ភ្នំពេញៈ អង្គការ ACRA តាមរយៈជំនួយពី European Union នៅកម្ពុជា បានបង្កើតនូវការប្រកួតសំណេរអត្ថបទអំពីសំរាមថង់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីឲ្យយុវជនកម្ពុជា ផ្តោតការចាប់អារម្មណ៍ខ្ពស់ ទៅលើបញ្ហាបរិស្ថាន ជាពិសេសបញ្ហាសំរាមថង់ប្លាស្ទិក តាមរយៈការបង្ហាញនូវ បញ្ហាប្រឈម ដំណោះស្រាយ ក៏ដូចជាគំនិតច្នៃប្រឌិតថ្មីទៅលើដំណោះស្រាយក្នុងសំណេររបស់ពួកគេ ។
លោក ប្រាជ្ញ សឹង្ហជាលី ប្រធានផ្នែកទំនាក់ទំនងនៃអង្គការ ACRA បានថ្លែងប្រាប់ LIFT នាថ្ងៃអង្គារនេះថា សព្វថ្ងៃនេះ ថង់ប្លាស្ទិកដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាទាំងមូល ដោយវាអាចប្រើប្រាស់ជាច្រើនយ៉ាង ជាមួយនឹងតំលៃថោក ឬនៅពេលខ្លះយើងអាចប្រើប្រាស់វាដោយមិនចាំបាច់ចំណាយប្រាក់ក៏បាន ។
លោកបន្ដថា ការប្រើប្រាស់ថង់ប្លាស្ទិកមានការកើនឡើងហួសប្រមាណ ជាមធ្យម ប្រជាជនកម្ពុជាម្នាក់ប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ២ ០០០ថង់ ក្នុងមួយឆ្នាំ ដែលស្មើ ១០ដង នៃចំនួនប្រើប្រាស់របស់ប្រជាជននៅតំបន់អឺរ៉ុប ។
លោក ជាលី បានលើកឡើងថា «ដូច្នេះការប្រកួតសំណេរអត្ថបទនេះ យើងចង់ទាញអារម្មណ៌យុវជន ឲ្យងាកមកស្វែងយល់ពីបញ្ហានៃការប្រើប្រាស់ថង់ប្លាស្ទិក និងរួមគ្នាស្វែងរកដំណោះស្រាយ» ។
លោកបានបន្ដឲ្យដឹងថា សំណេរអត្ថបទនៃការប្រកួតនេះ ផ្តោតសំខាន់ទៅលើសំណល់ថង់ប្លាស្ទិកក្នុងប្រទេសកម្ពុជា ដោយអត្ថបទនីមួយៗ ត្រូវបង្ហាញនូវ បញ្ហាដែលបង្កដោយសំណល់ថង់ប្លាស្ទិក ដំណោះស្រាយ (អាចលើកឧទាហរណ៍មកបញ្ជាក់បាន) ជាពិសេស គឺគំនិតច្នៃប្រឌិតថ្មីទៅលើដំណោះស្រាយ ។
បេក្ខជនដែលចង់ចូលរួម ត្រូវសរសេរសំណេរជាភាសាខ្មែរ ច្រើនបំផុតត្រឹម៣ទំព័រ (Font Khmer OS, size: 12) និងត្រូវមានអាយុចាប់ពី ១២ឆ្នាំ ដល់ ២៥ឆ្នាំ ។ លើកទឹកចិត្ដដល់សិស្សានុសិស្សដែលមានអាយុ ចាប់ពី ១២-១៨ឆ្នាំ ។
គណៈកម្មការវាយតំលៃ នឹងធ្វើការជ្រើសរើសបេក្ខជនជយលាភីចំនួន៣រូប ដោយផ្តោតសំខាន់ទៅលើ សំណេរដែលមានចំណោទបញ្ហាច្បាស់លាស់ និងត្រឹមត្រូវ (20%) ដំណោះស្រាយសមស្រប (30%) គំនិតច្នៃប្រឌិតថ្មីទៅលើដំណោះស្រាយ (50%)។
អត្ថបទជយលាភីទទួលបានឱកាសចុះផ្សាយលើសារព័ត៌មានដៃគូរបស់អង្គការ ACRA មានឱកាសធ្វើជាបណ្តាញ (networking opportunity) ជាមួយស្ថាប័នអង្គការ និងបណ្តាស្ថាប័នផ្សេងៗទៀត ប្រាក់រង្វាន់ និងប័ណ្ណសរសើរ។ ចាប់ផ្តើមទទួលសំណេរ ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ ។
ចុះឈ្មោះតាមរយៈ៖ Google Doc
ព័ត៌មានបន្ថែម៖ prachsoengchealy@gmail.com ឬ ០៨៦ ៤៧៩ ១៤៩៕