
កីឡាការិនី វ៉េត ចន្ថា (រូបខាងស្ដាំ) ម្ចាស់មេដាយមាសពីរគ្រឿងដែលបានយកឈ្នះលើពិការភាពផ្ទាល់ខ្លួនដើម្បីឡើងជាវីរនារីជាតិ។ រូបថត សហការី
ភ្នំពេញ៖ ដោយផ្តោតទៅលើសមត្ថភាពដ៏អស្ចារ្យរបស់អត្តពលិក ការតាំងពិព័រណ៍ថ្មីមួយដែលមានចំណងជើងថា «Beyond the Finish Line: Stories of Para Athletics Heroes» បំផុសពីសកម្មភាពជនមានពិការភាពក្នុងនាមអត្តពលិកប៉ារ៉ាឡាំពិក។
ការតាំងពិព័រណ៍ដែលរៀបចំដោយអង្គការ Hearts of Gold មានគោលបំណងដើម្បីអបអរសាទរការប្តេជ្ញាចិត្ត ភាពធន់ និងសមិទ្ធផលបុគ្គលឆ្នើមទាំងនេះ ខណៈពេលដែលលើកកម្ពស់បរិយាប័ន្ន និងការយល់ដឹងពីសង្គម។
អ្នកស្រី Yoneyama Haruka នាយិកាគម្រោងនៅ Hearts of Gold បាននិយាយថា៖ «គម្រោងនេះផ្ដោតសំខាន់ និងចែករំលែករឿងរ៉ាវដ៏មានឥទ្ធិពលរបស់អត្តពលិកប៉ារ៉ាឡាំពិក តាមរយៈការថតរូប និងវីដេអូ។ តាមរយៈការបង្ហាញពីរឿងរ៉ាវ ការប្រឈម និងជ័យជម្នះរបស់ពួកគេ យើងសង្ឃឹមថានឹងជំរុញទឹកចិត្តទស្សនិកជន ទាំងដែលមាន និងគ្មានពិការភាព ឱ្យយកឈ្នះលើឧបសគ្គ និងក្តីសុបិនដ៏ធំ»។
ការតាំងពិព័រណ៌មានរូបភាព ឯកសារ និងបទសម្ភាសន៍ ដែលរំលេចជីវិតរបស់អត្តពលិកប៉ារ៉ាចំនួនប្រាំបីនាក់ដែលត្រូវបានជ្រើសរើសពីសហគមន៍កីឡាប៉ារ៉ា-អត្តពលកម្មកម្ពុជា។
រឿងដ៏លេចធ្លោមួយគឺកីឡាការិនី វ៉េត ចន្ថា ម្ចាស់មេដាយមាសពីរគ្រឿងដែលបានយកឈ្នះលើពិការភាពផ្ទាល់ខ្លួនដើម្បីឡើងជាវីរនារីជាតិ។
កើតក្នុងភាពក្រីក្របន្ទាប់ពីសង្គ្រាមស៊ីវិល អ្នកស្រី ចន្ថា បានជួបប្រទះនឹងគ្រោះថ្នាក់ដល់ជីវិតក្នុងវ័យទើបតែ ១៣ ឆ្នាំ នៅពេលដែលអ្នកស្រីបានបាត់បង់ជើងក្នុងម៉ាស៊ីនធ្វើឥដ្ឋ។

ទិដ្ឋភាពសាល Workspace by Factory Phnom Penh ដែលរៀបចំពិព័រណ៍ ‘Beyond the Finish Line: Stories of Para Athletics Heroes’។ រូបថត សហការី
ទោះបីជាមានការប្រឈមយ៉ាងខ្លាំង រួមទាំងការរើសអើងក្នុងសង្គម និងការអស់សង្ឃឹមផ្ទាល់ខ្លួនក៏ដោយ អ្នកស្រីបានរកឃើញគោលបំណងថ្មីតាមរយៈកីឡា។
អ្នកស្រី ចន្ថា បានចែករំលែកក្នុងពិធីបើកការតាំងពិព័រណ៍នោះថា៖ «ពេលខ្ញុំចាប់ផ្ដើមអត្តពលកម្មប៉ារ៉ា វាបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ។ ខ្ញុំបានជួបមនុស្សដែលយល់ពីខ្ញុំ ហើយតាមរយៈការខិតខំប្រឹងប្រែង ខ្ញុំបានចាប់ផ្តើមឈ្នះមេដាយសម្រាប់ប្រទេសរបស់ខ្ញុំ។ ការឃើញទង់ជាតិកម្ពុជាដោយសារស្នាដៃរបស់ខ្ញុំគឺជាអ្វីដែលខ្ញុំនឹងរក្សាទុក»។

អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ទស្សនាកម្រោងឯកសារ និងរូបថតរបស់ពួកគេ។ រូបថត សហការី
ដំណើររបស់វិរនារីអត្ដពលិករូបនេះគឺជានិមិត្តរូបនៃសារស្នូលនៃការតាំងពិព័រណ៍៖ ភាពជោគជ័យហួសពីបន្ទាត់បញ្ចប់នៃការប្រកួតប្រជែង។ វារួមបញ្ចូលការរីកលូតលាស់ផ្ទាល់ខ្លួន ឥទ្ធិពលសង្គម និងថាមពលនៃភាពធន់។
ពិព័រណ៍នេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយមានការចូលរួមចំណែកពីប្រទេសជប៉ុន កម្ពុជា ហ្គាណា និងតៃវ៉ាន់។

ភ្ញៀវទស្សនាពិព័រណ៍ Beyond the Finish Line: Stories of Para Athletics Heroes ដែលរៀបចំឡើងចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី ១៥ ខែមករា នៅ Workspace by Factory Phnom Penh។ រូបថត សហការី
អង្គការមិនរកប្រាក់កម្រៃរបស់ប្រទេសជប៉ុន Hearts of Gold បានសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អ្នកថតរូបជនជាតិហ្គាណា Oduro Kofi និងស្ទូឌីយោ Taiwanese Cloud Photo Studio ដើម្បីនាំយករឿងរ៉ាវរបស់អត្តពលិកទាំងនេះមកបង្ហាញ។
អ្នកស្រី Haruka បានពន្យល់ថា៖ «វាលើសពីពិព័រណ៍ធម្មតា។ វាជាចលនាមួយដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីជីវិត និងសមិទ្ធផលរបស់អត្តពលិកប៉ារ៉ាឡាំពិក និងដើម្បីលើកកម្ពស់បរិយាប័ន្ន និងភាពចម្រុះនៅលើមាត្រដ្ឋានសកលលោក»។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទស្សនារូបថតរបស់អត្ដពលិកកម្ពុជា។ រូបថត សហការី
អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ពិព័រណ៍នេះ ចង់បង្ហាញពិភពលោកថា បុគ្គលពិការមានសក្តានុពលគ្មានដែនកំណត់។ យើងចង់ឱ្យទស្សនិកជនឆ្លុះបញ្ចាំងពីអ្វីដែលបរិយាប័ន្នសង្គមមានន័យពិតប្រាកដ និងធ្វើសកម្មភាពនៅក្នុងសហគមន៍របស់ពួកគេ»។
ការតាំងពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែមករា ដល់ថ្ងៃទី ១៥ ខែកុម្ភៈ នៅ Workspace by Factory Phnom Penh ដោយផ្តល់ឱកាសដើម្បីទស្សនារឿងដ៏អស្ចារ្យរបស់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា៕