ភ្នំពេញ៖ នៅក្នុងយុគសម័យឌីជីថល ដែលបណ្ដាញសង្គមដើរតួយ៉ាងសំខាន់ក្នុងការចែករំលែកអ្វីៗគ្រប់យ៉ាងនូវបច្ចុប្បន្នភាព ប្រជាពលរដ្ឋកម្ពុជាខ្លះប្រើប្រាស់បណ្ដាញសង្គមក្នុងការស្វែងរកសមាជិកគ្រួសារដែលបាត់បង់ក្នុងរបបខ្មែរក្រហមជាង ៤០ឆ្នាំមុន។
តាមរយៈក្រុមហ្វេសប៊ុក «មនុស្សបាត់ខ្លួនក្នុងរបបខ្មែរក្រហម» បុគ្គលមកពីជុំវិញពិភពលោកកំពុងបង្ហោះស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេ ដោយសង្ឃឹមថានឹងបានជួបជុំជាមួយសាច់ញាតិវិញ បន្ទាប់ពីការបែកគ្នារាប់ទសវត្សរ៍។
ជាមួយនឹងសមាជិកជាង ៩ពាន់នាក់ ក្រុមនេះបានក្លាយជាពន្លឺនៃក្តីសង្ឃឹមមួយដែលអនុញ្ញាតឱ្យអ្នកនៅរស់រានមានជីវិត និងកូនចៅរបស់ពួកគេប្រមូលផ្តុំគ្នានូវបំណែកនៃប្រវត្តិសាស្ត្រដែលរបបឃោរឃៅបានធ្វើឱ្យព្រាត់ប្រាស់។
នៅខែមីនា ឆ្នាំ២០២៤ អ្នកស្រី អ៊ុក វឺជីនី ដែលរស់នៅក្នុង South Melbourne ប្រទេសអូស្ត្រាលីបានបង្ហោះការអង្វរនៅលើទំព័ររបស់ក្រុម។
ម្តាយរបស់អ្នកស្រីឈ្មោះ សុជាតា ផាង បានស្វែងរកមិត្តវិទ្យាល័យឈ្មោះ បាក់លី សៀងហៃ ចាប់តាំងពីរបបនេះបានបំបែកគ្រួសារនិងមិត្តភាពនៅចុងទសវត្សរ៍ឆ្នាំ១៩៧០។
អ្នកស្រី អ៊ុក វឺជីនី បានពន្យល់ថា៖ «ក្នុងឆ្នាំ១៩៨៣ មិត្តម្នាក់នោះបានផ្ញើរសំបុត្រទៅម្តាយរបស់ខ្ញុំនៅប្រទេសបារាំងពីប្រទេសអូស្ត្រាលី។ ទោះជាយ៉ាងណាក៏ដោយ គាត់ទើបតែបានរកឃើញសំបុត្រនោះកាលពីប៉ុន្មានសប្តាហ៍មុន»។
ការស្វែងរកសាច់ញាតិនិងមិត្ដភក្ដិនេះជាបុគ្គលម្នាក់ដែលបានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសបារាំង និងអូស្ត្រាលីដែលមិនបានទាក់ទងគ្នា។
អ្នកស្រី វឺជីនី បានភ្ជាប់រូបភាពម្តាយរបស់អ្នកស្រី ដោយសង្ឃឹមថា មានអ្នកអាចស្គាល់មិត្តភក្ដិរបស់ម្ដាយខ្លួនហើយជួយឱ្យពួកគេទាក់ទងគ្នាឡើងវិញ។
សម្រាប់មនុស្សជាច្រើន ដូចជា លី ម៉ារី ដែលឥឡូវនេះរស់នៅក្នុងទីក្រុង Fremantle ភាគខាងលិចប្រទេសអូស្ត្រាលី ការស្វែងរកសាច់ញាតិដែលបានបាត់បង់ក្នុងរបបខ្មែរក្រហមនាំមកនូវក្តីសង្ឃឹម និងទុក្ខព្រួយ។
នៅក្នុងការបង្ហោះខែសីហាឆ្នាំ២០២៤ អ្នកស្រី ប៉ារី បានសរសេរថា៖ «ម្តាយរបស់ខ្ញុំបានបាត់បង់ពួកគេនៅក្នុងប្រទេសកម្ពុជា ...»។
អ្នកស្រីក៏បានងាកមកក្រុមហ្វេសប៊ុកនេះជាមធ្យោបាយចុងក្រោយ ដោយបានធ្វើការបង្ហោះសារជាច្រើនរាប់មិនអស់ដើម្បីស្វែងរកអ្នកដែលអាចស្គាល់គ្រួសារ ប៉ុន្តែការស្វែងរកនេះមិនទទួលបានផ្លែផ្កាឡើយ។
អ្នកស្រីបានសរសេរបន្ដថា៖ «សូមកុំផ្ដោតលើឈ្មោះពីព្រោះអក្ខរាវិរុទ្ធភាសាអង់គ្លេសមានការខុសឆ្គង តែជាភិនភាគលើរូបភាព»។
លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានតាមដានយ៉ាងដិតដល់នូវរឿងរ៉ាវរបស់ពលរដ្ឋដែលចងក្រងជាក្រុមនេះ។
លោកបានសរសើរការប្រើប្រាស់ ប្លេតហ្វម នេះដោយនិយាយថា៖ «នេះជាទង្វើដ៏ថ្លៃថ្នូរ។ ខ្ញុំដឹងគុណចំពោះគំនិតផ្តួចផ្តើមរបស់ពួកគេ និងមានកិត្តិយសដែលបានជួយពួកគេក្នុងអ្វីដែលអាចធ្វើទៅបាន»។
មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្ទុកទិន្នន័យប្រវត្តិសាស្ត្រជាងមួយលានពីសម័យខ្មែរក្រហមនៅតែបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងបែបនេះ ដោយផ្តល់ធនធានដែលអាចជួយអ្នកនៅរស់រានមានជីវិតស្វែងរកសាច់ញាតិដែលបាត់ខ្លួន។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការកត់ត្រាអំពើឃោរឃៅសម្រាប់មនុស្សជំនាន់ក្រោយ លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងបន្តចងក្រងឯកសារអំពីអ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហម»។
ការងាររបស់លោក យុ និងរឿងដែលបានបង្ហោះក្នុងក្រុមហ្វេសប៊ុក បង្ហាញពីគម្លាតសំខាន់ៗនៅក្នុងប្រវត្តិសាស្ត្រគ្រួសារខ្មែរដែលបណ្តាលមកពីរបបនេះ។
លោកបានពន្យល់ថា៖ «មានករណីចំនួនបីដែលមនុស្សត្រូវបានបំបែក។ សង្គ្រាមរវាងឆ្នាំ ១៩៧០ និង ១៩៧៥ បានបែងចែកប្រទេសកម្ពុជារវាង «តំបន់រំដោះ» ដែលគ្រប់គ្រងដោយខ្មែរក្រហម និងតំបន់ដែលគ្រប់គ្រងដោយសាធារណរដ្ឋខ្មែរដឹកនាំដោយឧត្តមសេនីយ៍ លន់ នល់»។
សង្គ្រាមនេះមិនត្រឹមតែបំបែកភាពស្មោះត្រង់ផ្នែកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កជម្លោះរវាងសមាជិកគ្រួសារដោយមានការប្រយុទ្ធគ្នាខ្លះៗពីភាគីម្ខាងទៀត។
រលកទីពីរនៃការបែកបាក់បានកើតឡើងជាមួយនឹងជ័យជម្នះរបស់ខ្មែរក្រហមនៅខែមេសា ឆ្នាំ១៩៧៥។ របបនេះបានអនុវត្តគោលនយោបាយដែលនាំឱ្យការរុះរើចង្កោមគ្រួសារ។
លោក យុ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ក្រុមការងារតូចៗត្រូវបានបង្កើតឡើងដើម្បីជំនួសអង្គភាពសង្គមពីមុន។ អាពាហ៍ពិពាហ៍ត្រូវបានរៀបចំឡើងដោយអង្គការ កុមារត្រូវបានគេដាក់នៅក្នុងបន្ទប់កុមារ ហើយបានបង្រៀនថា ឪពុកម្ដាយរបស់ពួកគេជាអង្គការ»។
ការបែកបាក់គ្រួសារដោយចេតនានៅក្រោមរបបនេះ រួមជាមួយនឹងការផ្លាស់ទីលំនៅដោយបង្ខំ និងជំរុំការងារ ធ្វើឱ្យមានការលំបាកសម្រាប់អ្នករស់រានមានជីវិតក្នុងការតាមដានមនុស្សជាទីស្រឡាញ់របស់ពួកគេ សូម្បីតែបន្ទាប់ពីការដួលរលំនៃរបបនេះភ្លាមៗក៏ដោយ។
រលកទីបី និងចុងក្រោយនៃការព្រាត់ប្រាស់គ្រួសារបានកើតឡើងបន្ទាប់ពីខ្មែរក្រហមត្រូវបានផ្ដួលរំលំនៅឆ្នាំ ១៩៧៩។ ប្រជាជនកម្ពុជារាប់ពាន់នាក់ ជាជាងត្រឡប់ទៅផ្ទះវិញ បានភៀសខ្លួនទៅភាគខាងលិច ស្វែងរកសិទ្ធិជ្រកកោនតាមព្រំដែនថៃ ឬនៅប្រទេសទីបី។
មនុស្សជាច្រើនបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាតែក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ខណៈពេលដែលអ្នកផ្សេងទៀតបានតាំងទីលំនៅនៅក្រៅប្រទេសជាអចិន្ត្រៃយ៍។ ការធ្វើចំណាកស្រុកដ៏ធំនេះនាំឱ្យមានការភៀសខ្លួន ដោយមានប្រជាជនកម្ពុជារហូតដល់មួយលាននាក់ដែលកំពុងរស់នៅជុំវិញពិភពលោក។
លោក យុ បានថ្លែងថា៖ «ប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម គឺជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្ត្រកម្ពុជានិងពិភពលោក ព្រោះវាផ្តល់នូវការយល់ដឹង និងការណែនាំសំខាន់ៗស្តីពីកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ឧក្រិដ្ឋកម្មដ៏ឃោរឃៅនាពេលបច្ចុប្បន្ននិងអនាគត»។
ប៉ុន្តែការចងក្រងឯកសាររយៈពេលងងឹតនេះមិនមែនគ្រាន់តែការពារការប្រល័យពូជសាសន៍នាពេលអនាគតនោះទេ។ លោក ឆាង យុ បាននិយាយថា ការសិក្សាប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមផ្តល់ឱកាសដើម្បីឆ្លុះបញ្ចាំងលើសំណួររិះគន់អំពីមនុស្សជាតិ រដ្ឋាភិបាលនិងគោលគំនិតជាមូលដ្ឋាននៃសិទ្ធិមនុស្ស។
លោកបន្ដថា ការឆ្លុះបញ្ចាំងទាំងនេះមានសារៈសំខាន់មិនត្រឹមតែសម្រាប់ការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការយល់ដឹងពីអ្វីដែលអនុញ្ញាតឱ្យមានអំពើឃោរឃៅបែបនេះកើតឡើងដំបូង។
សម្រាប់សមាជិករាប់ពាន់នាក់នៅក្នុងក្រុមហ្វេសប៊ុក ការស្វែងរកមនុស្សជាទីស្រឡាញ់ដែលបែកបាក់គ្នា ដូចជា ករណីម្ដាយអ្នកស្រី វឺជីនី និងអ្នកស្រី ម៉ារី ដែលបន្តបង្ហោះរូបភាព និងចែករំលែកអនុស្សាវរីយ៍ដោយសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងជួបជុំគ្នាវិញ។
ដូចដែលលោក យុ បាននិយាយយ៉ាងខ្លីថា៖ «ឯកសារផ្តល់នូវធាតុផ្សំសម្រាប់សង្គមក្រោយជម្លោះ ដើម្បីព្យាបាល ផ្លាស់ប្តូរ និងបន្តពីប្រវត្តិសាស្ត្រដ៏រន្ធត់របស់ពួកគេ»៕