ភ្នំពេញៈ នេះជាសមិទ្ធផលដ៏ធំធេងមួយ សម្រាប់ដំណើរវិលត្រឡប់មកប្រទេសកំណើតវិញរបស់កុមារ UCMAS កម្ពុជា ដោយមានកុមារាកុមារីឆ្នើមចំនួន ៥១ រូប នៅក្នុងចំណោមកុមារតំណាងប្រទេសសរុប ចំនួន ៧២ រូប ដែលបានទៅចូលរួមការប្រឡងថ្នាក់អន្តរជាតិលើកទី ២៣ នៅឯទីក្រុងកូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី ទទួលបានពានជយលាភីទៅតាមប្រភេទវិញ្ញាប្រឡងនិមួយៗ គ្រប់កម្រិតគួរឲ្យកោតសរសើរ។
នេះយើងតាមដំណើរវិលត្រឡប់កាន់ប្រទេសវិញរបស់ក្រុមកុមារ UCMAS កម្ពុជា និងក្រុមប្រតិភូនៃគណៈគ្រប់គ្រង UCMAS កម្ពុជា ជាម្ចាស់អាជ្ញាបណ្ណ័ ប្រធានសាខាទូទាំងប្រទេស រួមជាមួយនឹង អាណាព្យាបាលសិស្សសរុបចំនួន ១៥១ រូប បានធ្វើដំណើរ ត្រលប់មកដល់ ទីក្រុងភ្នំពេញវិញកាលពីល្ងាច ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏ធំអស្ចារ្យមួយនេះ ត្រូវបានរៀបចំឡើងដោយ UCMAS អន្តរជាតិ ដែលមានការចូលរួមពីកុមារឆ្លាតវៃ មកពីជុំវិញពិភពលោកក្នុងនោះ ក៏មានវត្តមានរបស់កុមារកម្ពុជាយើងផងដែរ។ ខណៈជាលទ្ធផលនៃការប្រកួតប្រជែងនេះកុមារ UCMAS កម្ពុជា បានឈ្នះពានរង្វាន់ និងមេដាយសរុបមានចំនួន ៥១ រូប ទៅលើវិញ្ញាសាសរសេរ មើល និងស្តាប់ ក្នុងចំណោមកុមារឆ្នើមតំណាងប្រទេសទៅប្រកួតមានចំនួន ៧២ រូបនោះ។

លោក បឺតណាត វង្ស នាយកប្រតិបត្តិនៃ UCMAS កម្ពុជា និងជាទីប្រឹក្សាអប់រំមកពី UCMAS អន្តរជាតិ បានសម្តែងនូវការអបអរសាទរ ដោយក្តីរំភើប និងរីករាយយ៉ាងខ្លាំងចំពោះជយលាភីរបស់កុមារកម្ពុជានាពេលនេះ។ លោកក៏បានឲ្យដឹងថា៖ «សិស្ស UCMAS កម្ពុជា ធ្វើបានយ៉ាងល្អនោះក្នុងការប្រឡងឆ្នាំនេះ ហើយទទួលបានលទ្ធផលជាទីមោទន សម្រាប់ប្រទេស កម្ពុជា។ ហើយក៏សំណូមពរដល់កុមារដែលកំពុងសិក្សាកម្មវិធី UCMAS ទាំងអស់ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួន ដណ្តើមពានរង្វាន់នៅក្នុងការប្រឡងឆ្នាំក្រោយទៀត»។

ចំណែកកញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅសាលាអាយឃីដ ផ្នែកកម្មវិធី UCMAS កម្ពុជាក៏បានបន្ថែមថា៖ «ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះជយលាភីរបស់កុមារ UCMAS កម្ពុជាទាំង ៥១ រូបនៅក្នុង ចំណោម កុមារ ឆ្លាតវៃ ជាច្រើន មកពីជុំវិញពិភពលោក។ សូមសើរសើរជាមួយនឹងការប្រឡងទាំង ៣ វិញ្ញាសាគឺមានវិញ្ញាសាសរសេរ ស្តាប់ និងមើល។ ហើយ បេក្ខជនទាំងអស់មានរយៈពេលតែ ៨ នាទី ប៉ុណ្ណោះនោះក្នុងការឆ្លើយទៅលើលំហាត់ ២០០ សំណួរ សម្រាប់វិញ្ញាសាសរសេរ និងបែងចែកតាមកម្រិតនៃការសិក្សារបស់ពួកគេ។ ជាជោគជ័យធំ បើប្រៀបទៅនឹងការប្រកួតអន្តរជាតិលើកទី២២ ឆ្នាំ ២០១៧ ដែលកុមារ UCMAS កម្ពុជា ក៏ធ្លាប់បញ្ចូនកុមារចំនួន ៥៨ រូបដែរ ទៅចូលរួមម្តងរួចមកហើយ ដោយជាលទ្ធផលសិស្ស ៥ រូប បានទទួលជយលាភី»។
បើតាមការបញ្ជាក់បន្ថែមទៀត របស់នាយិកាគ្រប់គ្រងទូទៅរបស់កម្មវិធី UCMAS បានបង្ហើបឲ្យដឹងដែរថា សម្រាប់ឆ្នាំ ២០១៩ ខាងមុខនេះ ប្រទេសកម្ពុជាយើង នឹងក្លាយជាម្ចាស់ផ្ទះ នៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រឡងថ្នាក់អន្តរជាតិលើកទី ២៤ ដែលមានការចូលរួមពីបណ្តាប្រទេសចំនួន ៨០ នៅលើពិភពលោក ហើយនេះក៏ជាឱកាសរបស់ពួកគេក្នុងការស្វែងយល់ និងស្គាល់កាន់តែច្បាស់ពីប្រទេស កម្ពុជា។

គួរបញ្ជាក់ដែរថា កុមារ UCMAS ឆ្នើមដែលតំណាងឲ្យកម្ពុជាចំនួន ៧២ រូប បានទៅចូលរួមកម្មវិធីប្រឡងគិតលេខរហ័ស ថ្នាក់អន្តជាតិលើកទី ២៣ រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៩-១០ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីក្រុងកូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី៕