ភ្នំពេញ៖ ការតាំង​ពិ​ព័រណ៍​​សិល្បៈ​ថ្មី​មួយ​ដែល​បើក​ក្នុង​ខែ​នេះ ផ្ដោតលើ​សុខភាព​ផ្លូវចិត្ត និងការព្យាបាល​​​​ឡើងវិញដែល​ត្រូវបាន​យក​មក​ពិភាក្សា​ក្នុង​វេទិកា​​សាធារណៈ​។​

ក្រោម​ចំណងជើង​ថា «​ដំណើរ​ស្វែង​រក​ខ្លួន​ឯង​​៖ ការ​លាតត្រដាងពីជម្រៅដួងចិត្ដ​»​ ការតាំង​ពិ​ព័រណ៍​​ដោយ​វិចិត្រករ​ខ្មែរ​-​បារាំង កញ្ញា​ អាដាណា​ ម៉ម ឡេហ្គ្រោ នឹង​បើក​ដំណើរការ​នៅ​ថ្ងៃពុធ​ ទី ២១ ខែ​ឧសភា នៅ Station 350 ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO)​។​

កម្មវិធី​នេះលើកឡើង​ពីបញ្ញា​ផ្លូវ​​ចិត្ត​​ផ្ទាល់ខ្លួន​របស់កញ្ញា អាដាណា​ និង​ស្វែងយល់​ពី​គំនិត Jungian នៃ​ភាពជា​បុគ្គល​—​ដំណើរការ​នៃ​ការរួមបញ្ចូល​បទពិសោធ​ន៍ស្វែង​រក​ខ្លួន​ឯង​។​

កញ្ញា អាដាណា បាន​ឱ្យ​ដឹងថា​៖ «ព្រឹត្តិការណ៍​នេះ​ក៏​នឹង​បង្ហាញ​នូវ​សិក្ខាសាលា​ជា​បន្តបន្ទាប់​ដែល​និយាយ​អំពី​បញ្ហា​របស់​​មនុស្ស​ជំនាន់​ក្រោយ ដែល​សហការ​ដឹកនាំ​ដោយ CTRO និង​ចូលរួម​ដោយ​តារា​សម្តែង ប៉ែន ចំ​រ៉ុង និង​សកម្មជនបរិស្ថាន​ តាន់ គឹម​សួរ​»​។

​វគ្គ​ទាំងនេះ​មាន​គោលបំណង​ណែនាំ​អំពី​ក្របខណ្ឌ​ចិត្តសាស្ត្រ និង​មធ្យោបាយ​​ព្យាបាលវិបត្ដិ​ផ្លូវ​ចិត្ដ​​ ជាពិសេស​ក្នុងចំណោម​​ប្រជាជន​កម្ពុជា​ដែល​រង​ផលប៉ះពាល់​ដោយ​សំណល់​នៃ​សង្គ្រាម ការផ្លាស់​ទីលំនៅ និង​ភាព​ស្ងៀមស្ងាត់​នៅ​គ្រប់​ជំនាន់​។​

លោកបណ្ឌិត អ៊ាន និល មកនិយាយលើប្រធានបទសំខាន់នៃរបួសផ្លូវចិត្ដ រួមជាមួយ តារាសម្តែង ប៉ែន ចំរ៉ុង និងសកម្មជនបរិស្ថាន តាន់ គឹមសួរ។ រូបភាព សហការី

សិល្បករ​ស្វែងរក​ការព្យាបាល​តាមរយៈ​សិល្បៈ​

ថ្លែង​នៅមុន​ព្រឹត្តិការណ៍​នេះ កញ្ញា អាដាណា បាន​និយាយ​ថា ការតាំងពិព័រណ៍​នេះ​កើតចេញពី​ការប្រឈមមុខផ្ទាល់​ខ្លួន​ និងព្យាយាម​​បំបែករនាំង​​វប្បធម៌​ជុំវិញ​ជំងឺផ្លូវចិត្ត​នៅ​កម្ពុជា​។​

កញ្ញា​​បាន​និយាយថា៖ «​​ខ្ញុំ​តែងតែ​ជឿថា​ សិល្បៈ​អាច​ដើរតួ​ជា​កញ្ចក់​សម្រាប់ការស្វែង​រក​ខ្លួន​ឯង​។ ​គម្រោង​នេះ​បានចាប់ផ្តើម​ជាមួយនឹង​ការស្វែងរក​​ការ​ព្យាបាលខ្លួនឯង​​។ ខ្ញុំ​ចង់​លាត​ត្រដាងបញ្ហា​​នោះ​ដល់​អ្នកដទៃ ដើម្បី​អនុញ្ញាតឱ្យ​ពួកគេ​មើលឃើញថា ​មាន​អ្វី​កើតឡើង​នៅពេលដែល​យើង​គេច​វេស​ពី​បញ្ហា​នៃ​ការឈឺចាប់ ហើយ​ចាប់ផ្តើមប្រឈម​ជាមួយវា​»។

កញ្ញា​ អាដាណា ជឿថា ​ការយល់ដឹង​អំពី​អត្ថិភាព​របស់​មនុស្សម្នា​ក់​គឺជា​គន្លឹះ​ក្នុងការ​ស្វែងរក​គោលបំណង​។ កញ្ញា​​បាន​អញ្ជើញ​សាធារណជន​ឱ្យចូល​រួម​ដោយ​បាន​និយាយថា ​ការសម្រេចចិត្ត​​​ចាប់​ដៃគូ​ជាមួយ CTRO កើត​ចេញពី​គោលបំណង​​រួមគ្នា​ក្នុងការ​អប់រំ​សុខភាព​ផ្លូវចិត្ត​តាម​សហគមន៍​។

កញ្ញា​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «​ការងារ​របស់ CTRO ត្រូវបាន​ចាក់ឫស​ក្នុង​វិទ្យាសាស្ត្រ ក្តីមេត្តា និង​ការតស៊ូ​មតិ​។ ពួកគេ​កំពុង​ធ្វើឱ្យ​​បញ្ហា​​របួសផ្លូវចិត្ដ​ និង​ការ​ឈឺចាប់ពីជំងឺ​មហារីក​អាច​ក្លាយ​ប្រធាន​បទ​ទូលំទលាយ​​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​ចង់ឱ្យ​ការតាំងពិព័រណ៍​នេះ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ពី​ការឈឺចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្តល់នូវ​ឧបករណ៍​ផ្សព្វផ្សាយ​ចំណេះដឹង​ផង​ដែរ»។​

ផ្លូវចិត្ដ​​​ជា​កេរដំណែល​ជាតិ​

កញ្ញា​ អាដាណា បាន​ពន្យល់ថា ការទទួលស្គាល់​ការ​គូរគំនូរ​តែមួយ​មុខ​ ប្រហែលជា​មិនមែនជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​បង្ហាញ​សារ​​នោះទេ កញ្ញា​​បាន​សម្រេចចិត្ត​ប្រើការ​តាំង​ពិ​ព័រណ៍​​ជា​វេទិកា​មួយ ដើម្បី​អញ្ជើញលោក​បណ្ឌិត អ៊ា​ន និល មក​និយាយ​លើ​ប្រធានបទ​សំខាន់​នៃ​របួស​​ផ្លូវ​ចិត្ដ​​។​

កញ្ញា​បាន​សង្កត់ធ្ងន់ថា វិបត្ដិ​របួស​ជា​បញ្ហា​ចាក់ឫស​យ៉ាងជ្រៅ​ដែល​ប៉ះពាល់​ដល់​ប្រជាជាតិ​ទាំងមូល និង​បន្ត​អូសបន្លាយ​ច្រើន​ជំនាន់​។​

កញ្ញា​​បាន​ប្រាប់ភ្នំពេញប៉ុស្ដិ៍​ថា៖ «​ទោះបីជា​វិទ្យាសាស្ត្រ​ទើបតែ​ចាប់ផ្តើម​ថ្មីៗ​នេះ​ដើម្បី​ស្វែងយល់​ពីរ​បួស​អន្តរ​ជំនាន់​ក៏ដោយ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រធានបទ​នេះ​សម​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​កាន់តែច្រើន ជាពិសេស​នៅពេលនេះ នៅពេលដែល​មនុស្ស​កំពុង​ត្រៀមខ្លួន​ស្តាប់​កាន់តែ​ច្រើនឡើង»​។

កញ្ញា​ អាដាណា បាន​ទទួលស្គាល់ថា​ ការពិភាក្សា​អំពីវិបត្ដផ្លូវចិត្ដ​​គឺជា​បញ្ហា​ប្រឈម ប៉ុន្តែ​កញ្ញា​​មាន​ទំនុកចិត្ត​ថា​មនុស្ស​ជំនាន់​ក្រោយ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​ព្យាបាល​ដ៏​ស្មុគស្មាញ​នេះ​។​

ដោយបាន​ធ្វើការ​អស់​រយៈពេល​ជាង ២ ទសវត្សរ៍​ក្នុង​វិស័យ​ព្យាបាល​របួស វេជ្ជបណ្ឌិត អ៊ាន និល​ បាន​និយាយថា បញ្ហា​ដំបៅ​ផ្លូវ​ចិត្ដ​​​ត្រូវតែ​ត្រូវបាន​ដោះស្រាយ​ទាំង​កម្រិត​បុគ្គល និង​សមូហភាព​។​

កញ្ញា អាដាណា បាន​ឱ្យ​ដឹង​ថា៖ «​​មិន​ដូច​ឪពុកម្តាយ និង​ជីដូន​ជីតា​របស់​យើង ដែល​មិនអាច​ជាសះស្បើយ​ពីរ​បួស​បាន​ពេញលេញ​នោះទេ ពួកយើង​មាន​ការ​ទទួល​​ខុសត្រូវ​ក្នុងការ​ប្រឈមមុខ និង​ផ្លាស់ប្តូរ​របួស​ដែល​បានទទួល​មរតក​ទាំង​នេះ​»។​

ដំណើរ​រួម​ឆ្ពោះទៅរក​ការព្យាបាល​

កញ្ញា អាដាណា ចែករំលែក​ថា កញ្ញា​​បាន​សហការ​ជាមួយលោក​ ប៉ែន ចំ​រ៉ុង និងលោក​ តាន់ គឹម​សួរ លើ​ព្រឹត្តិការណ៍​ផ្សេងៗ ដោះស្រាយ​បញ្ហា​បរិស្ថាន និង​សង្គម​។​

កញ្ញា​​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការទទួលខុសត្រូវ​រប​ស់​ពួកគេ​ក្នុងការ​រួមចំណែក​ជា​វិជ្ជមាន​ដល់​ប្រទេស។​

ព្រឹត្តិការណ៍​នាពេលខាងមុខ គឺជា​ការផ្តោត​ទៅលើ​ចិត្ត​វិទ្យា បន្ទាប់ពី​កិច្ចសហការ​ដ៏​ជោគជ័យ​ជាមួយ CTRO ក្នុង​ខែសីហា ឆ្នាំ ២០២៣​ ដែល​ព្រះតេជគុណ​ គូ សុភាព បាន​ពិភាក្សា​អំពី​សុខភាព​ផ្លូវចិត្ត​។​

កញ្ញា​​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​​សិល្បៈ​គឺជា​ឧបករណ៍​ដ៏​មាន​អានុភាព​យ៉ាង​ជ្រាលជ្រៅ ដែល​យើងទាំងអស់គ្នា​អាច​ប្រើ​ដើម្បី​ព្យាបាល ស្វែង​យល់ និង​ឆ្ពោះទៅមុខ​»​។​

សម្រាប់ការ​ចូល​រួម​ពិព័រណ៍​​គឺ​ឥតគិតថ្លៃ​សម្រាប់​សាធារណជន​។ អ្នកជំនាញ​សុខភាព​ផ្លូវចិត្ត សិស្សានុសិស្ស អ្នក​រស់រានមានជីវិត និង​សាធារណជន​ទូទៅ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យចូល​រួម​៕