ភ្នំពេញៈ ការងារចំនួន ៣២៩ កន្លែង ពីក្រុមហ៊ុន ចំនួន ៥ ធំៗ កំពុងរង់ចាំ សិស្ស-និស្សិត នៅវេទិការការងារ ដែលនឹងធ្វើឡើងថ្ងៃទី ២៧ ខែមេសា នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីផ្ដល់ឱកាសការងារ យ៉ាងច្រើនមុខតំណែងខុសៗគ្នា។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានថ្លែងប្រាប់គេហទំព័រ LIFT-យុវវ័យ ឲ្យដឹងថា NEA បានស្វែងរក និងសហការជាមួយនឹងក្រុមហ៊ុន ដែលបានផ្ដល់ឱកាស ដល់យុវជន ដែលចង់ស្វែងការងារធ្វើ អ្នកដែលមានការធ្វើហើយ តែចង់ផ្លាស់ប្ដូរការងារ និងក្រុមអ្នកដែលរៀនសូត្របានកម្រិតតិចតួច ។
លោកថ្លែងថា «យើងស្វែងរកក្រុមហ៊ុនណាដែលបានផ្ដល់ឱកាសឲ្យពួកគាត់ទាំងបីប្រភេទខាងលើនេះ ដូច្នេះយើងមិនបាន កំណត់ ឬគិតថា វេទិការ ការងារនេះ សម្រាប់តែក្រុមអ្នកដែលមានបទពិសោធន៍ទើបអាចមកធ្វើបាននោះទេ គឺ យើងបានផ្ដល់ឱកាសឲ្យទាំងអស់ ទោះបីជាគាត់គ្មានបទពិសោធន៍ក៏អាចធ្វើបាន» ។
សិស្ស-និស្សិត ដែលមានបំណងចង់ទទួលបានការងារនៅក្នុងវេទិការនេះ អ្វីដែលត្រូវធ្វើមុនគេបំផុតនោះគឺ ត្រូវរៀបចំប្រវត្ដិរូបសង្ខេបឲ្យបានជាមុន ដើម្បីយកមកដាក់សម្ភាស៍ដោយផ្ទាល់ជាមួយក្រុមហ៊ុនតែម្ដង។
លោក ភារៈ បញ្ជាក់ថា «អ្វីដែលសំខាន់បំផុត សិស្ស-និស្សិត ត្រូវរៀបចំខ្លួនយ៉ាងណា ឲ្យបានល្អនៅអំឡុងពេលដែលឆ្លើយសំណួរ។ អញ្ចឹង អ្វីដែលពួកគាត់ត្រូវធ្វើ គឺត្រូវសិក្សាស្វែងយល់ពីក្រុមហ៊ុននីមួយៗ ឲ្យបានរួចរាល់ដើម្បីបានដឹងពីប្រភពព័ត៌មាន និងងាយស្រួលក្នុងការឆ្លើយសំណួរនៅពេលសម្ភាស៍» ។
គួរបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំឲ្យមានវេទិការ ការងារ ជារៀងរាល់ខែ នៅសប្ដាហ៍ទី៤ រៀងរាល់ថ្ងៃ ព្រហស្បត៍ ចាប់ពីម៉ោង១ ដល់ ម៉ោង៥ រសៀល នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ៕