ខេត្ដបាត់ដំបង៖ នៅក្នុងភូមិបាក់ព្រា ស្ថិតនៅដាច់ស្រយាលនៃស្រុកឯកភ្នំ សិស្សសាលាតូចៗកំពុងតែរៀនគូរគំនូរក្នុងថ្នាក់រៀន។ ខ្មៅដៃរបស់កុមារីម្នាក់គូសរំលេចរូបរាងផ្ទះ និងដើមឈើ ជាទិដ្ឋភាពនៅជុំវិញផ្ទះរបស់ខ្លួន ដែលបានឃើញរៀងរាល់ថ្ងៃ។
សកម្មភាពគូរគំនូរនេះ ទាំងសាមញ្ញ និងស៊ីជម្រៅ គឺជាសក្ខីភាពនៃការផ្លាស់ប្តូរនៃសិល្បៈ ដែលត្រូវបានរៀបចំឡើងនៅតាមជនបទ តាមរយៈការខិតខំប្រឹងប្រែងប្រកបដោយចក្ខុវិស័យរបស់លោក ប៉ោយ ឈុនលី ស្ថាបនិកនៃសិល្បៈជំនោរសិល្បៈ និងជាកម្លាំងជំរុញនៅពីក្រោយ «ដំណើរសិល្បៈទៅតំបន់ដាច់ស្រយាល»។
លោក ឈុនលី ជាវិចិត្រករមានស្រុកកំណើតនៅខេត្តបាត់ដំបង ប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការបង្កើតគំនិតច្នៃប្រឌិតក្នុងចំណោមសហគមន៍ក្រីក្រ កង្វះលទ្ធភាពទទួលបានការអប់រំសិល្បៈនៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា។
លោក ឈុនលី ជាអ្នករៀបចំកម្មវិធី «ដំណើរសិល្ប:ទៅតំបន់ដាច់ស្រយាល» ហើយជាកម្មវិធីលើកទីពីរចុះទៅកាន់ភូមិបាក់ព្រា និងជាកម្មវិធីលើកទី ៧ ដែលចាប់ផ្ដើមកាលពីខែមករា ហើយវាជាកម្មវិធីទីបី នៃគោលដៅគម្រោង។
អ្នករៀបចំគម្រោងរូបនេះបានឱ្យដឹងថា៖ «កម្មវិធីលើកទី ២ នៅភូមិបាក់ព្រារ គឺជាការបង្រៀនសិល្បៈគំនូរវគ្គបន្ដដល់កុមារ ដោយភ្ជាប់ទៅជាមួយនូវសម្ភារមួយចំនួន ដែលទទួលបានពីបងប្អូនអ្នកគាំទ្រសិល្បៈមកពីបាត់ដំបង និងភ្នំពេញ»។
លោកបន្ដថា កម្មវិធីទីមួយ គឺជាការបង្រៀនមូលដ្ឋានគ្រឹះនៃការគូរគំនូរអំពីវត្ថុដែលពួកគេមើលឃើញនៅជុំវិញផ្ទះ។
ការបង្រៀនវគ្គទីមួយ ដែលមានកុមារចូលរួម ១៤០នាក់ ទទួលបានការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះនេះ ដោយប្រមាណ ២០ភាគរយ ដែលមិនអាចបង្កើតលទ្ធភាពល្អចំពោះការចូលរួមសិក្ខាសាលាពេញមួយថ្ងៃ។
ជាមួយសកម្មភាពបង្រៀនវគ្គពីរ ដែលរៀបចំឡើងនៅថ្ងៃទី១ ខែកញ្ញានេះ មានលក្ខណៈពិសេសបន្ដិចដោយគ្រូស្ម័គ្រចិត្ដ រួមទាំងក្រុមការងារធ្វើដំណើរតាមផ្លូវទឹកនៃដងស្ទឹងសង្កែ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នៅថ្ងៃនោះ យើងចាប់ផ្ដើមបង្រៀនពួកគាត់ឱ្យចេះប្រើប្រាស់បច្ចេកទេសនៃការលាយពណ៌ ប្រើដោយរបៀបណា លាងជក់របៀបណាដើម្បីរក្សាសម្រាប់ប្រើប្រាស់បានយូរ និងផ្សេងៗទៀត»។
ក្រោយការបង្រៀនបច្ចេកទេស កុមារចាប់ផ្ដើមរៀនផាត់ពណ៌ជាមួយគំនូរដែលពួកគេបានគូរដោយខ្លួនឯង ដែលមានរយៈពេលមួយថ្ងៃពេញ។
ស្នាដៃកុមារទាំងនោះត្រូវបានប្រមូលមកវាយតម្លៃថា តើនរណាគូរបានល្អ យកចិត្ដទុកដាក់ជាងគេ នរណាស្រឡាញ់ការងារខ្លួនឯង និងមានភាពអំណត់ ដោយចង់ចូលរួមក្នុងវិស័យសិល្បៈនេះបន្ដទៀត។
អ្នកមានសា្នដៃល្អនឹងទទួលបានរង្វាន់ជាសម្ភារគំនូរនៅតាមលេខរៀងលំដាប់លំដោយ ដែលអ្នកឈ្នះជ័យលាភីល្អជាងគេ នឹងទទួលបានរង្វាន់ធំ ដូចជា សៀវភៅសម្រាប់គូរមួយក្បាល ខ្មៅដៃពណ៌មួយប្រអប់ ខ្មៅដៃគូរពីរដើម ជ័យលប់។
រង្វាន់ទាំងនេះ ត្រូវបានត្រៀមសម្រាប់អ្នកទទួលជ័យលាភីល្អចំនួន ២០ នាក់ ក្នុងចំណោមអ្នកចូលរួមប្រមាណជាង ១០០នាក់ ដើម្បីចម្រាញ់យកកុមារដែលមានទេពកោសល្យចង់រៀនសិល្បៈគំនូរពិតប្រាកដ។
លោក ឈន់លី បានឱ្យដឹងថា៖ «យើងជ្រើសរើសយកភូមិបាក់ព្រា វាជាភូមិដាច់ស្រយាលមួយនៅស្រុកឯកភ្នំ ស្ថិតនៅភាគខាងជើងនៃក្រុងបាត់ដំបង។ ក្មេងៗក្នុងភូមិនេះ មានឱកាសតិចចំពោះលទ្ធភាពរៀនសិល្បៈ។ ពួកគាត់អាចរៀនជំនាញផ្សេងដែរ តែចំពោះអ្វីដែលយើងចេះ យើងចង់ផ្ដល់ឱកាសឱ្យពួកគាត់បានរៀនសិល្បៈនេះ»។
លោកបានបន្ដថា លើកលែងតែខែប្រាំង អ្នកភូមិបាក់ព្រាដែលធ្វើដំណើរតាមផ្លូវគោក តែបើខែវស្សា ទឹកច្រើនមែនទែន ដោយប្រជាជនត្រូវឆ្លងទូកយូរ និងចំណាយនៃការធ្វើដំណើរក៏ច្រើន ដែលស្ទើតែទៅប៉ោយប៉ែត ឬភ្នំពេញ។
ទាំងកុមារ និងយុវជន អាចចូលរៀនសិល្បៈពីគម្រោង «ដំណើរសិល្ប:ទៅតំបន់ដាច់ស្រយាល» បានដូចគ្នា ដោយលោក ឈន់លី រំពឹងថា ពួកគេនឹងក្លាយជាអ្នកសិល្បៈប្រចាំនៅភូមិបាក់ព្រា ក្រៅពីការងារនេសាទ។
លោកបានឱ្យដឹងថា គម្រោងនេះបានកំណត់គោលដៅចំនួន ៤ ស្រុកនៅក្នុងខេត្ដបាត់ដំបង ជាមួយទិសខាងជើងដោយយកភូមិបាក់ព្រានៃស្រុកឯកភ្នំ ទិសខាងលិចដោយយកស្រុកថ្មគោល ទិសខាងត្បូងយកស្រុកបាណន់ និងស្រុកមោងឫស្សីនៅទិសខាងកើត។
ជាមួយសកម្មភាពលើកតម្លៃស្នាដៃសិល្បៈ លោកបាននិយាយថា៖ «ក្នុងឆ្នាំទីមួយ យើងបានសម្រេចក្នុងការចុះទៅបង្រៀនកុមារ និងយុវជនអំពីសិល្បៈនៅតាមគោលដៅស្រុកទាំង ៤ ទៅតាមផែនការ។ កុមារ និងយុវជនបានចូលរួមចំនួន ៥០០នាក់ ក្នុងសកម្មភាពទាំង ៧ លើក»។
លោកបានកត់សម្គាល់ថា ចំណោម ៥០០នាក់ អ្នកមានទេពកោសល្យសិល្បៈល្អមានចំនួន ១០០នាក់ អ្នកគូរបានមធ្យមចំនួន ១៥០នាក់ ហើយសល់ប៉ុន្មានជាអ្នកគូរកម្រិតទាប។
តាមរយៈការលើកទឹកចិត្ដ លោក ឈុនលី បានមើលឃើញពីចំណាប់អារម្មណ៍របស់កុមារ និងយុវជនចំពោះសិល្បៈ ជាមួយចំនួនអ្នកចូលរួមចេះតែកើនឡើងជាបន្ដបន្ទាប់ គូរល្អជាងមុន មានគំនិតទូលាយទូលាយជាងមុន ក៏ដូចជាមានទំនាក់ទំនងល្អជាងមុន៕