
លោកស្រីឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា Ülkü Kocaefe ទស្សនាពិព័រណ៍រុក្ខជាតិ និងសួននៅភ្នំពេញ។ រូបថត សហការី
ភ្នំពេញ៖ មន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) ព្រះរាជបណ្ណាល័យហ្លួងម៉ែ បាននាំយករុក្ខជាតិកម្រប្រមាណជាង២០០ប្រភេទដាក់តាំងបង្ហាញនៅកម្មវិធីពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ នៅមជ្ឈមណ្ឌលបៃតង Connecxion កោះពេជ្រ ពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី១ និងទី២ ខែមីនា ឆ្នាំ២០២៥។
ថ្ងៃចុងក្រោយនៃពិព័រណ៍រុក្ខជាតិ និងសួនរាជធានីភ្នំពេញលើកទី៤ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សាភ្ជាប់អ្នកចូលចិត្តធម្មជាតិ និងប្រជាជនខ្មែរឲ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយរុក្ខជាតិនិងធម្មជាតិប្រទេសកម្ពុជា។
នៅក្នុងចំណោមរុក្ខជាតិកម្រជាង២០០ប្រភេទ ដែលមន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) ព្រះរាជបណ្ណាល័យហ្លួងម៉ែ យកទៅដាក់តាំងបង្ហាញ គឺមានរុក្ខជាតិមួយប្រភេទមានឈ្មោះជាភាសាបច្ចេកទេសថា Botanical Garden Zhuidas មានប្រភពដើមមកពីប្រទេសប៉ាណាម៉ា។
រុក្ខជាតិនេះត្រូវបានយកមកបង្កាត់ពូជដោយសួនពិសោធន៍រុក្ខជាតិនៃសាកលវិទ្យាល័យ វីជេ (Vrije) នៅទីក្រុងអាំស្តែដាំ ប្រទេសហូឡង់ ក្នុងគោលបំណងអប់រំ និងស្រាវជ្រាវសម្រាប់មហាវិទ្យាល័យជីវវិទ្យា តាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ។
លោក ជ័យ វីរ និង កញ្ញា អាង សុខហេង គឺជាអ្នកបង្កើត និងគ្រប់គ្រងមន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) ព្រះរាជបណ្ណាល័យហ្លួងម៉ែ រៀបរាប់ថា៖ «យើងបាននាំយករុក្ខជាតិប្រភេទកម្រនេះមកប្រទេសកម្ពុជា ព្រោះវាអាចជួយបន្សុទ្ធខ្យល់កខ្វក់ ជួយការពារបរិស្ថាន និងកាត់កន្ថយកម្តៅ ខណៈពេលដែលមានការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅជារៀងរាល់ឆ្នាំ»។

លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា Flerida Ann Camille P. Mayo ទស្សនាពិព័រណ៍រុក្ខជាតិ និងសួននៅភ្នំពេញ។ រូបថត សហការី
លោក ជ័យ វីរ បន្ថែមថា៖ «យើងក៏ចង់បញ្ជ្រាបការយល់ដឹងអំពីរុក្ខជាតិទាំងអស់នេះដល់ក្មេងៗជំនាន់ក្រោយ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយទាំងនេះស្រឡាញ់ធម្មជាតិ និងការពាររុក្ខជាតិកម្រដែលមាននៅក្នុងប្រទេសកម្ពុជារបស់យើង»។
អ្នកទស្សនាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសិក្ខាសាលា ការបង្ហាញអំពីការថែទាំរុក្ខជាតិ និងការពិភាក្សាដោយអ្នកជំនាញក្នុងវិស័យរុក្ខសាស្ត្រ។

លោក ជ័យ វីរ និង កញ្ញា អាង សុខហេង គឺជាអ្នកបង្កើត និងគ្រប់គ្រងមន្ទីរពិសោធន៍រុក្ខជាតិ (Mystique Tropicals) ព្រះរាជបណ្ណាល័យហ្លួងម៉ែ នៅពិព័រណ៍រុក្ខជាតិ និងសួននៅភ្នំពេញ។ រូបថត សហការី
សកម្មភាពទាំងនេះមានគោលបំណងធ្វើឱ្យអ្នកទស្សនាយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបថែទាំរុក្ខជាតិ ជាពិសេសប្រភេទរុក្ខជាតិកម្រ ដូចជាប្រភេទនាំមកពីប្រទេសប៉ាណាម៉ាជាដើម។
លោក វីរៈ ពន្យល់ថា៖ «រុក្ខជាតិទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់និរន្តរភាព ជាពិសេសនៅក្នុងទេសភាពទីក្រុងដូចជារាជធានីភ្នំពេញ។ តាមរយៈការណែនាំប្រភេទរុក្ខជាតិកម្រទាំងនេះ យើងសង្ឃឹមថានឹងជំរុញការអនុវត្តថែសួនប្រកបដោយនិរន្តរភាព និងលើកទឹកចិត្តឱ្យមានការគោរពកាន់តែច្រើនចំពោះធម្មជាតិ»។

លោកបានបន្ដថា បរិស្ថានរុក្ខជាតិបៃតងលើកកម្ពស់ការគិត និងស្ងប់ស្ងាត់ ដោយប្រែក្លាយបណ្ណាល័យទៅជាកន្លែងសម្រាក និងជាមជ្ឈមណ្ឌលសម្រាប់ការរៀនសូត្របទពិសោធន៍ និងការយល់ដឹងអំពីបរិស្ថាន។
នៅក្នុងអាស៊ាន និងជាសកល ការបណ្តុះកូនរុក្ខជាតិដែលផ្តោតលើរុក្ខជាតិកម្រ គឺជាផ្នែកមួយដ៏សំខាន់នៃការអភិរក្ស និងការអប់រំរុក្ខសាស្ត្រ។
លោក វីរៈ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា៖ «នៅក្នុងប្រទេសកម្ពុជា គំនិតនេះនៅមិនទាន់ទូលំទូលាតដោយសារតែកត្តារួមផ្សំ រួមទាំងលទ្ធភាពនៃការទទួលព័ត៌មាននៅមានកម្រិតចំពោះប្រភេទរុក្ខជាតិចម្រុះ និងកម្រិតការយល់ដឹងតិចតួចអំពីការអភិរក្សរុក្ខជាតិ»។

លោកបានបន្ថែមថា៖ «ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការកើនឡើងនូវចំណាប់អារម្មណ៍លើបរិស្ថាននិយម កន្លែងបណ្តុះកូនប្រភេទនេះកំពុងចាប់ផ្តើមទទួលបានការទាក់ទាញ»។
ពិព័រណ៍នេះមិនត្រឹមតែជាការប្រារព្ធពិធីនៃជីវិតរុក្ខជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រមូលផ្តុំនៃបុគ្គលដែលមានគំនិតដូចគ្នាដែលស្រឡាញ់វិស័យសាកវប្បកម្ម និងបរិស្ថាននិយមផងដែរ។
លោក វីរៈ បាននិយាយថា ការដាំរុក្ខជាតិយ៉ាងសាមញ្ញ រួមទាំងការនិយាយជាមួយរុក្ខជាតិ អាចជំរុញឱ្យមានសន្តិភាព និងទំនាក់ទំនងផ្លូវចិត្តយ៉ាងជ្រាលជ្រៅ។
លោកបាននិយាយថា ការថែសួនអាចជាទម្រង់នៃការព្យាបាល ដោយជួយបុគ្គលម្នាក់ៗអាចធ្វើឱ្យស្បើយទុក្ខសោក កសាងអារម្មណ៍ជ្រះថ្លាឡើងវិញ។
លោក វីរៈ បានឱ្យដឹងថា៖ «វត្តមានរបស់រុក្ខជាតិបៃតងត្រូវបានបង្ហាញថា អាចកាត់បន្ថយភាពតានតឹង ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត ដែលធ្វើឱ្យរុក្ខជាតិមិនត្រឹមតែជាថ្នាំព្យាបាលរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ចិត្ត និងស្មារតីផងដែរ»។
ពិព័រណ៍រុក្ខជាតិ និងសួននៅភ្នំពេញ ដោយផ្តោតលើរុក្ខជាតិកម្រ និរន្តរភាព និងការអប់រំ បានក្លាយជាព្រឹត្តិការណ៍សំខាន់សម្រាប់អ្នកចូលចិត្តដាំរុក្ខជាតិនៅកម្ពុជា៕