
សិក្ខាសាលាអំពី «ផលិតផលធានារ៉ាប់រងយានយន្ត និងផលិតផលធានារ៉ាប់រងសុខភាព» នៅខេត្តប៉ៃលិន។ រូបថត សហការី
ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា បានផ្សព្វផ្សាយ និងបញ្ជ្រៀបចំណេះដឹងពីអត្ថប្រយោជន៍របស់ផលិតផលធានារ៉ាប់រងយានយន្ត និងសុខភាពដល់ប្រជាពលរដ្ឋនៅខេត្ដប៉ៃលិន ក្នុងការពារហានិភ័យណាមួយកើតឡើងចំពោះពួកគេ។
សិក្ខាសាលាដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អំពី «ផលិតផលធានារ៉ាប់រងយានយន្ត និងផលិតផលធានារ៉ាប់រងសុខភាព» នៅខេត្តប៉ៃលិន មានការចូលរួមពីស្ថានប័ន និងឯកជន រួមទាំងសិស្សានុសិស្ស និងមហាជនទូទៅផងដែរ។
លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ដប៉ៃលិន បានថ្លែងថា៖ «ការធានារ៉ាប់រងអាចផ្ដល់នូវស្ថេរភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុពីហានិភ័យនានាដែលអាចកើតមានឡើង បន្ថែមពីនេះ ការធានារ៉ាប់រងអាចផ្ដល់នូវសន្តិភាពផ្លូវចិត្តដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ព្រមទាំងជួយគាំទ្រ និងជំរុញសកម្មភាពអាជីវកម្ម ក៏ដូចជាបង្កើនការវិនិយោគក្នុងសេដ្ឋកិច្ចផងដែរ»។
លោកបានបន្ដថា សិក្ខាសាលាថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹង និងព័ត៌មានពាក់ព័ន្ធវិស័យធានារ៉ាប់រង ជាពិសេសផលិតផលធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងយានយន្ដ ដែលជាផលិតផលចាំបាច់ និងមានតម្រូវការប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
យោងតាម និយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា៖ «សិក្ខាកាមដែលចូលរួម ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងយានយន្ត និងផលិតផលធានារ៉ាប់រងសុខភាព ដែលផ្តល់នូវអត្ថប្រយោជន៍ធានាហានិភ័យលើទ្រព្យសម្បត្តិ គ្រោះថ្នាក់បុគ្គល និងសុខភាព»។
និយ័តករធានារ៉ាប់រងកម្ពុជា ដែលមានសមាជិករាប់សិបក្រុមហ៊ុន បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំថា ធានារ៉ាប់រងជីវិតមានតម្លៃជិត ២០០លានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង ៣ភាគរយពីឆ្នាំ២០២៣ ខណៈធានារ៉ាប់រងទូទៅមានតម្លៃជាង ៦៤លានដុល្លារ កើនឡើង ៦ភាគរយ។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា ដើម្បីពន្លឿនការអភិវឌ្ឍន៍ទីផ្សារធានារ៉ាប់រង ក៏ដូចជាវិស័យធានារ៉ាប់រងនៅកម្ពុជា និយតករធានារ៉ាប់រងកម្ពុជា (IRC) បានបង្កើត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជាសម្រាប់វិស័យធានារ៉ាប់រង ២០២១-២០៣០» ដោយលម្អិតពីសកម្មភាពសំខាន់ៗសម្រាប់ការអនុវត្តគ្របដណ្តប់លើក្របខ័ណ្ឌស្ថាប័ន បច្ចេកទេស បទប្បញ្ញត្តិ កិច្ចសហប្រតិបត្តិការទីផ្សារ និងការងារ៕