ខេត្ដបន្ទាយមានជ័យ​៖ នៅក្នុង​ភូមិ​ឋាន​មួយ​នៃ​ស្រុក​មង្គល​បូរី ក្នុង​ខេត្តបន្ទាយមានជ័យ ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា គ្រួសារ​មួយ​ធ្លាប់​បែកបាក់​គ្នា​ដោយសារ​ភាពក្រីក្រ បាន​រកឃើញ​គោលបំណង​ថ្មី មិនមែន​តាមរយៈ​សុបិន​ឆ្ងាយ​នៃ​ការធ្វើ​ចំណាកស្រុក​នោះទេ តែ​សមិទ្ធផល​ចេញពី​បាតដៃ​បង្ក​បង្កើន​ផល​កសិកម្ម​បែប​ឆ្លាតវៃ​។

ជាច្រើន​ឆ្នាំ​មកនេះ អ្នកស្រី​ តាន់ ចន្ទ្រា អាយុ ៣៤ ឆ្នាំ និង​ប្តី​ឈ្មោះ សៅ ចាន់ណា អាយុ ៤៣ ឆ្នាំ ស្ថិតក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​រាប់ពាន់រាប់​ម៉ឺន​នាក់ ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ជីវិត​ប្រសើរ​ជាង​មុន​។​

ពួកគេ​បាន​ទុក​កូន​បីនាក់​​​នៅ​ជាមួយ​ជីដូន ដោយរំពឹង​ទាំង​ក្ដី​​​សង្ឃឹមថា​ ជីវិត​ជា​កម្មករ​ឆ្លង​ដែន​ខុស​ច្បាប់​​អាច​ផ្តល់ប្រាក់​ចំណូល​ដែល​ពួកគេ​ត្រូវការ​។​

ប៉ុន្តែ​បន្ទាប់ពី​បី​ឆ្នាំ​ដ៏​លំបាក​ដោយ​គ្មាន​ការរីកចម្រើន និង​ការឈឺចាប់​កាន់តែខ្លាំង ពួកគេ​បានសម្រេច​ចិត្ដ​វិល​មក​មាតុភូមិ​វិញ​ទាំង​ដៃទទេ​។​

អាក្រក់​ជាងនេះទៅទៀត កូនស្រីច្បង​​របស់​ពួកគេ ដែល​ធ្លាប់ជា​កូន​ដ៏​រស់​រវើក បានចាប់ផ្តើម​ទទួលរង​នូវ​ជំងឺ​ធ្ងន់ធ្ងរ​។

​អ្នកស្រី​បាន​រំឭកពី​ស្ថានភាពរបស់​កូនស្រី​ច្បង​ថា៖ «​គាត់​ចាប់ផ្ដើម​យ៉ាប់នៅ​អាយុ ៤ឆ្នាំ​ទន់​​ម្ដងបន្ដិច​ៗ​។ គាត់​ទន់ដៃ ទន់ជើងខ្លាំង​​នៅ​ឆ្នាំ​២០១៧ ​​ងើប​លែង​រួច​ និង​បោះបង់ការ​សិក្សា​ត្រឹម​ថ្នាក់​ទី ២​»។

អ្នកស្រី ចន្ទ្រា បាន​និយាយថា​ ពួកគេ​វិលទៅ​ប្រកប​​មុខ​របរ​ជា​អ្នក​ស៊ីឈ្នួល​បេះឈូក និង​ដាំដំណាំ​បន្ដិច​បន្ដួច​នៅ​បរិវេណ​ផ្ទះ​។

ស្ដ្រី​រស់នៅ​ស្រុក​មង្គល​បុរី ខេត្ដ​បន្ទាយ​មានជ័យរូបនេះ បានបន្ដថា៖ «យើង​ដាំតិចតួច​សម្រាប់​ផ្គត់ផ្គង់ការ​ហូប​ចុក តែ​នៅតែ​មិន​គ្រប់​ ហើយ​ថែមទាំង​ចំណាយ​ដើម​ទុន​ខ្ពស់»​។

ទិដ្ឋភាពដីចម្ការដំណាំបន្លែអាហារូបត្ថម្ភ ដែលទើបត្រូវបានភ្ជួររាល់ឡើងវិញក្រោយប្រមូលផល រួមទាំងស្រះទឹក និងផ្ទះសំណាញ់របស់គ្រួសារអ្នកស្រី តាន់ ចន្ទ្រា។ រូបថត សហការី

ស្ថានភាពនេះ​​បាន​ផ្លាស់ប្តូរ​នៅ​ឆ្នាំ២០២២ ពេលអង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​​ (WVI-C) ដោយមាន​ការគាំទ្រ​ពី​ក្រសួង​សហព័ន្ធ​ រដ្ឋាភិបាល​អាល្លឺម៉ង់​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (BMZ) និងអង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំនៅអាល្លឺម៉ង់​ បានចាប់ផ្តើម​គម្រោង​កែលម្អ​សន្តិសុខ​ស្បៀង ​​អាហារូបត្ថម្ភ និង​ភាព​ធន់​របស់​កសិករ​ដែល​ងាយ​រងគ្រោះ (IFNSR)​។

ដឹកនាំ​ដោយ​លោក ស៊ឹម សុផល ប្រធានគម្រោងជាន់ខ្ពស់នៃអង្គការទស្សន:ពិភពលោក អន្តរជាតិ ប្រចាំនៅកម្ពុជា គម្រោង​ (IFNSR)​ គឺជា​គំនិត​ផ្តួចផ្តើម​រយៈពេល ៣០ ខែ ដែល​រៀបចំឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កង្វះ​អាហារូបត្ថម្ភ និង​អសន្តិសុខ​ស្បៀង​នៅក្នុង​ស្រុក​ចំនួន ៤ គឺ​ស្រុក​មង្គលបូរី ព្រះនេត្រព្រះ ភ្នំស្រុក និងថ្មពួក តាមរយៈកសិកម្ម​ឆ្លាតវៃ​ទប់​ទល់នឹង​បម្រែ​បម្រួល​អាកាសធាតុ​ (CSA) និងកសិកម្ម​ផ្ដោតលើ​អាហារូបត្ថម្ភ​​ (NSA)​។​

លោក​បាននិយាយ​ថា៖ «​​បេសកកម្ម​របស់​យើង​មាន​ភាពច្បាស់លាស់​៖ ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​ពង្រឹង​ភាព​ធន់​របស់​កសិករ​ខ្នាតតូច​ដែល​ងាយ​រងគ្រោះ ជាពិសេស​អ្នក​ដែលមាន​កូន​អាយុ​ក្រោម ៥ឆ្នាំ និង​ស្ត្រី​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​កូន»។​

គម្រោងនេះ​​ជួយ​ដល់ ៩០០​ គ្រួសារ​ជាមួយនឹង​ការបណ្តុះបណ្តាល​ក្នុង​ការធ្វើ​កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ ការចិញ្ចឹម​ប​សុ​បក្សី និង​ការអនុវត្ត​អាជីវកម្ម​កសិកម្ម ខណៈពេលដែល​ការចែក​ចាយ​ធាតុ​ចូល​សំខាន់ៗ ​ដូចជា​ គ្រាប់ពូជ ប្រព័ន្ធ​​តំណក់​ទឹក​ និង​បសុសត្វ ដើម្បី​ធានា​និរន្តរភាព​។​

លោក សុផល បាន​ឱ្យ​ដឹង​ថា ដោយ​ទទួលស្គាល់​តួនាទី​របស់​ស្ថាប័ន​មូលដ្ឋាន គម្រោង​នេះ​បាន​ពង្រឹង​សហគមន៍​​កសិកម្ម​ចំនួន​ប្រាំបួន និង​បង្កើតទីតាំង​​ប្រមូល​ចំនួន ១០ ដើម្បី​ភ្ជាប់​កសិករ​ជាមួយនឹង​ទីផ្សារ ធ្វើ​ឱ្យ​​ប្រសើរឡើង​នូវ​សក្តានុពល​ប្រាក់ចំណូល​របស់​ពួកគេ​។​ ​សម្រាប់​គ្រួសារ​របស់អ្នកស្រី ​ចន្ទ្រា ការផ្លាស់ប្តូរ​មាន​ភាព​ស៊ីជម្រៅ​។

អ្នកស្រី ចន្ទ្រា បាន​បន្ដថា​៖ «​ពេល​បាន​ចូលរៀនវគ្គបណ្ដុះ​បណ្ដាល ចំណុច​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ដំណាំ​ទប់​ទល់​នឹង​ការ​បម្រែ​បម្រួល​អាកាសធាតុ ការ​ធ្វើ​ជីកំប៉ុស​ទឹក កំប៉ុស​គោក កាត់​បន្ថយ​ការ​ចំណាយ​ ចេះ​ប្រើ​ប្រព័ន្ធ​តំណក់​ទឹក ថ្នាំពុល​ធម្មជាតិ សំខាន់​បំផុត​ ស្វែង​យល់​ពី​ទីផ្សារ​ និង​ការ​ដាំបន្លែ​ទៅតាម​រដូវ​កាល​»។

ទិដ្ឋភាពដីចម្ការដំណាំបន្លែអាហារូបត្ថម្ភ ដែលទើបត្រូវបានភ្ជួររាល់ឡើងវិញក្រោយប្រមូលផល រួមទាំងស្រះទឹក និងផ្ទះសំណាញ់របស់គ្រួសារអ្នកស្រី តាន់ ចន្ទ្រា។ រូបថត សហការី

អ្នក​ចម្ការ​ទាំងពីរ​បាន​បន្ថែម​ថា ជីវភាព​របស់​ពួកគេមានការ​ប្រែប្រួល​ ជាមួយ​ការ​ពង្រីក​ផ្ទៃដី​ដាំ​ដំណាំ​ និង​បន្ដ​ជីក​ស្រះ​ស្ដុបទឹក​សម្រាប់​ស្រោច​ស្រប​ ខណៈ​ពួកគេទទួលបាន​ផ្ទះសំណាញ់​មួយ​ ជាអ្វីដែល​អ្នក​ទទួល​ប្រយោជន៍​ពី​គម្រោង​ប្រាថ្នា​ចង់បាន​។

អ្នកស្រីបានបញ្ជាក់ថា​៖ «​ជីវភាព​យើង​ល្អប្រសើរ​ជាងមុន។ យើងមាន​ប្រាក់​ចំណូល លែង​ចង់​ចំណាកស្រុក​។ យើង​មាន​លុយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ មាន​លុយ​ឱ្យ​កូន​រៀន និង​មាន​លុយ​ទិញ​របស់​ឆ្ងាញ់​ៗ​ឱ្យ​កូន​ហូប ក៏ដូចជា​បាន​ស្វែង​យល់​ពី​អាហារូបត្ថម្ភ​ទៀត​​»។

អ្នកស្រី​ពន្យល់ពីសារសំខាន់​នៃ​ផ្ទះសំណាញ់​ថា​៖ «​ច្បាស់ណាស់ ផ្ទះសំណាញ់​ទប់​ទល់នឹង​បម្រែ​បម្រួល​អាកាសធាតុ​។ យើង​អាច​ដាំបាន​គ្រប់រដូវ​ទាំង​រដូវ​ភ្លៀង ហើយ​បន្លែ​មាន​សុវត្ថិភាព​ ជាពិសេស លែង​ចំណាយ​លើការ​ប្រើ​ប្រាស់​ថ្នាំពុល​»។

នៅពេល​ទទួល​បាន​អត្ថប្រយោជន៍​ពី​កសិកម្ម​វៃឆ្លាត ពួកគេ​បាន​ចែករំលែក​ចំណេះដឹង និង​ពូជ​ដំណាំ​ដល់​ប្រជាកសិករ​ដទៃ​ទៀត ដែល​មានបំណង​ចង់​ចាប់យក​របរ​កសិកម្ម​និរន្ដរភាព​នេះ។

ដោយ​មាន​តួនាទី​ជា​អ្នក​បណ្ដុះបណ្ដាល​ស្ដីពី​ការដាំដុះ និង​អាហារូបករណ៍ លោក​ ហន អឿន​ មន្ដ្រី​​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ខេត្ដ​បន្ទាយ​មានជ័យ បាន​ឱ្យ​ដឹងថា បម្រែបម្រួល​អាកាសធាតុមាន​ផល​ពិបាក និង​​ជះឥទ្ធិពល​ទៅលើ​ការ​ធ្វើ​កសិកម្ម​។

លោក​បាន​និយាយថា​៖ «​ដល់​រដូវ​ភ្លៀង តែ​វា​អត់មាន​ភ្លៀង​ ហើយ​នៅក្នុង​ស្រះ អត់មានទឹក​សម្រាប់​ប្រើ​ប្រាស់​។ ទោះបីជា​មានទឹក ពួកគេ​ប្រើ​ប្រាស់​តាម​ទម្លាប់​ដោយ​មានការ​ខ្ជះខ្ជាយ ដែល​ធ្វើ​ឱ្យ​ប្រភពទឹករបស់​ពួកគាត់​មិន​គ្រប់​។ ពួកគាត់​មិន​អាច​ដាំដុះដំណាំ​គ្រប់​រដូវ​កាលទេ»។

នៅពេល​ពួកគេ​អនុវត្ដ​កសិកម្ម​ឆ្លាតវៃនេះ ពួកគេ​អាច​ដាំដុះបាន កាត់​បន្ថយ​ជំងឺ​ អាច​ប្រើ​ប្រាស់​ទឹក​គ្រប់​គ្រាន់ ដោយសារ​មាន​បច្ចេកទេស​ប្រើ​ប្រាស់​សន្សំសំចៃ​។

លោកបន្ដថា ទាក់ទង​អាហារូបត្ថម្ភ ប្រជាកសិករ​ចាំបាច់​ត្រូវ​ដាំដុះបន្លែ និង​ចិញ្ចឹម​សត្វ។ ពួកគេ​នឹង​ទទួល​បាន​ផល​បន្លែ​គ្រប់​មុខ និង​សត្វ​ដែល​សុវត្ថិភាព​សម្រាប់​គ្រួសារ​។

លោក សុផល បន្ថែមថា គ្រួសារ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​អ្នកទទួលផល មានកូន ឬអ្នកស្ថិតក្នុង​បន្ទុក​​យ៉ាងហោចណាស់​ម្នាក់​អាយុ​ក្រោម ៥​ឆ្នាំ​។​

ចាប់តាំងពី​ការចាប់ផ្តើម​របស់ខ្លួន​ក្នុង​ខែធ្នូ ឆ្នាំ ២០២២ គម្រោង IFNSR ដែលមាន​តម្លៃ ១.០១ លាន​ដុល្លារ​បាន​ឈានដល់​មនុស្ស​ជិត ៥ពាន់​នាក់​ ដោយ​​ជាង​ពាក់កណ្តាល​នៃ​ពួកគេ​ជា​ស្ត្រី​​​នៅ​ទូទាំង ៧៣​ ភូមិ​។​

គម្រោង​​បាន​សាងសង់​ផ្ទះ​សំណាញ់​​ចំនួន ២៣​ ខ្នង ផ្គត់ផ្គង់​សត្វពាហនៈ​ចំនួន ២៤៦​ គ្រួសារ ចែក​ដើមឈើ​ហូប​ផ្លែ​ដល់ ៨២​ គ្រួសារ និង​បាន​ពង្រឹង​សហគមន៍​​កសិកម្ម​ចំនួន ៩។​

លោក សុផល បាន​ឱ្យដឹង​ថា ៖ «​ការផ្តល់អំណាច​ដល់​ស​ហគ​មន៍​ក្នុងការ​គ្រប់គ្រង​ការអភិវឌ្ឍ​ដោយ​ខ្លួនឯង​គឺជា​ស្នូល​នៃ​អ្វីដែល​យើង​ធ្វើ​​។ ​​យើង​មិន​ត្រឹមតែផ្ដល់​ជួយ​ដល់វិស័យ​កសិកម្ម​​ប៉ុណ្ណោះ​ទេ យើង​កំពុងតែ​បង្កើត​ភាព​ធន់»​។​

លោក​​បាន​ទទួលស្គាល់ថា ​មិនមែន​គ្រួសារ​ទាំង ៩០០​​ បានទទួល​ជោគជ័យ​ក្នុង​កម្មវិធី CSA នោះទេ​។ ជាក់ស្ដែង ៣១​គ្រួ​សារបាន​បោះបង់ចោល ហើយ​មិន​ចង់​បន្ត​គម្រោង​នេះ​ទេ​។ ពួកគេ​ត្រូវបាន​ជំនួស​ដោយ​គ្រួសារ​ថ្មី​៕