ភ្នំពេញ៖ ក្នុង​យុគសម័យ​នៃ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​យ៉ាង​រហ័ស យុវជន​កម្ពុជា​មួយរូបបាន​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​សកម្ម​​ក្នុងការ​ផ្សារភ្ជាប់​គម្លាត​រវាង​បញ្ញា​សិប្បនិម្មិត (AI) និង​វប្បធម៌​កម្ពុជា​។​

វីដេអូ​ដែល​បង្កើត​ដោយ AI គឺជា​ការឆ្លុះបញ្ចាំង​ពី​ចំណង់​ចំណូលចិត្ត​របស់យុវជន​​ក្នុងការ​រក្សា​ទំនៀមទម្លាប់ ប្រពៃណី និង​ភាសា​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា ខណៈពេលដែល​ការស្វែងយល់​ពី​សក្តានុពល​នៃ​បច្ចេកវិទ្យា​។​

នៅក្នុង​វីដេអូ​ដែល​បង្កើត​ដោយ AI ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ តួឯក​ជា​ស្ត្រី​ខ្មែរ បង្ហាញ​ពី​អារម្មណ៍​ភ័យខ្លាច​ និង​ការសង្ស័យ​យ៉ាងខ្លាំង នៅពេលដែលស្ថិត​ក្នុង​​ផ្ទះ​អាថ៌កំបាំង​មួយ​។​

ជាមួយនឹងឈុត​ប្រពៃណី​ដ៏​ស្រស់ស្អាត និង​ភាព​ទាក់ទាញ នារី​រូប​ស្រស់​នេះ​​និយាយ​ទៅកាន់​​​បុរស​ម្នាក់​ដែល​អង្គុយ​នៅក្នុង​បន្ទប់​នោះ នូវ​អារម្មណ៍​ភ័យ​ខ្លាច​ពី​ផ្ទះ​​ដ៏​អាថ៌កំបាំងនោះ​​។​

សារ​ចម្បង​​នៃ​វីដេអូ​នេះ ដែល​មិន​ផ្ដោត​សំខាន់​លើ​ខ្លឹមសារ​នៃ​សាច់​រឿង ​បង្ហាញ​ពី​សារៈសំខាន់​នៃ​អត្តសញ្ញាណ​កម្ពុជា​។​

គោលបំណង​របស់​អ្នក​ផលិត​វីដេអូ​ AI ​វ័យក្មេង​គឺ​ច្បាស់លាស់ បង្វឹក​ AI ឱ្យ​យល់ និង​តំណាងឱ្យ​វប្បធម៌ ភាសា និង​ប្រពៃណី​របស់​កម្ពុជា​។​

លោក រ័ត្ន ចាន់ពន្លឺ ជាអ្នកបង្កើតមាតិកាលើឌីជីថល ចូលរួមបង្វឹក ឬ (Train) បច្ចេកវិទ្យា AI ឱ្យស្គាល់វប្បធម៌ មនុស្ស ប្រពៃណីខ្មែរ និងរូបភាពនារីថតសែលហ្វីនៅវាលស្រែបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។ រូបភាព សហការី

តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា AI យុវជន​រូប​នេះ ​សង្ឃឹមថានឹង​នាំយក​មរតក​ខ្មែរ​ទៅកាន់​ទស្សនិកជន​ទូទាំង​ពិភពលោក ដោយ​បង្ហាញ​នូវ​ភាពស្រស់ស្អាត​នៃ​ភាសា​ខ្មែរ និង​រឿងរ៉ាវ​នានាជា​ទម្រង់​ប្រទេស​កម្ពុជា​ជាច្រើន​សតវត្ស​មកហើយ​។​

លោក រ័ត្ន ចាន់ពន្លឺ ជា​អ្នកបង្កើត​មាតិកា​លើ​ឌីជីថល​ បាន​ប្រកប​របរ​លើ​សេវាកម្ម​ គណនីលើបណ្ដាញសង្គម និង​បង្រៀន​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​បញ្ហា​សិប្បនិម្មិត​ (AI) ។

ដោយ​មាន​ការ​ចូលរួមបង្វឹក​ ឬ (Train) បច្ចេកវិទ្យា AI ឱ្យស្គាល់​វប្បធម៌ មនុស្ស ប្រពៃណី​ខ្មែរ យុវជន​រូបនេះ បាន​ឱ្យ​ដឹងថា លោក​មាន​គោលបំណង​ចង់​ដឹង​អំពី​ការ​វិវត្ដន៍​របស់ AI ទៅថ្ងៃអនាគត ក៏ដូចជា​ចង់​ឱ្យ​បញ្ហា​សិប្បនិម្មិត​នេះ​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់។

លោក​បាន​និយាយថា​៖ «ខ្ញុំចង់ដឹងថា AI ល្អ​ប្លែក​ប៉ុនណា ហើយ​អ្វីៗទៅមុខ​ទៀត វានឹង​ទៅជា​យ៉ាង​ណា​។ ការដែល​យើង​ហ្វឹកហាត់ និង​ផ្ដល់​ទិន្នន័យ​ឱ្យ​វានេះ វា​ចាប់​បាន​កម្រិត​ណា។ បច្ចុប្បន្ន វីដេអូដែល​ល្បី​ល្បាញ​ជាង​គេ​របស់​ខ្ញុំ​គឺជា​បច្ចេកវិទ្យា Google Veo 3»។

លោក​បាន​លើកឡើងថា AI ទាមទារ​កម្រិត​នៃ​ចំណេះដឹង​ភាសា​អង់គ្លេស​ខ្លាំង និង​ការ​ស្វែង​យល់ពី​សំណង់​ប្រយោគ​ និង​គន្លឹះ​របស់​វា ហើយ​ពេល​ប្រមូល​ផ្ដុំ​ចូលគ្នា​នូវ key words, subject, object និង​ key elements យើង​អាច​យល់​នៃ prompts របស់វា។

ទាំងនេះ គឺជាគន្លឹះ​នៃការ​រចនា​រូបភាព ឬវីដេអូ​ AI ទៅ​តាម​អ្វីដែល​អ្នក​ប្រើ​ប្រាស់​ចង់​បាន​ ដោយ​លទ្ធផល​ដែល​ AI ផ្ដល់ឱ្យ​ គឺអាស្រ័យ​ទាំង​ស្រុង​ទៅលើ​ prompts របស់​អ្នក​ប្រើ​ប្រាស់​។

តាមរយៈបច្ចេកទេសដូចជាការចាក់សោ "Seed" ដើម្បីធ្វើការរក្សាមុខតួនៅដដែល តែសកម្មភាពផ្លាស់ប្តូរ។ រូបភាព បញ្ញាសិប្បនិម្មិត

លោក ពន្លឺ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «បើយើង​សរសេរ​ prompts ត្រឹម​ពាក្យ​សាមញ្ញ លទ្ធផល​ក៏​សាមញ្ញ​ដែរ។ តែបើ​សិន​ជាយើង​យល់ពី​រចនា​សម្ព័ន្ធ​របស់វា​ទាំង​អស់ មានដូចជា subject, object និង elements រួមទាំង lighting ផ្សេងៗ វីដេអូ​ដែលចេញមកប្រាកដជា​ professional តែម្ដង​»។

លោក​បាន​បង្ហាញ​ពីការ​កត់សម្គាល់ថា ក្រុមហ៊ុន Google បាន​បញ្ចូល​តថភាព​រូបភាព​បែប​អាស៊ី​ច្រើន​ ទោះបីជា​នៅមាន​ការភាន់​ច្រឡំ​ជាមួយ​ប្រទេស​ជិត​ខាង​។

លោក​ ពន្លឺ បាន​លើកឡើង​ថា​៖ «​ប្រសិនបើ​ប្រជាជន​ខ្មែរ​យើង​ព្យាយាម​ហ្វឹកហាត់ train ទៅលើ AI ច្រើន ខ្ញុំ​ជឿថា ទៅថ្ងៃមុខ AI នឹង​ស្គាល់ និង​ដឹងថា ប្រជាជន​យើង​ក៏​ព្យាយាម​ក្នុងការ​ហ្វឹក​ហាត់ចំពោះ​ AI នេះដែរ​»។

លោក​បាន​ពន្យល់ថា ការ​ភាន់​ច្រឡំជាមួយ​ប្រទេស​ជិត​ខាង រួមទាំងមុខមាត់​ វប្បធម៌ សម្លៀកបំពាក់​ទាំង​បុរាណ និង​សម័យ ដែល AI ​មិន​ទាន់​អាច​បែងចែក​ឱ្យ​បាន​ច្បាស់​នៅ​ឡើយ​។

លោក ពន្លឺ ណែនាំ​ឱ្យ​ប្រជាជន​កម្ពុជា​សរសេរ​ prompts នូវពាក្យ Cambodia ទៅលើ​សម្លៀកបំពាក់ វប្បធម៌ ជាតិសាសន៍​លើ AI ឱ្យ​បាន​ច្រើន ដើម្បី​ចៀសវាង​ការភាន់​ច្រឡម​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ ដូចជា ថៃ វៀតណាម និង​ឡាវ។

ការ​ទទួល​ស្គាល់​អ្វីដែល​របស់​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន​នេះ លោក ពន្លឺ កត់​សម្គាល់​ឃើញថា កម្រិត​ស្គាល់​របស់​ AI មាន​ប្រមាណ​ពី ៥០ ទៅ ៦០​ភាគរយ​ ដែល​ល្អ​ប្រសើរ​ជាង​ AI ជំនាន់​មុនៗ​។

យ៉ាងណាមិញ លោក​បាន​លើកឡើង​ពី​ផលលំបាក​ដែល​ប្រជាជន​ខ្មែរ​មិន​បាន​ចាប់​អារម្មណ៍ថា ការ​ផលិត​វីដេអូ​លេងសើច​ដោយ​មិន​ខ្វល់ពី​ភាព​លម្អិត​របស់​វីដេអូ ដែល​មាន​លក្ខណៈ​ពី​ទម្រង់​វប្បធម៌​ខ្មែរ។

លោក ពន្លឺ បាន​លើកឡើងពី​ការ​សរសេរ​ prompts ដើម្បី​បង្កើត​វីដេអូ AI ថា លោកសរសេរ​ថា «​នារី​ជនជាតិ​ស្លៀកពាក់​បុរាណ ថត​នៅ​ក្បែរ​អង្គរវត្ដ​»​ តែ​លទ្ធផល​ចេញមក វា​មិនដូច​ជាអ្វីដែល​លោក​ចង់​បាន​នោះទេ។

ដូច្នេះ លោកត្រូវកែសម្រួល prompts ដោយ​បន្ថែម​ទៅលើ​ប្រភេទ​ស្បែក ប្រភេទ​សម្លៀកបំពាក់តាម​បែបប័ទ្ម​​សម័យកាល ដែល​ចង់​ចំណុច​នេះ ធ្វើ​ឱ្យ​យុវជន​រូបនេះ​ស្រងាក​ចេញ ដោយសារ​ AI បង្ហាញ​សម្លៀកបំពាក់​ប្រទេស​ជិត​ខាង​ច្រើន​ជាង។

យ៉ាងណាមិញ ការ​បង្កើត​ភិនភាគ​របស់​បុគ្គល​ម្នាក់​រមែង​ប្រែប្រួល​រៀងរាល់​ការ​ស្នើសុំ​ម្ដងៗ​។ ប៉ុន្ដែ​ចំពោះ​ការ​ចាប់​ឱ្យ​ AI ស្គាល់​នូវ​ទម្រង់​មុខ និង​ភិនភាគ វា​ទាមទារ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចេះ​ស្វែង​យល់​ពី​ឧបករណ៍​។

លោក ពន្លឺ បា​ន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា៖ «​AI មានឧបករណ៍​ដែលយើង Lock Seed ជាកន្លែងមួយដែលយើងអាចធ្វើការរក្សាមុខតួនៅដដែល តែសកម្មភាពផ្លាស់ប្តូរ»។

លោកបានពន្យល់ថា AI បាន​ផ្ដល់​ទាំង​គុណ​សម្បត្ដិ និង​គុណ​វិបត្ដិ ដោយ​វា​អាច​សម្រួល​កិច្ច​ការ​ជាច្រើន ដូចជា ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ជំនួស​ដោយ​បុគ្គល ដែល​គ្មាន​ជំនាញ​ និង​ខ្លាច​កាមេរ៉ា។

ប្រសិនបើ​បុគ្គលិកក្រុមហ៊ុន​មួយ​អៀន​កាមេរ៉ា AI ប្រើ​តែ​ទម្រង់​មុខ និង​ភិនភាគ​របស់​បុគ្គល​នោះ រួច​បង្កើត​សកម្មភាព​ទៅតាម​ការ​ចង់​បានតាមរយៈការ​សរសេរ​ prompts​។

យ៉ាងណាមិញ នៅពេល​ប្រើ​ប្រាស់​ទម្រង់​ម៉ូដែល AI នឹង​យក​ភិនភាគ​បុគ្គល​នោះហើយ ដូចជា ទម្រង់មុខ ភ្នែក និង​ច្រមុះជាដើម។

លោក ពន្លឺ បាន​បន្ដថា​៖ «​ការប្រើប្រាស់ AI ជួយ​កាត់​បន្ថយ​ពេលវេលា និង​ចំណាយ​ ដោយ​មិន​បាច់​ធ្វើ​ដំណើរ​ទៅគោលដៅថត។ ប៉ុន្ដែ​ AI មិន​ស្គាល់ទីតាំង​ច្បាស់​នៃ​ទិដ្ឋភាព​​បច្ចុប្បន្នភាព​នោះទេ។ ជាក់ស្ដែង AI នៅប្រើប្រាស់​រូបភាព​អង្គរវត្ដ​កាលពី​ប៉ុន្មាន​ឆ្នាំកន្លងមក​ មិន​មែនជា​ទិដ្ឋភាព​ថ្មីៗ​នេះទេ»។

ភាព​ជាក់ស្ដែង​នៃការ​ចាប់យក​របស់ AI នឹង​ដំណើរ​ការ​កាន់តែ​រលូន នៅពេល​ក្រុមហ៊ុន​របស់ AI ធ្វើ​កិច្ច​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា៕