
សិស្សនៅអឺរ៉ុបខ្លះបន្តការរៀនជាមួយក្ដារខៀនដីស។ AFP
ក្រុងឡុងដ៍: ការសិក្សាថ្មីមួយបានបង្ហាញថា ការប្រើក្ដារខៀនដីស រចនាប័ទ្មសម័យវិចតូរៀ ក្នុងថ្នាក់រៀនជួយជំរុញសមត្ថភាពក្មេងរៀនបានល្អ។
ក្តារខៀនសម័យបុរាណជួយលើកតម្កើងភាពជោគជ័យនៃការសិក្សាដោយការផ្ដល់ឲ្យសិស្សនូវលទ្ធផលល្អ ជំនួសដោយការទន្ទឹងរង់ចាំនូវលទ្ធផលពិន្ទុប្រឡង។
សិស្សានុសិស្សដែលចូលរួមការសិក្សាត្រូវបានប្រាប់ឲ្យឆ្លើយសំណួរសរសេរដៃដោយប្រើដីសលើក្ដារខៀន ដែលគ្រូអាចផ្ដល់លទ្ធផលភ្លាមៗដល់សិស្សដែលឆ្លើយត្រឹមត្រូវ។
លទ្ធផលនៃការរកឃើញចុងក្រោយបំផុត ជាសមិទ្ធផលនៃការសិក្សារយៈពេល ៣ ឆ្នាំ ដែលណែនាំឲ្យប្រើក្ដារខៀនម៉ូដែលចាស់ឡើងវិញមកបង្រៀនសិស្ស ១៤០ គ្រឹះស្ថានទូទាំងចក្រភពអង់គ្លេស។
ទោះបីជាមិនពេញនិយមដោយប្រភេទក្ដារខៀនសរសេរហ្វឺត ថ្លេប្ល៊ិត ឬសៀវភៅអេឡិចត្រូនិក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្ដារខៀនដីសស៊េរីបុរាណអាចជំរុញកម្រិតសមត្ថភាពសិស្សដើរទៅមុខ ២ ខែមុនកំណត់។
យ៉ាងណាមិញ កម្មវិធីទូរស័ព្ទឌីជីថល អាចត្រូវបានបង្កើតឡើងដើម្បីផ្ដល់ប្រសិទ្ធភាពដូចគ្នា ដោយវាគ្រាន់តែចំណាយថវិកាខ្ពស់។
មូលនិធិ EEF ជាអង្គការសប្បុរសធម៌ ផ្ដោតលើការអភិវឌ្ឍស្ដង់ដារថ្នាក់រៀន ដែលណែនាំឲ្យប្រើក្ដារខៀនដីសឡើងវិញចំពោះគ្រឹស្ថាន ១៤០ សាលារៀនទូទៅទាំងចក្រភពអង់គ្លេស។ លោក ខេវេន ខូលលីនស៍ នាយកប្រតិបត្ដិ EEF បាននិយាយថា លទ្ធផលពិតជាគ្រឿងលើកទឹកចិត្ដដ៏អស្ចារ្យ៕HR