ភ្នំពេញ៖ កាលពីខែសីហា ឆ្នាំ១៩៧០ វីដេអូដែលបង្ហាញពីយុវតី គីម ស៊ីថាណារី ជាសិស្សអាយុ ១៩ឆ្នាំ បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ។
វីដេអូដែលថតសម្រាប់កម្មវិធី This Week របស់ទូរទស្សន៍ Thames ដោយលោក Llew Gardner ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមដោយបង្ហាញពីភាពក្លាហានរបស់អតីតយុវតី ស៊ីថាណារី អំឡុងពេលកម្ពុជាស្ថិតក្នុងភាពចលាចល។
ខ្សែវីដេអូបង្ហាញថា ស៊ីថាណារី និងមិត្តរួមថ្នាក់ហ្វឹកហាត់កុម្ម៉ង់ដូ ជាការបង្ហាញយ៉ាងច្បាស់អំពីការត្រៀមខ្លួនការពារប្រទេសរបស់ពួកគេ។
ដោយនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ស៊ីថាណារី បានប្រកាសពីការត្រៀមខ្លួនក្នុងការប្រឈមមុខនឹងពួកវៀតកុង ដែលជាសក្ខីភាពមួយចំពោះការតាំងចិត្តមិនងាករេរបស់យុវតីខ្មែរ។
អ្នកស្រី ស៊ីថាណារី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ពេលឃើញវីដេអូនេះ ខ្ញុំរំភើប ពីព្រោះកូនខ្មែរបានគាំទ្រលើសកម្មភាពស្នេហាជាតិរបស់ខ្ញុំ។ ខ្ញុំក៏សប្បាយចិត្ដចំពោះកូនសិស្សខ្លះទៀត ដែលអាយុប្រហាក់ប្រហែលខ្ញុំបានហ្វឹកហាត់កុម៉ង់ដូសម្រាប់សិស្សមធ្យមសិក្សា»។
អតីតយុវតីក្លាហានរូបនេះបានបន្ដថា៖ «ខ្ញុំចង់បញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺជាតិរបស់យើង ជនជាតិខ្មែរយើង ធ្វើយ៉ាងណាដើម្បីកុំឲ្យមានគេប៉ុនប៉ងលប់យើងចេញពីផែនទីពិភពលោក»។
អតីតសិស្សវិទ្យាល័យបឹងត្របែករូបនេះ បានឱ្យដឹងថា អត្ថន័យភាគច្រើនត្រូវបានកាត់ចេញនោះ គឺជាការលើកឡើងអំពីអំពើឈ្លានពានរបស់វៀតណាមមកលើប្រទេសកម្ពុជាតាំងពីរាប់រយ រាប់ពាន់ឆ្នាំ ខណៈកម្ពុជាចង់បានតែសន្ដិភាព។
អ្នកស្រី បានបង្ហាញការភ្ញាក់ផ្អើលនៅពេលបានឃើញវីដេអូនៃបទសម្ភាសអំឡុងឆ្នាំ១៩៧០ កាលពីពីរបីឆ្នាំមុននេះថា វីដេអូព័ត៌មានរបស់អង់គ្លេសនោះត្រូវបានផ្សព្វផ្សាយនៅក្រៅប្រទេស ហើយពេលបានឃើញលើកដំបូងក្រោយបទសម្ភាសរយៈពេល ៥២ ឆ្នាំ។
បច្ចុប្បន្នអ្នកស្រីមានអាយុ ៧៤ ឆ្នាំ និងរស់នៅក្នុងសហរដ្ឋអាមេរិក។
អ្វីដែលចងចាំបំផុត គឺជាឱកាសដែលអ្នកស្រីអាចបញ្ចេញមតិរបស់ខ្លួន។ ក្នុងចំណោមសិស្ស ៧-៨នាក់ ពួកគេសុទ្ធតែបានបញ្ចេញមតិគ្រប់ៗគ្នាក្នុងវីដេអូសម្ភាសនោះ តែគេជ្រើសយកតែអ្នកស្រីម្នាក់ឯង ហើយអត្ថន័យជាច្រើនត្រូវបានកាត់។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំអត់សូវសប្បាយចិត្ដ ដែលគេបានដកសម្ដីរបស់ខ្ញុំចេញភាគច្រើន។ នេះជាអ្វីដែលខ្ញុំចងចាំបំផុត។នៅក្នុងវីដេអូនោះ ខ្ញុំនិយាយច្រើនជាងនេះទៀត តែត្រូវបានដកអស់ភាគច្រើន ដើម្បីសម្រួចគោលដៅថា ខ្ញុំគឺជាទាហានរបស់លន់ នល់»។
អ្នកស្រី ស៊ីថាណារី កើតនៅបាត់ដំបង ហើយក្រោយមកមករស់នៅទីក្រុងភ្នំពេញ ទទួលបានជំនាញភាសាអង់គ្លេសអំឡុងពេលស្នាក់នៅសហរដ្ឋអាមេរិករយៈពេលបួនឆ្នាំជាមួយពូ ជាមន្ដ្រីទូតតាំងពីអាយុប្រាំបួនឆ្នាំ។
នៅដើមឆ្នាំ១៩៧២ អ្នកស្រី ស៊ីថាណារី បានសម្រេចចិត្ដចាកចេញពីមាតុភូមិទៅសហរដ្ឋអាមេរិក ដែលអ្នកស្រីបានអះអាងថា ក្នុងគោលបំណងដែលនាំឱ្យអ្នកស្រីទៅសហរដ្ឋអាមេរិក។
អ្នកស្រី បានឱ្យដឹងថា ទីមួយ នៅកម្ពុជាមិនមានសាកលវិទ្យាល័យបង្រៀនជាភាសាអង់គ្លេស ក្រៅពីបារាំង ដោយសារអ្នកស្រីមិនសូវពូកែភាសាបារាំង ហើយមួយវិញទៀត វាពាក់ព័ន្ធនឹងបញ្ហាសន្ដិសុខផ្ទាល់ខ្លួន ពីព្រោះយោងតាមសាច់ញាតិជាអ្នកធ្វើការផ្នែកស៊ើបអង្កេតបានឱ្យដឹងថា វៀតណាមខាងជើងមិនសប្បាយចំពោះបទសម្ភាសរបស់អ្នកស្រីឡើយ។
ដោយមិនចង់ភ្ជាប់ខ្លួនជាមួយរឿងនយោបាយ អ្នកស្រី ស៊ីថាណារី បានបញ្ជាក់ថា៖ «តាមពិត ខ្ញុំអត់បានដឹងថា វីដេអូសម្ភាសនោះត្រូវបានផ្សព្វផ្សាយយ៉ាងដូចម្ដេច ឬគេកាត់តយ៉ាងមេចតាំងពីដើមមក។ ឪពុកម្ដាយខ្ញុំសម្រេចឱ្យខ្ញុំទៅអាមេរិកដោយសារបងស្រីធំរបស់ខ្ញុំនៅអាមេរិក ដែលបានអាហារូបករណ៍ទៅរៀននៅទីនោះតាំងពីឆ្នាំ១៩៦០»។
ថ្វីដ្បិតតែមិនបានហែលឆ្លងរបបប៉ុលពតយ៉ាងណាក៏ដោយ ក៏អតីតនារីក្លាហានរូបនេះ បានបន្ដថា សាច់ញាតិរបស់អ្នកស្រីមានច្រើនណាស់ ដែលរងទុក្ខក្នុងរបបខ្មែរក្រហម ហើយអ្នកស្រីក៏បានចែករំលែកបទពិសោធតស៊ូក្នុងការសិក្សានៅក្រៅប្រទេស។
អ្នកស្រី ស៊ីថាណារី ដែលបានមកលេងមាតុភូមិកំណើតរយៈពេលជាង៣សប្ដាហ៍មុន បានឱ្យដឹងថា ជនភៀសខ្លួនជួបការលំបាកម្យ៉ាងដោយរត់ចេញពីរបបប៉ុលពត។ ប៉ុន្ដែពួកគេត្រូវបានទទួលស្វាគមន៍យ៉ាងពិសេសពីរដ្ឋាភិបាលអាមេរិកទាំងថវិកា ស្បៀង លំនៅឋាន និងសេវាកម្មផ្សេងៗដោយឥតគិតថ្លៃ។
អ្នកស្រីបានបញ្ជាក់ថា៖ «គេសួរថា តើហេតុអ្វីអ្នកទៅអាមេរិកពីដើមមានជីវភាពក្រជាងអ្នកភៀសខ្លួន។ អ្នកទៅខ្លួនឯង ត្រូវរស់ដោយខ្លួនឯង ដែលមិនទទួលបានការគាំពារពីរដ្ឋាភិបាលអាមេរិកហ្វ្រីៗនោះទេ»។
ដោយការទិដ្ឋការជាសិស្ស និស្សិតកម្ពុជាដែលទៅសិក្សាដោយខ្លួនឯងមិនត្រូវបានអនុញ្ញាតពីរដ្ឋអាមេរិកឱ្យនិស្សិតធ្វើការដើម្បីផ្គត់ផ្គង់ការសិក្សានោះទេ។
ក្នុងពេលសិក្សាផ្នែកប្រវត្ដិសាស្ដ្រអន្ដរជាតិ និស្សិតក្នុងវ័យ២១ឆ្នាំរូបនេះ ត្រូវលួចធ្វើការនៅហាងសម្លៀកបំពាក់ប្រណិតដើម្បីបំពេញថ្លៃសិក្សា និងការរស់នៅប្រចាំថ្ងៃ ខណៈការចាយវាយប្រាក់ឪពុកម្ដាយពីខ្មែរមួយខែ ២០០ ដុល្លារ វាមិនគ្រប់គ្រាន់សម្រាប់ថ្លៃបង់ការស្នាក់នៅឡើយ។
អ្នកស្រីនិយាយថា អ្នកស្រីមិនធ្លាប់ចាប់អារម្មណ៍រឿងនយោបាយផង ស្រាប់តែត្រូវសិក្សាពីនយោបាយអន្ដរជាតិតាំងពីប្រវត្ដិសាស្ដ្ររ៉ូម៉ាំង។ ដូច្នេះ អ្នកស្រីត្រូវចំណាយពេលស្វ័យសិក្សាដល់ម៉ោង ២-៣ទៀបភ្លឺ បន្ទាប់ពីធ្វើការចិញ្ចឹមជីវិត។
អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ពួកខ្ញុំជានិស្សិតប្រហែល ២០នាក់ ត្រូវចំណាយគ្រប់យ៉ាងទាំងអស់។ យើងទិញពងមាន់ កមាន់ ស្ងោរញាំចែកគ្នាចឹងទៅ»។
មិនមែនតែនិស្សិតពីកម្ពុជានោះទេ និស្សិតមកពីបណ្ដាប្រទេសទៀត រួមទាំង និស្សិតបារាំង និងអង់គ្លេស ត្រូវលួចធ្វើការ ភ្នែកនៅកញ្ចឹងក។
នៅឆ្នាំ ២០០៣ អ្នកស្រី ស៊ីថាណារី បានត្រឡប់មកកម្ពុជាវិញជាលើកដំបូង ចាប់តាំងពីការចាកចេញរបស់អ្នកស្រី ជាដំណើរដែលរំជើបរំជួលនូវការចងចាំ និងអារម្មណ៍ជាច្រើន។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំសប្បាយ ពីព្រោះទីមួយ ចម្បាំងវាបានបញ្ចប់យូរហើយ ហើយទីពីរ ខ្ញុំមើលឃើញស្រុកចេះតែចម្រុងចម្រើន ទោះមិនបានលឿនខ្លាំង។ យើងមិនអាចរំពឹងលើសពីនេះច្រើនទេ ដោយសារថ្នាក់ដឹកនាំខិតខំធ្វើឱ្យរីកចម្រើនប៉ុណ្ណឹង វាពិតជាប្រសើរ។ ខ្ញុំមិនអាចស្ដីបន្ទោសទេ ខ្ញុំមានតែការសរសើរដែលគេអ្នកដឹកនាំធ្វើឱ្យចម្រុងចម្រើន»៕