រតនគិរីៈ ផ្លែស្វាយចន្ទីរបស់កសិករក្នុងគម្រោងលើកកម្ពស់ស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើ នៅដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានផលិតជាស្រាប្រណីតជាលើកដំបូងនៅក្នុងអាស៊ីអាគ្នេយ៍ ដែលអាចជួយផ្តល់ប្រាក់ចំណូលបន្ថែមនាថ្ងៃអនាគត តាមរយៈការលក់ទាំងផ្លែ និង គ្រាប់ស្វាយចន្ទី។
ការសាកល្បងផលិត «ស្រាស្វាយចន្ទីមេគង្គដ៏ប្រណីត» នេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការគ្នារវាងគម្រោង USAID មរតកបៃតង និងក្រុមហ៊ុន Seekers Spirits។
យោងតាមព្រឹត្តិបត្រព័ត៌មានប្រចំាខែសីហារបស់ USAID មរតកបៃតង បានឱ្យដឹងថា ផ្លែស្វាយចន្ទី ជាទូទៅត្រូវបានគេបោះចោល បន្ទាប់ពីគ្រាប់របស់វាត្រូវបានប្រមូលយករួច។ ប៉ុន្តែផ្លែទាំងនោះអាចកែច្នៃ ទៅជាផលិតផលមានតម្លៃជាច្រើនប្រភេទបាន ដូចជា ទឹកផ្លែឈើ ឬ ស្រាជាដើម។
USAID មរតកបៃតងបញ្ជាក់ថា៖ «ដោយមើលឃើញនូវគុណតម្លៃនេះ USAID មរតកបៃតង បានសហការជាមួយក្រុមហ៊ុន Seekers Spirits ធ្វើការកែច្នៃផ្លែស្វាយចន្ទីរបស់កសិករដែលមិនកាប់បំផ្លាញព្រៃឈើក្នុងខេត្តរតនគិរី ដើម្បីផលិតចេញជា «ស្រាស្វាយចន្ទីមេគង្គដ៏ប្រណីតដំបូងគេបង្អស់នៅក្នុងតំបន់»។
អ្នកស្រី Tania Unsworth សហស្ថាបនិក និងនាយិកាផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Seekers Spirits បានចែករំលែកគំនិត នៅពីក្រោយការផ្តួចផ្តើមនេះថា ការផ្តួចផ្តើមផលិតស្រាស្វាយចន្ទីនេះ គឺកើតចេញពីផលិតផលស្រា Feni ដែលផលិតចេញពីស្វាយចន្ទីនៅរដ្ឋ Goa នៃប្រទេសឥណ្ឌា។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានដដែលនេះ។
អ្នកស្រីថ្លែងដូច្នេះថា៖ «ចំណាប់អារម្មណ៍របស់យើងលើផលិតផលនេះហើយ ដែលបាននាំឱ្យយើងមានគំនិតធ្វើការសិក្សាពីសក្តានុពលរបស់ផ្លែស្វាយចន្ទីនៅទីនេះ ដែលជាធម្មតាត្រូវបានគេបោះបង់ចោល ដើម្បីបង្កើតអ្វីមួយដែលមានតម្លៃពីចេញពីវា»។
USAID មរតកបៃតងបានលើកឡើងថា គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែគាំទ្រដល់កសិករផលិតគ្រាប់ស្វាយចន្ទី ដែលប្តេជ្ញាការពារព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានណែនាំនូវផលិតផលថ្មីមួយ ដែលជួយបំពេញបន្ថែមក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ឧស្សាហកម្មស្វាយចន្ទី តាមរយៈការអភិរក្សនិងការអនុវត្តប្រកបដោយនិរន្តរភាពផងដែរ។
ប្រធានគម្រោង USAID មរតកបៃតង អ្នកស្រី Sabine Joukes លើកឡើងក្នុងព្រឹត្តិបត្រព័ត៌មាននេះថា កិច្ចសហការនេះ គឺប្រព្រឹត្តិទៅក្រោមគម្រោងលើកកម្ពស់ស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើ ដើម្បីផ្តល់ប្រាក់ចំណូលបន្ថែមសម្រាប់កសិករ។ កិច្ចសហការនេះអាចជួយឱ្យពួកគេលក់ទាំងផ្លែ និងគ្រាប់ស្វាយចន្ទីបាន តាមរយៈការភ្ជាប់ទំនាក់ទំនងពួកគេជាមួយវិស័យឯកជន និង ទីផ្សារ។
អ្នកស្រីមានប្រសាសន៍ថា៖ «ហើយស្របពេលជាមួយគ្នានេះ វាក៏លើកទឹកចិត្តពួកគេឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍កសិកម្ម ដែលមានមេត្រីភាពនឹងការអភិរក្សផងដែរ»។
ស្រាស្វាយចន្ទីមេគង្គគ្មានការកាប់បំផ្លាញព្រៃឈើដ៏ប្រណីតដំបូងគេបង្អស់នេះ ក៏ត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍គម្រប់ខួប ១០ឆ្នាំរបស់ Mekong Strategic Capital នៅក្នុងសីហាកន្លងមកនេះ ដែលបានដើរតួជាវេទិកាដ៏សំខាន់មួយ ក្នុងការបង្ហាញពីផលប៉ះពាល់របស់គម្រោងស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើ ដែលអនុវត្តដោយ USAID មរតកបៃតង និងគាំទ្រដោយ Mekong Strategic Capital។
ទោះយ៉ាងណា ផលិតផលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅឡើយ។ ហេតុនេះ វាមិនទាន់មានដាក់លក់នៅលើទីផ្សារជាទូទៅនោះទេ។ អ្នកដែលចង់សាកនូវរសជាតិដ៏ប្លែក និងប្រណីតពីធម្មជាតិរបស់ស្រាស្វាយចន្ទីនេះ គឺត្រូវរង់ចាំរហូតដល់រដូវប្រមូលផលស្វាយចន្ទីឆ្នាំក្រោយ។
លោក សុខ សំណាង ប្រធានក្រុមសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី នៃសហគមន៍ស្វាយចន្ទីធម្មជាតិជ័យឧត្តម’បានឱ្យដឹងថា លោកបានផ្ញើផ្លែចន្ទីមួយចំនួនដល់ក្រុមហ៊ុននៅភ្នំពេញ ដើម្បីសាកល្បងផលិតជាស្រា កាលពីអំឡុងឧសភាកន្លងមក។
លោកបានសម្តែងក្តីរីករាយ នៅពេលឃើញផ្លែចន្ទីរបស់សហគមន៍អាចយកទៅផលិតជាស្រាបានបែបនេះ បើទោះបីជាវាស្ថិតក្នុងដំណាក់កាលសាកល្បងស្រាវជ្រាវបន្ថែម ហើយលោកមិនទាន់បានភ្លក់រសជាតិស្រានេះយ៉ាងណាក៏ដោយ។
លោកបាននិយាយថា៖ «កន្លងមក យកគ្រាប់ហើយ យើងបោះផ្លែចោល។ ពេលការផលិតទទួលបានជោគជ័យ យើងនឹងធ្វើការផ្សព្វផ្សាយដល់ប្រជាសហគមន៍ ដើម្បីចូលរួមលក់ផ្លែចន្ទីបានមួយផ្នែកទៀត។ យើងនឹងនាំគ្នាផលិតចន្ទីឱ្យបានល្អសម្រាប់ក្រុមហ៊ុនយកទៅផលិតជាស្រាទៅតាមស្តង់ដាចំណីអាហារ»។
លោកក៏បានឱ្យដឹងផងដែរថា ពលរដ្ឋសហគមន៍ចំនួន ៩០គ្រួសារបានចូលរួមជាមួយគម្រោងរបស់ USAID មរតកបៃតង កាលពីឆ្នាំ២០២៣ ហើយមានដំណាំស្វាយចន្ទីចាប់ពីអាយុ ៣ឆ្នាំឡើងចំនួន ៣០១ ហិកតា នៅក្នុងភូមិចំនួន ៣ ស្ថិតក្នុងឃុំជ័យឧត្តម ស្រុកលំផាត់។ ក្នុងនោះរួមមានភូមិលំផាត់ ស្រែឈូក និងភូមិថ្មី។ នៅក្នុងមួយរដូវ សហគមន៍ផលិតបានគ្រាប់ស្វាយចន្ទីប្រភេទល្អបានជាង ៣៥តោន។
លោកបន្តថា ប្រជាសហគមន៍ក្នុងគម្រោងនេះគឺបានផ្សាភ្ជាប់រវាងស្វាយចន្ទីជាមួយនឹងការអភិរក្សធនធានធម្មជាតិ ដោយបានបង្កើតសហគមន៍ស្វាយចន្ទីធម្មជាតិជ័យឧត្តមនេះឡើង ហើយបានចងក្រងជាលក្ខន្តិកៈដើម្បីអនុវត្តតាមគោលការអភិរក្សតំបន់ការពារធនធានធម្មជាតិ។
លោកថ្លែងដូច្នេះថា៖ «អញ្ជឹងដូចជាការកាប់ព្រៃ ទន្រ្ទានយកដី បំផ្លាញព្រៃឈើ បរបាញ់សត្វជាដើម ទាំងអស់នេះត្រូវបានហាមឃាត់ក្នុងនាមជាសមាជិកសហគមន៍។ឱ្យគាត់ផ្លាស់ប្តូរពីទម្លាប់ទាំងអស់នោះមកផលិតស្វាយចន្ទីតាមបែបធម្មជាតិ ហើយចូលរួមអភិរក្សធនធានជាតិ ដែលនៅមាន»។
លោកបានអះអាងថា ដើម្បីលើកទឹកចិត្តដល់ប្រជាសហគមន៍ឱ្យចូលរួមក្នុងការអនុវត្តគោលការណ៍អភិរក្សនេះ គ្រាប់ស្វាយចន្ទីរបស់ពួកគាត់ត្រូវបានទិញខ្ពស់ជាងតម្លៃទីផ្សារដោយដៃគូរ។ ប្រសិនបើតម្លៃទីផ្សារទិញក្នុង១គីឡូក្រាម តម្លៃ៤ ០០០រៀល នោះដៃគូរនឹងទិញពីពួកគាត់តម្លៃ៤ ៥០០រៀលក្នុងមួយគីឡូក្រាម៕