ភ្នំពេញ៖ ស្រាបៀរគ្មានជាតិអាល់កុលដំបូងដែលណែនាំដោយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺស្រាបៀរ Heineken® 0.0 គ្រោងនឹងដាក់លក់នៅថ្ងៃទី២២ ខែកក្កដា ដោយផ្តល់ជូនអតិថិជននូវឱកាសរីករាយជាមួយស្រាបៀរស្រស់ៗគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។
ការដាក់លក់ស្រាបៀរគ្មានជាតិអាល់កុលនេះ ត្រូវបានធ្វើឡើងស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការលក់ដូរប្រកបដោយការទទួលខុសត្រូវ និងអបអរខួបលើកទី៣០របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ស្រាបៀរគ្មានជាតិអាល់កុល មានគោលបំណងផ្តល់នូវជម្រើសភេសជ្ជៈចម្រុះសម្រាប់អ្នកចង់ទទួលទានស្រាបៀរ តែមិនចូលចិត្ដគ្រឿងស្រវឹងដែលមានបំណងចង់ចូលរួមសង្គម និងបើកបរប្រកបដោយការទទួលខុសត្រូវ។
ផលិតផលថ្មីនេះគឺជាការបន្ថែមដ៏សំខាន់មួយទៅកាន់ទីផ្សារក្នុងស្រុក ដែលឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងឆ្ពោះទៅរកការទទួលទានស្រាកម្រិតមធ្យម និងប្រកបដោយការទទួលខុសត្រូវ។
អ្នកស្រី Anne De Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការច្នៃប្រឌិត និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។
អ្នកស្រីបានថ្លែងថា៖ «យើងបានប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និងផលិតស្រាបៀរដែលមានគុណភាព ក៏ដូចជាការតស៊ូមតិលើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ ស្រាបៀរ Heineken® 0.0 ផ្តល់ជូននូវជម្រើសគាំទ្រវប្បធម៌នៃការទទួលទានក្នុងកម្រិតសមស្រប ឬពេលខ្លះមិនប្រើប្រាស់គ្រឿងស្រវឹងទាល់តែសោះ»។
អ្នកស្រីបានបន្ដថា៖ «ការទទួលទានក្នុងកម្រិតសមល្មមគឺជាវិធីសាស្ត្រល្អបំផុតដើម្បីបង្កើតមានឱ្យបទពិសោធន៍ដ៏រីករាយរួមគ្នាពិត។ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» គឺជាយុទ្ធនាការដ៏ល្បីរបស់យើងដែលផ្សព្វផ្សាយសារប្រឆាំងការបើកបរពេលស្រវឹង»។
អ្នកស្រី De Graaf បាននិយាយថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនវិនិយោគប្រមាណ ១០ ភាគរយនៃការចំណាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។
អ្នកស្រីបានលើកឡើងថា ស្រាបៀរនេះត្រូវបានផលិតឡើងដោយសារធាតុផ្សំពីធម្មជាតិរួមមានទឹក ម្សៅស្រូវសាលី សារធាតុចម្រាញ់ពីហប និងមេដំបែលលេខមួយរបស់ក្រុមហ៊ុនផ្ទាល់។
ជាតិអាល់កុលត្រូវបានយកចេញតាមរយៈម៉ាស៊ីនចម្រាញ់ និងលាយជាមួយនឹងរសជាតិធម្មជាតិបង្កើតឱ្យមានរសជាតិសមតុល្យយ៉ាងល្អឥតខ្ចោះជាមួយនឹងរសជាតិផ្លែឈើ និងស្រូវសាលីដ៏ស្រទន់។ ដំណើរការផលិតយ៉ាងល្អិតល្អន់នេះធានាបាននូវបទពិសោធន៍ដ៏ពេញចិត្តសម្រាប់អ្នកចូលចិត្តស្រាបៀរ។
យោងតាមក្រុមហ៊ុនបានឱ្យដឹងថា ស្រាបៀរ Heineken 0.0 ត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០១៧មក ហើយប្រទេសកម្ពុជានឹងក្លាយជាទីផ្សារទី ១១៥។
ក្រុមហ៊ុន HEINEKEN បានឱ្យដឹងថា ខ្លួននៅតែបន្តដឹកនាំប្រភេទភេសជ្ជៈគ្មានជាតិអាល់កុល ដោយមានជម្រើសជាតិអាល់កុលជាង ២៤៥ នៅទូទាំង ១១៥ ប្រទេស។
ថ្មីៗនេះ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ពិសេសមួយសម្រាប់សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តល់ជូននូវការភ្លក់រសជាតិ Heineken® 0.0 ជាមុន។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ 1994 ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលមានផលិតផល Heineken®, Tiger, ABC, Anchor, និង Gold Crown ក៏បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើត «ក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា» នេះ។
ក្រមដែលគាំទ្រដោយក្រុមហ៊ុន រួមមាន Heineken, Cambrew, សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ Spirit (WSBIDA) និង Asia Pacific International Spirits and Wines Alliance (APISWA) អនុវត្តចំពោះគ្រប់ទម្រង់នៃទំនាក់ទំនងពាណិជ្ជកម្ម និងការផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹងភេសជ្ជៈមានជាតិអាល់កុល។
បទប្បញ្ញត្តិសំខាន់ៗ រួមមានការប្រកាន់ខ្ជាប់នូវច្បាប់ដែលពាក់ព័ន្ធ ការរក្សាភាពសមរម្យ និងភាពស្មោះត្រង់ក្នុងការផ្សាយពាណិជ្ជកម្ម និងការគោរពអ្នកដែលជ្រើសរើសមិនសេពគ្រឿងស្រវឹង។
អតិថិជននៅក្នុងប្រទេសកម្ពុជាអាចរីករាយជាមួយស្រាបៀរ Heineken® 0.0 ដែលចាប់ផ្តើមពីថ្ងៃទី ២២ ខែកក្កដា។
ផលិតផលនេះនឹងមានលក់នៅតាមហាងលក់រាយឈានមុខគេ រួមមាន Makro, Aeon, និង 7-Eleven ដែលធានាបាននូវភាពងាយស្រួលសម្រាប់អ្នកដែលស្វែងរកភេសជ្ជៈស្រស់ៗ គ្មានជាតិអាល់កុល៕