមិថុនា​​ខាង​មុខ​​នេះ នៅ​វត្ត​រាជ​បូណ៌​​ ក្នុង​ក្រុង​សៀមរាប។ 

សូមបញ្ជាក់​ថា នេះ​ជា​លើក​ទី​១១ ​ហើយ​ដែល​បុណ្យ​ផ្កាប្រាក់​​បែប​នេះ ​ត្រូវ​បាន​រៀបចំឡើង​ដោយ​មន្ទីរ​ពេទ្យ និង​សម្តេច​ព្រះ​ព្រហ្មរតនមុនី​សិរី​សុវណ្ណោ ពិន​ សែម គណៈ​មហានិកាយ ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជាព្រះ​គ្រូចៅ​អធិការ​វត្ត​រាជបូណ៌ និង​ថ្នាក់​ដឹកនាំ​ខេត្ត។

លោក​វេជ្ជបណ្ឌិត​ ងួន ច័ន្ទភក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​មួយ​ឆ្នាំៗ​មន្ទីរ​ពេទ្យ​ត្រូវ​ការ​ថវិកា​​សម្រាប់​ដំណើរ​ប្រតិបត្តិការ​របស់​ខ្លួន ​ប្រមាណ ៦ ​លាន​ដុល្លារ​អាមេរិក​ហើយ​ថវិកា​ទាំង​នោះ​ប្រមាណ​​​ជា ៧០ ភាគរយ​ បាន​មក​ពី​សប្បុរ​ជន​នៅ​ក្រៅប្រទេស​​ និង​ ៣០​ភាគរយ​ទៀត​ បាន​មក​​​ពី​សប្បុរស​ជន​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​ក៏​មាន​ថវិកា​បាន​មក​ពី​ពិធី​បុណ្យ​ផ្កា​ប្រាក់​មហា​សាមគ្គី​​ផងដែរ។

លោក​បានអំពាវនាវ ​ដល់​សប្បុរសជន​ទាំង​ក្នុង​និងក្រៅ​ប្រទេស​​ទាំង​អស់ ​ចូល​រួម​ពិធី​បុណ្យ​ព្រម​ទាំង​បរិច្ចាគ​ថវិកា​តាម​សទ្ធា​ជ្រះ​ថ្លា​​រៀងៗ​ខ្លួន។

លោក​និយាយ​ថា៖ «ថវិកា​ដែល​ទទួល​បាន​ពី​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​ផ្កា​ប្រាក់​នេះ​ គឺ​ជា​ចំណែក​ដ៏​សំខាន់​បំផុត​ក្នុង​ការ សង្គ្រោះ​ជីវិត​កុមារ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ និង​ក្តី​មេត្តា​ករុណា​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ»។

មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជន​ជាតិ​ជប៉ុន​តាំង​ពី​ឆ្នាំ​១៩៩៩ ដែល​គិត​មក​ដល់​សព្វ​ថ្ងៃ​នេះ​បាន​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​កុមារ​បាន​ជិត​៣​លាន​​ករណី​និង​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​​ជំនាញ​និង​ចំណេះ​ដឹង​ដល់​មន្ត្រី​សុខា​ភិបាល​សិស្ស​​ និស្សិត​វេជ្ជសាស្ត្រ​មក​ពី​ទូទាំង​ប្រទេស​ចំនួន​​រាប់​រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ។ ក្រៅពី​នេះ​ក៏​មាន​ការ​អប់រំ​ផ្នែក​សុខភាព​ដល់​​​ គ្រូ​បង្រៀន​និង​ប្រជាពលរដ្ឋ​​ រាប់ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ។

មន្ទីរ​ពេទ្យ​​កុមារ​នេះ​គឺ​ជា​មន្ទីរ​មួយ​ទៀត​ដែល​ផ្ដល់​ការ​ព្យាបាល​កុមារ​ដោយ​ឥត​គិត​ថ្លៃ ដូច​ទៅ​នឹង​មន្ទីរ​គន្ធ​បុប្ផាដែរ៕