The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​បង្កើត​ការ​ប្រកួត គំនិត​បង្កើត​ថ្មី​លើ​វិស័យ​បច្ចេក​វិទ្យា ឈ្នះ​ ១​ម៉ឺន​ដុល្លារ

ក្រសួង​បង្កើត​ការ​ប្រកួត គំនិត​បង្កើត​ថ្មី​លើ​វិស័យ​បច្ចេក​វិទ្យា ឈ្នះ​ ១​ម៉ឺន​ដុល្លារ

Content image - Phnom Penh Post

ក្រសួង​បង្កើត​ការ​ប្រកួត គំនិត​បង្កើត​ថ្មី​លើ​វិស័យ​បច្ចេក​វិទ្យា ឈ្នះ​ ១​ម៉ឺន​ដុល្លារ

ភ្នំពេញៈ ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា បានរៀបចំ​កម្មវិធី​ការ​ប្រកួត យកពាន​​រង្វាន់​ថ្នាក់​ជាតិ​ Cambodia ICT Award លើក​ទី ៣​ ឆ្នាំ​​នេះ ​ដើម្បី​ជំរុញ​លើក​ទឹកចិត្ត​ដល់​ សិស្ស-និស្សិត បណ្ដា​ក្រុមហ៊ុន​ឯកជន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន​ផលិត​ផល​និង​សេវាកម្ម​នៃ​គំនិត​បង្កើត​ថ្មី​លើ​វិស័យ​បច្ចេក​វិទ្យា​។

ការប្រកួតប្រជែងលើ គំនិត​បង្កើត​ថ្មី​លើ​វិស័យ​បច្ចេក​វិទ្យា​នេះ នឹង​ជួយ​លើក​កម្ពស់​អភិវឌ្ឍ​វិស័យ​ ICT ​នៅ​កម្ពុជា និង​ការ​​ដណ្ដើម​យក​ប្រាក់​រង្វាន់​ ១ ម៉ឺន​ដុល្លារ ​អាមេរិក​ផង​ដែរ។

លោក ​ស៊ុន ​រ៉ាពីដ​ ប្រធាន​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ ​នៃ​ក្រសួង​ប្រៃសនីយ៍ ​និង​ទូរគម​នាគមន៍​ និង​ជា​អ្នក​រៀប​ចំកម្ម​វិធី​ពាន​រង្វាន់​បច្ចេកវិទ្យា​គមនា​គមន៍ ​និង​ព័ត៌មាន​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ LIFT ឲ្យ​ដឹង​ថា ​ការ​បង្កើត​កម្ម​វធី​ប្រកួត​នេះ​ ក្រសួង​មាន​បំណង​ដើម្បី​លើក​កម្ពស់​ក្រុម​ហ៊ុន​ និង​ស្ថាប័ន​អប់រំ​ផ្សេង​ឲ្យ​ចូល​រួម​ប្រើ​ប្រាស់​ និង​បង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា​ឲ្យ​កាន់​តែ​សម្បូរ​បែប​នៅ​កម្ពុជា​ ។

លោក​និយាយ​​ថា ​«យើង​ចង់​លើក​កម្ពស់​ក្រុម​ហ៊ុន ​ក៏ដូច​ជាស្ថាប័ន​រដ្ឋ​ដែល​កំពុង​តែ​ប្រើ​ប្រាស់ ​និង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​អប់រំ ​និង​ការ​ប្រើប្រាស់ ​ICT​ នៅ​កម្ពុជា ​ហើយ​នៅ​ពេល​ណា​ពួកគាត់​មាន​ការ​ប្រកួត​ប្រជែង​ គាត់​នឹង​រឹត​តែ​គិត​គូរ​បន្ថែម​ពីកម្រិត​នៃ​គុណ​ភាព ​នៅ​កម្ពុជា ​និង​អាស៊ាន​» ។

បើ​តាម​លោក រ៉ាពីដ កម្ម​វិធី​ប្រកួត​ពាន​រង្វាន់ ​ICT ឆ្នាំនេះ​ បាន​បែង​​ចែក​ចេញ​ជា​​ប្រភេទ ​ពាន​រង្វាន់ និង​វិញ្ញាសា ​ខុសៗ​គ្នា​ចំនួន ៦​ គឺ ​វិស័យ​ឯកជន​ វិស័យ​សាធា​រណៈ ​វិស័យ ​ការរួម​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​ មាតិកា​​ឌីជី​ថល​ (Digital Content) ការ​បង្កើត​ ធុរកិច្ច ​និង​ ការ​ស្រាវ​ជ្រាវ​ និង​ការ​អភិវឌ្ឍន៍​ ។

សំណុំ​បែបបទ​ចូលរួម​ប្រកួតអាច​ទាញ​យក​ពី​គេហទំព័រ​ cambodiaictaward.com ដោយ​ផ្ទាល់ រួច​បំពេញ​ពាក្យ​ចុះ​ឈ្មោះ​តាមរយៈ​ទម្រង់​ពាក្យ​អេឡិចត្រូនិក​ បន្ទាប់​មក​ផ្ញើ URL​ វីដេអូ​នៅ​លើ Youtube មុន​នឹង​ចុច Submit ។

កម្មវិធី​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​នេះ​ក៏​នឹង​ផ្តល់​ឱកាស​ដល់​បេក្ខជន​ក៏ ​ដូច​ជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ជយ​លាភី​ក្លាយ​ជា​តំណាង​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ពាន​រង្វាន់​បច្ចេក​វិទ្យា​ គមនា​គមន៍ ​និង​ព័ត៌​មាន​ថ្នាក់​អាស៊ាន ​(ASEAN ICT Awards)ឆ្នាំ​នេះ​ ដែល​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍