ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នឹងចាប់ផ្ដើមនៅខេត្តសៀមរាបនៅសប្ដាហ៍ក្រោយនេះ ដែលលើកទឹកចិត្តឲ្យអ្នកផលិតមាតិកាចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ វប្បធម៌ ប្រពៃណីខ្មែរ អមជាមួយនឹងការផ្ដល់ឱកាសឲ្យភ្ញៀវទេសចរភ្លក់រស់ជាតិម្ហូបខ្មែរដ៏ឈ្ងុយឆ្ញាញ់។
«ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍រៀបចំឡើងដោយសមាគមសិល្បករខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ក្នុងទឹកដីខេត្តសៀមរាប ដើម្បីលើកកម្ពស់ការទស្សនាតំបន់ទេសចរណ៍នានានៅក្នុងខេត្តដែលសម្បូរទៅដោយសម្បត្តិវប្បធម៌មួយនេះ។
ព្រឹត្តិការណ៍នេះជាផ្នែកមួយនៃ«ទស្សនាសៀមរាប ឆ្នាំ២០២៤» ដែលដាក់ចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីដើមឆ្នាំនេះ ដើម្បីជំរុញឲ្យវិស័យទេសចរណ៍នៅខេត្តនេះងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងដំណំពីជំងឺកូវីដ១៩។
បើតាមព័ត៌មាននៅលើបណ្ដាញសង្គមរបស់លោកនាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះ ពិធីនេះនឹងរៀបចំនៅលើអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរមណីដ្ឋានអង្គរ ដែលរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ និងកម្មវិធីផ្សេងៗមួយចំនួនទៀតដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមកម្សាន្ត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមឲ្យបានច្រើនកុះករ។
លោក សេត គឹមសឿន ទីប្រឹក្សាសមាគមសិល្បករខ្មែរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ព្រឹត្តិការណ៍នេះនឹងផ្ដោតទៅលើការផលិតមាតិការបស់អ្នកចូលរួមជួយផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ ដោយផ្អែកទៅលើប្រធានបទផ្សេងៗរាប់ចាប់ពីវប្បធម៌ ប្រពៃណី សម្លៀកបំពាក់ តំបន់ទេសចរណ៍ និងម្ហូបអាហារ។
លោកនិយាយថា៖ «ដល់ថ្ងៃទី១៥ គឺជាថ្ងៃដែលយើងមានកម្មវិធីធំ ដូចជាការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ ការបង្ហាញពីមុខម្ហូបខ្មែរដែលអាចឲ្យភ្ញៀវទេសចរដែលមកលេងតំបន់អង្គរអាចភ្លក់រស់ជាតិម្ហូបខ្មែរប្លែកៗនិងឆ្ងាញ់ៗរបស់យើង»។
សម្រាប់ការផលិតមាតិកាសម្រាប់ផ្សព្វផ្សាយ លោក គឹមសឿន បញ្ជាក់ថាអ្នកចូលរួមអាចជ្រើសរើសប្រធានបទ ហើយអាចជ្រើសរើសទីតាំងដែលពួកគេចង់ថត។ ប៉ុន្តែ ខ្លឹមសារនៃមាតិកានីមួយៗនឹងទទួលបានការផ្ដល់មតិយោបល់ពីអ្នកជំនាញជាមុនសិនមុននឹងបង្ហោះនៅលើបណ្ដាញសង្គម ដើម្បីចៀសវាងកុំឲ្យមានការប៉ះពាល់ទៅលើវប្បធម៌។
លោកស្រី ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែសីហាថា កម្មវិធី«ស្នាមញញឹមនៃកម្ពុជា» គឺជាការចូលរួមរបស់សមាគមសិល្បករខ្មែរ ដោយយកចិត្តទុកដាក់ទៅលើវិស័យសិល្បៈវប្បធម៌ផង និងផ្សារភ្ជាប់វិស័យនេះទៅនឹងវិស័យទេសចរណ៍ផងដែរ៕