ភ្នំពេញៈ បួនឆ្នាំកន្លងមក សមាគមអង្គការក្រៅរដ្ឋាភិបាលមួយក្នុងប្រទេសកម្ពុជាបានកំណត់អត្តសញ្ញាណកុមារ ៥៧.០០០ នាក់ ថាមិនបានទៅរៀន ដោយសារហេតុផលមួយចំនួន និងបានដាក់ពួកគេទៅក្នុងថ្នាក់រៀន ដោយក្នុងនោះជាង ៩០ ភាគរយនៃពួកគេនៅកំពុងទៅរៀននៅឡើយសព្វថ្ងៃនេះ។
លទ្ធផលពីកម្មវិធីរយៈពេលបួនឆ្នាំនេះ ដែលមានទឹកប្រាក់ចំនួន ២០ លានដុល្លារ ត្រូវបានសរសើរក្នុងអំឡុងសន្និសីទបិទរបស់សមាគមសម្រាប់កុមារបោះបង់ការសិក្សាក្នុងប្រទេសកម្ពុជា។
ប៉ុន្តែសមិទ្ធផលនេះមិនមែនមានន័យថាមានភាពច្បាស់លាស់នោះទេខណៈថវិការបស់កម្មវិធីនេះសម្រាប់ដំណាក់កាលទីមួបានបញ្ចប់ ហើយនៅមិនទាន់ដឹងនៅឡើយថាតើខ្លួននឹងទទួលបានការគាំទ្រហិរញ្ញវត្ថុសម្រាប់ដំណាក់កាលទីពីរឬអត់ ខណៈកំពុងព្យាយាមធ្វើឲ្យមាននិរន្តភាពចំពោះវឌ្ឍនភាពនិងចំនួនសិស្សថ្មីជិតទ្វេដងដែលខ្លួនចង់ចុះឈ្មោះឲ្យទៅរៀននៅសាលា។
លោក វ៉ន សម្ផស្ស នាយកប្រចាំប្រទេសសម្រាប់អង្គការ Aide et Action នៅកម្ពុជា បានថ្លែងថា អង្គការក្រៅរដ្ឋាភិបាលជាង ២០ បានទាញ ៥០ ភាគរយនៃថវិកា ដែលត្រូវបានផ្គូរផ្គងដោយកម្មវិធីអប់រំកុមារ(Educate a Child) ពីមូលនិធិ Education Above All Foundation ក្នុងប្រទេស កាតា។
កម្មវិធី Educate a Child បានចាប់ផ្តើមឡើងក្នុងគោលបំណងមួយប្រកបដោយមហិច្ចិតាក្នុងការដាក់កុមារ ១០ លាននាក់ដែលបោះបង់ការសិក្សាទៅក្នុងថ្នាក់រៀនដោយវិនិយោគលើទឹកប្រាក់ចំនួនមួយពាន់លានដុល្លារនៅក្នុងប្រទេសមួយចំនួនដូចជា កម្ពុជា។
លោក សម្ផស្ស បានថ្លែងនៅក្រៅពិធីសន្និសីទនេះថា៖ «ខ្ញុំមានមោទនភាពចំពោះសមិទ្ធិផលដែលយើងបានធ្វើជាមួយគ្នា ដែលឃើញថា ៩៣ ភាគរយនៃពួកគេ ដែលភាគច្រើនបំផុតជាកុមារក្រីក្រ... នៅតែទៅរៀនជាមួយនឹងការគាំទ្រផ្សេងៗ»។
សមាគមនេះផ្តោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកំណត់អត្តសញ្ញាណកុមារពិការ ជនជាតិភាគតិច កុមារក្រីក្រនិងនៅតំបន់ដាច់ស្រយាល កុមារអនាថាតាមផ្លូវ និងកុមារលើសអាយុ។
លោក សម្ផស្ស បានថ្លែងបន្តថា ៧ភាគរយទៀតនៃកុមារទាំងនោះដែលបានបោះបង់ការសិក្សាដោយសារហេតុផលចំណាកស្រុក ពួកគេបានស្លាប់ឬបាត់ចេញពីប្រព័ន្ធ។
រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង្ស ជួនណារ៉ុន បានថ្លែងថា សិស្សប្រមាណ ៨០ ភាគរយប៉ុណ្ណោះបានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា។
ប៉ុន្តែ «ក្នុងចំណោម ៨០ ភាគរយ កុមារមួយចំនួនគ្រាន់តែមានឈ្មោះនៅសាលា... »។ នេះបើតាមលោក សម្ផស្ស។ លោក សម្ផស្ស បានថ្លែងថា៖ «ប៉ុន្តែពួកគេប្រហែលជានៅធ្វើស្រែណាមួយ ជាមួយឪពុកម្តាយរបស់ពួកគេ ឬអាចនៅប្រទេសថៃ»។
លោកបានថ្លែងថា មានកុមារប្រមាណ ២៥០.០០០ នាក់បានបោះបង់ការសិក្សាក្នុងប្រទេសកម្ពុជា។
លោក វង្ស វុទ្ធី អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការ Rabbit School Organization ដែលធ្វើការជាមួយកុមារពិការ បានសម្តែងក្តីបារម្ភចំពោះនិរន្តភាពនៃសមិទ្ធិផលនោះ។
លោក វុទ្ធី បានថ្លែងថា៖ «ប្រសិនបើយើងឈប់កម្មវិធីនេះ ដោយមិនមានការគាំទ្រពីកម្មវិធី សិស្សទាំងនេះនឹងមិនអាចទៅសាលាទៀតទេ»។
លោក សម្ផស្ស បានថ្លែងថា សមាគមនេះនៅខែមករាគួរស្វែងរកថាតើខ្លួននឹងទទួលបានថវិកាប្រមាណ ១២ លានដុល្លារ ដែលម្តងទៀត នឹងត្រូវផ្គូរផ្គងដោយអង្គការក្រៅរដ្ឋាភិបាលនៅក្នុងសមាគមនេះ។
នៅក្នុងដំណាក់កាលទីពីរ គោលបំណងគឺកំណត់អត្តសញ្ញាណកុមារថ្មីចំនួន ១០០.០០០ នាក់ ហើយចុះឈ្មោះពួកគេនៅសាលា។ ប្រសិនបើមិនមានថវិកា សមាគមនឹងនៅតែអនុវត្ត ប៉ុន្តែជាមួយថវិកាមានកំណត់។
លោកបានបន្ថែមថា៖ «យើងនឹងនៅតែបន្តនៅក្នុងទ្រង់ទ្រាយតូចជាមួយនឹងថវិកាផ្ទាល់របស់យើង [និង] ជាមួយភាពជាដៃគូពីរដ្ឋាភិបាល ប៉ុន្តែយើងមិនអាចកំណត់អត្តសញ្ញាណនិងចុះឈ្មោះ [កុមារ] ១០០.០០០ នាក់បានទេ»៕PS