ខេត្ដសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានប្រកាសកម្មពិធីបុណ្យភូមិវត្តបូព៌ ជាការប្រារឰធ្វើឡើងដើម្បីអបអរភូមិវត្តបូព៌ដ៏ស្រស់បំព្រងទៅជាគោលដៅទេសចរណ៍របស់ក្រុងសៀមរាប។
រៀបចំឡើងដោយសហការជាមួយរដ្ឋបាលក្រុងសៀមរាប ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) និងវិស័យឯកជន ពិធីបុណ្យនេះមានគោលបំណងបង្ហាញពីភូមិវត្តបូព៌ជាចំណុចលេចធ្លោថ្មីសម្រាប់ទេសចរអមជាមួយប្រាសាទអង្គរដ៏ល្បីល្បាញ បឹងទន្លេសាប និងផាប់ស្ទ្រីត។
យោងតាមរដ្ឋបាលខេត្តបានឱ្យដឹងថា៖ «ពិធីបុណ្យភូមិវត្ដបូព៌គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២០ ខែកញ្ញា នៅសណ្ឋាគារ Angkor Villa ដោយមានការសម្ពោធជាផ្លូវការនៃគម្រោងសហគមន៍ភូមិវត្តបូព៌»។
គំនិតផ្តួចផ្តើមនេះព្យាយាមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកស្វែងយល់ពីផលិតផលទេសចរណ៍ដ៏ស្រស់បំព្រង និងវប្បធម៌សម្បូរបែបនៃភូមិវត្តបូព៌ស្ថិតនៅផ្លូវលេខ ២៦ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប។
ពិធីបុណ្យភូមិវត្តបូព៌នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៨ យប់ ដោយប្រែក្លាយផ្លូវលេខ ២៦ ទៅជាទីធ្លាពោរពេញដោយសកម្មភាពកម្សាន្ដ។
រដ្ឋបាលខេត្តបានឱ្យដឹងថា៖ «ភ្ញៀវអាចរីករាយនឹងការតាំងពិព័រណ៍ម្ហូបអាហារ ការសម្តែងសិល្បៈពីក្រុមសិល្បករខ្មែរ និងបរទេស ការសម្តែងតន្ត្រី និងការហាត់យូហ្គា ដើម្បីអបអរសាទររយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៨យប់ នៅលើ កំណាត់ផ្លូវលេខ២៦»។
រដ្ឋបាលខេត្តសៀមរាប ក៏នឹងមានវិធានការដើម្បីធានាចរាចរណ៍ធ្វើដំណើរប្រព្រឹត្ដិទៅដោយរលូនពេញមួយពិធីបុណ្យផងដែរ។
ដើម្បីរក្សាសន្តិសុខ និងបញ្ចៀសការកកស្ទះចរាចរណ៍ ផ្លូវលេខ២៦ នឹងបិទជាបណ្តោះអាសន្នចំពោះយានជំនិះនៅចន្លោះអាចារ្យហែមចៀវ និងផ្លូវអាចារ្យស្វា (ផ្លូវមាត់ទន្លេសៀមរាបខាងកើត) សម្រាប់រយៈពេលនៃព្រឹត្តិការណ៍នេះ។
មន្ត្រីសង្ឃឹមថា ពិធីបុណ្យភូមិវត្តបូព៌នឹងមិនត្រឹមតែបង្កើនផលប័ត្រទេសចរណ៍របស់ខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអ្នកទស្សនានូវទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសហគមន៍ វប្បធម៌ និងរបៀបរស់នៅផងដែរ។
ជាមួយនឹងភាពទាក់ទាញបែបទំនើប និងបេតិកភណ្ឌប្រពៃណី ភូមិវត្តបូព៌បានត្រៀមខ្លួនក្លាយជាគោលដៅទេសចរណ៍ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។
អ្នកស្រុក ភ្ញៀវទេសចរ និងសាធារណជនត្រូវបានលើកទឹកចិត្តឱ្យចូលរួមពិធីបុណ្យនេះ និងជួយអបអរគោលដៅទេសចរណ៍ថ្មីដ៏មានសក្តានុពលមួយនេះ៕