ភ្នំពេញៈ ពេលនេះក្រុមនិសិ្សតឆ្នាំទី ៣ គ្រប់ជំនាញនៃសាកលវិទ្យាល័យនានាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យចូលរួមការប្រកួតបានហើយ ចំពោះកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2018 ខណៈស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដែលបានសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។`
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនកាលពីថ្ងៃទី ១ ខែ សីហា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា៖ «កម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2018 នេះនឹងត្រូវផុតកំណត់ទទួលពាក្យរបស់និស្សិតនៅថ្ងៃទី ៧ ខែ កញ្ញា ខាងមុខ នៅឯស្ថានទូតជប៉ុន ខណៈនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០១៨ នឹងធ្វើការប្រកាសលទ្ធផលបេក្ខជន ដើម្បីចូលរួមប្រគួតវគ្គផ្តាច់ព្រ័ត្រនៅគេហទំព័រស្ថានទូតជប៉ុនផងដែរ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) វេលាម៉ោង ២ រសៀល»។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនបន្តឲ្យដឹងទៀតថា៖ «និសិ្សត ២០ រូប ស្មើនឹង៥ ក្រុម នឹងត្រូវជ្រើសរើសនៅវគ្គប្រកួតផ្តាច់ព្រ័ត្រ ដើម្បីចូលរួមកម្មវិធី JENESYS 2018។ បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួមវគ្គប្រកួតផ្តាច់ព្រ័ត្រ នឹងត្រូវរៀបចំបទបង្ហាញជាភាសាខ្មែរ ក្រោមប្រធានបទ «អនាគតកម្ពុជា ៣០ ឆ្នាំក្រោយ»។ ចំពោះការធ្វើដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ក្រោមកម្មវិធី JENESYS 2018 នឹងចាប់នៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១៩»។
គួរបញ្ជាក់ថា កម្មវិធី JENESYS មានគោលបំណងបង្កើនការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោម ប្រជាជនជប៉ុន និងបណ្តាប្រទេសដែលចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ សម្រាប់ព័ត៌មានបន្ថែម សូមអានគោលការណ៍ណែនាំ ឬសូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាន នៃស្ថានទូតជប៉ុន តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ (១១២២) ឬអ៊ីម៉ែល info.jpn@pp.mofa.go.jp ឬចូលទៅគេហទំព័រwww.kh.emb-japan.go.jp ៕