The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​តេស្ត ១២ អាច​ជួយ​ឲ្យ​សិស្ស​វិទ្យាល័យអនុវត្តលំហាត់ និង​​វាស់​សមត្ថភាព​ខ្លួន​ឯង




កម្មវិធី​តេស្ត ១២ អាច​ជួយ​ឲ្យ​សិស្ស​វិទ្យាល័យអនុវត្តលំហាត់ និង​​វាស់​សមត្ថភាព​ខ្លួន​ឯង

Content image - Phnom Penh Post
កម្ម​វិធី​តេស្ត​ ១២ អាចជួយឲ្យ​សិស្សវិទ្យាល័យ​​ធ្វើ​លំហាត់តាម​​ស្មាត​ហ្វូនបាន​។ សហការី

កម្មវិធី​តេស្ត ១២ អាច​ជួយ​ឲ្យ​សិស្ស​វិទ្យាល័យអនុវត្តលំហាត់ និង​​វាស់​សមត្ថភាព​ខ្លួន​ឯង

ភ្នំពេញៈ តេស្ត ១២ គឺជា​កម្មវិធី​សិក្សា​បង្កើតឡើង​ដោយ​ក្រុម​យុវវ័យ ៧ រូប និង​ដាក់​ឈ្មោះ​ឲ្យ​ស្រប​នឹង​គោល​ដៅ​តាម​អ្នក​ប្រើ​ប្រាស់ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ ជា​ពិសេស​ថ្នាក់​ទី ១១ និង​ទី ១២ ដែល​ពួកគេ​អាច​ឃ្លាំ​មើល​ដំណើរការ​សិក្សា​របស់​ពួកគេ​បាន ដើម្បី​ដឹង​ពី​ភាព​ខ្លាំង និង​ខ្សោយ​របស់​ខ្លួន និង​រៀបចំ​វិធីសាស្ត្រ​ក្នុង​ការ​សិក្សា​រហូត​ពួកគេ​ចេះ​កាន់​តែ​ច្បាស់​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ មិន​តែ​ប៉ុណ្ណោះ សិស្ស​ក៏​អាច​វាស់​ស្ទង់​ពី​សមត្ថភាព​នៅ​លើ​មុខវិជ្ជា​គណិត​វិទ្យា រូបវិទ្យា និង​គីមីវិទ្យា​បាន​ផង​ដែរ។

រយ:ពេល ១០ ថ្ងៃ បើ​គិត​ត្រឹម​ថ្ងៃទី ៤ ខែសីហា នេះ ដែល​កម្មវិធី​តេស្ត ១២ (Tesdopi) ត្រូវបាន​ដាក់​ឲ្យ​ទាញ​យក​ប្រើ​បាន​លើ Google Play Store សម្រាប់​កម្មវិធី​ទូរស័ព្ទ​នេះ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ជាង ១០០០ នាក់ ដែល​ភាគ​ច្រើន​គឺជា​សិស្សា​នុសិស្ស​ត្រៀម​ប្រឡង​បាក់​ឌុប ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

តេស្ត ១២ អាចធ្វើ​ឲ្យ​ការរៀន និង​ការបង្រៀន​កាន់​តែមាន​ប្រសិទ្ធភាព​ដោយសារតែ​សម្បូរ​ទៅ​ដោយ​ទិន្នន័យ​នៃ ការ​សិក្សា ហើយ​វា​ក៏​ជា​ភ្នាក់ងារ ខ្លួនឯង​តាមរយៈ​ការ​សិក្សា​ដោយ​ខ្លួនឯង និង​ចំណាយ​ពេលវេលា​ត្រឹម​ត្រូវ រីឯ​គ្រូ​បង្រៀន និង​អ្នក​គ្រប់គ្រង​តាម​សាលា​នានា​អាច​ប្រើ​តេស្ត ១២ បាន​ដែរ ដើម្បី​វាយ​តម្លៃ​ពី​វឌ្ឍនភាព​ក្នុង​ថ្នាក់​រៀន​របស់​ពួកគេ​ក្នុង​ពេល​វេលា​ជាក់​លាក់ និង​ផ្ដល់​ដំណោះ​ស្រាយ​មាន​ប្រសិទ្ធ​ភាព​ទាន់​ពេល​វេលា។

កញ្ញា ស្រ៊ុន សុវណ្ណ ដែលជា​ប្រធាន​ប្រតិបត្តិ​របស់​កម្មវិធី​តេស្ត ១២ ឲ្យ​ដឹងថា៖ «យើង​អាច​មើល​ឃើញ​ថា សិស្សានុ​សិស្ស​កើត​ជំងឺ​ស្ត្រេស​ខ្លាំង ពី​ការ​ប្រឡង ហើយ​ពិបាក​ចិត្ត​ក្នុង​ការ​ដឹង​ថា​អ្វី​ពួកគេ​ចេះ ឬ​មិន​ចេះ។ យើង​ក៏​អាច​មើល​ឃើញ​ថា សិស្ស​ធ្វើ​លំហាត់​លើ​ក្រដាស​វិញ្ញាសា​ដើម្បី​អនុវត្ត​មេរៀន ប៉ុន្តែ​គោល​បំណង​គឺ​ដើម្បី​រៀន​ពី​របៀប​ធ្វើ​យ៉ាង​ណា​ឲ្យ​បញ្ចប់​ទាន់​ពេល​កំណត់​វិញ។នេះ​ហើយ​ជា​ហេតុផល​ធ្វើ​ឲ្យ​ពួកយើង​បង្កើត​កម្មវិធី​តេស្ត ១២ ឡើង ដែល​ចំណុច​ប្លែក​ពី​គេ​របស់​យើង​គឺ​សិស្សា​នុសិស្ស​អាច​ដឹង​អំពី​លំ​ហាត់​ណា គេ​ចេះ​ហើយ ឬ​ដឹង​ពី​សមត្ថភាព​របស់​គេ​ដោយ​មិន​ប្រើ​ពេល​វេលា​កំណត់ និង​ដឹង​មេរៀន​ណា ឬ លំហាត់​ណា ដែល​ឧស្សាហ៍​ចេញ​ក្នុងពេល​ប្រឡង​ទៀត​ផង​ដែរ។ ដូចនេះ​ពួកគេ​អាច​ធ្វើ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ក្នុង​ការ​រៀន​បាន​មុន»។

អ្វី​ជា​បញ្ហា​ប្រឈម​សម្រាប់​សិស្សានុសិស្ស​នោះ គឺ​មានតែ​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន​ប្រើ Android តែ​ប៉ុណ្ណោះ ទើប​អាច​ទាញ​យក​កម្មវិធី​តេស្ត ១២ នេះ​បាន ខណៈ​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ក៏​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​ដែរ។

Content image - Phnom Penh Post
កម្មវិធី​តេស្ត ១២ (Tesdopi) ត្រូវបាន​ដាក់​ឲ្យ​ទាញ​យក​ទៅ​ប្រើ​បាន​លើ Google Play Store នៃ​ស្មាតហ្វូន​ប្រើ​Android ។ រូបថត សហការី​

ប្រធាន​ប្រតិបត្តិ​របស់​កម្មវិធី​តេស្ត ១២ ក៏​លើកឡើងថា៖ «មាន​សិស្ស​ជាច្រើន​សួររក​កម្មវិធី​នេះ​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន​ប្រើ​ប្រព័ន្ធ iOS ប៉ុន្តែ​យើង​មិន​ទាន់​បាន​បញ្ចប់​ការងារ​នោះ​នៅ​ឡើយ​ទេ ព្រោះ​យើង​ទើប​តែ​ចាប់​ផ្តើម​លើ​គម្រោង​នេះ​នៅ​ចុង​ខែ​ឧសភា កន្លង​មក និង​សូម​បញ្ជាក់​ដែរ​ថា កម្មវិធី​យើង​នេះ គឺ​ទាមទារ​ឲ្យ​មាន​សេវា អ៊ីនធឺណិត ទើប​អាច​ប្រើ​បាន អ៊ីចឹង​ពិបាក​សម្រាប់​សិស្ស​ខ្លះ ដែល​រស់​នៅ​តាម​តំបន់​ណា​ដែល​មិន​សូវ​មាន​សេវា​នេះ»។

ចំពោះ​ក្រុមការងារ តេស្ត ១២ (Tesdopi) រួមបញ្ចូល​បញ្ញវន្ត​កម្មវិធី​អាហារូបករណ៍ Fulbright ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​អប់រំ អ្នក​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា បេក្ខភាព​ជាតិ​ផ្នែក​គណិត​វិទ្យា​អូឡាំព្យាដ និង​អ្នក​អនុវត្ត​គម្រោង​ដែល​បាន​ចំណាយ​ដើម​ទុន​របស់​ខ្លួន និង​ធ្វើការ​រួមគ្នា​បង្កើត​កម្មវិធី​នេះ​ឡើង បាន​ជោគជ័យ​បន្ទាប់​ពី​ចំណាយ​ពេល​ជាង ២ ខែ ក្នុង​ការ​ស្រាវជ្រាវ​ដោយ​ការ​ធ្វើ​ការ​ស្ទង់​មតិ​ជាមួយ​នឹង​សិស្ស គ្រូ​បង្រៀន និង​អ្នក​ជំនាញ​ខាង​វិស័យ​អប់រំ។

អ្នក​ផលិត​កម្មវិធី​តេស្ត ១២ ក៏បាន​ធ្វើការ​កែទម្រង់ផ្សេងៗរហូត ៧ ដង ដើម្បី​បញ្ចៀស​បញ្ហា​ជាប់​គាំង និង​មេរោគ​ផ្សេងៗ​ដែល​កើត​ឡើង​នៅ​ក្នុង​កម្មវិធី​ដោយ​ទទួល​យក​នូវ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​ដោយ​ផ្ទាល់​និង​កំពុង​តែ​ធ្វើ​ផែនការ ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះ​ប្រើការ​បាន​ពេល​គ្មាន​អ៊ីនធឺណិត និង​បង្កើត​ឲ្យ​មាន​ជា​ប្រព័ន្ធ គឺ iOS ទៀត​ផង​ដែរ។ ហើយដោយ​ពេលនេះកម្មវិធីក៏​​​ដាក់​តែ​ជា​លំ​ហាត់​សម្រាប់អ្នកប្រើប្រាស់​អនុវត្ត​នៅ​​ឡើយពួកគេ​ក៏មាន​គំរោង​ថានឹងដាក់​បញ្ចូល​បន្ថែម​នូវ​​មេរៀន និង​រៀបចំវា​ជា​​ថ្នាក់ៗ​​សម្រាប់​សិស្ស ​ដើម្បី​អនុវត្ត​លំ​ហាត់​ភ្លាមៗ ​បន្ទាប់ពី​ពួកគេ​បញ្ចប់​មេ​រៀន​​នីមួយៗ​។​

កញ្ញា ស្រ៊ុន សុវណ្ណ ជា​ប្រធាន​ប្រតិបត្តិ បាន​សង្កត់ធ្ងន់​បន្ថែម​ទៀតថា៖ «យើង​មិន​ប្រើការ​កំណត់​ម៉ោង​នៅ​ក្នុង​កម្មវិធី​នេះ​ទេ ដោយ​សារ​ចង់​ឲ្យ​គេ​យក​ការ​រៀន​ជា​គោល​ជាង​យក​ម៉ោង។ នៅ​ប្រទេស​យើង​គេ​ប្រើប្រាស់​ការ​វាស់​ម៉ោង​ជា​គោល​ជា​ជាង​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ការរៀន ដែល​ធ្វើ​ឲ្យ​សិស្ស​ខ្លះ​ចាប់​បាន​មេរៀន​ដែល​ពួកគេ​កំពុង​តែ​សិក្សា​ក្នុង​អំឡុង​ពេល​វេលា ដែល​យើង​កំណត់ រីឯ​សិស្ស​ខ្លះ​ទៀត​ចាប់​មេរៀន​ដូចគ្នា​នោះ​មិន​បាន ហើយ​ពួក​យើង​ក៏​ចង់​ផ្លាស់ប្តូរ​របៀប​រៀន​នេះ​ចេញ»៕

អ៊ុង ដា​ណេ និង ហុង​ថុ​ល្លី សុនីត

អត្ថបទគួរចាប់អារម្មណ៍